បុណ្យព្រះអម្ចាស់យេស៊ូយាងឡើងស្ថានបរមសុខ
(បុណ្យឱឡារិក)
(ពេលល្ងាចទី២)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
បទចម្រៀងចូល
ទំនុកតម្កើងលេខ ១១០,១-៥.៧
បន្ទរទី១៖ ព្រះអង្គយាងឡើងស្ថានបរមសុខ ទៅគង់នៅខាងស្តាំព្រះបិតា អាលេលូយ៉ា!
| ១ | ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជាជាព្រះអម្ចាស់របស់ខ្ញុំ ដូចតទៅនេះ៖ «សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!»។ |
| ២ | សូមព្រះជាអម្ចាស់ប្រោសប្រទានឲ្យរាជ្យរបស់ព្រះករុណា លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ! សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ! |
| ៣ | នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ដ្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលមកគាល់ព្រះករុណានៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។ |
| ៤ | ព្រះអម្ចាស់មានព្រះបន្ទូលសន្យាដោយឥតប្រែប្រួលថា: «ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក»។ |
| ៥ | ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា នៅថ្ងៃដែលព្រះអង្គព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។ |
| ៧ | នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះរួចហើយ ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះអង្គយាងឡើងស្ថានបរមសុខ ទៅគង់នៅខាងស្តាំព្រះបិតា អាលេលូយ៉ា!
ទំនុកតម្កើងលេខ ៤៧
បន្ទរទី២៖ ព្រះជាម្ចាស់យាងឡើងទៅ ក្រោមសំឡេងអបអរសាទរយ៉ាងខ្ញៀវខ្ញារ ព្រះអម្ចាស់យាងទៅមុខអមដោយសំឡេងត្រែ អាលេលូយ៉ា!
(បទកាកគតិ)
| ២- | ឱជនទាំងឡាយ | ចូរអរសប្បាយ | ទះដៃអបអរ |
| ច្រៀងលើកតម្កើង | ព្រះម្ចាស់បវរ | ទទួលអំណរ | |
| ដោយចិត្តរីករាយ | ។ | ||
| ៣- | ដ្បិតព្រះអម្ចាស់ | ព្រះខ្ពង់ខ្ពស់ណាស់ | គួរស្ញប់ស្ញែងក្រៃ |
| ព្រោះតែព្រះអង្គ | ជាមហាក្សត្រថ្លៃ | ឧត្តមប្រពៃ | |
| លើដីទាំងអស់ | ។ | ||
| ៤- | ព្រះអង្គបង្ក្រាប | គ្រប់ជាតិឱ្យរាប | មកជាចំណុះ |
| មិនឱ្យរួចខ្លួន | ជាតិណាមួយសោះ | ស្ម័គ្រចិត្តស្រួលស្រុះ | |
| ក្រោមអំណាចយើង | ។ | ||
| ៥- | ព្រះអង្គជ្រើសរើស | ទឹកដីគ្រប់ទិស | ជាមរតកថ្កើង |
| ឱ្យយើងខ្ពស់មុខ | គ្មានអ្វីកើតឡើង | វិសេសរុងរឿង | |
| យ៉ាកុបល្អឯក | ។ | ||
| ៦- | ព្រះអម្ចាស់យាង | ឡើងក្រោមសូរសៀង | ខ្ញៀវខ្ញារអនេក |
| ទ្រង់យាងទៅខ្ពស់ | ឥតមានរារែក | អមដោយសម្រែក | |
| ស្នូរត្រែតន្ត្រី | ។ | ||
| ៧- | ចូរយើងនាំគ្នា | រូតរះម្នីម្នា | ថ្វាយពរសិរី |
| ព្រះជាអម្ចាស់ | រុងរឿងពេកក្រៃ | ស្មូតលាយតន្ត្រី | |
| ថ្វាយព្រះនៃយើង | ។ | ||
| ៨- | ដ្បិតព្រះអង្គជា | ព្រះមហាក្សត្រា | វិសេសថ្កុំថ្កើង |
| នៅលើផែនដី | ជាព្រះនៃយើង | ចូរនាំគ្នាថ្កើង | |
| ស្មូតកំណាព្យថ្វាយ | ។ | ||
| ៩- | ព្រះម្ចាស់គ្រងរាជ្យ | ពេញដោយអំណាច | លើជាតិជិតឆ្ងាយ |
| គង់លើបល្ល័ង្ក | ឥតបីនឿយណាយ | វិសុទ្ធពេកក្រៃ | |
| រាស្រ្តបានសុខសាន្ត | ។ | ||
| ១០- | ពួកមេដឹកនាំ | មកមីរជួបជុំ | ឥតមានខកខាន |
| ជាប្រជាជន | វិសុទ្ធថ្កើងថ្កាន | ព្រះដ៏ចំណាន | |
| អប្រាហាំថ្លៃ | ។ | ||
| ដ្បិតមហាក្សត្រ | ម្ចាស់ផែនដីស្ថិត | ក្រោមម្លប់បារមី | |
| អំណាចព្រះម្ចាស់ | ខ្លាំងលើសអ្វីៗ | ក្នុងនាលោកីយ៍ | |
| គ្មានអ្វីស្មើផង | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ៖ ព្រះជាម្ចាស់យាងឡើងទៅ ក្រោមសំឡេងអបអរសាទរយ៉ាងខ្ញៀវខ្ញារ ព្រះអម្ចាស់យាងទៅមុខអមដោយសំឡេងត្រែ អាលេលូយ៉ា!
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១១,១៧-១៨.១២,១០ខ-១២ក)
បន្ទរទី៣៖ «ឥឡូវនេះ បុត្រមនុស្សបានសម្ដែងសិរីរុងរឿងហើយ ហើយព្រះជាម្ចាស់ក៏បានសម្ដែងសិរីរុងរឿងក្នុងបុត្រមនុស្សដែរ អាលេលូយ៉ា!
| ១៧ | «បពិត្រព្រះជាអម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅតាំងពីដើមរៀងមកដែរ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ព្រោះព្រះអង្គបានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។ |
| ១៨ | ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសម្ដែងព្រះពិរោធក៏មកដល់ដែរ គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោសមនុស្សស្លាប់។ នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ និងដល់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលព្រះអង្គ ត្រូវបំផ្លាញអស់អ្នកដែលបានបំផ្លាញផែនដីដែរ»។ |
| ១០ | «ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើង ព្រមទាំងអំណាចព្រះគ្រីស្ដរបស់ព្រះអង្គក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯងដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខព្រះភក្ត្រនៃព្រះរបស់យើង។ |
| ១១ | បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ ហើយបងប្អូនទាំងនោះបានស៊ូប្ដូរជីវិត ឥតស្ដាយសោះឡើយ។ |
| ១២ | ហេតុនេះ ស្ថានបរមសុខ និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ ចូរមានអំណរសប្បាយឡើង! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ «ឥឡូវនេះ បុត្រមនុស្សបានសម្ដែងសិរីរុងរឿងហើយ ហើយព្រះជាម្ចាស់ក៏បានសម្ដែងសិរីរុងរឿងក្នុងបុត្រមនុស្សដែរ អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ៣,១៨.២១-២២)
សូម្បីតែព្រះគ្រីស្តក៏ព្រះអង្គបានសោយទិវង្គតម្ដងជាសូរេច ព្រោះតែបាបដែរ គឺព្រះដ៏សុចរិតបានសោយទិវង្គត ជាប្រយោជន៍ដល់មនុស្សទុច្ចរិត ដើម្បីនាំបងប្អូនទៅថ្វាយព្រះជាម្ចាស់។ កាលព្រះអង្គមានឋានៈជាមនុស្ស ព្រះអង្គត្រូវគេធ្វើគុត តែព្រះជាម្ចាស់បានប្រោសព្រះអង្គឱ្យមានព្រះជន្មរស់ ដោយសារព្រះវិញ្ញាណវិញ។ នេះជានិមិត្តរូបនៃពិធីជ្រមុជទឹកដែលសង្គ្រោះបងប្អូននាបច្ចុប្បន្នកាល តែពិធីជ្រមុជទឹកមិនមែនជាពិធីលាងជម្រះរូបកាយនោះទេ គឺជាការថ្វាយជីវិតទាំងស្រុងទៅព្រះជាម្ចាស់ ដោយមនសិការល្អវិញ។ ពិធីជ្រមុជទឹកនេះសង្គ្រោះបងប្អូន ដោយសារព្រះយេស៊ូគ្រីស្តមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានយាងឡើងទៅស្ថានបរមសុខ គង់នៅខាងស្ដាំព្រះជាម្ចាស់ ហើយពួកទេវទូត ព្រមទាំងវត្ថុស័ក្តិសិទ្ធិនានាដែលមានអំណាច និងឫទ្ធានុភាពនានា ចុះចូលនឹងព្រះអង្គទាំងអស់។
បន្ទរ៖ ខ្ញុំឡើងទៅឯព្រះបិតាខ្ញុំ ដែលជាព្រះបិតារបស់អ្នករាល់គ្នា *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ខ្ញុំឡើងទៅឯព្រះរបស់ខ្ញុំដែលជាព្រះរបស់អ្នករាល់គ្នាដែរ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ឱព្រះមហាក្សត្រដែលមានជ័យជម្នះ ! ឱព្រះអម្ចាស់ដ៏មានឫទ្ធានុភាព និងអំណាចចេស្តា ! នៅថ្ងៃនេះ ព្រះអង្គបានយាងឡើងស្ថានបរមសុខប្រកបដោយសិរីរុងរឿង។ សូមកុំបោះបង់ចោលយើងខ្ញុំឱ្យនៅកំព្រាឡើយ តែសូមព្រះអង្គផ្ញើព្រះវិញ្ញាណនៃសេចក្តីពិត ដែលជាព្រះអំណោយតាមព្រះបន្ទូលសន្យានៃព្រះបិតាផង អាលេលូយ៉ា!
ពាក្យអង្វរសកល
ចូរយើងប្រកាសអំពីព្រះគ្រីស្ត ដែលគង់នៅខាងស្តាំព្រះបិតា ដោយអំណរសប្បាយខាងវិញ្ញាណថា ៖
បន្ទរ៖ បពិត្រព្រះយេស៊ូជាអម្ចាស់ ! ព្រះអង្គជាព្រះមហាក្សត្រនៃសិរីរុងរឿង !
ឱព្រះមហាក្សត្រនៃសិរីរុងរឿងអើយ ! ព្រះអង្គបានទទួលយកភាពទន់ខ្សោយរបស់យើងខ្ញុំ ដើម្បីលើកតម្កើងសិរីរុងរឿងនៅស្ថានបរមសុខ សូមព្រះអង្គដកអំពើបាបចេញពីពិភពលោក
—និងសូមស្តារយើងខ្ញុំនូវភាពគ្មានទោស ដែលជារបស់យើងឡើងវិញ មុនពេលយើងធ្លាក់ក្នុងអំពើបាប។ (បន្ទរ)
ព្រះអង្គបានយាងចុះពីស្ថានបរមសុខ មកធ្វើធម្មយាត្រានៃសេចក្តីស្រឡាញ់
—សូមប្រោសឱ្យយើងខ្ញុំដើរតាមផ្លូវដូចគ្នានឹងព្រះអង្គ ដើម្បីចូលទៅកាន់ព្រះភក្រ្តព្រះអង្គ។ (បន្ទរ)
ព្រះអង្គមានព្រះបន្ទូលសន្យាថា នឹងទាញយកអ្វីៗទាំងអស់មកឯព្រះអង្គ
—សូមព្រះអង្គកុំបណ្តោយឱ្យយើងខ្ញុំណាម្នាក់ ឃ្លាតចេញឆ្ងាយពីព្រះកាយព្រះអង្គឡើយ។ (បន្ទរ)
កន្លែងដែលព្រះអង្គយាងទៅមុនយើងខ្ញុំ ក្នុងសិរីរុងរឿង
—សូមឱ្យយើងខ្ញុំដើរតាមព្រះអង្គអស់ពីចិត្ត និងគំនិត។ (បន្ទរ)
បពិត្រព្រះជាម្ចាស់ ជាព្រះដ៏ពិតប្រាកដ ! យើងខ្ញុំទន្ទឹងរង់ចាំការយាងមកវិញរបស់ព្រះអង្គ ប្រៀបដូចជាចៅក្រមរបស់យើង
—សូមឱ្យយើងខ្ញុំមើលឃើញសិរីរុងរឿង និងធម៌មេត្តាករុណារបស់ព្រះអង្គនៅជាមួយមរណបុគ្គលទាំងអស់ផង។ (បន្ទរ)
ធម៌ "ឱព្រះបិតា"
ពាក្យអធិដ្ឋាន
ឱព្រះអម្ចាស់ជាព្រះបិតា ! ព្រះបុត្រាយាងឡើងស្ថានបរមសុខ នៅពេលក្រុមសាវ័កកំពុងតែសម្លឹងមើល។ សូមព្រះអង្គប្រទានឱ្យយើងខ្ញុំមានកិត្តិយសដ៏ខ្ពស់ ដោយប្រោសឱ្យព្រះយេស៊ូគង់នៅជាមួយយើងខ្ញុំ ក្នុងពេលដែលយើងខ្ញុំរស់នៅលើផែនដីនេះ និងនៅពេលយើងខ្ញុំនៅស្ថានបរមសុខ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!