០៤ មេសា ២០២៦

Written on 19/01/2026
Mary Siya Khim

ថ្ងៃសៅរ៍ពិសិដ្ឋ

 (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៦,១០-១៩

បន្ទរទី១ ៖ មច្ចុរាជ​អើយ មហន្ត‌រាយ​របស់​ឯង​នៅ​ឯ​ណា? ស្ថាន​មច្ចុរាជ​អើយ អំណាច​ប្រហារ​ជីវិត​របស់​ឯង​នៅ​ឯ​ណា? ។

១០ ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ដដែល ទោះ​បី​ខ្ញុំ​ពោល​ថា ខ្ញុំ​ជា​មនុស្ស​វេទនា។
១១
ពេល​ខ្ញុំ​មាន​ភ័យ​អាសន្ន ខ្ញុំ​ពោល​ឡើង​ថា
យើង​មិន​អាច​ទុក​ចិត្ត​លើ​មនុស្សណា​ម្នាក់​បាន​ឡើយ។
១២
តើខ្ញុំ​អាច​យក​អ្វី​មក​តប​ស្នងនឹង​ព្រះ‌គុណ​ទាំង​ប៉ុន្មាន
ដែល​ព្រះ‌អម្ចាស់​បាន​សម្ដែង​មក​លើ​រូប​ខ្ញុំ?
១៣
ខ្ញុំ​នឹង​លើក​ពែង​ឡើង​ថ្វាយ​ព្រះ‌អម្ចាស់ដែល​បាន​រំដោះ​ខ្ញុំ
ខ្ញុំ​នឹង​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។
១៤
ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា
នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល​របស់​ព្រះ‌អង្គ។
១៥
ព្រះ‌អម្ចាស់​ព្រួយ​ព្រះ‌ហឫទ័យ​ណាស់
នៅ​ពេល​ប្រជាជន​ដ៏‌វិសុទ្ធ​ណា​ម្នាក់​ស្លាប់។
១៦
ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំជា​អ្នក​បម្រើរបស់​ព្រះ‌អង្គ
ដូច​ម្ដាយ​របស់​ទូល‌បង្គំដែរ ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ស្លាប់។
១៧
ទូលបង្គំ​សូម​ថ្វាយ​យញ្ញបូជា ដើម្បី​អរ​ព្រះ‌គុណ​ព្រះ‌អង្គ
ខ្ញុំ​នឹង​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។
១៨
ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា
នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល​របស់​ព្រះ‌អង្គ
១៩
គឺ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់
ដែល​ស្ថិត​នៅ​កណ្ដាល​ក្រុង​យេរូ‌សាឡឹម។ អាលេ‌លូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ មច្ចុរាជ​អើយ មហន្ត‌រាយ​របស់​ឯង​នៅ​ឯ​ណា? ស្ថាន​មច្ចុរាជ​អើយ អំណាច​ប្រហារ​ជីវិត​របស់​ឯង​នៅ​ឯ​ណា? ។

ទំនុកតម្កើងលេខ ១៤៣(១៤២),១-១១

បន្ទរទី២៖ លោក​យ៉ូណាស​ស្ថិត​នៅ​ក្នុង​ពោះ​ត្រី​ធំ​បី​ថ្ងៃ​បី​យប់​យ៉ាង​ណា បុត្រ​មនុស្ស​ក៏​នឹង​ស្ថិត​នៅ​ក្នុង​ដី​បី​ថ្ងៃ​បី​យប់​យ៉ាង​នោះ​ដែរ។

(បទពាក្យ៧)

១- ឱព្រះម្ចាស់អើយសូមសណ្តាប់ ពាក្យខ្ញុំរ៉ាយរ៉ាប់ទូលអង្វរ  
  ផ្ទៀងព្រះកាណ៌ស្តាប់កុំឈប់ឈរ សូមឆ្លើយតបតដោយប្រណី
២- សូមកុំចាប់ទោសយកកំហុស អ្នកបម្រើស្មោះទៅកាត់ក្តី  
  ដ្បិតគ្មានជនសុចរិតប្រពៃ ចំពោះភក្ត្រព្រះអង្គឡើយ
៣- ពួកខ្មាំងសត្រូវតាមយាយី ពីគ្រប់ទិសទីមិនកន្តើយ  
  ឃុំខ្ញុំក្នុងទីងងឹតហើយ ដូចអ្នកក្សិណក្ស័យយូរណាស់ណា
៤- ខ្ញុំបាក់ធ្លុះធ្លាក់អស់ទឹកចិត្ត ទាល់ទាំងគំនិតក្នុងកាយា  
  ថយទាំងកម្លាំងខ្វះប្រាជ្ញា មិនដឹងគិតថាត្រូវធ្វើម៉េច?
៥- ខ្ញុំនឹកទៅដល់ជំនាន់មុន សញ្ជឹងគូរគន់គ្រប់ភារកិច្ច  
  ជាស្នាព្រះហស្តល្អបណ្តាច់ ឥតមានកលល្បិចគ្មានទើសទាល់
៦- ដៃខ្ញុំអង្វរខ្លួនបែរក្រាប ដាក់កាយឲ្យទាបមុខព្រះម្ចាស់  
  ដូចដីហួតហែងបែកប្រេះអស់ ស្ងួតរីងរាំងខ្សោះព្រោះគ្មានទឹក
៧- ឱព្រះជាអម្ចាស់ខ្ញុំអើយ សូមជួយតបឆ្លើយឲ្យញយញឹក  
  ខ្ញុំបាត់បង់អស់ធ្លាក់ទឹកចិត្ត កុំលាក់បាំងបិទភក្ត្រនឹងខ្ញុំ
  ព្រោះតែខ្ញុំដូចជាមនុស្ស ដែលធ្លាក់ក្នុងជ្រោះជ្រៅសន្លឹម  
  គ្មាននរណាជួយអស់សង្ឃឹម ដូចមេឃរលឹមគ្មានរស្មី
៨- សូមទ្រង់បង្ហាញធម៌មេត្តា សន្តោសករុណាត្រាប្រណី  
  ខ្ញុំផ្ញើរូបកាយជីវិតក្តី លើព្រះម្ចាស់ថ្លៃរួចទៅហើយ
  សូមប្រោសប្រទានឲ្យខ្ញុំស្គាល់ មាគ៌ានិមលកុំកន្តើយ  
  ដ្បិតទូលបង្គំផ្ចង់ចិត្តហើយ ព្រះជាម្ចាស់អើយមិនបោះបង់
៩- ឱព្រះអម្ចាស់សូមរំដោះ ខ្ញុំឲ្យផុតគ្រោះផុតពីខ្មាំង  
  សត្រូវយាយីតាមប្រឆាំង ខ្ញុំសូមព្រះអង្គពួនជ្រកផង
១០- សូមជួយបង្ហាត់ពត់បង្រៀន ខ្ញុំព្រមតាមបានព្រះបំណង  
  ដ្បិតទ្រង់ជាព្រះល្អម៉ត់ម៉ង ដឹកនាំខ្ញុំផងដាក់ផ្លូវល្អ
១១- ឱព្រះម្ចាស់អើយសូមគាំពារ យល់ដល់នាមាព្រះបវរ  
  ប្រទានជីវិតខ្ញុំកំដរ ឲ្យបានរស់តទៅទៀតផង
  សូមជួយនាំខ្ញុំឲ្យចេញផុត ពីភាពងងឹតអាប់មួរហ្មង  
  គ្រោះថ្នាក់តូចធំអាសន្នផង ដោយហឫទ័យទ្រង់សុចរិត
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ៖ លោក​យ៉ូណាស​ស្ថិត​នៅ​ក្នុង​ពោះ​ត្រី​ធំ​បី​ថ្ងៃ​បី​យប់​យ៉ាង​ណា បុត្រ​មនុស្ស​ក៏​នឹង​ស្ថិត​នៅ​ក្នុង​ដី​បី​ថ្ងៃ​បី​យប់​យ៉ាង​នោះ​ដែរ។

បទលើកតម្កើងតាមភីលីព (ភីល ២,៦-១១)

បន្ទរទី៣៖ ព្រះ‌យេស៊ូមាន​ព្រះ‌បន្ទូល‌ឆ្លើយ​ទៅ​គេ​ថា៖ «ចូរ​រុះ​ព្រះ‌វិហារ​នេះ​ចោល​ទៅ ខ្ញុំ​នឹង​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ» ។ តាម​ពិត ព្រះ‌យេស៊ូមាន​ព្រះ‌បន្ទូល​សំដៅ​ទៅ​លើ​ព្រះ‌វិហារ ដែល​ជា​រូប​កាយ​របស់​ព្រះ‌អង្គ​វិញ​ឯ‌ណោះ​ទេ។

ទោះ‌បី​ព្រះ‌អង្គ​មាន​ឋានៈ​ជា​ព្រះ‌ជាម្ចាស់ក៏​ដោយ
ក៏​ព្រះ‌អង្គ​ពុំ​បាន​ក្ដោប‌ក្តាប់ឋានៈ​ដែល​ស្មើ​នឹង​ព្រះ‌ជាម្ចាស់​នេះ
ទុក​ជា​កម្ម‌សិទ្ធិ​ដាច់​មុខ​របស់​ព្រះ‌អង្គ​ឡើយ។

ផ្ទុយ​ទៅ​វិញ ព្រះ‌អង្គ​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់មក​យក​ឋានៈ​ជា​ទាសករ
ព្រះ‌អង្គ​បាន​ទៅ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ
ហើយ​ក៏​រស់​នៅ​ក្នុង​ភាព​ជាមនុស្ស​សាមញ្ញ​ដែរ។

ព្រះ‌អង្គ​បាន​ដាក់​ខ្លួន ធ្វើតាម​ព្រះ‌បញ្ជារហូត​ដល់​សោយ​ទិវង្គត
គឺ​រហូត​ដល់​សោយ​ទិវង្គត​លើ​ឈើ​ឆ្កាងថែម​ទៀត​ផង។

ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់លើក​តម្កើង​ព្រះ‌អង្គ​ឡើង​យ៉ាង​ខ្ពង់‌ខ្ពស់​បំផុត
ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​ព្រះ‌អង្គមាន​ព្រះ‌នាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់
១០
ដើម្បី​ឲ្យ​អ្វីៗ​ទាំង​អស់ ទាំង​នៅ​ស្ថាន​បរម‌សុខ ទាំង​នៅ​លើ​ផែន‌ដី
ទាំង​នៅ​ក្រោម​ដី នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ នៅ​ពេល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេស៊ូ
១១
និងឲ្យ​មនុស្ស​គ្រប់​ភាសា​ប្រកាស​ឡើងថា ព្រះ‌យេស៊ូ‌គ្រីស្ត​ជា​ព្រះ‌អម្ចាស់
ដើម្បី​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌ជាម្ចាស់ជា​ព្រះ‌បិតា។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះ‌យេស៊ូមាន​ព្រះ‌បន្ទូល‌ឆ្លើយ​ទៅ​គេ​ថា៖ «ចូរ​រុះ​ព្រះ‌វិហារ​នេះ​ចោល​ទៅ ខ្ញុំ​នឹង​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ» ។ តាម​ពិត ព្រះ‌យេស៊ូមាន​ព្រះ‌បន្ទូល​សំដៅ​ទៅ​លើ​ព្រះ‌វិហារ ដែល​ជា​រូប​កាយ​របស់​ព្រះ‌អង្គ​វិញ​ឯ‌ណោះ​ទេ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ១,១៨-២១)

បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះ‌ជាម្ចាស់​បាន​លោះ​បង‌ប្អូន​ឲ្យ​រួច​ពី​របៀប​រស់​នៅ​ដ៏​ឥត​ន័យ ដែល​ជា​ដំណែល​ត​ពី​បុព្វបុរសរបស់​បង‌ប្អូន មិន​មែន​ដោយ‌សារ​អ្វីៗ​ដែល​តែង‌តែ​រលាយ​សាប​សូន្យ​ទៅ ដូច​ជា​មាស ឬ​ប្រាក់​ទេ គឺ​ដោយ‌សារ​ព្រះ‌លោហិត​ដ៏​ថ្លៃ​វិសេស​របស់​ព្រះ‌គ្រីស្ត ដែល​ប្រៀប​បាន​នឹង​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ ឥត​ស្លាក‌ស្នាម។ ព្រះ‌ជាម្ចាស់​បាន​ជ្រើស​តាំង​ព្រះ‌គ្រីស្ត មុន​កំណើត​ពិភព‌លោក​ទៅ​ទៀត ហើយ​បាន​បង្ហាញ​ព្រះ‌អង្គ​ឲ្យ​មនុស្ស​លោក​ឃើញ​នៅ​គ្រា​ចុង​ក្រោយ​នេះ ព្រោះ​តែ​បង‌ប្អូន។ តាម‌រយៈ​ព្រះ‌គ្រីស្ត បង‌ប្អូន​ជឿ​លើ​ព្រះ‌ជាម្ចាស់​ដែល​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​ប្រទាន​សិរី‌រុង​រឿង​មក​ព្រះ‌អង្គ ដើម្បី​ឲ្យ​បង‌ប្អូន​មាន​ជំនឿ និង​មាន​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់។

បន្ទរ៖ ព្រះ‌អង្គ​បាន​ដាក់​ខ្លួនធ្វើតាម​ព្រះ‌បញ្ជា រហូត​ដល់​សោយ​ទិវង្គត គឺរហូត​ដល់​សោយ​ទិវង្គត​លើ​ឈើ​ឆ្កាងថែម​ទៀត​ផង។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់លើក​តម្កើង​ព្រះ‌អង្គ​ឡើង​យ៉ាង​ខ្ពង់‌ខ្ពស់​បំផុត ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​ព្រះ‌អង្គមាន​ព្រះ‌នាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់។

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ «ឥឡូវ​នេះ បុត្រ​មនុស្ស​បាន​សម្ដែង​សិរី‌រុង​រឿង​ហើយ ហើយ​ព្រះ‌ជាម្ចាស់​ក៏​បាន​សម្ដែង​សិរី‌រុង​រឿង​ក្នុង​បុត្រ​មនុស្ស​ដែរ» ។

ពាក្យអង្វរសកល

ព្រះសង្រ្គោះនៃយើងបានរងទុក្ខលំបាក សោយទិវង្គត និងបានបញ្ចុះក្នុងរូងថ្មមួយ ហើយព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ដោយសេចក្តីស្រឡាញ់ពេញបេះដូង ចូរយើងលើកតម្កើងព្រះអង្គ ហើយទូលថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមអាណិតអាសូរយើងខ្ញុំ !

បពិត្រព្រះអម្ចាស់យេស៊ូ ! នៅពេលគេចាក់ទម្លុះព្រះកាយរបស់ព្រះអង្គ មានទឹក និងលោហិតហូរចេញមក ជាសញ្ញាសម្គាល់ដ៏អស្ចារ្យនៃព្រះសហគមន៍ទាំងមូល
—ដោយព្រះអង្គសោយទិវង្គត ត្រូវគេបញ្ចុះ និងមានព្រះជន្មរស់ឡើងវិញ សូមព្រះអង្គនាំជីវិតមកព្រះសហគមន៍ ដែលជាកូនក្រមុំរបស់ព្រះអង្គផង។ (បន្ទរ)

បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គបាននឹកដល់អស់អ្នកដែលមិនបានចងចាំនូវព្រះបន្ទូលសន្យាអំពីការរស់ឡើងវិញ
—សូមព្រះអង្គនឹករឭកដល់អស់អ្នកដែលគ្មានទីសង្ឃឹម អស់អ្នកដែលមិនបានដឹងថា ព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ (បន្ទរ)

ឱកូនចៀមរបស់ព្រះជាម្ចាស់! ព្រះអង្គបានថ្វាយយញ្ញបូជាក្នុងបុណ្យចម្លងសម្រាប់មនុស្សទាំងអស់
—សូមព្រះអង្គមេត្តាទាញយកមនុស្សជាតិទាំងឡាយមកឯព្រះអង្គ។ (បន្ទរ)

ឱព្រះជាម្ចាស់នៃពិភពទាំងមូល! ព្រះអង្គគ្របដណ្តប់សកលលោកទាំងមូល ប៉ុន្តែ ទ្រង់សព្វព្រះហឫទ័យយាងចូលទៅក្នុងផ្នូរ
—សូមព្រះអង្គរំដោះមនុស្សលោក ឱ្យរួចផុតពីអំណាចនៃសេចក្តីងងឹត ហើយសូមព្រះអង្គប្រទានរង្វាន់នៃសិរីរុងរឿងដែលមិនចេះសាបសូន្យផង។ (បន្ទរ)

បពិត្រព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់ នៅ! ព្រះអង្គបានបើកទ្វារនៃស្ថានសួគ៌ ទទួលចោរដែលកែប្រែចិត្តគំនិត
—សូមព្រះអង្គប្រមូលមនុស្សទាំងអស់ដែលបានរួមស្លាប់ និងបញ្ចុះសពជាមួយព្រះអង្គ ឱ្យចូលទៅក្នុងសិរីរុងរឿងរបស់ព្រះអង្គ ដែលមានព្រះជន្មរស់ឡើងវិញផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងដែលមានព្រះជន្ម គង់នៅអស់កល្បជានិច្ច ! ព្រះបុត្រាតែមួយរបស់ព្រះអង្គបានយាងចុះមក ក្នុងចំណោមមនុស្សស្លាប់ និងបានរស់ឡើងវិញ ពោរពេញដោយសិរីរុងរឿង។ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រោសប្រជារាស្រ្តដ៏ស្មោះត្រង់របស់ព្រះអង្គ ដែលបានរួមស្លាប់ជាមួយព្រះបុត្រា ក្នុងអគ្គសញ្ញាជ្រមុជទឹក ឲ្យរស់ឡើងវិញ ទៅជាអង្គតែមួយនឹងព្រះអង្គនៅស្ថានបរមសុខ ដែលទ្រង់គង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។