២២ កុម្ភៈ ២០២៧

Written on 03/02/2026
Mary Siya Khim

អាសនៈសន្តសិលា ជាគ្រីស្តទូត

(បុណ្យគោរព)

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៦,១០-១៩

បន្ទរទី១៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់ខ្ញុំ​ឬ​ទេ?»។ «ក្រាប​ទូល​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំស្រឡាញ់​ព្រះ‌អង្គ»។ «សុំ​ថែរក្សា​កូន​ចៀម​របស់ខ្ញុំ​ផង!»។

១០ ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ដដែល ទោះ​បី​ខ្ញុំ​ពោល​ថា ខ្ញុំ​ជា​មនុស្ស​វេទនា។
១១

ពេល​ខ្ញុំ​មាន​ភ័យ​អាសន្ន ខ្ញុំ​ពោល​ឡើង​ថា 
យើង​មិន​អាច​ទុក​ចិត្ត​លើ​មនុស្សណា​ម្នាក់​បាន​ឡើយ។
១២

តើ​ខ្ញុំ​អាច​យក​អ្វីមក​តប​ស្នងនឹង​ព្រះ‌គុណ​ទាំង​ប៉ុន្មាន
ដែល​ព្រះ‌អម្ចាស់​បាន​សម្ដែង​មក​លើ​រូប​ខ្ញុំ?
១៣

ខ្ញុំ​នឹង​លើក​ពែង​ឡើង​ថ្វាយ​ព្រះអម្ចាស់ដែល​បាន​រំដោះ​ខ្ញុំ
ខ្ញុំ​នឹង​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។
១៤

ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា
នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល​របស់​ព្រះ‌អង្គ។
១៥

ព្រះ‌អម្ចាស់​ព្រួយ​ព្រះ‌ហឫទ័យ​ណាស់
នៅ​ពេល​ប្រជាជន​ដ៏‌វិសុទ្ធ​ណា​ម្នាក់​ស្លាប់។
១៦

ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំជា​អ្នក​បម្រើរបស់​ព្រះ‌អង្គ 
ដូច​ម្ដាយ​របស់​ទូល‌បង្គំដែរ ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំឱ្យ​រួច​ពី​ស្លាប់។
១៧

ទូលបង្គំសូម​ថ្វាយ​យញ្ញបូជា ដើម្បី​អរ​ព្រះ‌គុណ​ព្រះ‌អង្គ
ខ្ញុំ​នឹង​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។
១៨

ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា
នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល​របស់​ព្រះ‌អង្គ
១៩

គឺ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ ដែល​ស្ថិត​នៅ​កណ្ដាល​ក្រុង​យេរូ‌សាឡឹម។ អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់ខ្ញុំ​ឬ​ទេ?»។ «ក្រាប​ទូល​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំស្រឡាញ់​ព្រះ‌អង្គ»។ «សុំ​ថែរក្សា​កូន​ចៀម​របស់ខ្ញុំ​ផង!»។

ទំនុកតម្កើងលេខ ១២៦

បន្ទរទី២៖ លោក​សិលា​ក៏​ជាប់​នៅ​ក្នុង​មន្ទីរ​ឃុំ‌ឃាំង ព្រះ‌សហគមន៍​បាន​នាំ​គ្នា​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឥត​ស្រាក‌ស្រាន្ត សូម​ព្រះ‌អង្គ​ជួយ​លោក។

(បទព្រហ្មគីតិ)

១- ពេលព្រះដឹកនាំអ្នក ដែលជំពាក់ខ្លួនជាឈ្លើយ  
  មកក្រុងស៊ីយ៉ូនហើយ យើងធូរស្បើយដូចយល់សប្តិ ។
២- យើងសើចហ៊ោរសប្បាយ អរក្អាកក្អាយឥតមានឈប់  
  ស្រែកជ័យឃោសន៍សាយសព្វ លាន់សូរស័ព្ទគ្រប់ទិសា ។
  ពេលនោះក្នុងចំណោម ជាតិទាំងព្រមគេពោលថា  
  ព្រះម្ចាស់មានចេស្តា ធ្វើអស្ចារ្យចំពោះគេ ។
៣- ព្រះអង្គបានធ្វើការ ដ៏អស្ចារ្យអ្វីម៉េ្លះទេ  
  យើងលែងគិតគ្នាន់គ្នេរ បានល្ហើយល្ហែអរសប្បាយ ។
៤- ឱព្រះម្ចាស់ឧត្តម សូមប្រោសខ្ញុំឱ្យរីកសាយ  
  ដូចរហោស្ថានឆ្ងាយ សូមប្រែក្លាយមានទឹកហូរ ។
៥- អ្នកណាសាបព្រោះស្រូវ ដោយសោកសៅគួរអាសូរ  
  ទាំងទឹកភ្នែកជន់ជោរ នឹងច្រូតយកទាំងសប្បាយ ។
៦- គេយកពូជទៅព្រោះ ទាំងស្រណោះយំសោកស្តាយ  
  ក្រោយមកគេប្រែក្លាយ ហ៊ោសប្បាយដោយអំណរ ។
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច ។

បន្ទរ៖ លោក​សិលា​ក៏​ជាប់​នៅ​ក្នុង​មន្ទីរ​ឃុំ‌ឃាំង ព្រះ‌សហគមន៍​បាន​នាំ​គ្នា​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឥត​ស្រាក‌ស្រាន្ត សូម​ព្រះ‌អង្គ​ជួយ​លោក។

បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)

បន្ទរទី៣៖ អ្នក​ឈ្មោះ​សិលា ហើយ​នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ព្រះ‌សហ‌គមន៍របស់ខ្ញុំ។

៣
សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត 
ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​បាន​ប្រោស​ប្រទាន​ព្រះ‌ពរ​គ្រប់​យ៉ាង
ផ្នែក​ខាង​វិញ្ញាណ​ពី​ស្ថាន​បរម‌សុខមក​យើង ក្នុង​អង្គ​ព្រះ‌គ្រីស្ត។
៤

ព្រះ‌អង្គ​បាន​ជ្រើស‌រើស​យើង​ក្នុង​អង្គ​ព្រះ‌គ្រីស្ត 
តាំង​ពី​មុន​កំណើត​ពិភពលោក​មក​ម៉្លេះ ដើម្បី​ឱ្យ​យើង​វិសុទ្ធ 
និង​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ 
ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង។
៥

ព្រះ‌អង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន ឱ្យ​ធ្វើជា​បុត្រ​ធីតា​របស់​ព្រះ‌អង្គ
ដោយ‌សារ​ព្រះ‌យេស៊ូ‌គ្រីស្ត ស្រប​នឹង​បំណង​ដ៏​សប្បុរស​របស់​ព្រះ‌អង្គ
៦

ដើម្បី​ឱ្យ​យើង​លើក​តម្កើង​សិរី‌រុង​រឿង​នៃ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស 
ដែល​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​មក​យើង 
ក្នុង​អង្គ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។
៧

ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត​នេះ ព្រះ‌ជាម្ចាស់​បាន​លោះ​យើង 
ដោយ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ និង​លើក‌លែង​ទោស​ឱ្យ​យើង​បាន​រួច​ពី​បាប
តាម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ដ៏​លើស‌លប់​របស់​ព្រះ‌អង្គ។
៨

ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​យើង​យ៉ាង​ខ្លាំង​បំផុត 
គឺ​ព្រះ‌អង្គ​ប្រទាន​ឱ្យ​យើង​មាន​តម្រិះ និង​ប្រាជ្ញា​ដ៏​វាងវៃ​គ្រប់​យ៉ាង។
៩

ព្រះអង្គ​បាន​ប្រោស​ឱ្យ​យើង​ស្គាល់​គម្រោងការ​ដ៏​លាក់កំបាំង
នៃព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ តាម​បំណង​ដ៏​សប្បុរស 
ដែល​ព្រះ‌អង្គ​បាន​សម្រេច​ទុក​ជា​មុន​ដោយ​ព្រះ‌អង្គ​ផ្ទាល់។
១០

ព្រះអង្គ​ចាត់​ចែង​គម្រោងការ​នេះ​ឱ្យ​បាន​សម្រេច
នៅ​គ្រា​ចុង​ក្រោយបំផុត គឺ​ប្រមូល​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​បរម‌សុខ 
និង​នៅ​លើ​ផែន‌ដី ឱ្យ​រួម​គ្នា​នៅ​ក្នុង​អង្គ​ព្រះ‌គ្រីស្ត ជា​ម្ចាស់​តែ​មួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ អ្នក​ឈ្មោះ​សិលា ហើយ​នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ព្រះ‌សហ‌គមន៍របស់ខ្ញុំ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ១,៣-៥)

សូម​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង។ ព្រះ‌ជាម្ចាស់​បាន​ប្រោស​យើង​ឱ្យ​កើត​ជា​ថ្មី ដោយ​ប្រោស​ព្រះ‌យេស៊ូ‌គ្រីស្តឱ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ស្រប​តាម​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដ៏​លើស‌លប់​របស់​ព្រះ‌អង្គ ដូច្នេះ យើង​មាន​សេចក្ដីសង្ឃឹម​ដែល​មិន​ចេះ​សាប​សូន្យ ហើយ​យើង​នឹង​ទទួល​មត៌ក​ដែល​មិន​ចេះ​រលួយ មិន​ចេះ​សៅ‌ហ្មង មិន​ចេះ​ស្រពោន។ ព្រះ‌ជាម្ចាស់​បម្រុង​ទុក​មត៌ក​នេះ​ឱ្យ​បង‌ប្អូន​នៅ​ស្ថាន​បរម‌សុខ ហើយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​ថែ‌រក្សា​បង‌ប្អូន ដោយ‌សារ​ជំនឿ ដើម្បី​ឱ្យ​បង‌ប្អូន​ទទួល​ការ​សង្គ្រោះ ដែល​ព្រះ‌អង្គ​បាន​រៀបចំ​ទុក​ជា​ស្រេច ហើយ​ដែល​ព្រះ‌អង្គ​នឹង​សម្ដែង​នៅ​គ្រា​ចុង​ក្រោយ​បំផុត។
 
បន្ទរ៖ ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា *អំពី​សិរីរុង​រឿង​របស់​ព្រះ‌អង្គ។ បន្ទរឡើងវិញ៖...
-ហើយ​ប្រកាស​នៅ​ក្នុង​ចំណោមប្រជាជន​ទាំង‌ឡាយ អំពី​ស្នា​ព្រះ‌ហស្ដដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ!។ បន្ទរ៖ *...
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖...

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ លោក គឺជាគង្វាលនៃហ្វូងចៀមរបស់ព្រះគ្រីស្ត និងជាព្រះអង្គម្ចាស់នៃក្រុមគ្រីស្តទូត។ ព្រះគ្រីស្តបានប្រគល់កូនសោព្រះរាជ្យនៃស្ថានបរមសុខឱ្យលោក។

ពាក្យអង្វរសកល

បងប្អូនជាទីស្រឡាញ់ ! យើងបានសង់ឡើងនៅលើគ្រឹះនៃក្រុមគ្រីស្តទូត។ ចូរយើងទូលទៅព្រះបិតាដ៏មានឫទ្ធានុភាព សម្រាប់ប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គយកព្រះហឫទ័យទុកដាក់ចំពោះព្រះសហគមន៍របស់ព្រះអង្គ !

បពិត្រព្រះបិតា ! ព្រះអង្គសព្វព្រះហឫទ័យឱ្យក្រុមគ្រីស្តទូតបានឃើញព្រះបុត្រាព្រះអង្គមុនគេ ក្រោយពីទ្រង់មានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់ —យើងខ្ញុំសូមទូលអង្វរព្រះអង្គ សូមប្រោសប្រទានឱ្យយើងខ្ញុំធ្វើជាសាក្សីអំពីព្រះអង្គ រហូតដល់ចុងបំផុតនៃពិភពលោក។ (បន្ទរ)
 
ព្រះអង្គបានចាត់ព្រះបុត្រាឱ្យយាងមកប្រកាសដំណឹងល្អដល់ជនក្រីក្រ
—សូមជួយយើងខ្ញុំឱ្យចេះប្រកាសដំណឹងល្អនេះ ដល់គ្រប់ស្នាព្រះហស្តរបស់ព្រះអង្គផង។ (បន្ទរ)
 
ព្រះអង្គបានចាត់ព្រះបុត្រាឱ្យយាងមក សាបព្រោះគ្រាប់ពូជនៃជីវិតអមតៈ
—សូមប្រោសឱ្យយើងខ្ញុំដែលធ្វើការសាបព្រោះគ្រាប់ពូជនេះ អាចចូលរួមចំណែកក្នុងអំណរសប្បាយនៃការប្រមូលផលនោះផង។ (បន្ទរ)
 
ព្រះអង្គបានចាត់ព្រះបុត្រាឱ្យយាងមកសម្រុះសម្រួលយើងខ្ញុំ ឱ្យជានានឹងព្រះអង្គវិញ ដោយសារព្រះលោហិតរបស់ព្រះបុត្រា
—សូមជួយយើងខ្ញុំទាំងអស់គ្នា ឱ្យសម្រេចបាននូវកិច្ចការឆ្ពោះទៅរកការផ្សះផ្សានេះផង។ (បន្ទរ)
 
ព្រះបុត្រាគង់នៅខាងស្តាំព្រះអង្គ នៅស្ថានបរមសុខ
—សូមឱ្យមរណបុគ្គលចូលក្នុងព្រះរាជ្យនៃអំណរសប្បាយនោះដែរ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ! ព្រះអង្គសព្វព្រះហឫទ័យ តែងតាំងព្រះសហគមន៍ឱ្យស្ថិតនៅលើថ្មគ្រឹះដ៏រឹងមាំ គឺលើជំនឿរបស់សន្តសិលា។ សូមព្រះអង្គប្រោសប្រណីយើងខ្ញុំឱ្យរួចផុតពីអន្តរាយគ្រប់បែបយ៉ាងដែលរារាំងព្រះសហគមន៍សព្វថ្ងៃនេះ។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។