រដូវសែសិបថ្ងៃ សប្តាហ៍ទី៤ ថ្ងៃអាទិត្យ
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១០,១-៥.៧
ព្រះមេស្ស៊ីជាព្រះមហាក្សត្រ និងជាបូជាចារ្យ
ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ (១ករ ១៥,២៥)។
បន្ទរទី១ ៖ ព្រះជាម្ចាស់បានតែងតាំងព្រះអង្គឲ្យវិនិច្ឆ័យទោសមនុស្សរស់ និងមនុស្សស្លាប់។
| ១ | ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជាជាអម្ចាស់របស់ខ្ញុំថា ៖ “សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!” ។ |
| ២ | សូមព្រះអង្គប្រោសប្រទានឱ្យព្រះរាជ្យរបស់ព្រះករុណា លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ! សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ! |
| ៣ | នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលគាល់ព្រះករុណា នៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើម នៅពេលព្រឹកព្រលឹម។ |
| ៤ | ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖ “ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក” ។ |
| ៥ | ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។ |
| ៧ | នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ រួចហើយ ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះជាម្ចាស់បានតែងតាំងព្រះអង្គឲ្យវិនិច្ឆ័យទោសមនុស្សរស់ និងមនុស្សស្លាប់។
ទំនុកតម្កើងលេខ ១១២
សុភមង្គលរបស់មនុស្សសុចរិត
ចូររស់នៅឱ្យសមជាមនុស្សដែលមានពន្លឺក្នុងខ្លួនទៅ។
ផលនៃពន្លឺនោះ គឺសេចក្តីសប្បុរស សេចក្តីសុចរិត និងសេចក្តីពិតគ្រប់បែបយ៉ាង (អភ ៥,៨-៩)។
បន្ទរទី២ ៖ មានសុភមង្គលហើយ មនុស្សណាដែលព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណា ដ្បិតគាត់នឹងបានសុខជានិច្ច។
(បទពាក្យ ៧)
| ១- | អ្នកអោនកោតខ្លាចព្រះអម្ចាស់ | ប្រតិបត្តិច្បាស់តាមព្រះទ័យ | |
| ស្មោះស្ម័គ្រគោរពតាមវិន័យ | បានសុខពេកក្រៃមានមង្គល | ។ | |
| ២- | ពូជរបស់គេមានអំណាច | ចិត្តក្លាអង់អាចគ្មានកង្វល់ | |
| ដ្បិតព្រះជាម្ចាស់ប្រទានផល | ព្រះពរពិតដល់អ្នកសុចរិត | ។ | |
| ៣- | ក្នុងផ្ទះមនុស្សដែលចិត្តធម៌ | មានទ្រព្យបវរល្អប្រណីត | |
| សេចក្តីសុចរិតនៅស្ថេរស្ថិត | ព្រះអង្គអាណិតឱ្យពរជាប់ | ។ | |
| ៤- | ក្នុងទីងងឹតមានពន្លឺ | លេចឡើងបំភ្លឺមិនស្រអាប់ | |
| ចិត្តគាត់ប្រណីល្អគួរគាប់ | សន្តោសលើសព្វជនប្រុសស្រី | ។ | |
| ៥- | មនុស្សដែលមានចិត្តទូលាយ | យកអ្វីទៅឱ្យអ្នកផងខ្ចី | |
| ព្រមទាំងរកស៊ីមិនកេងគៃ | អ្នកនោះប្រពៃល្អបំផុត | ។ | |
| ៦- | កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយ | ទីជិតទីឆ្ងាយមិនរលត់ | |
| មនុស្សគ្រប់សម័យតែងចាំស្ទាត់ | នឹកទៅដល់គាត់ជាប់ជានិច្ច | ។ | |
| ៧- | អ្នកនោះមិនស្លុតមិនព្រឺខ្លាច | មានចិត្តអង់អាចមិនមានល្បិច | |
| មិនខ្លាចគេដៀលត្មះពន្លិច | ហើយផ្ញើជីវិតលើព្រះម្ចាស់ | ។ | |
| ៨- | គាត់មានចិត្តនឹងហើយអង់អាច | មិនចេះភ័យខ្លាចអ្វីទាំងអស់ | |
| ទាល់តែគាត់ឃើញខ្មាំងទាំងនោះ | បាក់ទ័ពប្រាសអស់ទើបស្កប់ចិត្ត | ។ | |
| ៩- | គាត់តែងចែកទានដល់អ្នកក្រ | ដោយចិត្តស្មោះសរស្ម័គ្រពិតៗ | |
| ចិត្តគាត់ទូលាយត្រង់សុចរិត | កម្លាំងគាត់ស្ថិតមិនបាត់បង់ | ។ | |
| ១០- | ពេលជនអាក្រក់ឃើញដូច្នោះ | ចិត្តគេទោមនស្សខាំធ្មេញផង | |
| បាក់ធ្លាក់ទឹកចិត្តខូចបំណង | ពុំសម្រេចម្តងណាសោះឡើយ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ មានសុភមង្គលហើយ មនុស្សណាដែលព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណា ដ្បិតគាត់នឹងបានសុខជានិច្ច។
បទលើកតម្កើងតាមលិខិតទី១របស់គ្រីស្តទូតសិលា (១សល ២,២១-២៤)
ព្រះគ្រីស្តជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ព្រះអង្គទទួលយកទុក្ខលំបាក ដោយមានសេរីភាព
បន្ទរទី៣ ៖ ព្រះជាម្ចាស់បានធ្វើឲ្យហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលព្រះអង្គប្រកាសទុកជាមុន តាមរយៈព្យាការីទាំងអស់ គឺថា ព្រះគ្រីស្ដរបស់ព្រះអង្គត្រូវតែរងទុក្ខលំបាក។
| ២១ | ព្រះអង្គត្រាស់ហៅបងប្អូនមកឲ្យរងទុក្ខលំបាកយ៉ាងនេះ ព្រោះព្រះគ្រីស្តក៏បានរងទុក្ខលំបាកសម្រាប់បងប្អូន ទុកជាគំរូឲ្យបងប្អូនដើរតាមគន្លងរបស់ព្រះអង្គដែរ។ |
| ២២ | ព្រះអង្គពុំដែលបានប្រព្រឹត្តអំពើបាបសោះ ហើយក៏ពុំដែលមានព្រះបន្ទូលវៀចវេរណា ចេញពីព្រះឱស្ឋរបស់ព្រះអង្គឡើយ។ |
| ២៣ | ទោះបីគេជេរប្រមាថព្រះអង្គ ក៏ព្រះអង្គមិនតបតទៅគេវិញដែរ ព្រះអង្គបានរងទុក្ខលំបាក តែព្រះអង្គពុំបានគំរាមកំហែងគេវិញទេ ព្រះអង្គផ្ញើជីវិតទៅលើព្រះជាម្ចាស់ ដែលព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌។ |
| ២៤ | ព្រះគ្រីស្តបានផ្ទុកបាបរបស់យើង ក្នុងព្រះកាយរបស់ព្រះអង្គដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងលែងជំពាក់ជំពិននឹងបាបតទៅមុខទៀត ហើយឲ្យយើងមានជីវិតដោយប្រព្រឹត្តតែអំពើសុចរិត។ បងប្អូនបានជាសះស្បើយដោយសារស្នាមរបួសរបស់ព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះជាម្ចាស់បានធ្វើឲ្យហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលព្រះអង្គប្រកាសទុកជាមុន តាមរយៈព្យាការីទាំងអស់ គឺថា ព្រះគ្រីស្ដរបស់ព្រះអង្គត្រូវតែរងទុក្ខលំបាក។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ៩,២៤-២៧)
បងប្អូនជ្រាបស្រាប់ហើយថា អស់អ្នកដែលរត់ប្រណាំងនៅកីឡាដ្ឋាន គេរត់ទាំងអស់គ្នា ប៉ុន្តែ មានតែម្នាក់ប៉ុណ្ណោះ ដែលបានទទួលរង្វាន់។ សូមបងប្អូនរត់តាមរបៀបនោះដែរទៅ ដើម្បីឲ្យបានទទួលរង្វាន់។ អ្នកប្រកួតកីឡាទាំងអស់តែងតែលត់ដំខ្លួន ដោយធ្វើតាមក្បួនតំរាគ្រប់យ៉ាង ដើម្បីឲ្យបានទទួលភួងជ័យ ដែលនឹងរលាយសាបសូន្យទៅ។ រីឯយើងវិញ យើងនឹងទទួលភួងជ័យ ដែលមិនចេះរលាយសាបសូន្យឡើយ។ ហេតុនេះ ចំពោះរូបខ្ញុំ ខ្ញុំមិនរត់ដូចជាមិនស្គាល់ទីដៅនោះទេ ខ្ញុំក៏មិនប្រដាល់ខ្យល់ដែរ។ ផ្ទុយទៅវិញ ខ្ញុំលត់ដំរូបកាយខ្ញុំយ៉ាងតឹងតែង ហើយខ្ញុំធ្វើម្ចាស់លើរូបកាយខ្លួនឯង ក្រែងលោក្រោយពីបានផ្សាយដំណឹងល្អដល់អ្នកឯទៀតៗហើយ ខ្លួនខ្ញុំផ្ទាល់បែរជាត្រូវគេផាត់ចោលទៅវិញ។
បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូមព្រះសណ្តាប់ និងអាណិតអាសូរយើងខ្ញុំផង! *ដ្បិតយើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហប្ញទ័យរបស់ព្រះអង្គ។ បន្ទរឡើងវិញ៖…
-សូមព្រះគ្រីស្តយេស៊ូសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ “កូនអើយ ឯងនៅជាមួយឪពុកជានិច្ចរហូតណាកូន អ្វីៗទាំងអស់ដែលជារបស់ឪពុក ក៏ជារបស់កូនដែរ។ យើងត្រូវតែសប្បាយរីករាយ ដ្បិតប្អូនរបស់ឯងដែលបានស្លាប់ទៅនោះ ឥឡូវនេះ រស់ឡើងវិញហើយ។ វាបានវង្វេងបាត់ តែឥឡូវនេះ យើងរកឃើញវិញហើយ” ។
ពាក្យអង្វរសកល
ចូរយើងបន្តអរព្រះគុណព្រះគ្រីស្ត ដែលជាព្រះបរមគ្រូនៃយើង និងជាព្រះសិរសា បានយាងមកដើម្បីបម្រើ និងប្រព្រឹត្តកិច្ចការល្អចំពោះមនុស្សទាំងអស់។ ដោយចិត្តជឿជាក់ និងការបន្ទាបខ្លួន យើងខ្ញុំទូលព្រះអង្គថា ៖
បន្ទរ៖ ឱព្រះជាអម្ចាស់អើយ ! សូមយាងមកសួរសុខទុក្ខក្រុមគ្រួសាររបស់ព្រះអង្គផង !
បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គគង់ជាមួយអស់លោកអភិបាល អស់លោកបូជាចារ្យនៃព្រះសហគមន៍ ដែលចែករំលែកតួនាទីរបស់ព្រះអង្គជាព្រះសិរសា និងជាគង្វាល
—សូមឱ្យអស់លោកដឹកនាំប្រជារាស្រ្តព្រះអង្គឆ្ពោះទៅព្រះបិតា ក្រោមការណែនាំរបស់ព្រះអង្គផង។ (បន្ទរ)
សូមឱ្យទេវទូតរបស់ព្រះអង្គគង់នៅជាមួយអ្នកដំណើរទាំងឡាយ
—ដើម្បីថែរក្សាពួកគេឱ្យមានសុវត្ថិភាព ទាំងក្នុងព្រលឹង និងរូបកាយ។ (បន្ទរ)
សូមព្រះអង្គបង្រៀនយើងខ្ញុំឱ្យចេះបម្រើសេចក្តីត្រូវការរបស់អ្នកដទៃ
—ហើយឱ្យយើងខ្ញុំបានដូចព្រះអង្គ ដែលយាងមកដើម្បីបម្រើ មិនមែនឱ្យគេបម្រើព្រះអង្គឡើយ។ (បន្ទរ)
សូមព្រះអង្គប្រោសឱ្យក្រុមគ្រួសារនីមួយៗ ចេះបម្រើគ្នាទៅវិញទៅមក
—ដូច្នេះ ដោយមានជំនួយពីព្រះអង្គ គ្រួសារអាចក្លាយជាក្រុងមួយដែលរឹងមាំ និងមានការបង្រួបបង្រួមគ្នា។ (បន្ទរ)
សូមព្រះអង្គអាណិតអាសូរដល់មរណបុគ្គលទាំងឡាយ
—សូមព្រះអង្គនាំពួកគេទៅក្នុងសិរីរុងរឿងរបស់ព្រះអង្គផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់ដ៏មានធម៌មេត្តាករុណាអើយ ! ព្រះអង្គចាត់ព្រះបុត្រាឲ្យយាងមកផ្សះផ្សាមនុស្សលោកនឹងព្រះអង្គ។ សូមព្រះអង្គមេត្តាពង្រឹងជំនឿ និងបំភ្លឺចិត្តគំនិតគ្រីស្តបរិស័ទទាំងអស់ ឲ្យស្គាល់ពីព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គគ្រប់ពេលវេលា ជាពិសេស អស់អ្នកដែលត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹក ក្នុងឱកាសបុណ្យចម្លងខាងមុខនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។