១៦ មេសា ២០២៦

Written on 22/01/2026
Mary Siya Khim

 រដូវបុណ្យចម្លង សប្តាហ៍ទី២ ថ្ងៃព្រហស្បតិ៍

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ៧២

រាជ្យអំណាចរបស់ព្រះមេស្ស៊ី

គេ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំព្រះ‌អង្គ រួច​បើក​ហិប​យក​ទ្រព្យ​របស់​ខ្លួន
គឺ​មាស គ្រឿង​ក្រអូប និង​ជ័រ​ល្វីង‌ទេស មក​ថ្វាយ​ព្រះ‌អង្គ (មថ ២,១១)។

បន្ទរទី១ ៖ ព្រះជាម្ចាស់​បាន​តែងតាំង​ព្រះអង្គ​ឱ្យវិនិច្ឆ័យ​ទោស​មនុស្ស​រស់ និង​មនុស្ស​ស្លាប់ អាលេលូយ៉ា!

(ក)

ឱព្រះជាម្ចាស់អើយ! សូមប្រទានឱ្យព្រះរាជាចេះវិនិច្ឆ័យដូចព្រះអង្គ
សូមឱ្យព្រះរាជបុត្រនេះ បានប្រកបដោយសេចក្តីសុចរិតរបស់ព្រះអង្គដែរ!។

សូមឱ្យព្រះរាជាគ្រប់គ្រងប្រជារាស្ត្ររបស់ព្រះអង្គ ដោយយុត្តិធម៌
ហើយគ្រប់គ្រងជនក្រីក្រត្រឹមត្រូវតាមច្បាប់។

សូមឱ្យភ្នំធំភ្នំតូចទាំងឡាយ
ផ្តល់នូវភោគផលដ៏សម្បូណ៌សប្បាយដល់ប្រជារាស្ត្រ
ព្រមទាំងនាំសេចក្តីសុចរិតរបស់គេផង។

សូមព្រះរាជារកយុត្តិធម៌ឱ្យជនក្រីក្រក្នុងចំណោមប្រជារាស្ត្រ
សូមទ្រង់ប្រោសមនុស្សកំសត់ទុគ៌ត
ហើយកម្ទេចអស់អ្នកដែលជិះជាន់សង្កត់សង្កិនគេ។

ដរាបណាព្រះអាទិត្យនៅតែរះ ហើយព្រះចន្ទនៅតែបញ្ចេញរស្មី
សូមឱ្យព្រះរាជាមានព្រះជន្មាយុយឺនយូរអស់កល្បជាអង្វែងតរៀងទៅ។

សូមទ្រង់ផ្តល់ព្រះពរដល់ប្រជារាស្ត្រ
ដូចទឹកភ្លៀងធ្លាក់មកលើស្រែចម្ការ
ដូចភ្លៀងបង្អុរចុះមកស្រោចស្រពផែនដី។

សូមឱ្យសេចក្តីសុចរិតរីកចម្រើនឡើង ក្នុងរជ្ជកាលរបស់ព្រះករុណា
ដរាបណានៅមានព្រះចន្ទ សូមឱ្យមានសេចក្តីសុខសាន្តយ៉ាងបរិបូណ៌។

សូមឱ្យព្រះរាជាគ្រប់គ្រងពីសមុទ្រមួយ ទៅសមុទ្រមួយ
ពីទន្លេអឺប្រាតនេះ រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី។

ប្រជាជនដែលរស់នៅតាមវាលរហោស្ថាន
នឹងនាំគ្នាក្រាបថ្វាយបង្គំព្រះករុណា
ខ្មាំងសត្រូវរបស់ព្រះអង្គត្រូវបរាជ័យងើបមុខមិនរួច។
១០
ស្តេចទាំងឡាយនៅស្រុកតារស៊ីស និងនៅកោះនានា
នឹងយកតង្វាយមកថ្វាយព្រះករុណា
ស្តេចទាំងឡាយនៅស្រុកសាបា និងស្រុកសេបា
ក៏យកសួយសារអាករមកថ្វាយព្រះអង្គដែរ។
១១
ស្តេចទាំងឡាយនឹងនាំគ្នាក្រាបថ្វាយបង្គំព្រះរាជា
ប្រជាជាតិទាំងអស់នឹងបម្រើព្រះករុណា។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះជាម្ចាស់​បាន​តែងតាំង​ព្រះអង្គ​ឱ្យវិនិច្ឆ័យ​ទោស​មនុស្ស​រស់ និង​មនុស្ស​ស្លាប់ អាលេលូយ៉ា!

បន្ទរទី២ ៖ សូម​ឱ្យមនុស្សម្នា​យក​ព្រះនាម​ព្រះករុណាទៅ​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក អាលេលូយ៉ា!

(ខ)

(បទកាកគតិ)

១២- ទ្រង់នឹងរំដោះ អ្នកក្រទាំងអស់ ដោយធម៌មេត្តា
  អ្នកទុគ៌តស្រែក សុំក្តីករុណា ព្រះអង្គរក្សា
    អ្នកគ្មានទីពឹង
១៣- ទ្រង់សែនអាណិត អាសូរពេកពិត អ្នកអត់លំនឹង
  នឹងមនុស្សកំសត់ គ្មានអ្វីរំពឹង ព្រះអម្ចាស់នឹង
    សង្គ្រោះជីវិត
១៤- ទ្រង់នឹងរំដោះ ពួកគេទាំងរស់ ពីពួកឧក្រិដ្ឋ
  ជនកាចសាហាវ ពាលាទុច្ចរិត ព្រោះតែជីវិត
    ថ្លៃថ្លាក្រៃលែង
១៥- សូមឱ្យរាជា មានព្រះជន្មា យឺនយូរអង្វែង
  គេនឹងយកមាស មកថ្វាយទ្រង់ផង អង្វរព្រះអង្គ
    ឥតមានឈប់ឈរ
១៦- សូមឱ្យក្នុងស្រុក ស្រូវពេញជង្រុក ផ្តល់ភោគផលល្អ
  តាមកំពូលភ្នំ ក៏ឱ្យសំបូរ ប្រជាកុះករ
    កើនឡើងដូចស្មៅ
១៧- សូមឱ្យរាជា មានព្រះនាមា ល្បីល្បាញតទៅ
  នាមព្រះករុណា ស្ថិតស្ថេរគង់នៅ ដរាបរៀងទៅ
    លើដីក្រោមមេឃ
១៨- សូមលើកតម្កើង ព្រះអង្គខ្ពស់ឡើង ឥតមានអល់អែក
  ព្រះអ៊ីស្រាអែល ល្អល្អះអនេក ការអស្ចារ្យពេក
    ដែលទ្រង់សម្តែង
១៩- សូមលើកតម្កើង ព្រះនាមថ្កុំថ្កើង ព្រះអង្គគួរស្ញែង
  សូមឱ្យផែនដី ទាំងមូលកោតក្រែង សិរីរុងរឿង
    របស់ព្រះអង្គ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ សូម​ឱ្យមនុស្សម្នា​យក​ព្រះនាម​ព្រះករុណាទៅ​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក អាលេលូយ៉ា!

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១១,១៧-១៨.១២,១០ខ-១២ក)

ការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់

បន្ទរទី៣ ៖ ព្រះយេស៊ូគ្រីស្ត​មិន​ប្រែប្រួល​ឡើយ ពី​ដើម សព្វ​ថ្ងៃ និង​រហូត​ដល់​អស់​កល្បជានិច្ច អាលេលូយ៉ា!

១៧ “បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់
ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅ
តាំងពីដើមរៀងមកដែរ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ
ព្រោះទ្រង់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។
១៨
ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសម្តែងព្រះពិរោធក៏មកដល់ដែរ
គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោសមនុស្សស្លាប់។
នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ពួកព្យាការី
ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ
និងដល់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ
ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញ
អស់អ្នកដែលបានបំផ្លាញផែនដីដែរ” ។
១០
ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំង នៅលើមេឃថា ៖
“ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ
ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើង
ព្រមទាំងអំណាចព្រះគ្រីស្តរបស់ព្រះអង្គក៏បានមកដល់ដែរ
ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ
គឺអ្នកនោះឯង ដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខព្រះភក្ត្រនៃព្រះរបស់យើង។
១១
បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ
ហើយបងប្អូនទាំងនោះ បានស៊ូប្តូរជីវិតឥតស្តាយសោះឡើយ។
១២
ហេតុនេះ ស្ថានបរមសុខ និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ!
ចូរមានអំណរសប្បាយឡើង!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះយេស៊ូគ្រីស្ត​មិន​ប្រែប្រួល​ឡើយ ពី​ដើម សព្វ​ថ្ងៃ និង​រហូត​ដល់​អស់​កល្បជានិច្ច អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ៣,១៨.២២)

សូម្បី​តែ​ព្រះ‌គ្រីស្តក៏​ព្រះ‌អង្គ​បាន​សោយ​ទិវង្គត​ម្ដង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ព្រះ​ដ៏​សុចរិតបាន​សោយ​ទិវង្គត ជា​ប្រយោជន៍​ដល់​មនុស្ស​ទុច្ចរិត ដើម្បីនាំ​បង‌ប្អូន​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់។ កាល​ព្រះ‌អង្គ​មាន​ឋានៈ​ជា​មនុស្ស ព្រះ‌អង្គ​ត្រូវ​គេ​ធ្វើ​គុត តែ​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឱ្យ​មាន​ព្រះ‌ជន្ម​រស់ ដោយ‌សារ​ព្រះ‌វិញ្ញាណ​វិញ។ ព្រះ‌អង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់ ហើយ​ពួក​ទេវទូត ព្រម​ទាំង​វត្ថុស័ក្តិ‌សិទ្ធិនានា​ដែល​មាន​អំណាច និង​ឫទ្ធា‌នុភាព​នានា ចុះ​ចូល​នឹង​ព្រះ‌អង្គ​ទាំង​អស់។
 
បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖...
-ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ។ បន្ទរ៖ *...
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖...

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ អ្នក​ណា​ជឿ​លើ​ព្រះ‌បុត្រា អ្នក​នោះ​មាន​ជីវិត​អស់​កល្បជានិច្ច អាលេលូយ៉ា!

ពាក្យអង្វរសកល

ព្រះបិតាបានចាក់គ្រឹះនៃសេចក្តីសង្ឃឹមគ្រប់យ៉ាងរបស់យើង និងគោលការណ៍នៃការរស់ឡើងវិញ ក្នុងអង្គព្រះគ្រីស្ត។ ចូរយើងមានអំណរសប្បាយក្នុងព្រះគ្រីស្ត ហើយស្រែកទូលព្រះអង្គថា ៖

បន្ទរ៖ ឱព្រះមហាក្សត្រនៃសិរីរុងរឿងអើយ ! សូមព្រះសណ្តាប់ពាក្យ អង្វរយើងខ្ញុំផង !

បពិត្រព្រះយេស៊ូជាអម្ចាស់ ! ដោយការរស់ឡើងវិញរបស់ព្រះអង្គ ទ្រង់បានយាងចូលស្ថានបរមសុខ ដើម្បីថ្វាយព្រះលោហិតផ្ទាល់របស់ព្រះអង្គ ទុកជាយញ្ញបូជា —សូមព្រះអង្គនាំយើងខ្ញុំចូលទៅក្នុងសិរីរុងរឿងនៃព្រះបិតាផង។ (បន្ទរ)
 
ដោយការរស់ឡើងវិញរបស់ព្រះអង្គ ទ្រង់បានបញ្ជាក់ជំនឿរបស់ពួកសាវ័ក ហើយផ្ញើពួកគេឱ្យទៅប្រកាសដំណឹងល្អក្នុងពិភពលោក
—សូមព្រះអង្គប្រោសឱ្យអស់លោកអភិបាល លោកបូជាចារ្យ មានចិត្តស្មោះត្រង់ផ្សាយដំណឹងល្អនេះផង។ (បន្ទរ)
 
ដោយការរស់ឡើងវិញរបស់ព្រះអង្គ ទ្រង់បានក្លាយទៅជាអ្នកសម្រុះ សម្រួល និងជាសេចក្តីសុខសាន្តរបស់យើងខ្ញុំ
—សូមព្រះអង្គបង្រួបបង្រួមគ្រីស្តបរិស័ទដែលបានទទួលអគ្គសញ្ញាជ្រមុជទឹក ឱ្យទៅជាធ្លុងតែមួយក្នុងជំនឿ និងសេចក្តីស្រឡាញ់ដ៏ល្អឥតខ្ចោះ។ (បន្ទរ)
 
ដោយការរស់ឡើងវិញរបស់ព្រះអង្គ បុរសពិការនៅមុខក្លោងទ្វារព្រះវិហារបានជាសះស្បើយ
—សូមព្រះអង្គទតមើលមកអ្នកជំងឺ និងសម្តែងឫទ្ធានុភាពរបស់ព្រះអង្គក្នុងពួកគេផង។ (បន្ទរ)
 
ព្រះអង្គជាផលដំបូងពីចំណោមមនុស្សស្លាប់ និងជាផលដំបូងនៃការរស់ឡើងវិញ
—សូមព្រះអង្គប្រោសឱ្យមរណបុគ្គលដែលជឿសង្ឃឹមលើព្រះអង្គ បានរួមចំណែកក្នុងសិរីរុងរឿងរបស់ព្រះអង្គផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានធម៌មេត្តាករុណាយ៉ាងក្រៃលែង ! ព្រះអង្គបានលើកព្រះយេស៊ូឡើងជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់មនុស្សលោក។ សូមព្រះអង្គប្រោសឱ្យយើងខ្ញុំ បំពេញកិច្ចការរាល់ថៃ្ងរួមជាមួយព្រះយេស៊ូ ដែលមានព្រះជន្មគង់នៅជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។