២៣ ឧសភា ២០២៦

Written on 12/02/2026
Mary Siya Khim

បុណ្យលើកតម្កើងព្រះវិញ្ញាណយាងមក

(បុណ្យឱឡារិក)

(ពេលល្ងាចទី១)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៣

បន្ទរទី១៖ នៅ​បុណ្យ​ថ្ងៃ​ទី​ហា‌សិប ពួក​សាវ័ក​បាន​រួម​ប្រជុំ​ទាំង​អស់​គ្នានៅ​កន្លែង​តែ​មួយ អាលេលូយ៉ា!

ចូរ​សរសើរ​តម្កើង​ព្រះអម្ចាស់!
អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ!
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់!

ចូរ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ!

តាំង​ពី​ពេល​ថ្ងៃ​រះ រហូត​ទល់​ថ្ងៃ​លិច
ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់!

ព្រះ‌អម្ចាស់​គង់​នៅ​ពី​លើ​ប្រជា‌ជាតិ​ទាំង‌ឡាយ
សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​ខ្ពស់​ជាងផ្ទៃ​មេឃ​ទៅ​ទៀត។

តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះអម្ចាស់ជា​ព្រះ​របស់​យើង​បាន?
ព្រះ‌អង្គ​គង់​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត

ព្រះ‌អង្គ​ទត​មើល​មក​ផ្ទៃ​មេឃ និង​ផែន‌ដី ដែល​នៅ​ខាង​ក្រោម​ព្រះ‌អង្គ។

ព្រះ‌អង្គ​លើក​មនុស្ស​ទន់​ខ្សោយ​ឡើង​ពី​ធូលី​ដី
ព្រះ‌អង្គ​លើក​មនុស្ស​ទុរគត​ឡើង​ពី​ភក់​ជ្រាំ

ដើម្បី​ឱ្យ​គេ​កាន់​កាប់​អំណាចរួម​ជា​មួយ​ពួក​អ្នក​ធំ
គឺ​រួម​ជា​មួយ​ពួក​អ្នក​ធំ​នៅ​ក្នុង​ចំណោមប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។

ព្រះ‌អង្គ​ប្រទាន​ឱ្យ​ស្ត្រីអារ​មាន​កូន
ឱ្យ​នាង​រស់​នៅ​ក្នុង​ផ្ទះ​យ៉ាង​សប្បាយជា​មួយ​កូនៗ​របស់​នាង។ អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ នៅ​បុណ្យ​ថ្ងៃ​ទី​ហា‌សិប ពួក​សាវ័ក​បាន​រួម​ប្រជុំ​ទាំង​អស់​គ្នានៅ​កន្លែង​តែ​មួយ អាលេលូយ៉ា!

ទំនុកតម្កើងលេខ ១៤៧,១-១១

បន្ទរទី២៖ ក្រុមគ្រីស្តទូតបាន​ឃើញ​ហាក់​ដូច​ជាមាន​អណ្ដាត​ភ្លើង​បែក​ចេញ​ពី​គ្នា ចុះ​មក​សណ្ឋិត​លើ​ពួក​គេ​ម្នាក់ៗ អ្នក​ទាំង​នោះ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ ហើយ​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នា អាលេលូយ៉ា!

(បទព្រហ្មគីតិ)

១- យើងស្មូតបទថ្វាយព្រះ ជាអម្ចាស់របស់យើង  
  សរសើរលើកតម្កើង ដ៏រុងរឿងល្អប្រពៃ
២- ព្រះម្ចាស់បានសង់ក្រុង ល្អឧត្តុង្គឧត្តមក្រៃ  
  យេរូសាឡឹមថ្មី អ្នកខ្ចាត់ខ្ចាយនាំមកវិញ
៣- អ្នកដែលមានវិបត្តិ គ្រាំគ្រាចិត្តគិតមិនចេញ  
  ទ្រង់ប្រោសផុតទោម្នេញ របួសវិញជាសះស្បើយ
៤- ព្រះអង្គអាចរាប់បាន ផ្កាយឥតមានខ្វះមួយឡើយ  
  ដាក់ឈ្មោះឱ្យរួចហើយ មិនភ្លេចឡើយស្គាល់ទាំងអស់
៥- ព្រះម្ចាស់របស់យើង សែនថ្កុំថ្កើងឧត្តមខ្ពស់  
  ចេស្តាខ្លាំងមុតមោះ ព្រះតម្រិះធំធេងក្រៃ
៦- ព្រះអម្ចាស់គាំទ្រ ជនក្រីក្រខ្សត់រីងរៃ  
  ទ្រង់បន្ទាបដល់ដី ជនអប្រីយ៍ធ្វើអាក្រក់
៧- ចូរនាំគ្នាច្រៀងអរ ថ្លែងអំណរគុណព្រះម្ចាស់  
  ចូរដេញពិណថ្វាយព្រះ ជាអម្ចាស់នៃយើងផង
៨- ទ្រង់ឱ្យពពកបិទ គ្របជុំជិតអស់តែម្តង  
  បាំងទាំងផ្ទៃមេឃផង អាប់មួរហ្មងគ្មានរស្មី
  ព្រះអង្គបានឱ្យភ្លៀង ធ្លាក់ទាត់ទៀងលើផែនដី  
  ស្មៅលាស់ស្រស់ខៀវខ្ចី ពាសពេញដីនៅលើភ្នំ
៩- ទ្រង់ផ្តល់ទាំងអាហារ អស់សព្វសាសត្វតូចធំ  
  កូនក្អែកដែលស្រែកយំ ទ្រង់ថ្នាក់ថ្នមផ្តល់ចំណី
១០- ព្រះអង្គមិនដែលគាប់ ព្រះទ័យជាប់នឹងសេះថ្មី  
  ទ្រង់មិនពេញព្រះទ័យ មនុស្សពេញដីដែលខ្លាំងក្លា
១១- តែព្រះអង្គទ្រង់គាប់ ព្រះទ័យជាប់នឹងមនុស្សណា  
  កោតខ្លាចព្រះចេស្តា ផ្ញើជីវ៉ាលើព្រះអង្គ
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ ក្រុមគ្រីស្តទូតបាន​ឃើញ​ហាក់​ដូច​ជាមាន​អណ្ដាត​ភ្លើង​បែក​ចេញ​ពី​គ្នា ចុះ​មក​សណ្ឋិត​លើ​ពួក​គេ​ម្នាក់ៗ អ្នក​ទាំង​នោះ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ ហើយ​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នា អាលេលូយ៉ា!

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៥,៣-៤)

បន្ទរទី៣៖ ព្រះវិញ្ញាណដែលយាងចេញពីព្រះបិតា ព្រះ‌អង្គ​នឹង​សម្ដែង​សិរី‌រុង​រឿង​របស់ខ្ញុំ អាលេលូយ៉ា!

«ឱ​ព្រះ‌ជា‌អម្ចាស់​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់​អើយ
ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ​ប្រសើរ​ឧត្ដម គួរ​ឱ្យ​កោត​ស្ញប់ស្ញែង​ពន់​ពេក​ណាស់ !
ឱ​ព្រះ‌មហា​ក្សត្រ​នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ
មាគ៌ា​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​សុចរិត និង​ត្រឹម​ត្រូវ​ទាំង​អស់ !

បពិត្រ​ព្រះ‌អម្ចាស់ ! តើ​មាន​នរណា​មិន​គោរព​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ !
តើ​នរណា​មិន​លើក​តម្កើង​សិរី‌រុង​រឿង​នៃ​ព្រះ‌នាម​ព្រះ‌អង្គ !
ដ្បិត​មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ជា​ព្រះ​ដ៏‌វិសុទ្ធ។
មនុស្ស​គ្រប់​ជាតិ​សាសន៍នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ
ដ្បិត​គេ​បាន​ឃើញ​ច្បាស់​ថា ព្រះ‌អង្គ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌»។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះវិញ្ញាណដែលយាងចេញពីព្រះបិតា ព្រះ‌អង្គ​នឹង​សម្ដែង​សិរី‌រុង​រឿង​របស់ខ្ញុំ អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៨,៩-១១)

ចំពោះ​បង‌ប្អូន ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​សណ្ឋិត​នៅ​ក្នុង​បង‌ប្អូន បង‌ប្អូន​មិន​នៅ​ខាង​លោកីយ៍​ទៀត​ទេ គឺ​នៅ​ខាង​ព្រះ‌វិញ្ញាណ។ អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ដ អ្នក​នោះ​មិន​មែន​ជា​កូន​ចៅ​របស់​ព្រះ‌អង្គ​ទេ។ ប្រសិន​បើ​ព្រះ‌គ្រីស្ដ​គង់​នៅ​ក្នុង​បង‌ប្អូន ទោះ​បី​រូប​កាយ​របស់​បង‌ប្អូន​ស្លាប់ ព្រោះ​តែ​បាប​ក៏​ដោយ ក៏​ព្រះ‌វិញ្ញាណ​នៅ​តែ​ផ្ដល់​ជីវិត​ឱ្យ​បង‌ប្អូន​ដែរ មក​ពី​ព្រះ‌ជាម្ចាស់​ប្រោស​បង‌ប្អូន​ឱ្យ​សុចរិត។ ប្រសិន​បើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រោស​ព្រះ‌យេស៊ូ​ឱ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ សណ្ឋិត​នៅ​ក្នុង​បង‌ប្អូន​មែន​នោះ ព្រះ‌ជាម្ចាស់​ដែល​បាន​ប្រោស​ព្រះ‌គ្រីស្ដ​ឱ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ព្រះ‌អង្គ​ក៏​នឹង​ប្រទាន​ឱ្យ​រូប​កាយ​របស់​បង‌ប្អូន ដែល​តែង‌តែ​ស្លាប់​នេះ មាន​ជីវិត​តាម‌រយៈ​ព្រះ‌វិញ្ញាណ​ដែល​សណ្ឋិត​នៅ​ក្នុង​បង‌ប្អូន​នោះ​ដែរ។

បន្ទរ៖ ព្រះវិញ្ញាណដ៏វិសុទ្ធ គឺជាព្រះដ៏ជួយការពារ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះ‌អង្គនឹង​ណែ‌នាំ​អ្នក​រាល់​គ្នា​ឱ្យ​ស្គាល់​សេចក្ដីពិត​គ្រប់​ចំពូក។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ ឱព្រះវិញ្ញាណដ៏វិសុទ្ធ សូមយាងមកបង្កាត់ភ្លើងនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ ក្នុងដួងចិត្តអ្នកជឿទាំងអស់។ ទោះបីជាពួកគេនិយាយភាសាផ្សេងៗពីគ្នាយ៉ាងណាក្តី ក៏ព្រះអង្គបង្រួបបង្រួមជាតិសាសន៍ទាំងអស់ឱ្យមានជំនឿតែមួយ អាលេលូយ៉ា!

ពាក្យអង្វរសកល

នៅបុណ្យថ្ងៃទីហាសិបបានបញ្ចប់ ព្រះជាម្ចាស់បានចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ ចុះមកសណ្ឋិតលើក្រុមគ្រីស្តទូត។ ដូចយើងខ្ញុំបានប្រារព្ធពិធីបុណ្យដ៏អស្ចារ្យនេះ រួមនឹងអំណរសប្បាយ និងជំនឿ ដោយស្រែកឡើងថា ៖

បន្ទរ៖ សូមព្រះអង្គចាត់ព្រះវិញ្ញាណឱ្យយាងមក និងធ្វើឱ្យពិភពលោកទាំងមូលផ្លាស់ប្រែជាថ្មីផង !

កាលពីដើមដំបូងបង្អស់ ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី ហើយដល់ពេលកំណត់ ព្រះអង្គបានធ្វើឱ្យអ្វីៗទាំងអស់ផ្លាស់ប្រែជាថ្មី ក្នុងអង្គព្រះគ្រីស្ត
—តាមរយៈព្រះវិញ្ញាណព្រះអង្គ សូមទ្រង់បន្តបង្កើតពិភពលោក ជាមួយនឹងព្រះអំណោយនៃការសង្រ្គោះ។ (បន្ទរ)

ព្រះអង្គបានផ្លុំខ្យល់នៃដង្ហើមជីវិតចូលទៅក្នុងខ្លួនលោកអដាំ
—សូមព្រះអង្គចាត់ព្រះវិញ្ញាណឱ្យយាងមកក្នុងព្រះសហគមន៍ ដើម្បីឱ្យព្រះសហគមន៍ក្លាយជាជីវិត និងមានភាពរឹងមាំ ហើយនាំជីវិតថ្មីទៅកាន់ពិភពលោកទាំងមូល។ (បន្ទរ)

ដោយព្រះពន្លឺនៃព្រះវិញ្ញាណ សូមព្រះអង្គបំភ្លឺពិភពលោក និងកម្ចាត់ភាពងងឹតនៃពេលវេលា
—សូមព្រះអង្គបង្វែរការស្អប់ឱ្យទៅជាការស្រឡាញ់ បង្វែរទុក្ខព្រួយឱ្យទៅជាអំណរសប្បាយ បង្វែរសង្រ្គាមឱ្យទៅជាសន្តិភាព ដែលយើងខ្ញុំប្រាថ្នាចង់បានយ៉ាងខ្លាំង។ (បន្ទរ)

ទឹកបានហូរចេញពីឆ្អឹងជំនីររបស់ព្រះគ្រីស្ត ដែលជាប្រភពនៃព្រះវិញ្ញាណរបស់ព្រះអង្គ
—សូមឱ្យទឹកនេះហូរមកស្រោចស្រពផែនដីទាំងមូល និងនាំសេចក្តីល្អមកជាមួយផង។ (បន្ទរ)

ព្រះអង្គបាននាំជីវិត និងសិរីរុងរឿងមកឱ្យមនុស្សលោក តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ
—សូមព្រះអង្គនាំអ្នកដែលបានលាចាកលោកនេះឱ្យចូលទៅក្នុងសេចក្តីស្រឡាញ់ និងអំណរសប្បាយនៃស្ថានបរមសុខ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! អស់រយៈពេលហាសិបថ្ងៃ ព្រះអង្គប្រោសឱ្យយើងខ្ញុំជួបជុំគ្នាអបអរសាទរបុណ្យចម្លង ដែលជាគម្រោងការដ៏អស្ចាររបស់ព្រះអង្គ។ សូមព្រះអង្គបង្រួបបង្រួមមនុស្សគ្រប់ជាតិសាសន៍ដែលបែកខ្ញែកគ្នា ឱ្យទៅជាមហាគ្រួសារតែមួយ និងសូមប្រោសឱ្យប្រជាជនដែលច្របូកច្របល់និយាយភាសារៀងៗខ្លួន រួមគ្នាប្រកាសព្រះនាមព្រះអង្គវិញ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។