១០ មីនា ២០២៧

Written on 13/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី៤ ថ្ងៃពុធ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១៣៩,១-១៨.២៣-២៤

ព្រះអង្គទតឃើញអ្វីៗទាំងអស់

តើនរណាស្គាល់គំនិតរបស់ព្រះអម្ចាស់?
តើនរណាបានថ្វាយយោបល់ទៅព្រះអង្គ? (រ៉ូម ១១,៣៤)។

បន្ទរទី១ ៖ ឱព្រះអម្ចាស់អើយ ! ទូលបង្គំកោតស្ញប់ស្ញែងណាស់ ដោយព្រះអង្គស្គាល់ទូលបង្គំយ៉ាងច្បាស់ដូច្នេះ គឺ​អស្ចារ្យ​ពេកដែល​ទូលបង្គំមិន​អាច​យល់​បាន​ឡើយ។

(ក)

១ បពិត្រព្រះអម្ចាស់! ព្រះអង្គឈ្វេងយល់ដល់ជម្រៅចិត្តទូលបង្គំ
ព្រះអង្គស្គាល់ទូលបង្គំយ៉ាងច្បាស់។
២
ព្រះអង្គជ្រាបពេលណាទូលបង្គំអង្គុយ ពេលណាទូលបង្គំក្រោកឈរ
ព្រះអង្គឈ្វេងយល់គំនិតរបស់ទូលបង្គំ ជាមុនស្រេចទៅហើយ។
៣
ព្រះអង្គជ្រាបពេលណាទូលបង្គំធ្វើការ ពេលណាទូលបង្គំសម្រាក
ព្រះអង្គជ្រាបច្បាស់នូវអ្វីៗទាំងអស់ ដែលទូលបង្គំប្រព្រឹត្ត។
៤
បពិត្រព្រះអម្ចាស់! ពាក្យសម្តីមិនទាន់ចេញពីមាត់ទូលបង្គំផង
ព្រះអង្គក៏ជ្រាបសេចក្តីដែលទូលបង្គំបម្រុងនឹងនិយាយនោះរួចស្រេចទៅហើយ។
៥
ព្រះអង្គនៅពីមុខពីក្រោយទូលបង្គំ
ព្រះអង្គការពារទូលបង្គំដោយព្រះបារមីរបស់ព្រះអង្គ។
៦
ទូលបង្គំសែនកោតស្ញប់ស្ញែងណាស់ ដោយព្រះអង្គស្គាល់ទូលបង្គំច្បាស់ដូច្នេះ
គឺអស្ចារ្យពេកណាស់ ទូលបង្គំមិនអាចយល់បានឡើយ។
៧
តើទូលបង្គំអាចទៅណាឆ្ងាយពីព្រះអង្គបាន?
តើទូលបង្គំគេចចេញទៅណាឱ្យឆ្ងាយពីព្រះភក្ត្ររបស់ព្រះអង្គបាន?
៨
បើទូលបង្គំឡើងទៅលើមេឃ ព្រះអង្គគង់នៅទីនោះ
បើទូលបង្គំទៅនៅស្ថានមនុស្សស្លាប់ ក៏ព្រះអង្គនៅទីនោះដែរ។
៩
ទោះបីទូលបង្គំពាក់ស្លាបហោះ ទៅកន្លែងព្រះអាទិត្យរះ
ឬទោះបីទូលបង្គំទៅរស់នៅខាងនាយសមុទ្រក៏ដោយ
១០
ក៏ព្រះអង្គគង់នៅទីនោះ ដើម្បីដឹកនាំទូលបង្គំ
ហើយជួយទូលបង្គំ ដោយព្រះបារមីរបស់ព្រះអង្គដែរ។
១១
ប្រសិន​បើ​ទូលបង្គំពោល​ថា: «សូម​ឱ្យ​ភាព​ងងឹត​គ្រប​ពី​លើ​ខ្ញុំ
ហើយ​សូម​ឱ្យ​ពន្លឺថ្ងៃ​ដែល​នៅ​ជុំវិញ​ខ្ញុំ ប្រែ​ទៅ​ជា​យប់​ងងឹត!» ។
១២
ប៉ុន្តែ ចំពោះ​ព្រះអង្គ ទោះ​បី​ងងឹត​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​ភ្លឺដដែល
គឺ​យប់​ភ្លឺដូច​ថ្ងៃ ហើយ​ភាព​ងងឹត​ដូច​ពន្លឺ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! ទូលបង្គំកោតស្ញប់ស្ញែងណាស់ ដោយព្រះអង្គស្គាល់ទូលបង្គំយ៉ាងច្បាស់ដូច្នេះ គឺ​អស្ចារ្យ​ពេកដែល​ទូលបង្គំមិន​អាច​យល់​បាន​ឡើយ។

 

បន្ទរទី២ ៖ យើងជាព្រះអម្ចាស់ យើង​ឈ្វេង​យល់​ជម្រៅចិត្ត​របស់​មនុស្ស យើង​មើល​ធ្លុះ​អាថ៌‌កំបាំង​របស់​គេ។ យើង​នឹង​តប​ស្នង​ឱ្យមនុស្ស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

 

(ខ)

(បទពាក្យ ៧)

១៣- ព្រះអង្គបង្កើតរូបខ្ញុំមក ហើយទ្រង់បានទុកខ្ញុំក្នុងផ្ទៃ  
  អ្នកម្តាយមានគុណយូរខែថ្ងៃ សន្តោសប្រណីគ្រប់ៗគ្រា ។
១៤- ទូលបង្គំសូមថ្កើងព្រះអង្គ ស្នាព្រះហស្តទ្រង់ដ៏អស្ចារ្យ  
  ខ្ញុំដឹងថាអ្វីគ្រប់ប្រការ សុទ្ធតែអស្ចារ្យកើតពីទ្រង់ ។
១៥- ពេលទូលបង្គំចាប់កំណើត នៅក្នុងទីស្ងាត់លាក់កំបាំង  
  ក៏មិនអាចពួននឹងព្រះអង្គ អ្វីៗក៏ទ្រង់ជ្រាបទាំងអស់ ។
១៦- កាលទូលបង្គំមិនទាន់មាន រូបកាយមាំមួនសាច់ឈាមស្រស់  
  ព្រះអង្គទតខ្ញុំឃើញទាំងអស់ ឥតមានចន្លោះត្រង់ណាឡើយ ។
  ព្រះអង្គកំណត់ពេលវេលា អាយុសង្ខារខ្ញុំរួចហើយ  
  កត់ទុកជាស្រេចមិនកន្តើយ មុននឹងដល់ថ្ងៃនោះមកទៀត ។
១៧- បពិត្រព្រះម្ចាស់ព្រះតំរិះ ព្រះអង្គជ្រៅជ្រះជាងសមុទ្រ  
  ខ្ពស់ហួសអាកាសវេហាស៍ផុត មិនអាចកំណត់ដឹងចំនួន ។
១៨- ប្រសិនបើចិត្តខ្ញុំចង់រាប់ ក៏មិនអាចគ្រប់ទាំងអស់បាន  
  ពីការអស្ចារ្យទាំងប៉ុន្មាន មានចំនួនច្រើនជាងគ្រាប់ខ្សាច់ ។
២៣- ឱព្រះម្ចាស់អើយសូមពិនិត្យ ឱ្យបានស្គាល់ចិត្តផុតកង្វល់  
  ទាំងល្បងមើលខ្ញុំឱ្យអស់ខ្វល់ ដើម្បីបានយល់អ្វីខ្ញុំគិត ។
២៤- សូមព្រះជាម្ចាស់ទ្រង់ទតមើល ខ្ញុំមិនបានដើរខុសពីក្រឹត្យ  
  ជួយដឹកនាំខ្ញុំឱ្យជួបជិត មាគ៌ាប្រណីតនៅអស់កល្ប ។
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ ។

បន្ទរ ៖ យើងជាព្រះអម្ចាស់ យើង​ឈ្វេង​យល់​ជម្រៅចិត្ត​របស់​មនុស្ស យើង​មើល​ធ្លុះ​អាថ៌‌កំបាំង​របស់​គេ។ យើង​នឹង​តប​ស្នង​ឱ្យមនុស្ស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

បទលើកតម្កើងតាមលិខិតកូឡូស (កូឡ ១,១២-២០)

ព្រះ‌គ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ព្រះអង្គមានព្រះ‌ជន្មរស់ឡើងវិញមុនគេ

បន្ទរទី៣ ៖ ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។

១២ ចូរអរព្រះគុណព្រះបិតាដោយចិត្តរីករាយ
ព្រោះព្រះអង្គបានប្រោសប្រទានឱ្យបងប្អូនមានសមត្ថភាព
អាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។
១៣
ព្រះអង្គបានរំដោះយើងឱ្យរួចផុតពីអំណាចនៃសេចក្តីងងឹត
ហើយចម្លងយើងទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
១៤
ដោយយើងបានរួមនៅក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង
និងលើកលែងទោសយើងឱ្យរួចពីបាប។
១៥
ព្រះគ្រីស្តជាតំណាងរបស់ព្រះជាម្ចាស់ ដែលយើងមើលពុំឃើញ
ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក
១៦
ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត
ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី
ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ
ទាំងទេវរាជ្យ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង
ទាំងវត្ថុសក្តិសិទ្ធិ និងទាំងអំណាចនានា
ព្រះជាម្ចាស់បានបង្កើតទាំងអស់មក
ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។
១៧
ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់
ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។
១៨
ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺព្រះសហគមន៍
ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។
ក្នុងចំណោមមនុស្សស្លាប់ទាំងអស់
ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ
ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់
១៩
ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យ
ឱ្យគ្រប់លក្ខណៈសម្បត្តិរបស់ព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រីស្ត។
២០
ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់
នៅលើផែនដី និងនៅស្ថានបរមសុខ ឱ្យជានានឹងព្រះអង្គវិញ
ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត
គឺព្រះជាម្ចាស់បានធ្វើឱ្យមានសន្តិភាព
ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ភីល ២,១២-១៦)

ហេតុ​នេះ បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ ដូច​បង‌ប្អូន​ធ្លាប់​តែ​ស្ដាប់​បង្គាប់​ជា​រៀង​ដរាប​មក​ហើយ​នោះ ចូរ​ស្ដាប់​បង្គាប់​ត​ទៅ​មុខ​ទៀត​ទៅ គឺ​មិន​ត្រឹម​តែ​ពេល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ ជា​ពិសេស ពេល​ខ្ញុំ​នៅ​ឆ្ងាយ សូម​បង‌ប្អូន​ខំ​ប្រឹង​ធ្វើ​ការ ទាំង​គោរព​កោត​ខ្លាច និង​ញាប់‌ញ័រ ស្រប​តាម​ការ​សង្គ្រោះ​ដែល​បង‌ប្អូន​បាន​ទទួល​ ដ្បិត​ព្រះ‌ជាម្ចាស់​ទេ​តើ ដែល​ធ្វើ​ឲ្យ​បង‌ប្អូន​មាន​ទាំង​បំណង មាន​ទាំង​សមត្ថ‌ភាព​អាច​នឹង​ប្រព្រឹត្ត​តាម​ព្រះ‌បំណង​ដ៏​សប្បុរស​របស់​ព្រះ‌អង្គ។ ចូរ​ធ្វើកិច្ច‌ការ​ទាំង​អស់ ដោយ​ឥត​រអ៊ូ‌រទាំ ឬ​ជជែក​តវ៉ា​ឡើយ ដើម្បី​ឲ្យ​បង‌ប្អូន​បាន​ល្អ​ឥត​ខ្ចោះ ឥត​សៅ‌ហ្មង ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់​ដែល​ឥត​មាន​កំហុស ក្នុង​ចំណោម​មនុស្ស​វៀច‌វេរ និង​ខិល‌ខូច​នៅ​ជំនាន់​នេះ។ បង‌ប្អូន​ភ្លឺក្នុង​ចំណោម​ពួក​គេ ដូច​ពន្លឺ​ដែល​បំភ្លឺពិភព‌លោក ទាំង​នាំ​ព្រះ‌បន្ទូល​ដែល​ផ្ដល់​ជីវិត​មក​ឲ្យ​ពួក​គេ។ បើ​បង‌ប្អូន​ធ្វើដូច្នេះ ខ្ញុំ​នឹង​បាន​ខ្ពស់​មុខ​នៅ​ថ្ងៃ​ព្រះ‌គ្រីស្ត​យាង​មក​ ព្រោះ​កិច្ច‌ការ​ដែល​ខ្ញុំ​បាន​ខំ​ប្រឹង​ធ្វើ ទាំង​នឿយ‌ហត់​នោះ មិន​មែន​អសារ​ឥត​ការ​ទេ។

បន្ទរ ៖ ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា *ព្រះ‌អង្គ​អើយសូម​ប្រណី​មេត្តា​ទូល‌បង្គំ។ បន្ទរឡើងវិញ៖…
-សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ឡើង​វិញ​ផង ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហប្ញ​ទ័យ​របស់ព្រះ‌អង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ «ខ្ញុំ​មិន​អាច​ធ្វើអ្វីដោយ​អំណាច​ខ្ញុំ​ផ្ទាល់​ឡើយ ខ្ញុំ​វិនិច្ឆ័យ​គ្រប់​ការ​ទាំង​អស់ តាម​សេចក្ដីដែល​ព្រះ‌បិតា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ហើយ​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​ត្រឹម‌ត្រូវ» ។

ពាក្យអង្វរសកល

ព្រះគ្រីស្តសម​នឹង​ទទួលព្រះ‌កិត្តិនាម និងសិរី‌រុង​រឿង ដ្បិតព្រះលោហិតរបស់ព្រះអង្គបានចងសម្ពន្ធមេត្រីថ្មីដ៏នៅអស់កល្បជានិច្ច ជាមួយប្រជារាស្រ្តព្រះអង្គ និងបន្តសម្ពន្ធមេត្រីថ្មីនេះ នៅក្នុងអគ្គសញ្ញានៃតុសក្ការបូជា។ ចូរយើងបន្លឺសម្លេងឡើងទូលអង្វរថា ៖

បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! សូមប្រទានពរដល់ប្រជារាស្ត្រព្រះអង្គ !

បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គណែនាំចិត្តគំនិតរបស់ប្រជាជន និងអ្នកដែលមានបន្ទុកដឹកនាំ
—សូមឱ្យពួកគេស្វែងរកអ្វីៗដែលជាផលប្រយោជន៍រួម។ (បន្ទរ)

សូមព្រះអង្គបន្តស្មារតីនៃការដឹងគុណ ដល់អស់អ្នកដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីដើរតាមព្រះគ្រីស្ត
—សូមឱ្យពួកគេផ្តល់សក្ខីភាពយ៉ាងច្បាស់លាស់អំពីព្រះសហគមន៍ដ៏វិសុទ្ធផង។ (បន្ទរ)

ព្រះអង្គបានបង្កើតបុរស និងស្ត្រី ជារូបតំណាងព្រះអង្គ
—សូមឱ្យពួកគេលើកតម្កើងសេចក្តីថ្លៃថ្នូរនៃមនុស្សជានិច្ច។ (បន្ទរ)

សូមព្រះអង្គណែនាំអស់អ្នកដែលវង្វេងផ្លូវ ឱ្យវិលមករកសេចក្តីពិត និងធ្វើជាមិត្តសម្លាញ់របស់ព្រះអង្គ
—សូមបង្រៀនយើងខ្ញុំឱ្យចេះជួយយកអាសារពួកគេផង។ (បន្ទរ)

សូមព្រះអង្គប្រោសប្រទានឱ្យអ្នកស្លាប់បានចូលទៅក្នុងសិរីរុងរឿងរបស់ព្រះអង្គ
—ដើម្បីឱ្យពួកគេបានលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

ឱព្រះបិតាជាអម្ចាស់អើយ ! ព្រះអង្គប្រទានរង្វាន់ដល់អ្នកសុចរិត ហើយព្រះអង្គលើកលែងទោសដល់អ្នកបាបដែលកែប្រែចិត្តគំនិត។ សូមព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះអស់អ្នកដែលទូលអង្វរព្រះអង្គ។ ពេលយើងខ្ញុំសារភាពថា យើងខ្ញុំជាអ្នកបាប សូមព្រះអង្គមេត្តាលើកលែងទោសឲ្យយើងខ្ញុំរួចផុតពីបាបផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។