រដូវសែសិបថ្ងៃ សប្តាហ៍ទី១ ថ្ងៃចន្ទ
សន្តប៉ូលីកាព ជាអភិបាល និងជាមរណសាក្សី
(បុណ្យរំឭកចាំបាច់)
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១
ព្រះអម្ចាស់បានប្រព្រឹត្តចំពោះខ្ញុំ ស្របតាមសេចក្ដីសុចរិតរបស់ខ្ញុំ
អ្នកណាស្រេកឃ្លានសេចក្ដីសុចរិត អ្នកនោះមានសុភមង្គលហើយ! (មថ ៥,៦)។
បន្ទរទី១ ៖ ព្រះអម្ចាស់យកចិត្តទុកដាក់ចំពោះអ្នកទន់ខ្សោយ និងអ្នកដែលត្រូវគេជិះជាន់។
| ១ | ខ្ញុំមកជ្រកកោនជាមួយព្រះអម្ចាស់ហើយ ហេតុអ្វីបានជាអ្នករាល់គ្នាប្រាប់ខ្ញុំ ឱ្យរត់ទៅជ្រកនៅតាមភ្នំ ដូចសត្វស្លាបទៅវិញដូច្នេះ? |
| ២ | ពួកជនពាលបានយឹតធ្នូភ្ជាប់ព្រួញទៅនឹងខ្សែ បម្រុងនឹងបាញ់ចេញពីទីងងឹត សំដៅទៅលើអស់អ្នកដែលមានចិត្តទៀងត្រង់។ |
| ៣ | ប្រសិនបើអ្វីៗដែលជាមូលដ្ឋាននៃសង្គមត្រូវរលំអស់ តើមនុស្សសុចរិតនឹងធ្វើអ្វីកើត? |
| ៤ | ព្រះអម្ចាស់គង់នៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ បល្ល័ង្ករបស់ព្រះអង្គស្ថិតនៅក្នុងស្ថានបរមសុខ ព្រះអង្គទតមើល ហើយឈ្វេងយល់អ្វីៗទាំងអស់ដែលមនុស្សលោកធ្វើ។ |
| ៥ | ព្រះអម្ចាស់ឈ្វេងយល់ចិត្តមនុស្សសុចរិត តែព្រះអង្គមិនសព្វព្រះហឫទ័យនឹងមនុស្សពាល ព្រមទាំងអ្នកដែលប្រព្រឹត្តអំពើឃោរឃៅទេ។ |
| ៦ | សូមព្រះអង្គដាក់ទោសមនុស្សពាល ដោយធ្វើឱ្យមានរងើកភ្លើង និងស្ពាន់ធ័របង្អុរចុះមកលើពួកគេដូចជាភ្លៀង ហើយសូមឱ្យខ្យល់ក្ដៅបក់បោកមកលើពួកគេដែរ។ |
| ៧ | ដ្បិតព្រះអម្ចាស់ទ្រង់សុចរិត ព្រះអង្គសព្វព្រះហឫទ័យនឹងកិច្ចការណាដែលសុចរិត។ មនុស្សមានចិត្តទៀងត្រង់ មុខជាបានឃើញព្រះភក្ត្ររបស់ព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់យកចិត្តទុកដាក់ចំពោះអ្នកទន់ខ្សោយ និងអ្នកដែលត្រូវគេជិះជាន់។
ទំនុកតម្កើងលេខ ១៥
តើនរណាអាចឈរនៅចំពោះព្រះភក្រ្តព្រះអម្ចាស់បាន?
បងប្អូនបានចូលមកជិតភ្នំស៊ីយ៉ូន មកជិតក្រុងរបស់ព្រះដ៏មានព្រះជន្មគង់នៅ (ហប ១២,២២)។
បន្ទរទី២ ៖ អ្នកណាមានចិត្តបរិសុទ្ធ អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់ !
(បទព្រហ្មគីតិ)
| ១- | បពិត្រព្រះអម្ចាស់ | នរណាខ្លះអាចរស់នៅក្នុង | |
| ព្រះពន្លាព្រះអង្គ | ស្ថិតលើខ្នងភ្នំវិសុទ្ធ | ។ | |
| ២- | គឺមានតែមនុស្ស | ដែលគ្មានទោសនិងប្រព្រឹត្ត | |
| អំពើសុចរិត | និយាយពិតជាដរាប | ។ | |
| ៣- | គេមិននិយាយមួល | បង្កាច់ផ្តួលមិនធ្វើបាប | |
| បងប្អូនដែលទន់ទាប | មិនបង្អាប់កិត្តិយស | ។ | |
| ៤- | គេមិនរាប់រកអ្នក | ដែលព្រះម្ចាស់មិនស្ម័គ្រស្មោះ | |
| តែគេលើកកិត្តិយស | អ្នកគោរពកោតព្រះអង្គ | ។ | |
| ៥- | បើមាននរណាម្នាក់ | មករកប្រាក់គេឱ្យខ្ចី | |
| មិនចង់បានកម្រៃ | ច្រើនតិចក្តីគេមិនយក | ។ | |
| អ្នកប្រព្រឹត្តដូច្នេះ | ជាមនុស្សចេះអាចចូលជ្រក | ||
| ក្រោមបារមីរៀងមក | នឹងបានសុខជានិរន្តរ៍ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ អ្នកណាមានចិត្តបរិសុទ្ធ អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់ !
បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)
ព្រះជាម្ចាស់ជាព្រះសង្រ្គោះ
បន្ទរទី៣ ៖ ព្រះជាម្ចាស់បានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ។
| ៣ | សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើងក្នុងអង្គព្រះគ្រីស្ត។ |
| ៤ | ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។ |
| ៥ | ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ |
| ៦ | ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោស ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ |
| ៧ | ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឱ្យយើងបានរួចពីបាប តាមព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់របស់ព្រះអង្គ។ |
| ៨ | ព្រះជាម្ចាស់ប្រណីសន្តោសយើងយ៉ាងខ្លាំងបំផុត គឺទ្រង់ប្រទានឱ្យយើងមានតម្រិះ និងមានប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។ |
| ៩ | ព្រះអង្គបានប្រោសឱ្យយើងស្គាល់ពីគម្រោងការដ៏លាក់កំបាំងនៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស ដែលទ្រង់បានសម្រេចទុកជាមុនដោយព្រះអង្គផ្ទាល់។ |
| ១០ | ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេចនៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្តជាម្ចាស់តែមួយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះជាម្ចាស់បានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១២,១-២)
ហេតុនេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនថា ដោយព្រះជាម្ចាស់ មានព្រះហឫទ័យអាណិតអាសូរបងប្អូន ចូរថ្វាយខ្លួនទៅព្រះអង្គ ទុកជាយញ្ញបូជាដ៏មានជីវិតដ៏វិសុទ្ធ ហើយជាទីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់។ បើបងប្អូនធ្វើដូច្នេះ ទើបហៅថាគោរពបម្រើព្រះអង្គតាមរបៀបត្រឹមត្រូវមែន។ មិនត្រូវយកតម្រាប់តាមលោកីយ៍នេះឡើយ ត្រូវទុកឲ្យព្រះជាម្ចាស់ កែប្រែចិត្តគំនិតបងប្អូន ឲ្យទៅជាថ្មីទាំងស្រុងវិញ ដើម្បីឲ្យបងប្អូនចេះពិចារណាមើលថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្វីខ្លះ គឺអ្វីដែលល្អ ដែលគាប់ព្រះហឫទ័យព្រះអង្គ និងគ្រប់លក្ខណៈ។
បន្ទរ៖ ខ្ញុំទូលព្រះអម្ចាស់ថា *ព្រះអង្គអើយសូមប្រណីមេត្តាទូលបង្គំ។ បន្ទរឡើងវិញ៖…
-សូមប្រោសទូលបង្គំឲ្យជាឡើងវិញផង ដ្បិតយើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហប្ញទ័យរបស់ព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ បពិត្រព្រះជាអម្ចាស់ដ៏មានឫទ្ធានុភាព ! ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានរាប់ទូលបង្គំចូលទៅក្នុងចំណោមមរណសាក្សីរបស់ព្រះអង្គ ដែលបានផឹកពីពែងនៃទុក្ខលំបាករបស់ព្រះគ្រីស្ត។
ពាក្យអង្វរសកល
ព្រះអម្ចាស់យេស៊ូគ្រីស្តបានសង្រ្គោះយើងឱ្យរួចផុតពីបាប។ ដោយយើងជាប្រជារាស្រ្តព្រះអង្គ យើងទូលព្រះអង្គថា ៖
បន្ទរ ៖ ឱព្រះយេស៊ូជាព្រះរាជវង្សព្រះបាទដាវីឌអើយ ! សូមអាណិតមេត្តាយើងខ្ញុំផង !
បពិត្រព្រះគ្រីស្តជាអម្ចាស់ ! យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់ព្រះសហគមន៍ដ៏វិសុទ្ធ ដែលព្រះអង្គបានប្រទានរូបកាយរបស់ព្រះអង្គ ដើម្បីធ្វើឱ្យព្រះសហគមន៍បានវិសុទ្ធ ដោយការលាងជម្រះនឹងទឹក និងព្រះបន្ទូលដែលផ្តល់ជីវិត
—សូមព្រះអង្គបន្តជម្រះព្រះសហគមន៍ឱ្យបានវិសុទ្ធ ដោយការសោកស្តាយនូវកំំហុសដែលខ្លួនបានប្រព្រឹត្ត។ (បន្ទរ)
ឱព្រះគ្រូដ៏សប្បុរសអើយ ! សូមព្រះអង្គបង្ហាញផ្លូវដល់មនុស្សវ័យក្មេង ដែលព្រះអង្គបានជ្រើសរើសសម្រាប់ពួកគេម្នាក់ៗ
—សូមឱ្យពួកគេដើរតាមមាគ៌ានោះ និងស្វែងរកធ្វើតាមព្រះហឫទ័យព្រះអង្គ។ (បន្ទរ)
ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ទ្រង់បានព្យាបាលជំងឺគ្រប់ប្រភេទឱ្យបានជាសះស្បើយ សូមព្រះអង្គនាំសេចក្តីសង្ឃឹមដល់អ្នកជំងឺ និងលើកពួកគេឱ្យក្រោកឈរឡើងវិញ
—សូមបង្រៀនយើងខ្ញុំឱ្យចេះស្រឡាញ់ និងយកចិត្តទុកដាក់ថែរក្សាពួកគេផង។ (បន្ទរ)
សូមព្រះអង្គប្រោសឱ្យយើងខ្ញុំចេះគិតអំពីតម្លៃនៃសេចក្តីថ្លៃថ្នូរ ដែលព្រះអង្គបានប្រទានឱ្យយើងខ្ញុំក្នុងអគ្គសញ្ញាជ្រមុជទឹក
—សូមឱ្យយើងខ្ញុំរស់នៅសម្រាប់ព្រះអង្គគ្រប់វិនាទី។ (បន្ទរ)
សូមឱ្យមរណបុគ្គលរស់ឡើងវិញប្រកបដោយសិរីរុងរឿង ក្នុងសេចក្តីសុខសាន្តរបស់ព្រះអង្គ
—សូមប្រទានឱ្យយើងខ្ញុំបានចូលរួមជាមួយពួកគេ ក្នុងព្រះរាជ្យព្រះអង្គផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដែលបង្កើតអ្វីៗទាំងអស់ ! ព្រះអង្គប្រោសឱ្យសន្តប៉ូលីកាព មានកិត្តិយសចូលរួមក្នុងក្រុមមរណសាក្សី។ សូមព្រះអង្គប្រោសយើងខ្ញុំឱ្យចូលរួមក្នុងទុក្ខលំបាករបស់ព្រះគ្រីស្ត ដើម្បីឱ្យយើងខ្ញុំរស់ឡើងវិញក្នុងជីវិតអស់កល្បជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។