២១ មីនា ២០២៧

Written on 15/01/2026
Mary Siya Khim

ថ្ងៃអាទិត្យ បុណ្យហែស្លឹក លើកតម្កើងព្រះអម្ចាស់រងទុក្ខលំបាក

(ពេលល្ងាចទី២)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១០,១-៥.៧

ព្រះមេស្ស៊ី ជាព្រះមហាក្សត្រ និងជាបូជាចារ្យ

ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ (១ករ ១៥,២៥)។

បន្ទរទី១៖ លោកត្រូវរងរបួស ហើយលោកបានបន្ទាបខ្លួន ប៉ុន្តែ ព្រះជាម្ចាស់បានប្រោសលោកឱ្យតើនឡើង ដោយមហិទ្ធិឫទ្ធិរបស់ព្រះអង្គផ្ទាល់។

១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាអម្ចាស់របស់ខ្ញុំថា ៖
“សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្រ្កាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!”។
២
សូមព្រះអង្គប្រោសប្រទានឱ្យព្រះរាជ្យរបស់ព្រះករុណា
លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ!
សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ!
៣
នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត
ពួកយុវជននាំគ្នាចូលគាល់ព្រះករុណា នៅលើភ្នំដ៏វិសុទ្ធ
ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។
៤
ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖
“ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។
៥
ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា
នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។
៧
នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ
រួចហើយ ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ លោកត្រូវរងរបួស ហើយលោកបានបន្ទាបខ្លួន ប៉ុន្តែ ព្រះជាម្ចាស់បានប្រោសលោកឱ្យតើនឡើង ដោយមហិទ្ធិឫទ្ធិរបស់ព្រះអង្គផ្ទាល់។

ទំនុកតម្កើងលេខ ១១៥

សូមលើកតម្កើងព្រះជាម្ចាស់ដ៏ពិតប្រាកដ

មនុស្សម្នារៀបរាប់អំពីរបៀបដែលបងប្អូនទទួលយើង នៅពេលយើងមករកបងប្អូន និងអំពីរបៀបដែលបងប្អូនលះបង់ព្រះក្លែងក្លាយ
បែរមករកព្រះជាម្ចាស់ ដើម្បីគោរពបម្រើព្រះអង្គដែលមានព្រះជន្មរស់ និងជាព្រះដ៏ពិតប្រាកដ (១ថស ១,៩)។

បន្ទរទី២ ៖ ព្រះលោហិតរបស់ព្រះគ្រីស្តជម្រះយើងខ្ញុំ ដើម្បីបម្រើព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ។

(បទកាកគតិ)

១- បពិត្រព្រះម្ចាស់ ខ្ញុំមិនគួរសោះ ឱ្យគេតម្កើង
  មានតែព្រះអង្គ ទើបត្រូវលើកឡើង ឱ្យខ្ពស់ថ្កុំថ្កើង
    ព្រោះទ្រង់សប្បុរស ។
២- ម្តេចក៏ប្រជា គ្រប់ជាតិនានា នាំគ្នាសួរស្រុះ
  មកយើងខ្ញុំថា "ពួកឯងទាំងអស់ តើព្រះឯងនោះ
    ស្ថិតនៅឯណា? " ។
៣- ព្រះរបស់ខ្ញុំ នៅទីបរម សុខឥតឧបមា
  ទ្រង់សព្វព្រះទ័យ ធ្វើកិច្ចអស្ចារ្យ អ្វីសព្វប្រការ
    បានឥតមានទាស់ ។
៤- ឯព្រះពួកអ្នក ប្រាកដជាជាក់ ព្រះក្លែងក្លាយស្មោះ
  ខ្លះធ្វើពីឈើ គគីរកកោះ ពីប្រាក់ពីមាស
    ជាព្រះមនុស្សច្នៃ ។
៥- ព្រះនោះមានមាត់ និយាយមិនកើត មិនដែលចេញស្តី
  តាមតែជាងឆ្លាក់ ដាក់មកធ្វើអ្វី ភ្នែកឥតប្រស្រី
    មើលអ្វីមិនបាន ។
៦- រីឯត្រចៀក មានប្រាកដជាក់ តែមិនចំណាន
  ព្រោះស្តាប់មិនកើត មិនដឹងដើមដាន ច្រមុះដែលមាន
    តែមិនដឹងក្លិន ។
៧- មានសព្វទាំងដៃ តែមិនអាចលៃ ប៉ះពាល់ឬកាន់
  មានជើងនៅស្ងៀម ព្រោះដើរមិនបាន បំពង់កមាន
    តែគ្មានសំឡេង ។
៨- សូមឱ្យអស់អ្នក ដែលបានដាប់ឆ្លាក់ រូបព្រះនោះឯង
  ហើយផ្ញើជីវិត គ្មានគិតកោតក្រែង ឱ្យគេចំបែង
    ដូចព្រះទាំងនោះ ។
៩- អ៊ីស្រាអែលអើយ ចូរកុំកន្តើយ ជីវិតផ្ញើព្រះ
  នោះទ្រង់នឹងជួយ អ្នកបានទាំងអស់ ជាខែលគ្រឿងក្រោះ
    ពាំងអ្នករាល់គ្នា ។
១០- ពូជពង្សរបស់ អរ៉ុនទាំងអស់ ចូរអ្នកម្នីម្នា
  ផ្ញើជន្មជីវ៉ា លើព្រះនាមា ទ្រង់នឹងការពារ
    ឱ្យអ្នកបានសុខ ។
១១- អ្នកដែលកោតខ្លាច ព្រះមានអំណាច នឹងមិនជួបទុក្ខ
  បើផ្ញើជីវិត អ្នកនឹងបានសុខ ពីនេះទៅមុខ
    ផុតទុក្ខល្ហើយល្ហែ ។
១២- ព្រះមិនបំភ្លេច សូម្បីតួចតិច ដល់ពួកយើងទេ
  ព្រះអង្គឱ្យពរ យើងកើនឡើងទ្វេ អ៊ីស្រាអែលដែរ
    និងលោកអរ៉ុន ។
១៣- ព្រះអង្គប្រទាន ពរទាំងអ្នកមាន អ្នកតូចអ្នកធំ
  ដែលចេះកោតខ្លាច ក្រាបថ្វាយបង្គំ យកព្រះជាធំ
    ជាម្លប់ថ្លៃថ្លា ។
១៤- សូមព្រះប្រទាន ពរនោះឱ្យមាន ដល់អ្នករាល់គ្នា
  បានចម្រើនឡើង គ្រប់ពេលវេលា បានសុខរមនា
    កូនចៅប្រុសស្រី ។
១៥- សូមអ្នកទទួល កុំបីអំពល់ ពីម្ចាស់មេឃដី
  ទ្រង់ប្រទានពរ បវរសួស្តី ព្រះអម្ចាស់ថ្លៃ
    ជាព្រះយើងពិត ។
១៦- ផ្ទៃមេឃផែនដី សន្លឹមអន្លាយ គឺជាកម្មសិទ្ធ
  របស់ព្រះម្ចាស់ តែមួយអង្គគត់ ព្រះអង្គអាណិត
    ឱ្យដីមកមនុស្ស ។
១៧- មនុស្សស្លាប់ជាខ្មោច មានក្លិនអសោច៍ ពុំអាចថ្កើងយស
  អស់អ្នកដែលចុះ ទៅស្ថានក្រោមនោះ ក៏ពុំមានឈ្មោះ
    តម្កើងសិរី ។
១៨- គឺយើងនេះហើយ គ្មានអ្នកផ្សេងឡើយ ដែលរស់លើដី
  បានលើកតម្កើង ព្រះអង្គរាល់ថ្ងៃ ឥតមានសំចៃ
    ជារៀងរហូត ។
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច ។

បន្ទរ ៖ ព្រះលោហិតរបស់ព្រះគ្រីស្តជម្រះយើងខ្ញុំ ដើម្បីបម្រើព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ។

បទលើកតម្កើងតាមលិខិតរបស់សន្តសិលា (១សល ២,២១ខ-២២.២៣ខ-២៤)

ព្រះគ្រីស្តជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ព្រះអង្គសព្វព្រះហឫទ័យរងទុក្ខលំបាក

បន្ទរទី៣ ៖ ព្រះគ្រីស្តបាន​ផ្ទុក​បាបរបស់​យើង ក្នុង​ព្រះកាយ​របស់​ព្រះអង្គ ដែល​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​លែង​ជំពាក់‌ជំពិន នឹង​បាប​ត​ទៅ​មុខ​ទៀត ហើយ​ឲ្យ​យើង​មាន​ជីវិត ដោយ​ប្រព្រឹត្ត​តែ​អំពើ​សុចរិត។

២១ ព្រះ‌គ្រីស្តក៏​បាន​រងទុក្ខ​លំបាក សម្រាប់​បង‌ប្អូន ទុក​ជា​គំរូ
ឲ្យបងប្អូន​ដើរ​តាម​គន្លង​របស់​ព្រះអង្គ​ដែរ។
២២
ព្រះអង្គ​ពុំ​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ
ហើយ​ក៏​ពុំ​ដែល​មាន​ព្រះ‌បន្ទូល​វៀច​វេរ​ណា
ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ​ឡើយ។
២៣
ព្រះអង្គ​បាន​រងទុក្ខ​លំបាក តែ​ព្រះ‌អង្គ​ពុំ​បាន​គំរាម​កំហែង​គេ​វិញ​ទេ
ព្រះអង្គ​ផ្ញើជីវិត​ទៅ​លើ​ព្រះជាម្ចាស់ ដែល​ព្រះ‌អង្គ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌។
២៤
ព្រះ‌គ្រីស្តបាន​ផ្ទុក​បាបរបស់​យើង ក្នុង​ព្រះ‌កាយ​របស់​ព្រះ‌អង្គដែល​ជាប់​លើ​ឈើ​ឆ្កាង
ដើម្បី​ឲ្យ​យើង​លែង​ជំពាក់‌ជំពិន នឹង​បាប​ត​ទៅ​មុខ​ទៀត
ហើយ​ឲ្យ​យើង​មាន​ជីវិត ដោយ​ប្រព្រឹត្ត​តែ​អំពើ​សុចរិត។
បង‌ប្អូន​បាន​ជា​សះ‌ស្បើយ​ ដោយ‌សារស្នាម​របួស​របស់​ព្រះ‌អង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះគ្រីស្តបាន​ផ្ទុក​បាបរបស់​យើង ក្នុង​ព្រះកាយ​របស់​ព្រះអង្គ ដែល​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​លែង​ជំពាក់‌ជំពិន នឹង​បាប​ត​ទៅ​មុខ​ទៀត ហើយ​ឲ្យ​យើង​មាន​ជីវិត ដោយ​ប្រព្រឹត្ត​តែ​អំពើ​សុចរិត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ១៣,២៦-៣០)

បង‌ប្អូន​ជា​ពូជពង្ស​លោក​អប្រាហាំ និង​បង‌ប្អូន​ដែល​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​អើយ! ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌បន្ទូលស្ដីអំពី​ការ​សង្គ្រោះ មក​ឲ្យ​យើង​ទាំង​អស់​គ្នា​នេះ​ហើយ ដ្បិត​អ្នក​ក្រុង​យេរូ‌សាឡឹម និង​ពួក​មេ​ដឹក​នាំ​របស់​គេ ពុំ​បាន​ដឹង​ថា​ព្រះ‌យេស៊ូជា​នរណា​ឡើយ។ គេ​បាន​កាត់​ទោស​ព្រះ‌អង្គ ស្រប​នឹង​សេចក្ដីដែល​ព្យាការីថ្លែង​ទុក​មក ហើយ​គេ​អាន​រៀង​រាល់​ថ្ងៃ​សប្ប័ទ ទោះ​បី​គេ​រក​កំហុស​អ្វី​មក​កាត់​ទោស​លោក​មិន​ឃើញ​ក៏​ដោយ ក៏​គេ​នៅ​តែ​សុំ​ឲ្យ​លោក​ពីឡាត​ប្រហារ​ជីវិត​ព្រះ‌អង្គ​ដែរ។ កាល​គេ​បាន​ធ្វើ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​អំពី​ព្រះ‌អង្គ​ចប់​សព្វ​គ្រប់​ហើយ គេ​ក៏​យក​ព្រះ​សព​ព្រះ‌អង្គ​ចុះ​ពី​ឈើ​ឆ្កាង​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​រស់​ឡើង​វិញ។

បន្ទរ៖ យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះគ្រីស្ត *យើងខ្ញុំសូមកោតសរសើរព្រះអង្គ។ បន្ទរឡើងវិញ៖…
-ដ្បិតព្រះអង្គបានសង្រ្គោះពិភពលោក ដោយសារឈើឆ្កាងរបស់ព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ ដ្បិត​មាន​ចែង​ទុក​មក​ថាៈ “យើង​នឹង​វាយ​សម្លាប់​គង្វាល ហើយ​ចៀម​នៅ​ក្នុង​ហ្វូង​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ” ។ ប៉ុន្តែ ក្រោយ​ពេល​ខ្ញុំ​មាន​ជីវិត​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលី‌ឡេ មុន​អ្នក​រាល់​គ្នា» ។ នៅទីនោះ អ្នករាល់គ្នានឹងឃើញខ្ញុំ។

ពាក្យអង្វរសកល

ព្រះសង្រ្គោះនៃមនុស្សលោកបានសោយទិវង្គត ដើម្បីបំផ្លាញសេចក្តីស្លាប់ ហើយដោយព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានស្តារជីវិតឡើងវិញ។ ចូរយើងទូលសូមព្រះអង្គ ដោយចិត្តរាបសារថា ៖

បន្ទរ៖ សូមប្រោសឱ្យប្រជារាស្រ្តដែលព្រះអង្គបានលោះ ដោយព្រះលោហិតរបស់ព្រះអង្គបានវិសុទ្ធផង !

ឱព្រះសង្រ្គោះនៃពិភពលោក! សូមប្រោសឱ្យយើងខ្ញុំអាចចែករំលែកនូវទុក្ខលំបាករបស់ព្រះអង្គ តាមរយៈការប្រែចិត្តគំនិតនៅទីជម្រៅខាងវិញ្ញាណ
—ដើម្បីឱ្យយើងខ្ញុំអាចទទួលសិរីរុងរឿងនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។ (បន្ទរ)

សូមព្រះមាតាលួងលោមអ្នកដែលរងទុក្ខ និងការពារយើងខ្ញុំ
—សូមឱ្យយើងខ្ញុំចេះលួងលោមអ្នកដទៃ ដូចព្រះអង្គបានលួងលោមយើងខ្ញុំដែរ។ (បន្ទរ)

នៅក្នុងទុក្ខលំបាករបស់ពួកគេ សូមព្រះអង្គធ្វើឱ្យគ្រីស្តបរិស័ទអាចចែករំលែកនូវទុក្ខលំបាករបស់ព្រះអង្គ
—ហើយសូមព្រះអង្គសម្តែងឫទ្ធានុភាពក្នុងជីវិតរស់នៅរបស់ពួកគេផង។ (បន្ទរ)

ព្រះអង្គបានបន្ទាបខ្លួនដោយការស្តាប់បង្គាប់ រហូតដល់សោយទិវង្គតនៅលើឈើឆ្កាងថែមទៀតផង
—សូមព្រះអង្គប្រទានព្រះអំណោយទាននៃការស្តាប់បង្គាប់ និងចិត្តស៊ូទ្រាំ ឱ្យអ្នកបម្រើព្រះអង្គ។ (បន្ទរ)

សូមព្រះអង្គបំផ្លាស់បំប្រែរូបកាយរបស់មនុស្សស្លាប់ ឱ្យទៅជារូបកាយដែលប្រកបដោយសិរីរុងរឿងដូចព្រះអង្គ
—ហើយសូមព្រះអង្គនាំយើងខ្ញុំឱ្យចូលរួមជាមួយពួកគេនៅថ្ងៃចុងក្រោយផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គសព្វព្រះហឫទ័យរងទុក្ខលំបាក និងសោយទិវង្គតយ៉ាងសែនអាម៉ាស់ ដើម្បីសង្គ្រោះមនុស្សលោកឲ្យរួចពីបាប។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំឲ្យយល់ពីគម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គ ហើយសូមប្រោសឲ្យយើងខ្ញុំសុខចិត្តធ្វើតាមព្រះយេស៊ូជានិច្ចផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។