១២ មីនា ២០២៦

Written on 09/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី៣ ថ្ងៃព្រហស្បតិ៍

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១៣២

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​ជា​មួយព្រះ‌បាទ​ដាវីឌ

ព្រះជាម្ចាស់នឹងតាំងបុត្រនោះ ឱ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោរបស់ព្រះអង្គ (លក ១,៣២)។

បន្ទរទី១ ៖ ឱព្រះអម្ចាស់អើយ ! ប្រជារាស្ត្ររបស់ព្រះអង្គស្រែកហ៊ោរឡើងយ៉ាងសប្បាយ នៅពេលពួកគេឈានជើងចូលមកព្រះដំណាក់ព្រះអង្គ។

(ក)

ឱព្រះអម្ចាស់អើយ! សូមនឹកដល់ព្រះបាទដាវីឌ
និងការនឿយហត់ទាំងប៉ុន្មានរបស់ព្រះរាជាផង។

ព្រះរាជាបានស្បថជាមួយព្រះអម្ចាស់
គឺទ្រង់បានសន្យាជាមួយព្រះដ៏មានព្រះចេស្តារបស់លោកយ៉ាកុបថា ៖

“ទូលបង្គំនឹងមិនចូលទៅជ្រកនៅក្នុងពន្លាទូលបង្គំ
ទូលបង្គំនឹងមិនឡើងទៅដេកនៅលើគ្រែទូលបង្គំទេ

ទូលបង្គំមិនព្រមបិទភ្នែក ទូលបង្គំមិនព្រមទទួលទានដំណេកលង់លក់ឡើយ

ដរាបណាទូលបង្គំពុំទាន់រកកន្លែងថ្វាយព្រះអង្គបាន
ដរាបណាទូលបង្គំពុំទាន់រកព្រះដំណាក់ថ្វាយព្រះដ៏មានចេស្តារបស់លោកយ៉ាកុបបានទេនោះ!” ។

យើងបានឮគេនិយាយថា ហិបនៃសម្ពន្ធមេត្រីស្ថិតនៅឯភូមិអេប្រាតា
យើងបានរកឃើញហិបនេះនៅតំបន់យ៉ាអារ។

ចូរយើងនាំគ្នាចូលទៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់
ចូរយើងក្រាបនៅទាបព្រះបាទារបស់ព្រះអង្គ!

ឱព្រះអម្ចាស់អើយ! សូមតើនឡើង
សូមយាងមកជាមួយហិបនៃឫទ្ធានុភាពរបស់ព្រះអង្គ
ហើយគង់នៅក្នុងទីសម្រាករបស់ព្រះអង្គរហូតតរៀងទៅ។

សូមឱ្យអស់លោកបូជាចារ្យរបស់ព្រះអង្គប្រព្រឹត្តអំពើសុចរិតជានិច្ច
សូមឱ្យប្រជារាស្ត្ររបស់ព្រះអង្គ ស្រែកហ៊ោរឡើងយ៉ាងសប្បាយ!
១០
ដោយយល់ដល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ
សូមកុំបោះបង់ចោលស្តេច ដែលព្រះអង្គបានចាក់ប្រេងអភិសេកនេះឡើយ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! ប្រជារាស្ត្ររបស់ព្រះអង្គស្រែកហ៊ោរឡើងយ៉ាងសប្បាយ នៅពេលពួកគេឈានជើងចូលមកព្រះដំណាក់ព្រះអង្គ។

បន្ទរទី២ ៖ ព្រះអម្ចាស់​បាន​ជ្រើសរើស​ក្រុង​ស៊ីយ៉ូន ធ្វើជាព្រះដំណាក់របស់ព្រះអង្គ។

(ខ)

(បទព្រហ្មគីតិ)

១១- ព្រះអង្គបានសន្យា នឹងស្តេចដាវីឌល្អឯក  
  យើងនឹងតែងតាំងពូជ ឱ្យគ្រងរាជ្យជាបន្ត
១២- ប្រសិនបើបុត្រអ្នក កាន់បានជាក់សម្ពន្ធល្អ  
  មេត្រីយើងតៗ ហើយធ្វើតាមយើងប្រដៅ
  នោះពូជគេនឹងបាន ល្អថ្កើងថ្កានមិនអាស្រូវ  
  ឡើងគ្រងរាជ្យតទៅ តកូនចៅឥតស្រាកស្រាន្ត
១៣- ព្រះអម្ចាស់បានជ្រើស ពិនិត្យរើសក្រុងថ្កើងថ្កាន  
  ជាទីល្អចំណាន ស៊ីយ៉ូនបានជាលំនៅ
១៤- យើងនឹងស្នាក់សម្រាក រហូតជាក់មិនចេញទៅ  
  ចង់រស់ស្ថិតនិត្យនៅ កន្លែងនេះមិនទៅណា
១៥- យើងនឹងប្រទានពរ ក្រុងបវរតាមត្រូវការ  
  ឱ្យអ្នកខ្សត់វេទនា មានអាហារមិនខ្វះទេ
១៦- យើងនឹងសង្គ្រោះក្រុង ឱ្យរឿងរុងល្អឡើងទ្វេ  
  ដោយបូជាចារ្យគេ ឱ្យរាស្ត្រហ៊ោរអរអនេក
១៧- ទីនេះយើងឱ្យស្តេច មានអំណាចខ្ពស់ពន់ពេក  
  កើតចេញមកពីពូជ នៃដាវីឌដ៏ខ្លាំងក្លា
  យើងនឹងរៀបចំឱ្យ ស្តេចអង្គក្រោយមានចេស្តា  
  គ្រងរាជ្យយូរវស្សា ជំនួសស្តេចយើងអភិសេក
១៨- យើងនឹងធ្វើឱ្យខ្មាំង បាក់មុខខ្លាំងខ្មាសពន់ពេក  
  តែយើងនឹងឱ្យរាជ្យ របស់គេបានថ្កុំថ្កើង
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ ព្រះអម្ចាស់​បាន​ជ្រើសរើស​ក្រុង​ស៊ីយ៉ូន ធ្វើជាព្រះដំណាក់របស់ព្រះអង្គ។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១១,១៧-១៨ និង ១២,១០-១២)

ការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់

បន្ទរទី៣ ៖ ព្រះបិតាបានប្រគល់អំណាចទាំងអស់ដល់ព្រះគ្រីស្ត ទាំងព្រះកិត្តិនាម និងរាជ្យសម្បត្តិ ហើយប្រជាជនទាំងអស់នឹងនាំគ្នាមកគោរពបម្រើព្រះអង្គ។

១៧ “បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់
ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅ
តាំងពីដើមរៀងមកដែរ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ
ព្រោះទ្រង់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។
១៨
ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសម្តែងព្រះពិរោធក៏មកដល់ដែរ
គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោសមនុស្សស្លាប់។
នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ
និងដល់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ
ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញអស់អ្នកដែលបានបំផ្លាញផែនដីដែរ” ។
១០
ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំងនៅលើមេឃថា ៖
“ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ
ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើង
ព្រមទាំងអំណាចព្រះគ្រីស្តរបស់ព្រះអង្គក៏បានមកដល់ដែរ
ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ
គឺអ្នកនោះឯង ដែលចោទប្រកាន់បងប្អូនយើង
ទាំងថ្ងៃ ទាំងយប់ នៅមុខព្រះភក្ត្រនៃព្រះរបស់យើង។
១១
បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ
ហើយបងប្អូនទាំងនោះ បានស៊ូប្តូរជីវិតឥតស្តាយសោះឡើយ។
១២
ហេតុនេះ ស្ថានបរមសុខ និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ!
ចូរមានអំណរសប្បាយឡើង!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះបិតាបានប្រគល់អំណាចទាំងអស់ដល់ព្រះគ្រីស្ត ទាំងព្រះកិត្តិនាម និងរាជ្យសម្បត្តិ ហើយប្រជាជនទាំងអស់នឹងនាំគ្នាមកគោរពបម្រើព្រះអង្គ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យក ៤,៧-៨.១០)

ដូច្នេះ សូម​បង‌ប្អូន​គោរព​ចុះ​ចូល​ព្រះ‌ជាម្ចាស់ ហើយ​ប្រឆាំង​នឹង​មារនោះ​វា​មុខ​ជា​រត់​ចេញ​ឆ្ងាយ​ពី​បង‌ប្អូន​មិន​ខាន។ សូម​ចូល​ទៅ​ជិត​ព្រះជាម្ចាស់ នោះ​ព្រះ‌អង្គ​នឹង​យាង​មក​ជិត​បង‌ប្អូន​វិញ​ដែរ។ មនុស្ស​បាប​អើយ ចូរ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធទៅ! មនុស្ស​មាន​ចិត្ត​ពីរ​អើយ ចូរ​ជម្រះ​ចិត្ត​គំនិត​ឲ្យ​បាន​ស្អាត​ឡើង!។ ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះ‌ជាម្ចាស់ នោះ​ព្រះ‌អង្គ​នឹង​លើក​តម្កើង​អ្នក​រាល់​គ្នា​ជា​មិន​ខាន។

បន្ទរ៖ ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា *ព្រះ‌អង្គ​អើយសូម​ប្រណី​មេត្តា​ទូល‌បង្គំ។ បន្ទរឡើងវិញ...
-សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ឡើង​វិញ​ផង ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្តអំពើ​បាប ទាស់​នឹង​ព្រះ‌ហប្ញ​ទ័យ​របស់ព្រះ‌អង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ មាន​ស្ត្រីម្នាក់​បន្លឺ​សំឡេង​ចេញ​ពី​ចំណោម​បណ្ដា‌ជន ទូល​ព្រះ‌អង្គ​ថា៖ «ស្ត្រី​ដែល​បាន​បង្កើត​លោក ព្រម​ទាំង​បាន​បំបៅ​លោក ពិត​ជា​មាន​សុភមង្គលមែន!» ។ ប៉ុន្តែ ព្រះ‌យេស៊ូមាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​ណា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ហើយ​អនុវត្ត​តាម គឺ​អ្នក​នោះ​ហើយ​ដែល​មាន​សុភមង្គល​ពិត​មែន» ។

ពាក្យអង្វរសកល

ព្រះគ្រីស្តជាព្រះអម្ចាស់បានប្រទានវិន័យថ្មីឱ្យយើង គឺអ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ ចូរយើងទូលព្រះអង្គថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គកសាងប្រជារាស្រ្តរបស់ព្រះអង្គក្នុងសេចក្តីស្រឡាញ់ !

ឱព្រះគ្រូដ៏សប្បុរសអើយ ! សូមបង្រៀនយើងខ្ញុំឱ្យចេះស្រឡាញ់ព្រះអង្គ ដោយស្រឡាញ់អ្នកជិតខាង
—និងបម្រើព្រះអង្គ ដោយបម្រើពួកគេផង។ (បន្ទរ)

នៅលើឈើឆ្កាង ព្រះអង្គបានទូលសូមព្រះបិតាឱ្យលើកលែងទោស អ្នកប្រហារជីវិតព្រះអង្គ
—សូមប្រទានកម្លាំងឱ្យយើងខ្ញុំក្នុងការស្រឡាញ់ខ្មាំងសត្រូវ និងអធិដ្ឋានសម្រាប់អស់អ្នកដែលបៀតបៀនយើងខ្ញុំ។ (បន្ទរ)

ដោយការអាថ៌កំបាំងនៃព្រះកាយ និងព្រះលោហិត ព្រះអង្គធ្វើឱ្យសេចក្តីស្រឡាញ់ ការតស៊ូ និងការជឿជាក់របស់យើងខ្ញុំទៅលើព្រះអង្គ កាន់តែស៊ីជម្រៅ
—សូមព្រះអង្គពង្រឹងអ្នកទន់ខ្សោយ លួងលោមអ្នកកើតទុក្ខ និងផ្តល់សេចក្តីសង្ឃឹមដល់អ្នកដែលហៀបនឹងផុតដង្ហើមផង។ (បន្ទរ)

ឱព្រះពន្លឺនៃពិភពលោក ! ព្រះអង្គបានប្រោសឱ្យបុរសខ្វាក់តាំងពីកំណើតមើលឃើញវិញ នៅពេលគាត់ទៅលុបមុខនៅស្រះស៊ីឡោម
—សូមព្រះអង្គប្រោសបំភ្លឺអ្នកទទួលការអប់រំជំនឿ តាមរយៈអគ្គសញ្ញាជ្រមុជទឹក និងព្រះបន្ទូលដែលផ្តល់ជីវិត។ (បន្ទរ)

សូមព្រះអង្គប្រទានឱ្យមរណបុគ្គលមានអំណរសប្បាយដ៏ពេញលេញ ក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គអស់កល្បជានិច្ច
—ហើយសូមព្រះអង្គរាប់បញ្ចូលយើងខ្ញុំទៅក្នុងចំណោមពួកគេផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់ជាព្រះបិតាអើយ ! ព្រះអង្គប្រោសយើងខ្ញុំឲ្យរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ សូមព្រះអង្គមេត្តាបំភ្លឺយើងខ្ញុំឲ្យយកចិត្តទុកដាក់រៀបចំចិត្តគំនិតសម្រាប់ពិធីបុណ្យចម្លងនៅពេលខាងមុខនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។