រដូវបុណ្យចម្លង សប្តាហ៍ទី៥ ថ្ងៃអង្គារ
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ២០
ពាក្យទូលអង្វរសុំជ័យជម្នះរបស់ព្រះរាជា
ពេលនោះ អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្រ្គោះ (កក ២,២១)។
បន្ទរទី១ ៖ «រាជ្យក្នុងលោកនេះត្រូវផ្ទេរថ្វាយទៅព្រះអម្ចាស់នៃយើង និងថ្វាយព្រះគ្រីស្ដរបស់ព្រះអង្គ» អាលេលូយ៉ា!
| ២ | សូមព្រះអម្ចាស់ឆ្លើយតបនឹងព្រះករុណានៅថ្ងៃមានអាសន្ន សូមព្រះនាមព្រះរបស់លោកយ៉ាកុបការពារព្រះករុណា |
| ៣ | សូមព្រះអង្គជួយព្រះរាជាពីព្រះវិហាររបស់ព្រះអង្គ សូមព្រះអង្គគាំទ្រព្រះករុណាពីភ្នំស៊ីយ៉ូនមក! ។ |
| ៤ | សូមឱ្យព្រះអង្គនឹកឃើញតង្វាយទាំងប៉ុន្មានរបស់ព្រះរាជា សូមឱ្យព្រះអង្គគាប់ព្រះហឫទ័យនឹងយញ្ញបូជា ដែលព្រះករុណាយកមកថ្វាយ។ |
| ៥ | សូមព្រះអង្គប្រទាននូវអ្វីៗមកព្រះរាជាតាមប្រាថ្នា និងធ្វើឱ្យគម្រោងការរបស់ព្រះករុណាបានសម្រេចទាំងអស់។ |
| ៦ | យើងនឹងអបអរសាទរជ័យជម្នះរបស់ព្រះរាជា យើងនឹងលើកទង់ជ័យឡើងក្នុងព្រះនាមព្រះជាម្ចាស់របស់យើង។ សូមព្រះអម្ចាស់សម្រេចតាមសេចក្តីទាំងប៉ុន្មានដែលព្រះរាជាទូលសុំ។ |
| ៧ | ឥឡូវនេះ ខ្ញុំដឹងច្បាស់ថា ព្រះអម្ចាស់សង្គ្រោះព្រះរាជាដែលព្រះអង្គបានចាក់ប្រេងអភិសេក ព្រះអង្គឆ្លើយតបនឹងព្រះរាជាពីទីសក្ការៈរបស់ព្រះអង្គនៅស្ថានបរមសុខមក គឺព្រះអង្គប្រទានឱ្យស្តេចមានជ័យជម្នះ ដោយសារឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ។ |
| ៨ | អ្នកខ្លះពឹងផ្អែកលើរទេះចំបាំង អ្នកខ្លះពឹងផ្អែកលើទ័ពសេះ រីឯយើងវិញ យើងទុកចិត្តលើព្រះនាមព្រះអម្ចាស់ជាព្រះរបស់យើង។ |
| ៩ | អ្នកទាំងនោះនឹងត្រូវបាក់ទ័ពបរាជ័យ រីឯយើងវិញ យើងនៅមានជំហរយ៉ាងរឹងប៉ឹងមាំមួន។ |
| ១០ | ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះព្រះរាជាឱ្យមានជ័យជម្នះ! ពេលយើងខ្ញុំអង្វររកព្រះអង្គ សូមឆ្លើយតបមកយើងខ្ញុំវិញផង! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ «រាជ្យក្នុងលោកនេះត្រូវផ្ទេរថ្វាយទៅព្រះអម្ចាស់នៃយើង និងថ្វាយព្រះគ្រីស្ដរបស់ព្រះអង្គ» អាលេលូយ៉ា!
ទំនុកតម្កើងលេខ ២១,២-៨.១៤
ពាក្យអរព្រះគុណចំពោះជ័យជម្នះរបស់ព្រះរាជា
ព្រះអង្គបានទទួលជីវិត ហេតុដូច្នេះ ព្រះអង្គអាចក្រោកឡើងពីសេចក្តីស្លាប់
ហើយមានព្រះជន្មគង់នៅអស់កល្បជានិច្ច (សន្តហ៊ីលឡារី)។
បន្ទរទី២ ៖ ព្រះអង្គបានចាប់យកអំណាចដែលជារបស់ព្រះអង្គ និងបានពង្រឹងព្រះរាជ្យរបស់ព្រះអង្គ អាលេលូយ៉ា!
(បទកាកគតិ)
| ២- | បពិត្រព្រះម្ចាស់ | រាជាអរណាស់ | ព្រោះតែឫទ្ធា |
| នុភាពព្រះអង្គ | ដែលជួយការពារ | ឱ្យព្រះករុណា | |
| មានជោគមានជ័យ | ។ | ||
| ៣- | ព្រះអង្គប្រទាន | ឱ្យរាជាបាន | ទទួលអ្វីៗ |
| ទ្រង់មិនបដិសេធ | ពាក្យអង្វរស្តី | ទៅតាមព្រះទ័យ | |
| របស់រាជា | ។ | ||
| ៤- | ព្រះអង្គប្រទាន | ពរជ័យឱ្យមាន | ដល់ស្តេចគ្រប់គ្រា |
| ទ្រង់ពាក់មកុដមាស | ពីលើសិរសា | នៃព្រះករុណា | |
| រុងរឿងប្រណីត | ។ | ||
| ៥- | រាជាទូលសូម | ព្រះអង្គក៏ព្រម | ប្រទានជីវិត |
| ឱ្យព្រះករុណា | ព្រះជន្មវែងពិត | ដោយគ្មានកម្រិត | |
| អង្វែងឥតស្រាន្ត | ។ | ||
| ៦- | ដោយព្រះអម្ចាស់ | មានជ័យជម្នះ | រាជាក៏បាន |
| ទទួលសិរី | រុងរឿងថ្កើងថ្កាន | អម្ចាស់ប្រទាន | |
| ថ្លៃថ្លាឧត្តម | ។ | ||
| ៧- | ព្រះអង្គតែងតាំង | រាជាឱ្យនាំ | ព្រះពរសក្តិសម |
| ទ្រង់គង់ជាមួយ | រាជារឹងមាំ | ហើយមានទាំងព្រម | |
| អំណរបរិបូណ៌ | ។ | ||
| ៨- | រាជាផ្អែកពឹង | បង្អែកពំនឹង | គ្មានចិត្តផ្លាស់ប្តូរ |
| ហឫទ័យស្មោះត្រង់ | បរិសុទ្ធហែហូរ | ព្រះរាជ្យយឺនយូរ | |
| ឥតមានរង្គោះ | ។ | ||
| ១៤- | ឱព្រះអម្ចាស់ | សូមមេត្តាប្រោស | កុំផ្ទំទៀតអី |
| មេត្តាតើនឡើង | សម្តែងបារមី | ខ្ញុំច្រៀងបទថ្វាយ | |
| តម្កើងព្រះអង្គ | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ព្រះអង្គបានចាប់យកអំណាចដែលជារបស់ព្រះអង្គ និងបានពង្រឹងព្រះរាជ្យរបស់ព្រះអង្គ អាលេលូយ៉ា!
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១.៥,៩-១០.១២)
ទំនុកតម្កើងនៃអ្នកទទួលការសង្រ្គោះ
បន្ទរទី៣ ៖ ចូរឱ្យស្នាព្រះហស្តទាំងឡាយគោរពបម្រើព្រះអង្គ ដ្បិតអ្វីៗសព្វសារពើកើតចេញមក ដោយសារព្រះបន្ទូលរបស់ព្រះអង្គ អាលេលូយ៉ា!
| ១១ | “បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ”។ |
| ៩ | គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា ៖ “ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។ |
| ១០ | ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង ហើយយើងនឹងគ្រងរាជ្យលើផែនដី”។ |
| ១២ | “កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជ្យសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង”។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ចូរឱ្យស្នាព្រះហស្តទាំងឡាយគោរពបម្រើព្រះអង្គ ដ្បិតអ្វីៗសព្វសារពើកើតចេញមក ដោយសារព្រះបន្ទូលរបស់ព្រះអង្គ អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ២,៤-៥)
សូមបងប្អូនចូលមកជិតព្រះគ្រីស្ត ជាសិលាដ៏មានជីវិត ជាសិលាដែលមនុស្សលោកបានបោះបង់ចោល តែព្រះជាម្ចាស់បានរើសយក ព្រោះព្រះអង្គឈ្វេងយល់ថាមានតម្លៃវិសេស។ រីឯបងប្អូនវិញ បងប្អូនប្រៀបបាននឹងថ្មដ៏មានជីវិតដែរ ដូច្នេះ ចូរផ្គុំគ្នាឡើង កសាងជាព្រះដំណាក់របស់ព្រះវិញ្ញាណ ធ្វើជាក្រុមបូជាចារ្យដ៏វិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រីស្ត។
បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាមុខតែសប្បាយចិត្ត ដោយខ្ញុំទៅឯព្រះបិតា អាលេលូយ៉ា!
ពាក្យអង្វរសកល
ពេលព្រះគ្រីស្តស្ថិតក្នុងទីងងឹតនៃផែនដី ព្រះអង្គបានឃើញពន្លឺនៃសិរីរុងរឿងថ្មីមួយ។ ចូរយើងស្រែករកព្រះអង្គ ដោយអំណរសប្បាយថា ៖
បន្ទរ ៖ ឱព្រះមហាក្សត្រនៃសិរីរុងរឿងអើយ ! សូមព្រះអង្គសណ្តាប់ពាក្យអង្វរយើងខ្ញុំផង !
យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់អស់លោកអភិបាល លោកបូជាចារ្យ និងលោកឧបដ្ឋាក សូមឱ្យអស់លោកមានចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើព្រះសហគមន៍
—ហើយរៀបចំប្រជាជនមួយសម្រាប់ព្រះអង្គ ដើម្បីប្រព្រឹត្តរាល់កិច្ចការល្អ។ (បន្ទរ)
យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់អ្នកទាំងឡាយណាដែលបង្រៀននៅក្នុងព្រះសហគមន៍
—សូមឱ្យពួកគាត់ស្វែងរកសេចក្តីពិតរបស់ព្រះអង្គ ដោយចិត្តស្មោះត្រង់ផង។ (បន្ទរ)
យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់គ្រីស្តបរិស័ទទាំងអស់ សូមឱ្យពួកគេមានជ័យជម្នះលើការសាកល្បងនៃជំនឿ
—ហើយឱ្យគេបានទទួលរង្វាន់នៃជ័យជម្នះ ក្នុងព្រះរាជ្យរបស់ព្រះអង្គ។ (បន្ទរ)
ព្រះអង្គបានលុបបំបាត់ទោសកំហុសរបស់យើងខ្ញុំ ដោយបោះវាភ្ជាប់នឹងឈើឆ្កាង
—សូមព្រះអង្គរំដោះយើងខ្ញុំឱ្យរួចពីច្រវាក់អស់ទាំងនេះ ហើយសូមនាំយើងខ្ញុំចេញពីភាពងងឹតផង។ (បន្ទរ)
ព្រះអង្គបានយាងចុះទៅស្ថានក្រោម ហើយបានបើកទ្វារឱ្យមនុស្សស្លាប់ចូលទៅកាន់ជីវិត
—សូមព្រះអង្គទទួលស្វាគមន៍បងប្អូនយើងខ្ញុំ ដែលបានលាចាកលោកនេះ ទៅក្នុងព្រះរាជ្យព្រះអង្គផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ជាព្រះបិតា ! ព្រះអង្គប្រោសព្រះយេស៊ូឱ្យទទួលសិរីរុងរឿង និងប្រទានឱ្យយើងខ្ញុំទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ។ សូមព្រះអង្គមេត្តាលើកទឹកចិត្តយើងខ្ញុំឱ្យមានសេចក្តីសង្ឃឹម សេចក្តីក្លាហាន ដើម្បីពុះពារឧបសគ្គនានានៅក្នុងជីវិតផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។