០៩ មីនា ២០២៦

Written on 08/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី៣ ថ្ងៃចន្ទ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១២៣

ព្រះជាម្ចាស់ជាសេចក្តីសង្ឃឹមរបស់ប្រជារាស្រ្តព្រះអង្គ

ពេល​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​អង្គុយ​នៅ​ក្បែរ​ផ្លូវ។ អ្នក​ទាំង​ពីរ​ឮ​ថា ព្រះ‌យេស៊ូ​យាង​មក ក៏​ស្រែក​ឡើង​ថា៖
«ឱ​ព្រះ‌អម្ចាស់ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង!» (មថ ២០,៣០)។

បន្ទរទី១ ៖ យើងខ្ញុំសម្លឹងមើលព្រះជាអម្ចាស់នៃយើង ហើយទន្ទឹងរង់ចាំព្រះអង្គប្រណីសន្តោស។

ឱព្រះអម្ចាស់ដែលគង់នៅស្ថានបរមសុខអើយ!
ទូលបង្គំងើបមុខឡើងសម្លឹងទៅរកព្រះអង្គ។

យើង​ខ្ញុំ​ក៏​សម្លឹង​មើល​ព្រះ‌ជា‌អម្ចាស់​នៃ​យើង
ហើយ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ​ប្រណី‌សន្ដោស
ដូច​អ្នក​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​របស់​ខ្លួន
និង​ដូច​ស្ត្រី​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​ស្រីរបស់​ខ្លួន​យ៉ាង​នោះ​ដែរ។

ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាយើងខ្ញុំ
សូមអាណិតមេត្តាយើងខ្ញុំផង ដ្បិតយើងខ្ញុំត្រូវគេមើលងាយខ្លាំងណាស់។

យើងខ្ញុំពុំអាចទ្រាំទ្រនឹងការមើលងាយពីសំណាក់មនុស្សព្រហើន
ព្រមទាំងការជេរប្រមាថពីសំណាក់មនុស្សវាយឫកខ្ពស់បានទៀតឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ យើងខ្ញុំសម្លឹងមើលព្រះជាអម្ចាស់នៃយើង ហើយទន្ទឹងរង់ចាំព្រះអង្គប្រណីសន្តោស។

ទំនុកតម្កើងលេខ ១២៤

ព្រះអម្ចាស់ផ្ទាល់បានជួយយើង ដោយព្រះនាមព្រះអង្គ

លោកប៉ូលនិមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលមកលោកថាៈ “កុំខ្លាចអី! ត្រូវនិយាយតទៅទៀត កុំនៅស្ងៀមឡើយ
ដ្បិតយើងស្ថិតនៅជាមួយអ្នកហើយ” (កក ១៨,៩-១០)។

បន្ទរទី២ ៖ ព្រះអម្ចាស់ផ្ទាល់បានជួយយើង ដោយព្រះនាមព្រះអង្គ គឺព្រះអង្គដែលបានបង្កើតផ្ទៃមេឃ និងផែនដី។

(បទពាក្យ ៧)

១- ប្រសិនបើគ្មានព្រះអម្ចាស់ មិនជួយសន្តោសគាំទ្រទេ  
  សូមអ៊ីស្រាអែលពោលហូរហែរ ពោលកុំទំនេរតាមយើងថា
២- ប្រសិនបើគ្មានព្រះអម្ចាស់ នៅខាងយើងនោះគ្រប់វេលា  
  ពេលណាសត្រូវលើកគ្នីគ្នា សម្រុកពុះពារវាយលើយើង
៣- ពេលណាគេមានកំហឹងខ្លាំង គេមកប្រឆាំងយើងនឹងប៉ើង  
  គេនឹងត្របាក់លេបពួកយើង មិនឱ្យរស់បានសុខសាន្តឡើយ
៤- យើងនឹងលិចលង់ក្នុងសមុទ្រ ភិតភ័យតក់ស្លុតឥតមានស្បើយ  
  ទឹកហូរនាំយើងគ្មានកោះត្រើយ ទៅកាន់ទីឆ្ងាយគ្មានគោលដៅ
៥- ពេលយើងកំពុងអស់កម្លាំង មានទឹកកួចខ្លាំងពន្លិចទៅ  
  ដល់បាតជលសាដ៏សែនជ្រៅ ជីវិតយើងត្រូវលង់ក្សិណក្ស័យ
៦- សូមលើកតម្កើងព្រះអម្ចាស់ ដ្បិតទ្រង់ជាព្រះមានបារមី  
  ទ្រង់ពុំប្រគល់យើងក្នុងដៃ ធ្វើរំពានៃពួកនោះឡើយ
៧- យើងរួចជីវិតដូចបក្សី គេចផុតពីដៃព្រានព្រៃហើយ  
  គឺលប់ធ្លុះធ្លាយគ្មានសល់ឡើយ យើងបានធូរស្បើយរស់ជីវ៉ា
៨- ព្រះអម្ចាស់បានសង្គ្រោះយើង ដោយព្រះនាមថ្កើងមានចេស្តា  
  គឺព្រះអង្គដែលមានមេត្តា បង្កើតមេឃានិងផែនដី
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ព្រះអម្ចាស់ផ្ទាល់បានជួយយើង ដោយព្រះនាមព្រះអង្គ គឺព្រះអង្គដែលបានបង្កើតផ្ទៃមេឃ និងផែនដី។

បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)

ព្រះជាម្ចាស់ជាព្រះសង្រ្គោះរបស់យើង

បន្ទរទី៣ ៖ ព្រះជាម្ចាស់បាន​តម្រូវ​យើង​ទុក​ជា​មុន ឱ្យ​ធ្វើជា​បុត្រ​ធីតា​របស់​ព្រះអង្គ ដោយសារ​ព្រះបុត្រាព្រះអង្គ។

សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត
ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង
ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។

ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត
តាំងពីមុនកំណើតពិភពលោកមកម៉្លេះ
ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មង នៅចំពោះព្រះភក្ត្រព្រះអង្គ
ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។

ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ
ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ

ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោស
ដែលទ្រង់បានប្រោសប្រទានមកយើង
ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។

ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង
ដោយព្រះលោហិតរបស់ព្រះអង្គ
និងលើកលែងទោសឱ្យយើងបានរួចពីបាប
តាមព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់របស់ព្រះអង្គ។

ព្រះជាម្ចាស់ប្រណីសន្តោសយើងយ៉ាងខ្លាំងបំផុត
គឺទ្រង់ប្រទានឱ្យយើងមានតំរិះ និងមានប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។

ព្រះអង្គបានប្រោសឱ្យយើងស្គាល់ពីគម្រោងការដ៏លាក់កំបាំង
នៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស
ដែលទ្រង់បានសម្រេចទុកជាមុន ដោយព្រះអង្គផ្ទាល់។
១០
ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត
គឺប្រមូលអ្វីៗទាំងអស់ ដែលនៅស្ថានបរមសុខ និងនៅលើផែនដី
ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្ត ជាម្ចាស់តែមួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះជាម្ចាស់បាន​តម្រូវ​យើង​ទុក​ជា​មុន ឱ្យ​ធ្វើជា​បុត្រ​ធីតា​របស់​ព្រះអង្គ ដោយសារ​ព្រះបុត្រាព្រះអង្គ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១២,១-២)

ហេតុ​នេះ បង‌ប្អូន​អើយ ខ្ញុំ​សូម​ដាស់‌តឿន​បង‌ប្អូន​ថា ដោយ​ព្រះ‌ជាម្ចាស់ មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​បង‌ប្អូន ចូរ​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អង្គ ទុក​ជា​យញ្ញ‌បូជា​ដ៏​មាន​ជីវិតដ៏‌វិសុទ្ធ ហើយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់។ បើ​បង‌ប្អូន​ធ្វើ​ដូច្នេះ ទើប​ហៅ​ថា​គោរព​បម្រើ​ព្រះ‌អង្គ​តាម​របៀប​ត្រឹម​ត្រូវ​មែន។ មិន​ត្រូវ​យក​តម្រាប់​តាម​លោកីយ៍​នេះ​ឡើយ ត្រូវ​ទុក​ឲ្យ​ព្រះ‌ជាម្ចាស់ កែ​ប្រែ​ចិត្ត​គំនិត​បង‌ប្អូន ឲ្យ​ទៅ​ជា​ថ្មី​ទាំង​ស្រុង​វិញ ដើម្បី​ឲ្យ​បង‌ប្អូន​ចេះ​ពិចារណា​មើល​ថា ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្វីខ្លះ គឺ​អ្វី​ដែល​ល្អ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ និង​គ្រប់​លក្ខណៈ។

បន្ទរ៖ ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា *ព្រះ‌អង្គ​អើយសូម​ប្រណី​មេត្តា​ទូល‌បង្គំ។ បន្ទរឡើងវិញ៖…
-សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ឡើង​វិញ​ផង ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហប្ញ​ទ័យ​របស់ព្រះ‌អង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ ព្រះ‌អង្គ​យាង​ចេញ​ពី​កណ្ដាល​ចំណោម​គេ​បាត់​ទៅ។

ពាក្យអង្វរសកល

ព្រះអម្ចាស់យេស៊ូគ្រីស្តបានសង្រ្គោះយើងឱ្យរួចផុតពីបាប។ ដោយយើងជាប្រជារាស្រ្តព្រះអង្គ យើងទូលព្រះអង្គថា ៖

បន្ទរ ៖ ឱព្រះយេស៊ូជាព្រះរាជវង្សព្រះបាទដាវីឌអើយ ! សូមអាណិតមេត្តាយើងខ្ញុំផង !

បពិត្រព្រះគ្រីស្តជាអម្ចាស់ ! យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់ព្រះសហគមន៍ដ៏វិសុទ្ធ ដែលព្រះអង្គបានប្រទានរូបកាយរបស់ព្រះអង្គ ដើម្បីធ្វើឱ្យព្រះសហគមន៍បានវិសុទ្ធ ដោយការលាងជម្រះនឹងទឹក និងព្រះបន្ទូលដែលផ្តល់ជីវិត
—សូមព្រះអង្គបន្តជម្រះព្រះសហគមន៍ឱ្យបានវិសុទ្ធ ដោយការសោកស្តាយនូវកំំហុសដែលខ្លួនបានប្រព្រឹត្ត។ (បន្ទរ)

ឱព្រះគ្រូដ៏សប្បុរសអើយ ! សូមព្រះអង្គបង្ហាញផ្លូវដល់មនុស្សវ័យក្មេង ដែលព្រះអង្គបានជ្រើសរើសសម្រាប់ពួកគេម្នាក់ៗ
—សូមឱ្យពួកគេដើរតាមមាគ៌ានោះ និងស្វែងរកធ្វើតាមព្រះហឫទ័យព្រះអង្គ។ (បន្ទរ)

ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ទ្រង់បានព្យាបាលជំងឺគ្រប់ប្រភេទឱ្យបានជាសះស្បើយ សូមព្រះអង្គនាំសេចក្តីសង្ឃឹមដល់អ្នកជំងឺ និងលើកពួកគេឱ្យក្រោកឈរឡើងវិញ
—សូមបង្រៀនយើងខ្ញុំឱ្យចេះស្រឡាញ់ និងយកចិត្តទុកដាក់ថែរក្សាពួកគេផង។ (បន្ទរ)

សូមព្រះអង្គប្រោសឱ្យយើងខ្ញុំចេះគិតអំពីតម្លៃនៃសេចក្តីថ្លៃថ្នូរ ដែលព្រះអង្គបានប្រទានឱ្យយើងខ្ញុំក្នុងអគ្គសញ្ញាជ្រមុជទឹក
—សូមឱ្យយើងខ្ញុំរស់នៅសម្រាប់ព្រះអង្គគ្រប់វិនាទី។ (បន្ទរ)

សូមឱ្យមរណបុគ្គលរស់ឡើងវិញប្រកបដោយសិរីរុងរឿង ក្នុងសេចក្តីសុខសាន្តរបស់ព្រះអង្គ
—សូមប្រទានឱ្យយើងខ្ញុំបានចូលរួមជាមួយពួកគេ ក្នុងព្រះរាជ្យព្រះអង្គផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់អើយ ! ប្រសិនបើព្រះអង្គមិនជួយការពារទេនោះ ព្រះសហគមន៍គ្មានសេចក្តីសុខសាន្តឡើយ។ សូមព្រះអង្គមេត្តាសម្តែងធម៌មេត្តាករុណារបស់ព្រះអង្គចំពោះយើងខ្ញុំ ដោយជម្រះឲ្យយើងខ្ញុំបានស្អាតបរិសុទ្ធ ព្រមទាំងថែរក្សា និងណែនាំព្រះសហគមន៍របស់ព្រះអង្គគ្រប់ពេលវេលា។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។