១៣ ឧសភា ២០២៦

Written on 03/02/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៦ ថ្ងៃពុធ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ៦២

នៅ​ជិត​ព្រះ‌អង្គ ខ្ញុំ​មាន​សេចក្ដីសុខសាន្ត

សូមព្រះជាម្ចាស់ជាប្រភពនៃសេចក្តីសង្ឃឹម ប្រោសបងប្អូនដែលមានជំនឿ ឱ្យបានពោរពេញដោយអំណរ និងសេចក្តីសុខសាន្តគ្រប់ប្រការ (រ៉ូម ១៥,១៣)។

បន្ទរទី១ ៖ «កុំ​រន្ធត់​ចិត្ត​ធ្វើអ្វី អ្នក​រាល់​គ្នា​ជឿ​លើ​ព្រះជាម្ចាស់​ហើយ សុំ​ជឿ​លើ​ខ្ញុំ​ផង» អាលេលូយ៉ា!

ខ្ញុំស្ងប់ចិត្តតែនៅក្បែរព្រះជាម្ចាស់ប៉ុណ្ណោះ
ព្រោះព្រះអង្គតែងតែសង្គ្រោះខ្ញុំ

មានតែព្រះអង្គមួយគត់ដែលជាថ្មដា ជាព្រះសង្គ្រោះខ្ញុំ
ព្រះអង្គជាកំពែងដ៏រឹងមាំ ខ្ញុំនឹងមិនត្រូវរង្គើឡើយ។

តើអ្នករាល់គ្នាចោមរោមវាយប្រហារមនុស្សតែម្នាក់ដូច្នេះ ដល់កាលណាទៀត?
អ្នករាល់គ្នារកប្រហារជីវិតមនុស្ស
ដូចគេចង់រំលំកំពែងដែលទ្រុឌទ្រោម និងផ្តួលរបងដែលជិតរលំឬ?

ពួកគេចង់ឱ្យតែអ្នកនោះបាត់បង់យសសក្តិ គេចូលចិត្តកុហក
មាត់គេឱ្យពរ តែចិត្តគេបែរជាដាក់បណ្តាសារទៅវិញ។

ពិតមែនហើយ ខ្ញុំស្ងប់ចិត្តតែនៅក្បែរព្រះជាម្ចាស់ប៉ុណ្ណោះ
ដ្បិតព្រះអង្គជាទីសង្ឃឹមតែមួយគត់របស់ខ្ញុំ។

ព្រះអង្គតែមួយគត់ជាថ្មដា ជាព្រះសង្គ្រោះខ្ញុំ
ព្រះអង្គជាកំពែងដ៏រឹងមាំ ខ្ញុំនឹងមិនត្រូវរង្គើឡើយ។

ការសង្គ្រោះ និងសិរីរុងរឿងរបស់ខ្ញុំ ស្ថិតនៅលើព្រះជាម្ចាស់ទាំងស្រុង
ព្រះជាម្ចាស់ជាថ្មដាដ៏រឹងមាំ និងជាទីជម្រករបស់ខ្ញុំ។

ប្រជាជនអើយ ចូរនាំគ្នាផ្ញើជីវិតលើព្រះអង្គគ្រប់ពេលវេលាទៅ!
ចូរទូលពីទុក្ខកង្វល់របស់អ្នករាល់គ្នាថ្វាយព្រះអង្គចុះ
ព្រះជាម្ចាស់ជាជម្រករបស់យើងហើយ។
១០
មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ
មនុស្សឋានៈខ្ពស់គ្មានតម្លៃអ្វីសោះ
ប្រសិនបើយើងថ្លឹងមនុស្សទាំងអស់លើជញ្ជីងមួយ
នោះស្រាលជាងមួយដង្ហើមទៅទៀត។
១១
មិនត្រូវទុកចិត្តលើអំពើហិង្សាឡើយ
ហើយក៏កុំសង្ឃឹមលើការលួចប្លន់ដែរ។
ប្រសិនបើទ្រព្យសម្បត្តិអ្នករាល់គ្នាកើនចំនួនច្រើនឡើង មិនត្រូវជំពាក់ចិត្តឡើយ។
១២
ខ្ញុំឮព្រះជាម្ចាស់មានព្រះបន្ទូលមួយលើកជាពីរលើកថា ឫទ្ធិអំណាចស្ថិតលើព្រះអង្គ
១៣
ឱព្រះអម្ចាស់អើយ! ព្រះអង្គប្រកបដោយព្រះហឫទ័យមេត្តាករុណា
ព្រះអង្គនឹងតបស្នងឱ្យមនុស្សម្នាក់ៗ តាមអំពើដែលខ្លួនគេបានប្រព្រឹត្ត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ «កុំ​រន្ធត់​ចិត្ត​ធ្វើអ្វី អ្នក​រាល់​គ្នា​ជឿ​លើ​ព្រះជាម្ចាស់​ហើយ សុំ​ជឿ​លើ​ខ្ញុំ​ផង» អាលេលូយ៉ា!

ទំនុកតម្កើងលេខ ៦៧

សូម​ឱ្យប្រជាជន​ទាំងឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះជាម្ចាស់

ហេតុ​នេះ សូម​បង‌ប្អូន​ជ្រាប​ថា ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌បន្ទូល
ស្ដី​អំពី​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​ឱ្យ​សាសន៍​ដទៃ​វិញ ព្រោះ​គេ​មុខ​ជា​ស្ដាប់​មិន​ខាន (កក ២៨,២៨)។

បន្ទរទី២ ៖ ឱ​ព្រះជាម្ចាស់​អើយ សូមឱ្យប្រជាជន​ទាំងឡាយនាំ​គ្នា​លើក​តម្កើង​ព្រះអង្គ សូមឱ្យប្រជាជនទាំងអស់ ត្រេកអរសប្បាយនឹងការសង្រ្គោះរបស់ព្រះអង្គ អាលេលូយ៉ា!

(បទពាក្យ ៧)

២- ឱព្រះម្ចាស់អើយសូមមេត្តា សន្តោសករុណាដល់យើងខ្ញុំ  
  ប្រទានព្រះពរដ៏ឧត្តម ទតមើលយើងខ្ញុំដោយសប្បុរស
៣- ដូច្នេះមនុស្សលោកលើផែនដី ស្គាល់មាគ៌ាថ្លៃព្រះអម្ចាស់  
  ក្នុងចំណោមជនជាតិទាំងអស់ ស្គាល់ការសង្គ្រោះនៃព្រះអង្គ
៤- បពិត្រព្រះម្ចាស់អើយសូមឱ្យ ប្រជាទាំងឡាយនាំគ្នាថ្កើង  
  ព្រះនាមព្រះអង្គឱ្យខ្ពស់ឡើង នាមព្រះនៃយើងគ្រប់ៗកាយ
៥- ប្រជាទាំងឡាយនាំគ្នាច្រៀង បន្លឺសំនៀងដោយសប្បាយ  
  ដ្បិតទ្រង់គ្រប់គ្រងគ្មាននឿយណាយ ប្រជាទាំងឡាយមិនឆ្មៃឆ្មើង
៦- បពិត្រព្រះម្ចាស់អើយសូមឱ្យ ប្រជាទាំងឡាយនាំគ្នាថ្កើង  
  ព្រះនាមព្រះអង្គឱ្យខ្ពស់ឡើង នាមព្រះនៃយើងគ្រប់ៗកាយ
៧- ផែនដីបង្កើតនូវភោគផល មិនឱ្យយើងខ្វល់ពីអន្តរាយ  
  ព្រះអង្គជាព្រះយើងទាំងឡាយ ប្រទានពរឱ្យសុខគ្រប់គ្រា
៨- សូមទ្រង់ប្រទានពរឱ្យយើង និងមនុស្សទាំងពួងគ្រប់អាត្មា  
  ទាំងអ្នករស់នៅឆ្ងាយផងណា មនុស្សលើលោកាខ្លាចព្រះអង្គ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ឱ​ព្រះជាម្ចាស់​អើយ សូមឱ្យប្រជាជន​ទាំងឡាយនាំ​គ្នា​លើក​តម្កើង​ព្រះអង្គ សូមឱ្យប្រជាជនទាំងអស់ ត្រេកអរសប្បាយនឹងការសង្រ្គោះរបស់ព្រះអង្គ អាលេលូយ៉ា!

បទលើកតម្កើងតាមលិខិតកូឡូស (កូឡ ១,១២-២០)

ព្រះ‌គ្រីស្ត​មាន​ព្រះ‌ជន្ម​មុន​អ្វីៗ​ទាំង​អស់ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ

បន្ទរទី៣ ៖ ភាព​ថ្កុំថ្កើង​របស់​ព្រះអង្គ​ចែង​ចាំងពាស​ពេញ​ផ្ទៃ​មេឃ ហើយ​ផែនដី​ទាំង​មូល​សរសើរ​តម្កើង​ព្រះអង្គ។

១២ ចូរអរព្រះគុណព្រះបិតាដោយចិត្តរីករាយ
ព្រោះព្រះអង្គបានប្រោសប្រទានឱ្យបងប្អូនមានសមត្ថភាព
អាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។
១៣
ព្រះអង្គបានរំដោះយើង ឱ្យរួចផុតពីអំណាចនៃសេចក្តីងងឹត
ហើយចម្លងយើងទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
១៤
ដោយយើងបានរួមនៅក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង
និងលើកលែងទោសយើងឱ្យរួចពីបាប។
១៥
ព្រះគ្រីស្តជាតំណាងរបស់ព្រះជាម្ចាស់ ដែលយើងមើលពុំឃើញ
ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក
១៦
ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត
ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី
ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ
ទាំងទេវរាជ្យ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង
ទាំងវត្ថុសក្តិសិទ្ធិ និងទាំងអំណាចនានា
ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។
១៧
ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់
ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។
១៨
ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺព្រះសហគមន៍
ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។
ក្នុងចំណោមមនុស្សស្លាប់ទាំងអស់
ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ
ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់
១៩
ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យ
ឱ្យគ្រប់លក្ខណៈសម្បត្តិរបស់ព្រះអង្គស្ថិតនៅក្នុងព្រះគ្រីស្ត។
២០
ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់នៅលើផែនដី
និងនៅស្ថានបរមសុខ ឱ្យជានានឹងព្រះអង្គវិញ
ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត
គឺព្រះជាម្ចាស់បានធ្វើឱ្យមានសន្តិភាព
ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ភាព​ថ្កុំថ្កើង​របស់​ព្រះអង្គ​ចែង​ចាំងពាស​ពេញ​ផ្ទៃ​មេឃ ហើយ​ផែនដី​ទាំង​មូល​សរសើរ​តម្កើង​ព្រះអង្គ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ៧,២៤-២៧)

រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះ‌អង្គ​មាន​មុខងារ​ជា​បូជា‌ចារ្យ ដែល​ពុំ​អាច​ផ្ទេរ​ទៅ​ឱ្យនរណា​បាន​ទេ ព្រោះ​ព្រះ‌អង្គ​គង់​នៅ​អស់​កល្ប‌ជានិច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ក៏​អាច​សង្គ្រោះ​អស់​អ្នក​ដែល​ចូល​មក​ជិត​ព្រះ‌ជាម្ចាស់ តាម‌រយៈ​ព្រះ‌អង្គ បាន​ជា​ស្ថាពរ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​រហូត ដើម្បី​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឱ្យពួក​គេ។ មាន​តែ​មហា​បូជា‌ចារ្យ​ដ៏​ប្រសើរ​ដូច​ព្រះ‌យេស៊ូនេះ​ហើយ ដែល​យើង​ត្រូវ​ការ គឺ​មហា​បូជា‌ចារ្យ​ដ៏‌វិសុទ្ធ ស្លូត​ត្រង់ ឥត​សៅ‌ហ្មង ខុស​ប្លែក​ពី​មនុស្ស​បាប ព្រម​ទាំង​ខ្ពង់‌ខ្ពស់​លើស​ស្ថាន​បរម‌សុខទៅ​ទៀត។ ព្រះ‌អង្គ​មិន​ត្រូវ​ការ​ថ្វាយ​យញ្ញ‌បូជា​រៀង​រាល់​ថ្ងៃ ដូច​មហា​បូជា‌ចារ្យ​ឯ​ទៀតៗ​ថ្វាយ ព្រោះ​បាប​ខ្លួន​ឯង​ផ្ទាល់​ផង និង​បាប​ប្រជាជន​ផង​នោះ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​ថ្វាយ​ព្រះ‌កាយ​ព្រះ‌អង្គ​ផ្ទាល់​ជា​យញ្ញ‌បូជា ម្ដង​ជា​សូរេច។

បន្ទរ ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ ព្រះ‌អង្គ​នឹង​សម្ដែង​សិរី‌រុង​រឿង​របស់​ខ្ញុំ ព្រោះ​ព្រះ‌អង្គ​ទទួល​សេចក្ដី​ទាំង​អស់​ពី​ខ្ញុំ យក​មក​ប្រាប់​អ្នក​រាល់​គ្នា អាលេលូយ៉ា!

ពាក្យអង្វរសកល

ក្នុងអង្គព្រះបុត្រា ដែលមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ព្រះជាម្ចាស់បានបើកផ្លូវឱ្យយើងចូលទៅកាន់ជីវិតអស់កល្បជានិច្ច។ ចូរយើងទូលអង្វរព្រះបិតាថា ៖

បន្ទរ៖ តាមរយៈជ័យជម្នះរបស់ព្រះគ្រីស្ត សូមសង្រ្គោះប្រជារាស្ត្រដែលព្រះអង្គបានលោះ !

បពិត្រព្រះជាម្ចាស់នៃបុព្វបុរសយើងខ្ញុំ ! ព្រះអង្គបានលើកព្រះយេស៊ូជាព្រះបុត្រា ពីចំណោមមនុស្សស្លាប់ ហើយបំពាក់ព្រះអង្គក្នុងសិរីរុងរឿង។ សូមព្រះអង្គជម្រុញដួងចិត្តយើងខ្ញុំ ឱ្យកែប្រែចិត្តគំនិតយ៉ាងពេញលេញ
—ដើម្បីឱ្យយើងខ្ញុំអាចដើរក្នុងជីវិតថ្មី។ (បន្ទរ)

ព្រះអង្គបាននាំយើងខ្ញុំឱ្យត្រឡប់មករកលោកគង្វាល និងលោកអភិបាលនៃព្រលឹងរបស់យើងខ្ញុំ
—សូមព្រះអង្គថែរក្សាយើងខ្ញុំឱ្យមានចិត្តស្មោះត្រង់ ក្រោមការណែនាំរបស់លោកគង្វាលនៃព្រះសហគមន៍។ (បន្ទរ)

ព្រះអង្គបានជ្រើសរើសផលដំបូងនៃសាវ័ករបស់ព្រះគ្រីស្ត ពីជនជាតិយូដា
—សូមព្រះអង្គសម្តែងឱ្យកូនចៅអ៊ីស្រាអែលស្គាល់ ស្របតាមព្រះបន្ទូលសន្យាដែលព្រះអង្គបានធ្វើ ជាមួយនឹងបុព្វបុរសរបស់ពួកគេកាលពីជំនាន់ដើម។ (បន្ទរ)

សូមព្រះអង្គនឹកចាំពីមនុស្សឯកោ ក្មេងកំព្រា និងស្រ្តីមេម៉ាយ
—ហើយសូមព្រះអង្គកុំបោះបង់ចោល អស់អ្នកដែលបានជានានឹងព្រះអង្គ ដោយព្រះបុត្រាបានសោយទិវង្គតនោះឡើយ។ (បន្ទរ)

បពិត្រព្រះបិតា! ព្រះអង្គបានត្រាស់ហៅលោកស្តេផាន ឱ្យទៅនៅជាមួយព្រះអង្គ នៅពេលលោកធ្វើជាសាក្សីអំពីព្រះយេស៊ូ ដែលកំពុងឈរនៅខាងស្តាំព្រះអង្គ
—សូមព្រះអង្គទទួលបងប្អូនយើងខ្ញុំដែលលាចាកលោកនេះ ដោយមានជំនឿ និងមានចិត្តសង្ឃឹមថានឹងបានទទួលសិរីរុងរឿងពីព្រះអង្គ។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

បពិត្រព្រះជាអម្ចាស់នៃស្ថានបរមសុខ! ព្រះអង្គលាក់គម្រោងការដ៏អស្ចារ្យមិនឱ្យអ្នកប្រាជ្ញយល់ តែព្រះអង្គបានសម្តែងឱ្យអ្នកតូចតាចយល់វិញ។ សូមព្រះអង្គមេត្តាប្រោសឱ្យយើងខ្ញុំស្គាល់ព្រះអង្គកាន់តែច្បាស់ឡើងៗ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។