ថ្ងៃចន្ទពិសិដ្ឋ
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៤៥
ចម្រៀងនៅពេលព្រះរាជារៀបអភិសេក
“ស្វាមីមកដល់ហើយ! ចូរនាំគ្នារត់ទៅទទួលលោក!” (មថ ២៥,៦)។
បន្ទរទី១ ៖ លោកគ្មានរូបសម្បត្តិ និងគ្មានកិត្តិយសថ្លៃថ្នូរគួរឲ្យចាប់អារម្មណ៍ឡើយ ហើយលោកក៏គ្មានរូបរាងអ្វីគួរឲ្យទាក់ទាញចិត្តយើងដែរ។
(ក)
| ២ | ចិត្តរបស់ខ្ញុំពោរពេញទៅដោយពាក្យពេចន៍ដ៏សែនពីរោះ ខ្ញុំតែងបទចម្រៀងនេះថ្វាយព្រះមហាក្សត្រ។ សូមឱ្យសម្ដីខ្ញុំចាប់ចុងជួន ដូចបទកំណាព្យរបស់កវីនិពន្ធមួយរូបដ៏ចំណាន។ |
| ៣ | ក្នុងចំណោមបុរសទាំងអស់ មានតែព្រះអង្គទេ ដែលរូបសម្បត្តិល្អជាងគេ ព្រះអង្គមានសំនួនវោហារដ៏ពូកែ ហេតុនេះហើយបានជាព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គរហូតតទៅ។ |
| ៤ | ឱវីរបុរសដ៏មានឫទ្ធិអើយ សូមពាក់ព្រះខ័នរាជ្យដ៏រុងរឿង និងភ្លឺចិញ្ចែងចិញ្ចាចរបស់ព្រះអង្គទៅ។ |
| ៥ | សូមព្រះអង្គយាងគង់លើព្រះរាជរថប្រកបដោយសិរីរុងរឿង ដើម្បីច្បាំងការពារសេចក្ដីពិត និងសេចក្ដីសុចរិតទៀងត្រង់ សូមព្រះអង្គទទួលមហាជោគជ័យ ដោយព្រះបារមីរបស់ព្រះអង្គ។ |
| ៦ | សូមឱ្យព្រួញដ៏មុតរបស់ព្រះអង្គបានបាញ់ទម្លុះដើមទ្រូងរបស់ពួកសត្រូវ សូមឱ្យប្រជាជាតិទាំងឡាយនៅក្រោមព្រះបាទារបស់ព្រះរាជា។ |
| ៧ | បពិត្រព្រះជាម្ចាស់ បល្ល័ង្ករបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ ហើយព្រះអង្គគ្រងរាជ្យដោយយុត្តិធម៌ |
| ៨ | ព្រះអង្គតែងតែសព្វព្រះហឫទ័យនឹងសេចក្ដីសុចរិត ព្រះអង្គមិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ ហេតុនេះហើយបានជាព្រះជាម្ចាស់ជាព្រះរបស់ព្រះអង្គ ជ្រើសរើសព្រះអង្គពីក្នុងចំណោមមិត្តភក្ដិរបស់ព្រះអង្គ ហើយប្រទានឱ្យព្រះអង្គមានអំណរសប្បាយដ៏លើសលប់ ដោយចាក់ប្រេងអភិសេកព្រះអង្គ។ |
| ៩ | ព្រះភូសារបស់ព្រះអង្គក្រអូបទៅដោយក្លិនប្រេងទេព្វិរូ និងខ្លឹមចន្ទន៍ក្រឹស្នា មានក្រុមតន្ដ្រីប្រគំភ្លេងថ្វាយព្រះអង្គ នៅក្នុងប្រាសាទដែលរចនាអំពីភ្លុកដំរី។ |
| ១០ | ស្រីស្នំរបស់ព្រះអង្គសុទ្ធតែជាបុត្រីរបស់ស្តេចនគរនានា ហើយព្រះមហាក្សត្រិយានី ទ្រង់គ្រឿងអលង្ការ ធ្វើពីមាសដ៏ល្អប្រណីត គង់នៅខាងស្តាំព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ លោកគ្មានរូបសម្បត្តិ និងគ្មានកិត្តិយសថ្លៃថ្នូរគួរឲ្យចាប់អារម្មណ៍ឡើយ ហើយលោកក៏គ្មានរូបរាងអ្វីគួរឲ្យទាក់ទាញចិត្តយើងដែរ។
បន្ទរទី២ ៖ យើងប្រគល់ឲ្យលោកគ្រប់គ្រងលើមនុស្សជាច្រើន ព្រោះលោកបានលះបង់អ្វីៗទាំងអស់ រហូតដល់បាត់បង់ជីវិត។
(ខ)
(បទព្រហ្មគីតិ)
| ១១ | ព្រះម្ចាស់ក្សត្រីយ៍អើយ | កុំកន្តើយសណ្តាប់ខ្ញុំ | |
| កុំនឹកនាពួនយំ | ដល់រាជវង្សព្រះនាងអី | ។ | |
| ១២ | សូមឱ្យមហាក្សត្រ | បានគាប់ចិត្តអង្គក្សត្រីយ៍ | |
| បង្គំគាល់ក្រាបថ្វាយ | កុំនឿយណាយទ្រង់ជាម្ចាស់ | ។ | |
| ១៣ | អ្នកមានក្រុងទីរ៉ុស | ទាំងស្រីប្រុសមានច្រើនណាស់ | |
| នាំតង្វាយទាំងអស់ | តម្រង់ឆ្ពោះផ្គាប់ក្សត្រី | ។ | |
| ១៤ | ព្រះនាងគង់នៅក្នុង | ព្រះរាជវាំងសុខពេកក្រៃ | |
| រូបឆោមស្រស់ឥតបី | ព្រះភូសារំលេចមាស | ។ | |
| ១៥ | គេដង្ហែព្រះនាង | ចូលក្នុងវាំងមនុស្សដេរដាស | |
| ភីលៀងមានច្រើនណាស់ | ហែទៅគាល់ព្រះរាជា | ។ | |
| ១៦ | ព្រះនាងចូលទៅកាន់ | វិមានស្ថានអង្គក្សត្រា | |
| អស់ទាំងរាស្ត្រប្រជា | គ្រប់ៗគ្នារីករាយក្រៃ | ។ | |
| ១៧ | បពិត្រព្រះមហាក្សត្រ | មេត្តាចាត់បុត្រថ្លាថ្លៃ | |
| គ្រងរាជ្យដ៏ប្រពៃ | តពីព្រះអយ្យកោស្តេច | ។ | |
| ១៨ | ទូលបង្គំនឹងថ្លាថ្លែង | រំលឹកចែងឥតមានភ្លេច | |
| ព្រះនាមល្អបណ្តាច់ | នាំគ្នាលើកថ្កើងព្រះអង្គ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ យើងប្រគល់ឲ្យលោកគ្រប់គ្រងលើមនុស្សជាច្រើន ព្រោះលោកបានលះបង់អ្វីៗទាំងអស់ រហូតដល់បាត់បង់ជីវិត។
បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)
ព្រះជាម្ចាស់ជាព្រះសង្រ្គោះយើងខ្ញុំ
បន្ទរទី៣ ៖ ព្រះជាម្ចាស់បានប្រទានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះបុត្រា។
| ៣ | សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។ |
| ៤ | ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មង នៅចំពោះព្រះភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។ |
| ៥ | ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ |
| ៦ | ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោស ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ |
| ៧ | ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឱ្យយើងបានរួចពីបាប តាមព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់របស់ព្រះអង្គ។ |
| ៨ | ព្រះជាម្ចាស់ប្រណីសន្តោសយើងយ៉ាងខ្លាំងបំផុត គឺទ្រង់ប្រទានឱ្យយើងមានតំរិះ និងមានប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។ |
| ៩ | ព្រះអង្គបានប្រោសឱ្យយើងស្គាល់ពីគម្រោងការដ៏លាក់កំបាំង នៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស ដែលទ្រង់បានសម្រេចទុកជាមុន ដោយព្រះអង្គផ្ទាល់។ |
| ១០ | ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្តជាម្ចាស់តែមួយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះជាម្ចាស់បានប្រទានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះបុត្រា។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៥,៦-១០)
កាលយើងមិនទាន់មានកម្លាំងនៅឡើយ លុះដល់ពេលកំណត់ ព្រះគ្រីស្ដបានសោយទិវង្គតសម្រាប់មនុស្សដែលមិនគោរពប្រណិប័តន៍ព្រះអង្គ។ កម្រមាននរណាម្នាក់ស៊ូប្ដូរជីវិត ដើម្បីមនុស្សសុចរិតណាស់ ប្រហែលជាមានម្នាក់ហ៊ានស៊ូប្ដូរជីវិត ដើម្បីមនុស្សល្អដែរមើលទៅ! រីឯព្រះជាម្ចាស់វិញ ព្រះអង្គបានបង្ហាញព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គចំពោះយើង គឺព្រះគ្រីស្ដបានសោយទិវង្គតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សជាប់បាបនៅឡើយ។ ឥឡូវនេះ បើព្រះជាម្ចាស់ប្រោសយើងឲ្យសុចរិត ដោយសារព្រះលោហិតរបស់ព្រះគ្រីស្ដយ៉ាងហ្នឹងទៅហើយ ព្រះអង្គរឹតតែសង្គ្រោះយើងឲ្យរួចពីព្រះពិរោធ ដោយសារព្រះគ្រីស្ដថែមទៀតជាពុំខាន។ បើព្រះជាម្ចាស់សម្រុះសម្រួលយើងឲ្យជានានឹងព្រះអង្គវិញ ដោយព្រះបុត្រារបស់ព្រះអង្គសោយទិវង្គត ក្នុងគ្រាដែលយើងនៅជាសត្រូវនឹងព្រះអង្គនៅឡើយ ចំណង់បើឥឡូវនេះ យើងបានជានានឹងព្រះអង្គហើយ ព្រះអង្គក៏រឹតតែសង្គ្រោះយើង ដោយសារព្រះជន្មរបស់ព្រះបុត្រាថែមទៀត ជាពុំខាន។
បន្ទរ៖ យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះគ្រីស្ត *យើងខ្ញុំសូមកោតសរសើរព្រះអង្គ។ បន្ទរឡើងវិញ៖…
-ដ្បិតព្រះអង្គបានសង្រ្គោះពិភពលោក ដោយសារឈើឆ្កាងរបស់ព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងព្រះនាងម៉ារី
បន្ទរ៖ កាលនៅវាលរហោស្ថាន លោកម៉ូសេបានលើកពស់ឡើងយ៉ាងណា បុត្រមនុស្សនឹងត្រូវគេលើកឡើងយ៉ាងនោះដែរ ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះអង្គមានជីវិតអស់កល្បជានិច្ច។
ពាក្យអង្វរសកល
ព្រះសង្រ្គោះនៃមនុស្សលោកបានសោយទិវង្គត ដើម្បីបំផ្លាញសេចក្តីស្លាប់ ហើយដោយព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានស្តារជីវិតឡើងវិញ។ ចូរយើងទូលសូមព្រះអង្គដោយចិត្តរាបសារថា ៖
បន្ទរ៖ សូមប្រោសឱ្យប្រជារាស្រ្តដែលព្រះអង្គបានលោះ ដោយព្រះលោហិតរបស់ព្រះអង្គបានវិសុទ្ធផង !
ឱព្រះសង្រ្គោះនៃពិភពលោក ! សូមប្រោសឱ្យយើងខ្ញុំអាចចែករំលែកនូវទុក្ខលំបាករបស់ព្រះអង្គ តាមរយៈការប្រែចិត្តគំនិតនៅទីជម្រៅខាងវិញ្ញាណ
—ដើម្បីឱ្យយើងខ្ញុំអាចទទួលសិរីរុងរឿង នៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គផង។ (បន្ទរ)
សូមព្រះមាតាលួងលោមអ្នកដែលរងទុក្ខ និងការពារយើងខ្ញុំ
—សូមឱ្យយើងខ្ញុំចេះលួងលោមអ្នកដទៃ ដូចព្រះអង្គបានលួងលោមយើងខ្ញុំដែរ។ (បន្ទរ)
នៅក្នុងទុក្ខលំបាករបស់ពួកគេ សូមព្រះអង្គធ្វើឱ្យគ្រីស្តបរិស័ទអាចចែករំលែកនូវទុក្ខលំបាករបស់ព្រះអង្គ
—ហើយសូមព្រះអង្គសម្តែងឫទ្ធានុភាពក្នុងជីវិតរស់នៅរបស់ពួកគេផង។ (បន្ទរ)
ព្រះអង្គបានបន្ទាបខ្លួនដោយការស្តាប់បង្គាប់ រហូតដល់សោយទិវង្គតនៅលើឈើឆ្កាងថែមទៀតផង
—សូមព្រះអង្គប្រទានព្រះអំណោយទាននៃការស្តាប់បង្គាប់ និងចិត្តស៊ូទ្រាំ ឱ្យអ្នកបម្រើព្រះអង្គ។ (បន្ទរ)
សូមព្រះអង្គបំផ្លាស់បំប្រែរូបកាយរបស់មនុស្សស្លាប់ ឱ្យទៅជារូបកាយដែលប្រកបដោយសិរីរុងរឿងដូចព្រះអង្គ
—ហើយសូមព្រះអង្គនាំយើងខ្ញុំ ឱ្យចូលរួមជាមួយពួកគេនៅថ្ងៃចុងក្រោយផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ! យើងខ្ញុំនាំគ្នារំឭកដល់ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គរងទុក្ខលំបាក ដើម្បីសង្គ្រោះមនុស្ស លោក។ សូមព្រះអង្គមេត្តាលើកលែងទោសឲ្យយើងខ្ញុំ ដែលជាមនុស្សទន់ខ្សោយ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។