០១ មេសា ២០២៦

Written on 16/01/2026
Mary Siya Khim

ថ្ងៃពុធពិសិដ្ឋ

 (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ៦២

នៅ​ជិត​ព្រះ‌អង្គ ខ្ញុំ​មាន​សេចក្ដីសុខសាន្ត

សូមព្រះជាម្ចាស់ជាប្រភពនៃសេចក្តីសង្ឃឹម ប្រោសបងប្អូនដែលមានជំនឿ
ឱ្យបានពោរពេញដោយអំណរ និងសេចក្តីសុខសាន្តគ្រប់ប្រការ (រ៉ូម ១៥,១៣)។

បន្ទរទី១ ៖ មនុស្សអាក្រក់គេនិយាយគ្នាថា៖ យើង​នាំ​គ្នា​ជិះ​ជាន់​សង្កត់​សង្កិន​ជន​ក្រី​ក្រ ជា​មនុស្ស​សុចរិត ដ្បិតមាគ៌ារបស់គាត់ជំទាស់​នឹង​កិច្ច‌ការ​ដែល​យើង​ប្រព្រឹត្ត។

ខ្ញុំស្ងប់ចិត្តតែនៅក្បែរព្រះជាម្ចាស់ប៉ុណ្ណោះ
ព្រោះព្រះអង្គតែងតែសង្គ្រោះខ្ញុំ

មានតែព្រះអង្គមួយគត់ដែលជាថ្មដា ជាព្រះសង្គ្រោះខ្ញុំ
ព្រះអង្គជាកំពែងដ៏រឹងមាំ ខ្ញុំនឹងមិនត្រូវរង្គើឡើយ។

តើអ្នករាល់គ្នាចោមរោមវាយប្រហារមនុស្សតែម្នាក់ដូច្នេះ ដល់កាលណាទៀត?
អ្នករាល់គ្នារកប្រហារជីវិតមនុស្ស
ដូចគេចង់រំលំកំពែងដែលទ្រុឌទ្រោម និងផ្តួលរបងដែលជិតរលំឬ?

ពួកគេចង់ឱ្យតែអ្នកនោះបាត់បង់យសសក្តិ គេចូលចិត្តកុហក
មាត់គេឱ្យពរ តែចិត្តគេបែរជាដាក់បណ្តាសារទៅវិញ។

ពិតមែនហើយ ខ្ញុំស្ងប់ចិត្តតែនៅក្បែរព្រះជាម្ចាស់ប៉ុណ្ណោះ
ដ្បិតព្រះអង្គជាទីសង្ឃឹមតែមួយគត់របស់ខ្ញុំ។

ព្រះអង្គតែមួយគត់ជាថ្មដា ជាព្រះសង្គ្រោះខ្ញុំ
ព្រះអង្គជាកំពែងដ៏រឹងមាំ ខ្ញុំនឹងមិនត្រូវរង្គើឡើយ។

ការសង្គ្រោះ និងសិរីរុងរឿងរបស់ខ្ញុំ ស្ថិតនៅលើព្រះជាម្ចាស់ទាំងស្រុង
ព្រះជាម្ចាស់ជាថ្មដាដ៏រឹងមាំ និងជាទីជម្រករបស់ខ្ញុំ។

ប្រជាជនអើយ ចូរនាំគ្នាផ្ញើជីវិតលើព្រះអង្គគ្រប់ពេលវេលាទៅ!
ចូរទូលពីទុក្ខកង្វល់របស់អ្នករាល់គ្នាថ្វាយព្រះអង្គចុះ
ព្រះជាម្ចាស់ជាជម្រករបស់យើងហើយ។
១០
មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ
មនុស្សឋានៈខ្ពស់គ្មានតម្លៃអ្វីសោះ
ប្រសិនបើយើងថ្លឹងមនុស្សទាំងអស់លើជញ្ជីងមួយ
នោះស្រាលជាងមួយដង្ហើមទៅទៀត។
១១
មិនត្រូវទុកចិត្តលើអំពើហិង្សាឡើយ
ហើយក៏កុំសង្ឃឹមលើការលួចប្លន់ដែរ។
ប្រសិនបើទ្រព្យសម្បត្តិអ្នករាល់គ្នាកើនចំនួនច្រើនឡើង មិនត្រូវជំពាក់ចិត្តឡើយ។
១២
ខ្ញុំឮព្រះជាម្ចាស់មានព្រះបន្ទូលមួយលើកជាពីរលើកថា ឫទ្ធិអំណាចស្ថិតលើព្រះអង្គ
១៣
ឱព្រះអម្ចាស់អើយ! ព្រះអង្គប្រកបដោយព្រះហឫទ័យមេត្តាករុណា
ព្រះអង្គនឹងតបស្នងឱ្យមនុស្សម្នាក់ៗ តាមអំពើដែលខ្លួនគេបានប្រព្រឹត្ត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ មនុស្សអាក្រក់គេនិយាយគ្នាថា៖ យើង​នាំ​គ្នា​ជិះ​ជាន់​សង្កត់​សង្កិន​ជន​ក្រី​ក្រ ជា​មនុស្ស​សុចរិត ដ្បិតមាគ៌ារបស់គាត់ជំទាស់​នឹង​កិច្ច‌ការ​ដែល​យើង​ប្រព្រឹត្ត។

ទំនុកតម្កើងលេខ ៦៧

សូម​ឱ្យប្រជាជន​ទាំងឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះជាម្ចាស់

ហេតុ​នេះ សូម​បង‌ប្អូន​ជ្រាប​ថា ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌បន្ទូល
ស្ដី​អំពី​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​ឱ្យ​សាសន៍​ដទៃ​វិញ ព្រោះ​គេ​មុខ​ជា​ស្ដាប់​មិន​ខាន (កក ២៨,២៨)។

បន្ទរទី២ ៖ ដ្បិត​លោក​ទទួល​យក​បាប​របស់​មនុស្ស​ទាំង​អស់មក​ដាក់​លើ​ខ្លួន​លោក ព្រម​ទាំង​ទូលអង្វរ​ឲ្យ​មនុស្ស​បាប​ផង” ។

(បទពាក្យ ៧)

២- ឱព្រះម្ចាស់អើយសូមមេត្តា សន្តោសករុណាដល់យើងខ្ញុំ  
  ប្រទានព្រះពរដ៏ឧត្តម ទតមើលយើងខ្ញុំដោយសប្បុរស
៣- ដូច្នេះមនុស្សលោកលើផែនដី ស្គាល់មាគ៌ាថ្លៃព្រះអម្ចាស់  
  ក្នុងចំណោមជនជាតិទាំងអស់ ស្គាល់ការសង្គ្រោះនៃព្រះអង្គ
៤- បពិត្រព្រះម្ចាស់អើយសូមឱ្យ ប្រជាទាំងឡាយនាំគ្នាថ្កើង  
  ព្រះនាមព្រះអង្គឱ្យខ្ពស់ឡើង នាមព្រះនៃយើងគ្រប់ៗកាយ
៥- ប្រជាទាំងឡាយនាំគ្នាច្រៀង បន្លឺសំនៀងដោយសប្បាយ  
  ដ្បិតទ្រង់គ្រប់គ្រងគ្មាននឿយណាយ ប្រជាទាំងឡាយមិនឆ្មៃឆ្មើង
៦- បពិត្រព្រះម្ចាស់អើយសូមឱ្យ ប្រជាទាំងឡាយនាំគ្នាថ្កើង  
  ព្រះនាមព្រះអង្គឱ្យខ្ពស់ឡើង នាមព្រះនៃយើងគ្រប់ៗកាយ
៧- ផែនដីបង្កើតនូវភោគផល មិនឱ្យយើងខ្វល់ពីអន្តរាយ  
  ព្រះអង្គជាព្រះយើងទាំងឡាយ ប្រទានពរឱ្យសុខគ្រប់គ្រា
៨- សូមទ្រង់ប្រទានពរឱ្យយើង និងមនុស្សទាំងពួងគ្រប់អាត្មា  
  ទាំងអ្នករស់នៅឆ្ងាយផងណា មនុស្សលើលោកាខ្លាចព្រះអង្គ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ៖ ដ្បិត​លោក​ទទួល​យក​បាប​របស់​មនុស្ស​ទាំង​អស់មក​ដាក់​លើ​ខ្លួន​លោក ព្រម​ទាំង​ទូលអង្វរ​ឲ្យ​មនុស្ស​បាប​ផង” ។

បទលើកតម្កើងតាមលិខិតកូឡូស (កូឡ ១,១២-២០)

ព្រះ‌គ្រីស្ត​មាន​ព្រះ‌ជន្ម​មុន​អ្វីៗ​ទាំង​អស់ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ

បន្ទរទី៣ ៖ ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត​នេះ ព្រះជាម្ចាស់​បាន​លោះ​យើងឱ្យមានសេរីភាព ដោយ​ព្រះលោហិត​របស់​ព្រះអង្គ និង​លើកលែង​ទោស​ឲ្យ​យើង​បាន​រួច​ពី​បាប។

១២ ចូរអរព្រះគុណព្រះបិតាដោយចិត្តរីករាយ
ព្រោះព្រះអង្គបានប្រោសប្រទានឱ្យបងប្អូនមានសមត្ថភាព
អាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។
១៣
ព្រះអង្គបានរំដោះយើង ឱ្យរួចផុតពីអំណាចនៃសេចក្តីងងឹត
ហើយចម្លងយើងទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
១៤
ដោយយើងបានរួមនៅក្នុងអង្គព្រះបុត្រា
ព្រះអង្គបានលោះយើង និងលើកលែងទោសយើងឱ្យរួចពីបាប។
១៥
ព្រះគ្រីស្តជាតំណាងរបស់ព្រះជាម្ចាស់ ដែលយើងមើលពុំឃើញ
ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក
១៦
ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត
ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី
ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ
ទាំងទេវរាជ្យ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង
ទាំងវត្ថុសក្តិសិទ្ធិ និងទាំងអំណាចនានា
ព្រះជាម្ចាស់បានបង្កើតទាំងអស់មក
ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។
១៧
ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់
ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។
១៨
ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺព្រះសហគមន៍
ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។
ក្នុងចំណោមមនុស្សស្លាប់ទាំងអស់
ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ
ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់
១៩
ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យ
ឱ្យគ្រប់លក្ខណៈសម្បត្តិរបស់ព្រះអង្គស្ថិតនៅក្នុងព្រះគ្រីស្ត។
២០
ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់នៅលើផែនដី
និងនៅស្ថានបរមសុខ ឱ្យជានានឹងព្រះអង្គវិញ
ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត
គឺព្រះជាម្ចាស់បានធ្វើឱ្យមានសន្តិភាព
ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត​នេះ ព្រះជាម្ចាស់​បាន​លោះ​យើងឱ្យមានសេរីភាព ដោយ​ព្រះលោហិត​របស់​ព្រះអង្គ និង​លើកលែង​ទោស​ឲ្យ​យើង​បាន​រួច​ពី​បាប។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ៤,៣២-៥,២)

ត្រូវ​មាន​ចិត្ត​សប្បុរស និង​ចេះ​អាណិត​មេត្តា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ត្រូវ​ប្រណី‌សន្ដោស​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ព្រះ‌ជាម្ចាស់​បាន​ប្រណី‌សន្ដោស​បង‌ប្អូន ដោយ‌សារ​ព្រះ‌គ្រីស្ត​ដែរ។ ចូរ​រស់​នៅ​ដោយ​មាន​ចិត្ត​ស្រឡាញ់ ដូច​ព្រះ‌គ្រីស្ត​បាន​ស្រឡាញ់​យើង ហើយ​បាន​បូជា​ព្រះ‌ជន្ម​សម្រាប់​យើង ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌ជាម្ចាស់ និង​ទុក​ជា​យញ្ញ‌បូជា​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ។

បន្ទរ ៖ យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះគ្រីស្ត *យើងខ្ញុំសូមកោតសរសើរព្រះអង្គ។ បន្ទរឡើងវិញ៖…
-ដ្បិតព្រះអង្គបានសង្រ្គោះពិភពលោក ដោយសារឈើឆ្កាងរបស់ព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ “លោក​គ្រូ​មាន​ប្រសាសន៍​ថា ពេល​កំណត់របស់ខ្ញុំ​ជិត​មក​ដល់​ហើយ ខ្ញុំ​នឹង​ធ្វើពិធី​បុណ្យ​ចម្លង​ជា​មួយ​សិស្ស​ខ្ញុំ​នៅ​ក្នុង​ផ្ទះ​អ្នក” ។

ពាក្យអង្វរសកល

ព្រះសង្រ្គោះនៃមនុស្សលោកបានសោយទិវង្គត ដើម្បីបំផ្លាញសេចក្តីស្លាប់ ហើយដោយព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានស្តារជីវិតឡើងវិញ។ ចូរយើងទូលសូមព្រះអង្គ ដោយចិត្តរាបសារថា ៖

បន្ទរ ៖ សូមប្រោសឱ្យប្រជារាស្រ្តដែលព្រះអង្គបានលោះ ដោយព្រះលោហិតរបស់ព្រះអង្គបានវិសុទ្ធផង !

ឱព្រះសង្រ្គោះនៃពិភពលោក! សូមប្រោសឱ្យយើងខ្ញុំអាចចែករំលែកនូវទុក្ខលំបាករបស់ព្រះអង្គ តាមរយៈការប្រែចិត្តគំនិតនៅទីជម្រៅខាងវិញ្ញាណ
—ដើម្បីឱ្យយើងខ្ញុំអាចទទួលសិរីរុងរឿងនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។ (បន្ទរ)

សូមព្រះមាតាលួងលោមអ្នកដែលរងទុក្ខ និងការពារយើងខ្ញុំ
—សូមឱ្យយើងខ្ញុំចេះលួងលោមអ្នកដទៃ ដូចព្រះអង្គបានលួងលោមយើងខ្ញុំដែរ។ (បន្ទរ)

នៅក្នុងទុក្ខលំបាករបស់ពួកគេ សូមព្រះអង្គធ្វើឱ្យគ្រីស្តបរិស័ទអាចចែករំលែកនូវទុក្ខលំបាករបស់ព្រះអង្គ
—ហើយសូមព្រះអង្គសម្តែងឫទ្ធានុភាពក្នុងជីវិតរស់នៅរបស់ពួកគេផង។ (បន្ទរ)

ព្រះអង្គបានបន្ទាបខ្លួនដោយការស្តាប់បង្គាប់ រហូតដល់សោយទិវង្គតនៅលើឈើឆ្កាងថែមទៀតផង
—សូមព្រះអង្គប្រទានព្រះអំណោយទាននៃការស្តាប់បង្គាប់ និងចិត្តស៊ូទ្រាំ ឱ្យអ្នកបម្រើព្រះអង្គ។ (បន្ទរ)

សូមព្រះអង្គបំផ្លាស់បំប្រែរូបកាយរបស់មនុស្សស្លាប់ ឱ្យទៅជារូបកាយដែលប្រកបដោយសិរីរុងរឿងដូចព្រះអង្គ
—ហើយសូមព្រះអង្គនាំយើងខ្ញុំឱ្យចូលរួមជាមួយពួកគេនៅថ្ងៃចុងក្រោយផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះបិតាជាអម្ចាស់អើយ ! ព្រះបុត្រាសព្វព្រះហឫទ័យសោយទិវង្គតនៅលើឈើឆ្កាង ដើម្បីរំដោះយើងខ្ញុំឲ្យរួចពីអំណាចរបស់មារ។ សូមព្រះអង្គប្រោសឲ្យយើងខ្ញុំបានចូលរួមក្នុងសិរីរុងរឿងរបស់ព្រះគ្រីស្តដែលមានព្រះជន្មរស់ឡើងវិញ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។