រដូវបុណ្យចម្លង សប្តាហ៍ទី៧ ថ្ងៃអង្គារ
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១២៥
ព្រះអម្ចាស់គង់នៅជុំវិញប្រជារាស្ត្ររបស់ព្រះអង្គ
សូមព្រះជាម្ចាស់ប្រទានសេចក្តីសុខសាន្ត...ដល់ប្រជារាស្ត្រអ៊ីស្រាអែលរបស់ព្រះអង្គ (កាឡ ៦,១៦)។
បន្ទរទី១ ៖ «សូមឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត! ខ្ញុំទេតើ កុំភ័យខ្លាចអ្វីឡើយ អាលេលូយ៉ា!
| ១- | អ្នកណាផ្ញើជីវិតលើព្រះអម្ចាស់ អ្នកនោះប្រៀបបាននឹងភ្នំស៊ីយ៉ូនដែលស្ថិតស្ថេររហូត ឥតរង្គើឡើយ។ |
| ២- | ភ្នំនានានៅព័ទ្ធជុំវិញក្រុងយេរូសាឡឹមយ៉ាងណា ព្រះអម្ចាស់ក៏គង់នៅជុំវិញប្រជារាស្ត្ររបស់ព្រះអង្គ តាំងពីពេលនេះ រហូតដល់អស់កល្បជានិច្ចយ៉ាងនោះដែរ។ |
| ៣- | ដ្បិតស្តេចពាលពុំអាចគ្រប់គ្រងលើទឹកដីរបស់មនុស្សសុចរិតបានទេ ដូច្នេះ មនុស្សសុចរិតគ្មានចិត្តលំអៀងទៅប្រព្រឹត្តអំពើទុច្ចរិតឡើយ។ |
| ៤- | ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យសប្បុរស ចំពោះអស់អ្នកដែលមានចិត្តសប្បុរស និងទៀងត្រង់។ |
| ៥- | រីឯអស់អ្នកដែលដើរតាមមាគ៌ាដ៏វៀចវេរវិញ សូមព្រះអម្ចាស់ដេញគេឱ្យទៅជាមួយអស់អ្នក ដែលប្រព្រឹត្តអំពើទុច្ចរិតចុះ។ សូមឱ្យអ៊ីស្រាអែលបានប្រកបដោយសេចក្តីសុខសាន្ត!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ «សូមឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត! ខ្ញុំទេតើ កុំភ័យខ្លាចអ្វីឡើយ អាលេលូយ៉ា!
ទំនុកតម្កើងលេខ ១៣១
ដូចកូននៅជាប់ទ្រូងម្តាយ
ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ
អ្នករាល់គ្នាមុខជាបានស្ងប់ចិត្តមិនខាន ដ្បិតខ្ញុំស្លូត និងមានចិត្តសុភាព (មថ ១១,២៩)។
បន្ទរទី២ ៖ អ៊ីស្រាអែលអើយ ចូរទុកចិត្តលើព្រះអម្ចាស់ អាលេលូយ៉ា!
(បទកាកគតិ)
| ១- | បពិត្រព្រះម្ចាស់ | ទូលបង្គំជាមនុស្ស | ដែលមិនអំនួត |
| មិនវាយឫកខ្ពស់ | មិនអាងមិនអួត | មិនចង់ប្រកួត | |
| អ្នកតូចអ្នកទាប | ។ | ||
| ខ្ញុំមិនលោភលន់ | ចង់បានទ្រព្យធន | គេជាដរាប | |
| មិនចង់បានអ្វី | ដែលធំហួសមាឌ | លើសសមត្ថភាព | |
| របស់ខ្ញុំឡើយ | ។ | ||
| ២- | តែផ្ទុយទៅវិញ | ចិត្តខ្ញុំពោរពេញ | ស្ងៀមស្ងាត់ព្រងើយ |
| ដូចជាកូនក្មេង | ជាប់ទ្រូងម្តាយហើយ | វាធ្វើកន្តើយ | |
| នឹងអ្វីទាំងអស់ | ។ | ||
| ៣- | អ៊ីស្រាអែលអើយ | កុំបង្អង់ឡើយ | ទុកចិត្តលើព្រះ |
| តាំងពីឥឡូវ | តទៅឥតខ្ចោះ | រហូតដល់អស់ | |
| កប្បកល្បជានិច្ច | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ អ៊ីស្រាអែលអើយ ចូរទុកចិត្តលើព្រះអម្ចាស់ អាលេលូយ៉ា!
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១.៥,៩-១០.១២)
ទំនុកនៃការប្រោះលោះ
បន្ទរទី៣ ៖ សូមឱ្យអ្វីៗសព្វសារពើដែលព្រះជាម្ចាស់បានបង្កើតមក គោរពបម្រើព្រះអង្គ។ ព្រះអង្គបង្គាប់យ៉ាងណាក៏កើតមានយ៉ាងនោះមែន អាលេលូយ៉ា!
| ១១ | “បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ”។ |
| ៩ | គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា ៖ “ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។ |
| ១០ | ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង ហើយយើងនឹងគ្រងរាជ្យលើផែនដី” ។ |
| ១២ | “កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជ្យសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង” ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ សូមឱ្យអ្វីៗសព្វសារពើដែលព្រះជាម្ចាស់បានបង្កើតមក គោរពបម្រើព្រះអង្គ។ ព្រះអង្គបង្គាប់យ៉ាងណាក៏កើតមានយ៉ាងនោះមែន អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៨,២៦-២៧)
យ៉ាងណាមិញ ព្រះវិញ្ញាណក៏យាងមកជួយយើងដែលទន់ខ្សោយនេះដែរ ដ្បិតយើងពុំដឹងអធិដ្ឋានដូចម្ដេច ដើម្បីឱ្យបានសមនោះឡើយ តែព្រះវិញ្ញាណផ្ទាល់ព្រះអង្គទូលអង្វរឱ្យយើង ដោយព្រះសូរសៀងដែលគ្មាននរណាអាចថ្លែងបាន។ រីឯព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្តមនុស្ស ព្រះអង្គជ្រាបព្រះបំណងរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរឱ្យប្រជាជនដ៏វិសុទ្ធ ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។
បន្ទរ៖ ព្រះវិញ្ញាណដ៏វិសុទ្ធ គឺជាព្រះដ៏ជួយការពារ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអង្គនឹងណែនាំអ្នករាល់គ្នាឱ្យស្គាល់សេចក្ដីពិតគ្រប់ចំពូក។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ អ្នករាល់គ្នានឹងទទួលឫទ្ធានុភាពមួយ គឺឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធមកសណ្ឋិតលើអ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើជាបន្ទាល់របស់ខ្ញុំ រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី អាលេលូយ៉ា!
ពាក្យអង្វរសកល
សូមសរសើរតម្កើងសិរីរុងរឿងរបស់ព្រះគ្រីស្ត ដែលបានប្រទានឱ្យសាសនិកជនរួមចំណែកក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ។ ចូរយើងស្រែករកព្រះអង្គ ហើយទូលថា ៖
បន្ទរ ៖ ឱព្រះគ្រីស្តអើយ ! សូមព្រះសណ្តាប់ពាក្យអង្វរយើងខ្ញុំ !
បពិត្រព្រះអម្ចាស់យេស៊ូ ! សូមព្រះអង្គចាត់ព្រះវិញ្ញាណដ៏វិសុទ្ធចេញពីព្រះបិតាមក
—ដើម្បីលាងសម្អាត និងពង្រឹងព្រះសហគមន៍ ឱ្យកាន់តែរីកដុះដាលពាសពេញពិភពលោក។ (បន្ទរ)
បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គណែនាំអស់អ្នកដែលគ្រប់គ្រងយើងខ្ញុំ ដោយព្រះវិញ្ញាណរបស់ព្រះអង្គ
—ដើម្បីឱ្យពួកគេក្លាយជាអ្នកបម្រើផលប្រយោជន៍រួម ក្នុងព្រះនាមព្រះអង្គ។ (បន្ទរ)
សូមព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណដែលជួយការពារជនក្រីក្រ
—ដើម្បីជួយអស់អ្នកដែលត្រូវការជំនួយ។ (បន្ទរ)
យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់អ្នកបម្រើគម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គ
—ដើម្បីឱ្យពួកគេមានចិត្តស្មោះត្រង់ជានិច្ចផង។ (បន្ទរ)
ដោយទុក្ខលំបាក ការរស់ឡើងវិញ និងការយាងឡើងស្ថានបរមសុខ ព្រះអង្គបានសម្រេចការប្រោសលោះយើងខ្ញុំ
—សូមព្រះអង្គនាំព្រលឹង និងរូបកាយនៃមនុស្សស្លាប់ ឱ្យបានចូលនៅក្នុងការប្រោសលោះនេះយ៉ាងពេញលេញផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់នៃព្រះហឫទ័យមេត្តាករុណា និងមានឫទ្ធានុភាព! សូមព្រះអង្គចាត់ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គ ឱ្យយាងមកគង់សណ្ឋិតក្នុងដួងចិត្តយើងខ្ញុំ និងធ្វើឱ្យយើងខ្ញុំទៅជាព្រះដំណាក់នៃសិរីរុងរឿងរបស់ព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។