១១ មីនា ២០២៦

Written on 09/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី៣ ថ្ងៃពុធ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១២៦

អំណរសប្បាយក្នុងសេចក្តីសង្ឃឹមលើព្រះជាម្ចាស់

បងប្អូនរងទុក្ខលំបាកជាមួយពួកយើងយ៉ាងណា បងប្អូនក៏នឹងត្រូវធូរស្រាលរួមជាមួយយើងយ៉ាងនោះដែរ (២ករ ១,៧)។

បន្ទរទី១ ៖ អ្នកណាសាបព្រោះទាំងទឹកភ្នែក អ្នកនោះនឹងច្រូតយកផលយ៉ាងសប្បាយ។

ពេលព្រះអម្ចាស់នាំអ្នកដែលជាប់ជាឈ្លើយត្រឡប់មកក្រុងស៊ីយ៉ូនវិញ
យើងទាំងអស់គ្នាដូចជាយល់សប្តិ។

យើងសើចសប្បាយឥតឈប់ យើងស្រែកជ័យឃោស
ពេលនោះ ក្នុងចំណោមប្រជាជាតិនានា គេពោលថា ៖
“ព្រះអម្ចាស់បានធ្វើការដ៏អស្ចារ្យចំពោះពួកគេ!”។

ព្រះអម្ចាស់ពិតជាបានធ្វើការដ៏អស្ចារ្យចំពោះយើងមែន
ហេតុនេះហើយបានជាយើងមានអំណរសប្បាយ។

ឱព្រះអម្ចាស់អើយ! សូមប្រោសប្រទានឱ្យយើងខ្ញុំបានចម្រុងចម្រើនឡើងវិញ
ដូចវាលរហោស្ថានដ៏ហួតហែង មានទឹកហូរឡើងវិញយ៉ាងនោះដែរ។

អ្នកណាសាបព្រោះទាំងទឹកភ្នែក
អ្នកនោះនឹងច្រូតយកផលយ៉ាងសប្បាយ។

គេយកគ្រាប់ពូជចេញទៅព្រោះទាំងយំសោក
គេនឹងកាន់កណ្តាប់ស្រូវត្រឡប់មកវិញ ទាំងស្រែកហ៊ោដោយអំណរ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ អ្នកណាសាបព្រោះទាំងទឹកភ្នែក អ្នកនោះនឹងច្រូតយកផលយ៉ាងសប្បាយ។

ទំនុកតម្កើងលេខ ១២៧

ប្រសិន​បើ​ព្រះ‌អម្ចាស់មិន​សង់​ផ្ទះ​ទេ​នោះ
អស់​អ្នក​ដែល​សង់​ផ្ទះ​នឹង​ខំ​ប្រឹង​សង់ ដោយ​ឥត​បាន​ផល​អ្វី​ឡើយ!

បងប្អូនជាដំណាក់ដែលព្រះអង្គបានសង់ (១ករ ៣,៩)។

បន្ទរទី២ ៖ ព្រះអម្ចាស់នឹងសង់ផ្ទះសម្រាប់យើងរស់នៅ។ ព្រះអង្គនឹងថែរក្សាទីក្រុងរបស់យើង។

(បទពាក្យ ៧)

១- ប្រសិនបើព្រះជាអម្ចាស់ មិនជួយសង់ផ្ទះនោះទេណា  
  អ្នកសង់ខំប្រឹងឥតបានការ គឺគ្មានវាសនាខ្វះលំនឹង
  បើព្រះអម្ចាស់មិនរក្សា ទីក្រុងទេណាឱ្យរឹងប៉ឹង  
  អ្នកយាមទីក្រុងដែលខំប្រឹង យាមរាល់ថ្ងៃហ្នឹងក៏អសារ
២- អ្នករាល់គ្នាក្រោកពីព្រលឹម រកស៊ីចិញ្ចឹមជន្មជីវ៉ា  
  ខំទាំងលំបាកគ្រប់អាត្មា តែឥតបានការផលចំណេញ
  ព្រះជាអម្ចាស់បានប្រទាន អាហារធនធានច្រើនពាសពេញ  
  ដល់អ្នកដែលព្រះអង្គស្រឡាញ់ ក្នុងពេលយប់យន់គេនិទ្រា
៣- ព្រះអម្ចាស់ប្រទានកូនចៅ ស្ថិតស្ថេរគង់នៅចាត់ទុកជា  
  ចំណែកមរតកដ៏មហិមា ជាពរជ័យាពីព្រះអង្គ
៤- កូនប្រុសៗដែលកើតចេញមក ពេលដែលឪពុកពេញកម្លាំង  
  ដូចព្រួញដែលស្រួចមុតយ៉ាងខ្លាំង នៃអ្នកចម្បាំងពេលប្រយុទ្ធ
៥- អ្នកដែលមានកូនប្រុសយ៉ាងច្រើន នោះនឹងចម្រើនសុខបំផុត  
  ពេលមានបច្ចាមកប្រយុទ្ធ គេមិនតក់ស្លុតមិនអាម៉ាស់
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ព្រះអម្ចាស់នឹងសង់ផ្ទះសម្រាប់យើងរស់នៅ។ ព្រះអង្គនឹងថែរក្សាទីក្រុងរបស់យើង។

បទលើកតម្កើងតាមលិខិតកូឡូស (កូឡ ១,១២-២០)

ព្រះគ្រីស្ដជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក
ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ។

បន្ទរទី៣ ៖ ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក។

១២ ចូរអរព្រះគុណព្រះបិតាដោយចិត្តរីករាយ
ព្រោះព្រះអង្គបានប្រោសប្រទានឱ្យ
បងប្អូនមានសមត្ថភាពអាចទទួលចំណែកមត៌ក
រួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។
១៣
ព្រះអង្គបានរំដោះយើងឱ្យរួចផុតពីអំណាចនៃសេចក្តីងងឹត
ហើយចម្លងយើងទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
១៤
ដោយយើងបានរួមនៅក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង
និងលើកលែងទោសយើងឱ្យរួចពីបាប។
១៥
ព្រះគ្រីស្តជាតំណាងរបស់ព្រះជាម្ចាស់ដែលយើងមើលពុំឃើញ
ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក
១៦
ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត
ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី
ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ
ទាំងទេវរាជ្យ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង
ទាំងវត្ថុសក្តិសិទ្ធិ និងទាំងអំណាចនានា
ព្រះជាម្ចាស់បានបង្កើតទាំងអស់មក
ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។
១៧
ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់
ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។
១៨
ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺព្រះសហគមន៍
ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។
ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ
ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់
១៩
ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យ
ឱ្យគ្រប់លក្ខណៈសម្បត្តិរបស់ព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រីស្ត។
២០
ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់នៅលើផែនដី
និងនៅស្ថានបរមសុខឱ្យជានានឹងព្រះអង្គវិញ
ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត
គឺព្រះជាម្ចាស់បានធ្វើឱ្យមានសន្តិភាព
ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ភីល ២,១២-១៦)

ហេតុ​នេះ បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ ដូច​បង‌ប្អូន​ធ្លាប់​តែ​ស្ដាប់​បង្គាប់​ជា​រៀង​ដរាប​មក​ហើយ​នោះ ចូរ​ស្ដាប់​បង្គាប់​ត​ទៅ​មុខ​ទៀត​ទៅ គឺ​មិន​ត្រឹម​តែ​ពេល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ ជា​ពិសេស ពេល​ខ្ញុំ​នៅ​ឆ្ងាយ សូម​បង‌ប្អូន​ខំ​ប្រឹង​ធ្វើ​ការ ទាំង​គោរព​កោត​ខ្លាច និង​ញាប់‌ញ័រ ស្រប​តាម​ការ​សង្គ្រោះ​ដែល​បង‌ប្អូន​បាន​ទទួល​ ដ្បិត​ព្រះ‌ជាម្ចាស់​ទេ​តើ ដែល​ធ្វើ​ឲ្យ​បង‌ប្អូន​មាន​ទាំង​បំណង មាន​ទាំង​សមត្ថ‌ភាព​អាច​នឹង​ប្រព្រឹត្ត​តាម​ព្រះ‌បំណង​ដ៏​សប្បុរស​របស់​ព្រះ‌អង្គ។ ចូរ​ធ្វើកិច្ច‌ការ​ទាំង​អស់ ដោយ​ឥត​រអ៊ូ‌រទាំ ឬ​ជជែក​តវ៉ា​ឡើយ ដើម្បី​ឲ្យ​បង‌ប្អូន​បាន​ល្អ​ឥត​ខ្ចោះ ឥត​សៅ‌ហ្មង ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់​ដែល​ឥត​មាន​កំហុស ក្នុង​ចំណោម​មនុស្ស​វៀច‌វេរ និង​ខិល‌ខូច​នៅ​ជំនាន់​នេះ។ បង‌ប្អូន​ភ្លឺក្នុង​ចំណោម​ពួក​គេ ដូច​ពន្លឺ​ដែល​បំភ្លឺពិភព‌លោក ទាំង​នាំ​ព្រះ‌បន្ទូល​ដែល​ផ្ដល់​ជីវិត​មក​ឲ្យ​ពួក​គេ។ បើ​បង‌ប្អូន​ធ្វើដូច្នេះ ខ្ញុំ​នឹង​បាន​ខ្ពស់​មុខ​នៅ​ថ្ងៃ​ព្រះ‌គ្រីស្ត​យាង​មក​ ព្រោះ​កិច្ច‌ការ​ដែល​ខ្ញុំ​បាន​ខំ​ប្រឹង​ធ្វើ ទាំង​នឿយ‌ហត់​នោះ មិន​មែន​អសារ​ឥត​ការ​ទេ។

បន្ទរ៖ ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា *ព្រះ‌អង្គ​អើយសូម​ប្រណី​មេត្តា​ទូល‌បង្គំ។ បន្ទរឡើងវិញ៖…
-សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ឡើង​វិញ​ផង ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាបទាស់​នឹង​ព្រះ‌ហប្ញ​ទ័យ​របស់ព្រះ‌អង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ អ្នក​ណា​ប្រតិ‌បត្តិ​តាម​វិន័យ ហើយ​បង្រៀន​អ្នក​ផ្សេង​ឲ្យ​ប្រតិ‌បត្តិ​តាម អ្នក​នោះ​នឹង​មាន​ឋានៈ​ធំ​ក្នុង​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ។

ពាក្យអង្វរសកល

សូមលើកតម្កើងព្រះជាម្ចាស់ដ៏មានឫទ្ធានុភាព។ ព្រះអង្គទតមើលមកយើងខ្ញុំ ដូចជាព្រះបិតាមួយអង្គ ដែលដឹងពីសេចក្តីត្រូវការរបស់យើងខ្ញុំ ប៉ុន្តែ ព្រះអង្គចង់ឱ្យយើងខ្ញុំស្វែងរកព្រះរាជ្យរបស់ព្រះអង្គជាមុនសិន។ ចូរយើងបន្លឺសម្លេងឡើងទូលអង្វរព្រះអង្គ ក្នុងនាមជាប្រជារាស្រ្តព្រះអង្គថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមឱ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់ ដើម្បីឱ្យយុត្តិធម៌ឡើងគ្រងរាជ្យ !

បពិត្រព្រះបិតានៃភាពដ៏វិសុទ្ធគ្រប់យ៉ាង ! ព្រះអង្គបានប្រទានព្រះគ្រីស្តឱ្យយើងខ្ញុំ ទុកជាគង្វាលនៃដួងព្រលឹងរបស់យើងខ្ញុំ។ សូមព្រះមេត្តាគង់នៅជាមួយលោកគង្វាលរបស់ព្រះអង្គ និងហ្វូងចៀមដែលព្រះអង្គបានផ្ញើទុកនឹងពួកគេ។ សូមព្រះអង្គកុំចាកចោលហ្វូងចៀម ដោយគ្មានការស្រឡាញ់ថែទាំពីគង្វាលរបស់ព្រះអង្គ
—ហើយសូមព្រះអង្គមេត្តាកុំយាងចាកចេញពីអស់លោកគង្វាល ដោយគ្មានហ្វូងចៀមស្តាប់តាមពួកគេនោះឡើយ។ (បន្ទរ)

សូមព្រះអង្គប្រៀនប្រដៅគ្រីស្តបរិស័ទ ឱ្យចេះជួយយកអាសារដល់អ្នកទន់ខ្សោយ ជាមួយនឹងការស្រឡាញ់ថែទាំ
—និងបម្រើពួកគេ ដូចជាបានបម្រើដល់ព្រះបុត្រាព្រះអង្គដែរ។ (បន្ទរ)

សូមព្រះអង្គប្រមែប្រមូលអ្នកមិនទាន់ជឿ ឱ្យចូលក្នុងព្រះសហគមន៍ព្រះអង្គ
—ហើយសូមព្រះអង្គជួយឱ្យពួកគេចេះកសាងព្រះសហគមន៍ឡើង ដោយការធ្វើអំពើល្អ សម្រាប់សេចក្តីស្រឡាញ់របស់ព្រះអង្គ។ (បន្ទរ)

សូមជួយយើងខ្ញុំឱ្យវិលទៅរកព្រះអង្គ សម្រាប់ការលើកលែងទោស
—ដូចព្រះអង្គបានអត់ទោសឱ្យយើងខ្ញុំ និងសម្រុះសម្រួលយើងខ្ញុំឱ្យជានានឹងព្រះសហគមន៍ព្រះអង្គវិញ។ (បន្ទរ)

សូមឱ្យមរណបុគ្គលដែលបានលាចាកពីលោកនេះ ចូលទៅកាន់ជីវិតអស់កល្បជានិច្ច
—ដោយរួមរស់ជាមួយព្រះអង្គជារៀងរហូតទៅ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះជាអម្ចាស់យើងខ្ញុំអើយ ! ក្នុងរដូវសែសិបថ្ងៃនេះ ព្រះអង្គចិញ្ចឹមយើងខ្ញុំដោយព្រះបន្ទូលរបស់ព្រះអង្គ និងបង្រៀនយើងខ្ញុំឲ្យចេះរួមរស់ជាមួយព្រះគ្រីស្ត។ សូមព្រះអង្គប្រោសឲ្យយើងខ្ញុំបម្រើព្រះអង្គដោយចិត្តស្មោះ និងរួមគ្នាអធិដ្ឋានជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។