០២ មីនា ២០២៦

Written on 05/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី២ ថ្ងៃចន្ទ

 (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ៤៥

ចម្រៀង​នៅ​ពេល​ព្រះរាជា​រៀប​អភិសេក

“ស្វាមី​មក​ដល់​ហើយ! ចូរ​នាំ​គ្នា​រត់​ទៅ​ទទួល​លោក!” (មថ ២៥,៦)។

បន្ទរទី១ ៖ ក្នុងចំណោមបុរសទាំងអស់ មានតែព្រះអង្គទេ ដែលរូបល្អជាងគេ ព្រះអង្គមានសំនួនវោហារដ៏ពូកែ។

(ក)

ចិត្ត​របស់​ខ្ញុំ​ពោរ‌ពេញទៅ​ដោយ​ពាក្យ‌ពេចន៍​ដ៏​សែន​ពីរោះ
ខ្ញុំ​តែង​បទ​ចម្រៀង​នេះ​ថ្វាយ​ព្រះ‌មហា​ក្សត្រ។
សូម​ឱ្យ​សម្ដីខ្ញុំ​ចាប់​ចុង​ជួន ដូច​បទ​កំណាព្យ​របស់​កវី​និពន្ធ​មួយ​រូប​ដ៏​ចំណាន។

ក្នុង​ចំណោម​បុរស​ទាំង​អស់ មាន​តែ​ព្រះ‌អង្គ​ទេ​ ដែល​រូប​សម្បត្តិ​ល្អ​ជាង​គេ
ព្រះ‌អង្គ​មាន​សំនួន‌វោហារ​ដ៏​ពូកែ
ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ប្រទាន​ពរ​ដល់​ព្រះ‌អង្គ​រហូត​ត​ទៅ។

ឱ​វីរ‌បុរស​ដ៏​មាន​ឫទ្ធិអើយ
សូម​ពាក់​ព្រះ‌ខ័នរាជ្យ​ដ៏​រុង‌រឿង និង​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​របស់​ព្រះ‌អង្គ​ទៅ។

សូម​ព្រះ‌អង្គ​យាង​គង់​លើ​ព្រះ‌រាជ‌រថប្រកប​ដោយ​សិរី‌រុង​រឿង
ដើម្បី​ច្បាំង​ការ‌ពារ​សេចក្ដីពិត និង​សេចក្ដីសុចរិត​ទៀង​ត្រង់
សូម​ព្រះ‌អង្គ​ទទួល​មហា​ជោគ‌ជ័យ ដោយ​ព្រះ‌បារមី​របស់​ព្រះ‌អង្គ។

សូម​ឱ្យ​ព្រួញ​ដ៏​មុត​របស់​ព្រះ‌អង្គបាន​បាញ់​ទម្លុះ​ដើម​ទ្រូង​របស់​ពួក​សត្រូវ
សូម​ឱ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយនៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌រាជា។

បពិត្រ​ព្រះ‌ជាម្ចាស់ បល្ល័ង្ក​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ
ហើយ​ព្រះ‌អង្គ​គ្រង​រាជ្យ​ដោយ​យុត្តិធម៌

ព្រះ‌អង្គ​តែង‌តែ​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​សុចរិត
ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អំពើ​ទុច្ចរិត​ទេ
ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ជា​ព្រះ​របស់​ព្រះ‌អង្គ​
ជ្រើស‌រើស​ព្រះ‌អង្គពី​ក្នុង​ចំណោម​មិត្ត‌ភក្ដិ​របស់​ព្រះ‌អង្គ
ហើយ​ប្រទាន​ឱ្យ​ព្រះ‌អង្គមាន​អំណរ​សប្បាយ​ដ៏​លើស‌លប់
ដោយ​ចាក់​ប្រេង​អភិសេក​ព្រះ‌អង្គ។

ព្រះ‌ភូសា​របស់​ព្រះ‌អង្គ​ក្រអូប​ទៅ​ដោយក្លិន​ប្រេង​ទេព្វិរូ
និង​ខ្លឹមចន្ទន៍‌ក្រឹស្នា មាន​ក្រុម​តន្ដ្រីប្រគំ​ភ្លេង​ថ្វាយ​ព្រះ‌អង្គ
នៅ​ក្នុង​ប្រាសាទ​ដែល​រចនា​អំពី​ភ្លុក​ដំរី។
១០
ស្រី​ស្នំ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ជា​បុត្រីរបស់​ស្តេច​នគរ​នានា
ហើយ​ព្រះ‌មហា​ក្សត្រិ‌យានី​ ទ្រង់​គ្រឿង​អលង្ការ
ធ្វើពី​មាស​ដ៏​ល្អ​ប្រណីត គង់​នៅ​ខាង​ស្តាំ​ព្រះ‌អង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ក្នុងចំណោមបុរសទាំងអស់ មានតែព្រះអង្គទេ ដែលរូបល្អជាងគេព្រះអង្គមានសំនួនវោហារដ៏ពូកែ។

បន្ទរទី២ ៖ ស្វាមី​មក​ដល់​ហើយ ! ចូរ​នាំ​គ្នា​រត់​ទៅ​ទទួល​លោក។

(ខ)

(បទព្រហ្មគីតិ)

១១ ព្រះម្ចាស់ក្សត្រីយ៍អើយ កុំកន្តើយសណ្តាប់ខ្ញុំ  
  កុំនឹកនាពួនយំ ដល់រាជវង្សព្រះនាងអី
១២ សូមឱ្យមហាក្សត្រ បានគាប់ចិត្តអង្គក្សត្រីយ៍  
  បង្គំគាល់ក្រាបថ្វាយ កុំនឿយណាយទ្រង់ជាម្ចាស់
១៣ អ្នកមានក្រុងទីរ៉ុស ទាំងស្រីប្រុសមានច្រើនណាស់  
  នាំតង្វាយទាំងអស់ តម្រង់ឆ្ពោះផ្គាប់ក្សត្រី
១៤ ព្រះនាងគង់នៅក្នុង ព្រះរាជវាំងសុខពេកក្រៃ  
  រូបឆោមស្រស់ឥតបី ព្រះភូសារំលេចមាស
១៥ គេដង្ហែព្រះនាង ចូលក្នុងវាំងមនុស្សដេរដាស  
  ភីលៀងមានច្រើនណាស់ ហែទៅគាល់ព្រះរាជា
១៦ ព្រះនាងចូលទៅកាន់ វិមានស្ថានអង្គក្សត្រា  
  អស់ទាំងរាស្ត្រប្រជា គ្រប់ៗគ្នារីករាយក្រៃ
១៧ បពិត្រព្រះមហាក្សត្រ មេត្តាចាត់បុត្រថ្លាថ្លៃ  
  គ្រងរាជ្យដ៏ប្រពៃ តពីព្រះអយ្យកោស្តេច
១៨ ទូលបង្គំនឹងថ្លាថ្លែង រំលឹកចែងឥតមានភ្លេច  
  ព្រះនាមល្អបណ្តាច់ នាំគ្នាលើកថ្កើងព្រះអង្គ
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ ស្វាមី​មក​ដល់​ហើយ ! ចូរ​នាំ​គ្នា​រត់​ទៅ​ទទួល​លោក។

បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)

ព្រះជាម្ចាស់ជាព្រះសង្រ្គោះយើងខ្ញុំ

បន្ទរទី៣ ៖ ព្រះជាម្ចាស់ចាត់​ចែង​គម្រោងការ​នេះ​ឱ្យបាន​សម្រេច​នៅ​គ្រា​ចុង​ក្រោយ​បំផុត គឺ​ប្រមូល​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​បរម‌សុខ និង​នៅ​លើ​ផែន‌ដី ឱ្យរួម​គ្នា​នៅ​ក្នុង​អង្គ​ព្រះ‌គ្រីស្ត ជា​ម្ចាស់​តែ​មួយ។

សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត
ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង
ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។

ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត
តាំងពីមុនកំណើតពិភពលោកមកម៉្លេះ
ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មង នៅចំពោះព្រះភក្ត្រព្រះអង្គ
ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។

ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ
ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ

ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោស
ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។

ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង
ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឱ្យយើងបានរួចពីបាប
តាមព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់របស់ព្រះអង្គ។

ព្រះជាម្ចាស់ប្រណីសន្តោសយើងយ៉ាងខ្លាំងបំផុត
គឺទ្រង់ប្រទានឱ្យយើងមានតំរិះ និងមានប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។

ព្រះអង្គបានប្រោសឱ្យយើងស្គាល់ពីគម្រោងការដ៏លាក់កំបាំង
នៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស
ដែលទ្រង់បានសម្រេចទុកជាមុន ដោយព្រះអង្គផ្ទាល់។
១០
ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត
គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី
ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្តជាម្ចាស់តែមួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះជាម្ចាស់ចាត់​ចែង​គម្រោងការ​នេះ​ឱ្យបាន​សម្រេច​នៅ​គ្រា​ចុង​ក្រោយ​បំផុត គឺ​ប្រមូល​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​បរម‌សុខ និង​នៅ​លើ​ផែន‌ដី ឱ្យរួម​គ្នា​នៅ​ក្នុង​អង្គ​ព្រះ‌គ្រីស្ត ជា​ម្ចាស់​តែ​មួយ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១២,១-២)

ហេតុ​នេះ បង‌ប្អូន​អើយ ខ្ញុំ​សូម​ដាស់‌តឿន​បង‌ប្អូន​ថា ដោយ​ព្រះ‌ជាម្ចាស់ មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​បង‌ប្អូន ចូរ​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អង្គ ទុក​ជា​យញ្ញ‌បូជា​ដ៏​មាន​ជីវិត ដ៏‌វិសុទ្ធ ហើយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់។ បើ​បង‌ប្អូន​ធ្វើ​ដូច្នេះ ទើប​ហៅ​ថា​គោរព​បម្រើ​ព្រះ‌អង្គ​តាម​របៀប​ត្រឹម​ត្រូវ​មែន។ មិន​ត្រូវ​យក​តម្រាប់​តាម​លោកីយ៍​នេះ​ឡើយ ត្រូវ​ទុកឱ្យព្រះ‌ជាម្ចាស់ កែ​ប្រែ​ចិត្ត​គំនិត​បង‌ប្អូន ឱ្យទៅ​ជា​ថ្មី​ទាំង​ស្រុង​វិញ ដើម្បី​ឱ្យបង‌ប្អូន​ចេះ​ពិចារណា​មើល​ថា ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្វីខ្លះ គឺ​អ្វី​ដែល​ល្អ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ និង​គ្រប់​លក្ខណៈ។

បន្ទរ៖ ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា *ព្រះ‌អង្គ​អើយសូម​ប្រណី​មេត្តា​ទូល‌បង្គំ។ បន្ទរឡើងវិញ៖…
-សូម​ប្រោស​ទូល‌បង្គំ​ឱ្យជា​ឡើង​វិញ​ផង ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហប្ញ​ទ័យ​របស់ព្រះ‌អង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងព្រះនាងម៉ារី 

បន្ទរ៖ «កុំ​ថ្កោល‌ទោស​អ្នក​ដទៃ​ឱ្យសោះ ដើម្បី​កុំឱ្យព្រះ‌ជាម្ចាស់​ថ្កោល‌ទោស​អ្នក​រាល់​គ្នា បើ​អ្នក​រាល់​គ្នា​ថ្កោល‌ទោស​គេ​យ៉ាង​ណា ព្រះ‌ជាម្ចាស់​ក៏​នឹង​ថ្កោល‌ទោស​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ» ។

ពាក្យអង្វរសកល

សូមលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា ដែលបានប្រទានព្រះបន្ទូលសន្យាតាមរយៈព្រះបុត្រា ដើម្បីប្រទានតាមពាក្យអង្វរនៃអស់អ្នកដែលរួមគ្នាទូលសូមព្រះអង្គ។ ដោយជឿទុកចិត្តលើព្រះបន្ទូលសន្យាទាំងនេះ យើងខ្ញុំទូលព្រះអង្គថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គទតមកមើលប្រជារាស្រ្តព្រះអង្គ ដោយព្រះហឫទ័យមេត្តា !

បពិត្រព្រះអម្ចាស់ ! ព្រះអង្គបានប្រទានធម្មវិន័យឱ្យលោកម៉ូសេនៅភ្នំស៊ីណៃ ហើយបាននាំយកវិន័យដ៏ល្អឥតខ្ចោះនេះ ទៅដល់អ្នកដែលព្រះអង្គបានចាក់ប្រេងតែងតាំង
—សូមឱ្យមនុស្សទាំងអស់ទទួលស្គាល់វិន័យដែលព្រះអង្គបានចារទុកក្នុងដួងចិត្តរបស់ពួកគេ ហើយឱ្យគេយកចិត្តទុកដាក់ថែរក្សាដូចជាសម្ពន្ធមេត្រី ដោយចិត្តស្មោះត្រង់។ (បន្ទរ)

សូមព្រះអង្គប្រទានឱ្យអជ្ញាធរមានការខ្វល់ខ្វាយពិតប្រាកដ ចំពោះអស់បងប្អូនដែលបានជឿទុកចិត្តលើការថែរក្សារបស់ពួកគេ
—ហើយសូមព្រះអង្គជម្រុញឱ្យដួងចិត្តរបស់ប្រជាពលរដ្ឋ ជួយគាំទ្រដល់ថ្នាក់ដឹកនាំរបស់ខ្លួនផង។ (បន្ទរ)

សូមព្រះអង្គពង្រឹងចិត្តគំនិតបេសកជន ដោយព្រះវិញ្ញាណដ៏វិសុទ្ធ
—ហើយសូមព្រះអង្គបង្កើតសហការីមួយ ដើម្បីជួយដល់ពួកគេពីគ្រប់ប្រជាជាតិទាំងអស់។ (បន្ទរ)

សូមព្រះអង្គប្រទានព្រះអំណោយទានដល់ក្មេងៗ ដើម្បីឱ្យពួកគេអាចធំឡើងក្នុងធម៌មេត្តារបស់ព្រះអង្គ
—និងសូមប្រទានឱ្យមនុស្សវ័យក្មេង អាចឈានទៅដល់កម្ពស់ក្នុងការស្រឡាញ់ព្រះអង្គ និងកាន់តាមបទបញ្ជារបស់ព្រះអង្គផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គបង្ហាញឱ្យយើងខ្ញុំចេះលត់ដំរូបកាយ ដើម្បីកែប្រែចិត្តគំនិត។ សូមព្រះអង្គមេត្តាប្រោសយើងខ្ញុំឱ្យរួចផុតពីអំពើបាបនានា ហើយរស់នៅស្របតាមសេចក្តីស្រឡាញ់របស់ព្រះអង្គជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។