០១ ឧសភា ២០២៦

Written on 28/01/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៤ ថ្ងៃសុក្រ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១៤៥

ការសរសើរតម្កើងព្រះចេស្តារបស់ព្រះជាម្ចាស់

«បពិត្រ​ព្រះ‌អង្គ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ និង​មាន​ព្រះ‌ជន្ម​គង់​នៅ​តាំង​ពី​ដើម​រៀង​មក
ព្រះ‌អង្គ​ពិត​ជា​វិសុទ្ធ ហើយ​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស ដោយ​យុត្តិធម៌មែន! (វវ ១៦,៥)។

បន្ទរទី១ ៖ ព្រះជាម្ចាស់​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ប្រទាន​ព្រះបុត្រា​តែ​មួយ​របស់​ព្រះអង្គ​មក អាលេលូយ៉ា!

(ក)

បពិត្រព្រះនៃទូលបង្គំ! ឱព្រះមហាក្សត្រនៃទូលបង្គំអើយ!
ទូលបង្គំសូមលើកតម្កើងព្រះអង្គ!
ទូលបង្គំសូមលើកតម្កើងព្រះនាមព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!

ទូលបង្គំសរសើរតម្កើងព្រះអង្គជារៀងរាល់ថ្ងៃ
ទូលបង្គំកោតសរសើរព្រះនាមព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!

ព្រះអម្ចាស់ប្រសើរឧត្តម ដែលយើងត្រូវតែសរសើរតម្កើងយ៉ាងខ្ពង់ខ្ពស់បំផុត។
ព្រះអង្គឧត្តុង្គឧត្តមរកអ្វីប្រៀបផ្ទឹមពុំបានឡើយ។

សូមឱ្យមនុស្សនៅគ្រប់ជំនាន់លើកតម្កើងស្នាព្រះហស្តរបស់ព្រះអង្គ
សូមឱ្យគេរៀបរាប់អំពីកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ។

ទូលបង្គំរៀបរាប់ពីភាពថ្កុំថ្កើងនៃសិរីរុងរឿងរបស់ព្រះអង្គ។
ទូលបង្គំនឹងសញ្ជឹងគិតពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ។

គេនឹងរៀបរាប់អំពីឫទ្ធានុភាពដ៏គួរឱ្យស្ញែងខ្លាចរបស់ព្រះអង្គ
ទូលបង្គំក៏នឹងថ្លែងអំពីការអស្ចារ្យដែលព្រះអង្គបានប្រព្រឹត្តដែរ។

គេនឹងលើកតម្កើងព្រះហឫទ័យសប្បុរសដ៏លើសលប់របស់ព្រះអង្គ
គេនឹងប្រកាសអំពីសេចក្តីសុចរិតរបស់ព្រះអង្គ។

ព្រះអម្ចាស់ប្រកបដោយព្រះហឫទ័យប្រណីសន្តោស និងអាណិតអាសូរ
ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ហើយពោរពេញទៅដោយព្រះហឫទ័យមេត្តាករុណាយ៉ាងលើសលប់។

ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសចំពោះមនុស្សទាំងអស់
ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរដល់សត្វលោកទាំងអស់ ដែលទ្រង់បានបង្កើតមក។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះជាម្ចាស់​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ប្រទាន​ព្រះបុត្រា​តែ​មួយ​របស់​ព្រះអង្គ​មក អាលេលូយ៉ា!

បន្ទរទី២ ៖ សូម​ឱ្យ​ព្រះ‌មហា​ក្សត្រដែល​គង់​នៅ​អស់​កល្បជានិច្ច ជា​ព្រះ‌ជាម្ចាស់​តែ​មួយ​ព្រះ‌អង្គ មាន​ព្រះ‌ជន្ម​មិន​ចេះ​សាប‌សូន្យ ដែល​មនុស្ស​មើល​ពុំ​ឃើញ បាន​ប្រកប​ដោយ​ព្រះ‌កិត្តិនាម និង​សិរី‌រុង​រឿង អាលេលូយ៉ា!

(ខ)

(បទកាកគតិ)

១០- បពិត្រព្រះម្ចាស់ សត្វលោកទាំងអស់ មានច្រើនពេកក្រៃ
  នាំគ្នាតម្កើង រុងរឿងសិរី រាស្ត្រទាំងប្រុសស្រី
    ក៏ថ្កើងទ្រង់ដែរ
១១- គេនឹងរៀបរាប់ ព្រះរាជ្យគួរគាប់ រុងរឿងស្ថិតស្ថេរ
  របស់ព្រះអង្គ ឥតមានប្រួលប្រែ អានុភាពឥតកែ
    ព្រះអង្គនៅគង់
១២- ដើម្បីឱ្យមនុស្ស ទាំងស្រីទាំងប្រុស គ្រប់គ្នាបានដឹង
  ពីការអស្ចារ្យ របស់ព្រះអង្គ រស្មីរឿងរុង
    ចិញ្ចែងចិញ្ចាច
១៣- ព្រះរាជ្យព្រះអង្គ ស្ថិតនៅយូរលង់ ពេញដោយអំណាច
  គ្រងរាជ្យអស់កល្ប ព្រោះទ្រង់ជាស្តេច បារមីអង់អាច
    ស្ថិតនៅយូរយារ
  ព្រះអម្ចាស់តែង គោរពឥតក្លែង បន្ទូលសន្យា
  អ្វីដែលទ្រង់ធ្វើ សុទ្ធតែអស្ចារ្យ សប្បុរសមេត្តា
    ករុណាអាសូរ
១៤- ព្រះអង្គលើកអ្នក ហេវខ្សោះអួលអាក់ ដួលយំស្រែកថ្ងូរ
  ទ្រង់លើកអ្នកអស់ សង្ឃឹមឱ្យឈរ ពង្រឹងជំហរ
    ឱ្យល្អវិញបាន
១៥- បពិត្រព្រះម្ចាស់ សត្វលោកទាំងអស់ ចាំមិនហ៊ានខាន
  ដោយចិត្តសង្ឃឹម ពួកគេនឹងបាន អាហារគ្រប់ប្រាណ
    តាមពេលកំណត់
១៦- ទ្រង់មានព្រះទ័យ ទូលាយពេកក្រៃ ពេញដោយអំណត់
  ព្រះអង្គប្រទាន ដល់អ្នកក្រខ្សត់ បានឆ្អែតគ្រប់មាត់
    តាមចិត្តប្រាថ្នា
១៧- ព្រះជាអម្ចាស់ ធ្វើសព្វទាំងអស់ នូវរាល់កិច្ចការ
  ដោយព្រះហឫទ័យ សុចរិតថ្លៃថ្លា សន្តោសករុណា
    ទ្រង់បានប្រព្រឹត្ត
១៨- ព្រះអម្ចាស់គង់ នៅជិតអែបអង្គ កៀកកើយនែបនិត្យ
  នឹងអ្នកអង្វរ ដោយក្តីសុទ្ធចិត្ត រកព្រះអង្គពិត
    មិនយាងទៅណា
១៩- ទ្រង់បានសម្រេច តាមបំណងចិត្ត ដែលគេប្រាថ្នា
  របស់អស់អ្នក កោតខ្លាចចេស្តា ព្រះអង្គស្ទុះស្ទា
    ហើយសង្គ្រោះគេ
២០- អ្នកដែលស្រឡាញ់ ព្រះអម្ចាស់ពេញ ឥតក្រឡះប្រែ
  ទ្រង់នឹងគ្រប់គ្រង ការពារថ្នមថែ ហើយទ្រង់តែងតែ
    បំផ្លាញមនុស្សខូច
២១- ខ្ញុំសូមថ្លែងឡើង សរសើរតម្កើង គ្មានចិត្តលាក់លួច
  តម្កើងព្រះម្ចាស់ សត្វលោកធំតូច ទាំងអស់ជួយលើក
    ព្រះនាមព្រះអង្គ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ សូម​ឱ្យ​ព្រះ‌មហា​ក្សត្រដែល​គង់​នៅ​អស់​កល្បជានិច្ច ជា​ព្រះ‌ជាម្ចាស់​តែ​មួយ​ព្រះ‌អង្គ មាន​ព្រះ‌ជន្ម​មិន​ចេះ​សាប‌សូន្យ ដែល​មនុស្ស​មើល​ពុំ​ឃើញ បាន​ប្រកប​ដោយ​ព្រះ‌កិត្តិនាម និង​សិរី‌រុង​រឿង អាលេលូយ៉ា!

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៥,៣-៤)

ទំនុកតម្កើងនៃការគោរពប្រណិប័តន៍

បន្ទរទី៣ ៖ ព្រះអម្ចាស់ជាកម្លាំង និងជាខែលការពារខ្ញុំ ព្រះអង្គសង្រ្គោះខ្ញុំ អាលេលូយ៉ា!

“ឱព្រះជាម្ចាស់ដែលមានព្រះចេស្តាលើអ្វីៗទាំងអស់អើយ
ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់!
ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ
មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់!

បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ?
តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ?
ដ្បិតមានតែព្រះអង្គប៉ុណ្ណោះ ជាព្រះដ៏វិសុទ្ធ។
មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ
ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌” ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់ជាកម្លាំង និងជាខែលការពារខ្ញុំ ព្រះអង្គសង្រ្គោះខ្ញុំ អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ៥,៨-១០)

ថ្វី‌ដ្បិត​តែ​ព្រះ‌អង្គ​ជា​ព្រះ‌បុត្រា​ក៏​ដោយ ព្រះ‌អង្គ​ក៏​បាន​រៀន​ស្ដាប់​បង្គាប់ ដោយ​រង‌ទុក្ខ​លំបាក។ បន្ទាប់​ពី​ព្រះ‌អង្គ​បាន​គ្រប់​លក្ខណៈ​ហើយ ព្រះ‌អង្គ​ក៏​បាន​ទៅ​ជា​ប្រភព​នៃ​ការ​សង្គ្រោះ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច សម្រាប់​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​ព្រះ‌អង្គ ហើយ​ព្រះ‌ជាម្ចាស់​ក៏​ប្រកាស​តែង‌តាំង​ព្រះ‌អង្គ​ជា​មហា​បូជា‌ចារ្យ តាម​របៀប​ព្រះ‌បាទ​មែល‌គីសេ‌ដែក​ដែរ។

បន្ទរ ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ ខ្ញុំ​ហ្នឹង​ហើយ​ជា​គង្វាល​ដ៏​ល្អ គង្វាល​ដ៏​ល្អ​តែង‌តែ​ស៊ូប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្លួន អាលេលូយ៉ា!

ពាក្យអង្វរសកល

ចូរយើងកោតសរសើរព្រះគ្រីស្តដែលជាប្រភពនៃជីវិតគ្រប់យ៉ាង និងជាគ្រឹះនៃគុណធម៌គ្រប់ចំពូក ៖

បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! សូមបង្កើតព្រះរាជ្យព្រះអង្គក្នុងពិភពលោកនេះ !

បពិត្រព្រះយេស៊ូជាព្រះសង្រ្គោះ ! ព្រះអង្គសោយទិវង្គតក្នុងសភាពជាមនុស្ស ប៉ុន្តែ ព្រះអង្គមានជីវិតឡើងវិញ ដោយសារព្រះវិញ្ញាណ
—សូមឱ្យយើងខ្ញុំស្លាប់ព្រោះតែបាប និងរស់នៅដោយសារព្រះវិញ្ញាណ។ (បន្ទរ)

ព្រះអង្គបានផ្ញើពួកសាវ័កឱ្យចេញទៅប្រកាសដំណឹងល្អដល់ពិភពលោកទាំងមូល និងដល់គ្រប់ស្នាព្រះហស្តទាំងអស់
—សូមព្រះអង្គជម្រុញឱ្យអ្នកប្រកាសដំណឹងល្អ រស់នៅដោយសារព្រះវិញ្ញាណរបស់ព្រះអង្គ។ (បន្ទរ)

គ្រប់អំណាចនៅស្ថានបរមសុខ និងនៅលើផែនដីបានប្រគល់ជូនព្រះអង្គ ដើម្បីផ្តល់សក្ខីភាពអំពីសេចក្តីពិត
—សូមព្រះអង្គថែរក្សាដួងចិត្តនៃអ្នកដឹកនាំយើងខ្ញុំ ឱ្យមានចិត្តស្មោះត្រង់ចំពោះសច្ចភាពផង។ (បន្ទរ)

ព្រះអង្គបានធ្វើឱ្យអ្វីៗទាំងអស់ផ្លាស់ប្រែជាថ្មី និងបានបញ្ជាឱ្យយើងខ្ញុំ រង់ចាំមើលព្រះរាជ្យរបស់ទ្រង់
—ពេលណាយើងខ្ញុំកាន់តែទន្ទឹងរង់ចាំមើលផ្ទៃមេឃ និងផែនដីថ្មី ពេលនោះ សូមឱ្យយើងខ្ញុំស្វែងរកពិភពលោកនាពេលបច្ចុប្បន្ន ឱ្យកាន់តែប្រសើរឡើង។ (បន្ទរ)

ព្រះអង្គបានយាងចុះទៅស្ថានក្រោម ដើម្បីនាំដំណឹងល្អទៅដល់វិញ្ញាណទាំងនោះ
—សូមឱ្យមរណបុគ្គលទាំងឡាយមានអំណរសប្បាយ និងសេចក្តីសង្ឃឹមដ៏លើសលុប។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គប្រោសឱ្យព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ តាមព្រះបន្ទូលសន្យាជាមួយបុព្វបុរសរបស់យើងខ្ញុំ។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំឱ្យយល់ពីគម្រោងការដ៏អស្ចារ្យនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។