១៦ មីនា ២០២៦

Written on 12/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី៤ ថ្ងៃចន្ទ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១៣៦

ទំនុកតម្កើងនៃបុណ្យចម្លង

យើងកោតសរសើរព្រះជាម្ចាស់ ដោយរំឭកឡើងវិញនូវកិច្ចការដ៏អស្ចារ្យ ដែលព្រះអង្គបានប្រព្រឹត្ត (Cassiodorus)។

បន្ទរទី១ ៖ ចូរអរព្រះគុណព្រះអម្ចាស់ ដ្បិតសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះអង្គ គ្មានទីបញ្ចប់ឡើយ។

(ក)

ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

ចូរលើកតម្កើងព្រះដែលខ្ពង់ខ្ពស់លើសព្រះនានា
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

ចូរលើកតម្កើងព្រះអម្ចាស់ ដែលខ្ពង់ខ្ពស់លើសអម្ចាស់នានា
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

មានតែព្រះអង្គទេដែលធ្វើការអស្ចារ្យដ៏ឧត្តុង្គឧត្តមបំផុត
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

ព្រះអង្គបានបង្កើតផ្ទៃមេឃ ដោយព្រះប្រាជ្ញាញាណ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

ព្រះអង្គបានដាក់ផែនដីពីលើផ្ទៃទឹក
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

ព្រះអង្គបានបង្កើតដុំពន្លឺធំៗ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

គឺព្រះអាទិត្យឱ្យគ្រប់គ្រងនៅពេលថ្ងៃ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

ព្រះចន្ទ និងហ្វូងតារា ឱ្យគ្រប់គ្រងនៅពេលយប់
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!
១០
ព្រះអង្គប្រហារជីវិតកូនច្បងរបស់ជនជាតិអេស៊ីប
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!
១១
ព្រះអង្គនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!
១២
ដោយឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរអរព្រះគុណព្រះអម្ចាស់ ដ្បិតសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះអង្គ គ្មានទីបញ្ចប់ឡើយ។

បន្ទរទី២ ៖ «ឱ​ព្រះជាអម្ចាស់​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​អើយ ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ប្រសើរ​ឧត្ដម គួរ​ឲ្យ​កោត​ស្ញប់‌ស្ញែង​ពន់​ពេក​ណាស់!» ។

(ខ)

(បទកាកគតិ)

១២- ដោយឫទ្ធិបារមី តេជះខ្លាំងក្រៃ អានុភាពផង
  ដ្បិតធម៌មេត្តា ករុណាកន្លង នៅជាប់ឥតហ្មង
    ស្ថិតស្ថេរពេញទី
១៣- ទ្រង់ញែកសមុទ្រ គ្មានព្រឺតក់ស្លុត ចែកចេញជាពីរ
  ដោយធម៌មេត្តា ករុណាសំភី តាំងជាប់នៅទី
    អស់កល្បគ្មានផុត
១៤- ទ្រង់នាំជនជាតិ អ៊ីស្រាអែលដើរកាត់ តាមបាតសមុទ្រ
  ដោយធម៌មេត្តា ករុណាបំផុត នៅមិនរលត់
    អស់កល្បកប្បហោង
១៥- ព្រះអង្គធ្វើឱ្យ ស្តេចផារ៉ោនធ្លោយ ទាំងកងទ័ពផង
  លង់ក្នុងសមុទ្រ ស្លាប់គ្រានេះម្តង ករុណាព្រះអង្គ
    ស្ថិតនៅឥតស្រាន្ត
១៦- ព្រះអង្គណែនាំ ប្រជាឱ្យទ្រាំ តាមរហោស្ថាន
  ដោយធម៌មេត្តា ករុណាថ្កើងថ្កាន ស្ថិតគ្មានអវសាន
    អស់កល្បមានជោគ
១៧- ទ្រង់ប្រហារស្តេច ពេញដោយអំណាច ច្រើនអង្គដួលស្តូក
  ដោយធម៌មេត្តា ករុណាមានមក ស្ថិតនៅលើលោក
    អស់កល្បកន្លង
១៨- ព្រះអង្គប្រហារ ស្តេចខ្លាំងមហិមា ឱ្យក្ស័យគ្រប់អង្គ
  ដោយធម៌មេត្តា ករុណាត្រចង់ ស្ថិតនៅគង់វង្ស
    អស់កល្បគ្រប់ទី
១៩- គឺមានព្រះបាទ ស៊ីហុនសោយរាជ្យ លើអាម៉ូរី
  ដ្បិតទ្រង់មេត្តា ករុណាប្រណី សន្តោសពេកក្រៃ
    រហូតតទៅ
២០- និងព្រះបាទអុក គ្រប់គ្រងលើស្រុក បាសាននោះនៃ
  ព្រោះតែព្រះអង្គ ទ្រង់មានព្រះទ័យ ស្មោះស្ម័គ្រមេត្រី
    អស់កល្បស្ថិតស្ថេរ
២១- ព្រះអង្គប្រទាន អ៊ីស្រាអែលបាន ដីទុកជាកេរ
  ដ្បិតព្រះហឫទ័យ ករុណាឥតប្រែ ព្រះអង្គស្ថិតស្ថេរ
    អស់កល្បតទៅ
២២- ព្រះអង្គប្រទាន កូនចៅឱ្យមាន ស្រុករស់និត្យនៅ
  ដោយធម៌មេត្តា ករុណាពេកកូវ ព្រះអង្គស្ថិតនៅ
    ជាអចិន្ត្រៃយ៍
២៣- ពេលយើងមានទុក្ខ វេទនាគ្រប់មុខ ទ្រង់តែងប្រណី
  ដោយធម៌មេត្តា ករុណាឥតបី ប្រសើរពេកក្រៃ
    គ្រប់សម័យកាល
២៤- ព្រះអង្គរំដោះ យើងផុតពីគ្រោះ លែងភ័យជ្រួលច្រាល
  ដោយព្រះហឫទ័យ ករុណាត្រកាល ស្ថិតនៅរៀងរាល់
    រហូតឥតឈប់
២៥- ព្រះអង្គប្រទាន អាហារឱ្យបាន ឆ្អែតឆ្អន់គ្រប់រូប
  ដោយធម៌មេត្តា ករុណាលើសលប់ ស្ថិតនៅតាំងជាប់
    ឥតបីរលត់
២៦- ចូរលើកតម្កើង ព្រះម្ចាស់ខ្ពស់ឡើង គ្មានទីបំផុត
  ដោយធម៌មេត្តា ករុណាវិសុទ្ធ ស្ថិតមិនរលត់
    អស់កល្បកប្បហោង
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ «ឱ​ព្រះជាអម្ចាស់​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​អើយ ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ប្រសើរ​ឧត្ដម គួរ​ឲ្យ​កោត​ស្ញប់‌ស្ញែង​ពន់​ពេក​ណាស់!» ។

បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)

ព្រះជាម្ចាស់ជាព្រះសង្រ្គោះយើងខ្ញុំ

បន្ទរទី៣ ៖ ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រា​ចុង​ក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្តជាម្ចាស់​តែមួយ។

សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត
ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង
ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។

ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ
ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មង នៅចំពោះព្រះភក្ត្រព្រះអង្គ
ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។

ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ
ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ

ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោស
ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។

ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង
ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឱ្យយើងបានរួចពីបាប
តាមព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់របស់ព្រះអង្គ។

ព្រះជាម្ចាស់ប្រណីសន្តោសយើងយ៉ាងខ្លាំងបំផុត
គឺទ្រង់ប្រទានឱ្យយើងមានតំរិះ និងមានប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។

ព្រះអង្គបានប្រោសឱ្យយើងស្គាល់ពីគម្រោងការដ៏លាក់កំបាំងនៃព្រះហឫទ័យរបស់ព្រះអង្គ
តាមព្រះបំណងដ៏សប្បុរស ដែលទ្រង់បានសម្រេចទុកជាមុន ដោយព្រះអង្គផ្ទាល់។
១០
ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត
គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី
ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្ត ជាម្ចាស់តែមួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រា​ចុង​ក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្តជាម្ចាស់​តែមួយ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១២,១-២)

ហេតុ​នេះ បង‌ប្អូន​អើយ ខ្ញុំ​សូម​ដាស់‌តឿន​បង‌ប្អូន​ថា ដោយ​ព្រះ‌ជាម្ចាស់ មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​បង‌ប្អូន ចូរ​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អង្គ ទុក​ជា​យញ្ញ‌បូជា​ដ៏​មាន​ជីវិត ដ៏‌វិសុទ្ធ ហើយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់។ បើ​បង‌ប្អូន​ធ្វើ​ដូច្នេះ ទើប​ហៅ​ថា​គោរព​បម្រើ​ព្រះ‌អង្គ​តាម​របៀប​ត្រឹម​ត្រូវ​មែន។ មិន​ត្រូវ​យក​តម្រាប់​តាម​លោកីយ៍​នេះ​ឡើយ ត្រូវ​ទុក​ឲ្យ​ព្រះ‌ជាម្ចាស់ កែ​ប្រែ​ចិត្ត​គំនិត​បង‌ប្អូន ឲ្យ​ទៅ​ជា​ថ្មី​ទាំង​ស្រុង​វិញ ដើម្បី​ឲ្យ​បង‌ប្អូន​ចេះ​ពិចារណា​មើល​ថា ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្វីខ្លះ គឺ​អ្វី​ដែល​ល្អ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ និង​គ្រប់​លក្ខណៈ។

បន្ទរ៖ ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា *ព្រះ‌អង្គ​អើយសូម​ប្រណី​មេត្តា​ទូល‌បង្គំ។ បន្ទរឡើងវិញ៖…
-សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ឡើង​វិញ​ផង ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហប្ញ​ទ័យ​របស់ព្រះ‌អង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ ឪពុក​ដឹង​ថា គឺ​នៅ​ម៉ោង​នោះ​ឯង ដែល​ព្រះ‌យេស៊ូមាន​ព្រះ‌បន្ទូល​មក​គាត់​ថា “កូន​របស់​លោក​រស់​ហើយ!” ។ លោក​ជឿ​លើ​ព្រះ‌យេស៊ូ ហើយ​ក្រុម​គ្រួសារ​របស់​លោក​ទាំង​មូល ក៏​ជឿ​លើ​ព្រះ‌អង្គ​ដែរ។

ពាក្យអង្វរសកល

សូមលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា ដែលបានប្រទានព្រះបន្ទូលសន្យាតាមរយៈព្រះបុត្រា ដើម្បីប្រទានតាមពាក្យអង្វរនៃអស់អ្នកដែលរួមគ្នាទូលសូមព្រះអង្គ។ ដោយជឿទុកចិត្តលើព្រះបន្ទូលសន្យាទាំងនេះ យើងខ្ញុំទូលព្រះអង្គថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គទតមកមើលប្រជារាស្រ្តព្រះអង្គ ដោយព្រះហឫទ័យមេត្តា !

បពិត្រព្រះអម្ចាស់ ! ព្រះអង្គបានប្រទានធម្មវិន័យឱ្យលោកម៉ូសេនៅភ្នំស៊ីណៃ ហើយបាននាំយកវិន័យដ៏ល្អឥតខ្ចោះនេះ ទៅដល់អ្នកដែលព្រះអង្គបានចាក់ប្រេងតែងតាំង
—សូមឱ្យមនុស្សទាំងអស់ទទួលស្គាល់វិន័យ ដែលព្រះអង្គបានចារទុកក្នុងដួងចិត្តរបស់ពួកគេ ហើយឱ្យគេយកចិត្តទុកដាក់ថែរក្សាដូចជាសម្ពន្ធមេត្រី ដោយចិត្តស្មោះត្រង់។ (បន្ទរ)

សូមព្រះអង្គប្រទានឱ្យអជ្ញាធរមានការខ្វល់ខ្វាយពិតប្រាកដ ចំពោះអស់បងប្អូនដែលបានជឿទុកចិត្តលើការថែរក្សារបស់ពួកគេ
—ហើយសូមព្រះអង្គជម្រុញឱ្យដួងចិត្តរបស់ប្រជាពលរដ្ឋ ជួយគាំទ្រដល់ថ្នាក់ដឹកនាំរបស់ខ្លួនផង។ (បន្ទរ)

សូមព្រះអង្គពង្រឹងចិត្តគំនិតបេសកជន ដោយព្រះវិញ្ញាណដ៏វិសុទ្ធ
—ហើយសូមព្រះអង្គបង្កើតសហការីមួយ ដើម្បីជួយដល់ពួកគេពីគ្រប់ប្រជាជាតិទាំងអស់។ (បន្ទរ)

សូមព្រះអង្គប្រទានព្រះអំណោយទានដល់ក្មេងៗ ដើម្បីឱ្យពួកគេអាចធំឡើងក្នុងធម៌មេត្តារបស់ព្រះអង្គ
—និងសូមប្រទានឱ្យមនុស្សវ័យក្មេង អាចឈានទៅដល់កម្ពស់ក្នុងការស្រឡាញ់ព្រះអង្គ និងកាន់តាមបទបញ្ជារបស់ព្រះអង្គផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គប្រទានអគ្គសញ្ញានានា ដើម្បីកសាងពិភពលោកថ្មី។ សូមព្រះអង្គជួយឧបត្ថម្ភឲ្យព្រះសហគមន៍កាន់តែរីកចម្រើនឡើង ហើយប្រោសឲ្យយើងខ្ញុំចេះចែករំលែកសម្បត្តិនៃស្ថានបរមសុខ ដល់មនុស្សលោកសព្វថ្ងៃនេះផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។