ថ្ងៃសុក្រពិសិដ្ឋ
(ព្រះអម្ចាស់សោយទិវង្គត)
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១៦,១០-១៩
បន្ទរទី១ ៖ ប្រជាជនទាំងឡាយអើយ ! ចូរមើលមកយើង ចូរសម្លឹងមើលទុក្ខលំបាករបស់យើង។
| ១០ | ខ្ញុំនៅតែមានជំនឿដដែល ទោះបីខ្ញុំពោលថា ខ្ញុំជាមនុស្សវេទនា។ |
| ១១ | ពេលខ្ញុំមានភ័យអាសន្ន ខ្ញុំពោលឡើងថា យើងមិនអាចទុកចិត្តលើមនុស្សណាម្នាក់បានឡើយ។ |
| ១២ | តើខ្ញុំអាចយកអ្វីមកតបស្នងនឹងព្រះគុណទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានសម្ដែងមកលើរូបខ្ញុំ? |
| ១៣ | ខ្ញុំនឹងលើកពែងឡើងថ្វាយព្រះអម្ចាស់ដែលបានរំដោះខ្ញុំ ខ្ញុំនឹងអង្វររកព្រះនាមរបស់ព្រះអម្ចាស់។ |
| ១៤ | ខ្ញុំនឹងយកតង្វាយមកថ្វាយព្រះអម្ចាស់តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ព្រះអង្គ។ |
| ១៥ | ព្រះអម្ចាស់ព្រួយព្រះហឫទ័យណាស់ នៅពេលប្រជាជនដ៏វិសុទ្ធណាម្នាក់ស្លាប់។ |
| ១៦ | ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ដូចម្ដាយរបស់ទូលបង្គំដែរ ព្រះអង្គបានរំដោះទូលបង្គំឲ្យរួចពីស្លាប់។ |
| ១៧ | ទូលបង្គំសូមថ្វាយយញ្ញបូជា ដើម្បីអរព្រះគុណព្រះអង្គ ខ្ញុំនឹងអង្វររកព្រះនាមរបស់ព្រះអម្ចាស់។ |
| ១៨ | ខ្ញុំនឹងយកតង្វាយមកថ្វាយព្រះអម្ចាស់តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ព្រះអង្គ |
| ១៩ | គឺនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ដែលស្ថិតនៅកណ្ដាលក្រុងយេរូសាឡឹម។ អាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ប្រជាជនទាំងឡាយអើយ ! ចូរមើលមកយើង ចូរសម្លឹងមើលទុក្ខលំបាករបស់យើង។
ទំនុកតម្កើងលេខ ១៤៣(១៤២),១-១១
បន្ទរទី២៖ ខ្ញុំឈឺចុកចាប់ក្នុងឱរា ចិត្តខ្ញុំប្រេះឆាពន់ប្រមាណ។
(បទពាក្យ៧)
| ១- | ឱព្រះម្ចាស់អើយសូមសណ្តាប់ | ពាក្យខ្ញុំរ៉ាយរ៉ាប់ទូលអង្វរ | |
| ផ្ទៀងព្រះកាណ៌ស្តាប់កុំឈប់ឈរ | សូមឆ្លើយតបតដោយប្រណី | ។ | |
| ២- | សូមកុំចាប់ទោសយកកំហុស | អ្នកបម្រើស្មោះទៅកាត់ក្តី | |
| ដ្បិតគ្មានជនសុចរិតប្រពៃ | ចំពោះភក្ត្រព្រះអង្គឡើយ | ។ | |
| ៣- | ពួកខ្មាំងសត្រូវតាមយាយី | ពីគ្រប់ទិសទីមិនកន្តើយ | |
| ឃុំខ្ញុំក្នុងទីងងឹតហើយ | ដូចអ្នកក្សិណក្ស័យយូរណាស់ណា | ។ | |
| ៤- | ខ្ញុំបាក់ធ្លុះធ្លាក់អស់ទឹកចិត្ត | ទាល់ទាំងគំនិតក្នុងកាយា | |
| ថយទាំងកម្លាំងខ្វះប្រាជ្ញា | មិនដឹងគិតថាត្រូវធ្វើម៉េច? | ។ | |
| ៥- | ខ្ញុំនឹកទៅដល់ជំនាន់មុន | សញ្ជឹងគូរគន់គ្រប់ភារកិច្ច | |
| ជាស្នាព្រះហស្តល្អបណ្តាច់ | ឥតមានកលល្បិចគ្មានទើសទាល់ | ។ | |
| ៦- | ដៃខ្ញុំអង្វរខ្លួនបែរក្រាប | ដាក់កាយឲ្យទាបមុខព្រះម្ចាស់ | |
| ដូចដីហួតហែងបែកប្រេះអស់ | ស្ងួតរីងរាំងខ្សោះព្រោះគ្មានទឹក | ។ | |
| ៧- | ឱព្រះជាអម្ចាស់ខ្ញុំអើយ | សូមជួយតបឆ្លើយឲ្យញយញឹក | |
| ខ្ញុំបាត់បង់អស់ធ្លាក់ទឹកចិត្ត | កុំលាក់បាំងបិទភក្ត្រនឹងខ្ញុំ | ។ | |
| ព្រោះតែខ្ញុំដូចជាមនុស្ស | ដែលធ្លាក់ក្នុងជ្រោះជ្រៅសន្លឹម | ||
| គ្មាននរណាជួយអស់សង្ឃឹម | ដូចមេឃរលឹមគ្មានរស្មី | ។ | |
| ៨- | សូមទ្រង់បង្ហាញធម៌មេត្តា | សន្តោសករុណាត្រាប្រណី | |
| ខ្ញុំផ្ញើរូបកាយជីវិតក្តី | លើព្រះម្ចាស់ថ្លៃរួចទៅហើយ | ។ | |
| សូមប្រោសប្រទានឲ្យខ្ញុំស្គាល់ | មាគ៌ានិមលកុំកន្តើយ | ||
| ដ្បិតទូលបង្គំផ្ចង់ចិត្តហើយ | ព្រះជាម្ចាស់អើយមិនបោះបង់ | ។ | |
| ៩- | ឱព្រះអម្ចាស់សូមរំដោះ | ខ្ញុំឲ្យផុតគ្រោះផុតពីខ្មាំង | |
| សត្រូវយាយីតាមប្រឆាំង | ខ្ញុំសូមព្រះអង្គពួនជ្រកផង | ។ | |
| ១០- | សូមជួយបង្ហាត់ពត់បង្រៀន | ខ្ញុំព្រមតាមបានព្រះបំណង | |
| ដ្បិតទ្រង់ជាព្រះល្អម៉ត់ម៉ង | ដឹកនាំខ្ញុំផងដាក់ផ្លូវល្អ | ។ | |
| ១១- | ឱព្រះម្ចាស់អើយសូមគាំពារ | យល់ដល់នាមាព្រះបវរ | |
| ប្រទានជីវិតខ្ញុំកំដរ | ឲ្យបានរស់តទៅទៀតផង | ។ | |
| សូមជួយនាំខ្ញុំឲ្យចេញផុត | ពីភាពងងឹតអាប់មួរហ្មង | ||
| គ្រោះថ្នាក់តូចធំអាសន្នផង | ដោយហឫទ័យទ្រង់សុចរិត | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ ខ្ញុំឈឺចុកចាប់ក្នុងឱរា ចិត្តខ្ញុំប្រេះឆាពន់ប្រមាណ។
បទលើកតម្កើងតាមភីលីព (ភីល ២,៦-១១)
បន្ទរទី៣៖ កាលព្រះយេស៊ូសោយទឹកខ្មេះហើយ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំបានសម្រេចសព្វគ្រប់អស់ហើយ!» ។ ព្រះអង្គក៏ឱនព្រះសិរសាចុះ ហើយប្រគល់វិញ្ញាណទៅ។
| ៦ | ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គពុំបានក្ដោបក្តាប់ឋានៈដែលស្មើនឹងព្រះជាម្ចាស់នេះ ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។ |
| ៧ | ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់មកយកឋានៈជាទាសករ ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។ |
| ៨ | ព្រះអង្គបានដាក់ខ្លួន ធ្វើតាមព្រះបញ្ជារហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ |
| ៩ | ហេតុនេះហើយបានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឲ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់ |
| ១០ | ដើម្បីឲ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ |
| ១១ | និងឲ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ កាលព្រះយេស៊ូសោយទឹកខ្មេះហើយ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំបានសម្រេចសព្វគ្រប់អស់ហើយ!» ។ ព្រះអង្គក៏ឱនព្រះសិរសាចុះ ហើយប្រគល់វិញ្ញាណទៅ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ២,២១-២៤)
ព្រះអង្គត្រាស់ហៅបងប្អូនមកឲ្យរងទុក្ខលំបាកយ៉ាងនេះ ព្រោះព្រះគ្រីស្តក៏បានរងទុក្ខលំបាកសម្រាប់បងប្អូន ទុកជាគំរូឲ្យបងប្អូនដើរតាមគន្លងរបស់ព្រះអង្គដែរ។ ព្រះអង្គពុំដែលបានប្រព្រឹត្តអំពើបាបសោះហើយក៏ពុំដែលមានព្រះបន្ទូលវៀចវេរណាចេញពីព្រះឱស្ឋរបស់ព្រះអង្គឡើយ។ ទោះបីគេជេរប្រមាថព្រះអង្គ ក៏ព្រះអង្គមិនតបតទៅគេវិញដែរព្រះអង្គបានរងទុក្ខលំបាក តែព្រះអង្គពុំបានគំរាមកំហែងគេវិញទេ ព្រះអង្គផ្ញើជីវិតទៅលើព្រះជាម្ចាស់ដែលព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌។ ព្រះគ្រីស្តបានផ្ទុកបាបរបស់យើងក្នុងព្រះកាយរបស់ព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងលែងជំពាក់ជំពិននឹងបាបតទៅមុខទៀត ហើយឲ្យយើងមានជីវិត ដោយប្រព្រឹត្តតែអំពើសុចរិត។ បងប្អូនបានជាសះស្បើយ ដោយសារស្នាមរបួសរបស់ព្រះអង្គ។
បន្ទរ៖ ព្រះអង្គបានដាក់ខ្លួន ធ្វើតាមព្រះបញ្ជារហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ព្រះជាម្ចាស់សម្រុះសម្រួលយើងឲ្យជានានឹងព្រះអង្គវិញ ដោយព្រះបុត្រារបស់ព្រះអង្គសោយទិវង្គត ក្នុងគ្រាដែលយើងនៅជាសត្រូវនឹងព្រះអង្គនៅឡើយ។
ពាក្យអង្វរសកល
នៅថ្ងៃនេះ យើងខ្ញុំចងចាំពីការសោយទិវង្គតរបស់ព្រះអម្ចាស់យេស៊ូគ្រីស្ត ដែលនាំឱ្យពិភពលោកទាំងមូលកើតជាថ្មី។ ចូរយើងវិលទៅរកព្រះជាម្ចាស់ជាព្រះបិតា ហើយទូលអង្វរព្រះអង្គថា៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! ដោយយល់ដល់ព្រះបុត្រាសោយទិវង្គត សូមព្រះអង្គសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំផង !
-សូមព្រះអង្គបង្រួបបង្រួមព្រះសហគមន៍ឱ្យទៅជាធ្លុងតែមួយ -បន្ទរ…
-សូមព្រះអង្គថែរក្សាសម្តេចប៉ាបព្រះនាម (…) -បន្ទរ…
-សូមព្រះអង្គប្រោសឱ្យប្រជារាស្រ្តរបស់ព្រះអង្គបានវិសុទ្ធ ទាំងបព្វជិត និងគ្រីស្តបរិស័ទគ្រហស្ត ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ -បន្ទរ…
-សូមព្រះអង្គពង្រឹងជំនឿ និងការយល់ដឹងដល់អស់អ្នកដែលស្ថិតនៅក្រោមការណែនាំ -បន្ទរ…
-សូមព្រះអង្គប្រមូលគ្រីស្តបរិស័ទទាំងអស់ ឱ្យចេះរួបរួមគ្នា -បន្ទរ…
-សូមព្រះអង្គណែនាំប្រជាជនជាតិយូដា ឱ្យទៅកាន់ការសង្រ្គោះយ៉ាងពេញលេញផង -បន្ទរ…
-សូមព្រះអង្គបង្ហាញសិរីរុងរឿងបំភ្លឺដល់អស់អ្នកដែលមិនទាន់ជឿលើព្រះគ្រីស្ត -បន្ទរ…
-សូមព្រះអង្គណែនាំចិត្តគំនិតមេដឹកនាំយើងខ្ញុំ -បន្ទរ…
-សូមព្រះអង្គលួងលោមចិត្តអ្នកដែលមានទុក្ខព្រួយ -បន្ទរ…
-សូមព្រះអង្គអាណិតអាសូរអស់អ្នកដែលបានទទួលមរណភាព -បន្ទរ…
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដែលស្រឡាញ់មនុស្សលោកហួសពន់ប្រមាណ ! ព្រះអង្គសព្វព្រះហឫទ័យឲ្យព្រះបុត្រាព្រះអង្គសោយទិវង្គត ដើម្បីរំដោះមនុស្សលោកឲ្យរួចពីបាប។ សូមព្រះអង្គបំភ្លឺយើងខ្ញុំឲ្យដើរជាមួយព្រះគ្រីស្ត ដែលរងទុក្ខលំបាកលីឈើឆ្កាង ហើយប្រោសយើងខ្ញុំឲ្យបានវិសុទ្ធ ស្របតាមគម្រោងការដ៏អស្ចារ្យនៃបុណ្យចម្លងនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។