២១ កុម្ភៈ ២០២៦

Written on 31/12/2025
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី១ ថ្ងៃអាទិត្យ

ថ្ងៃសៅរ៍ (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១៤១,១-៩

ពាក្យអធិដ្ឋានក្នុងគ្រាមានអាសន្ន

“ផ្សែងគ្រឿងក្រអូបនោះក៏ហុយចេញពីដៃទេវទូតឡើងទៅលើ
ជាមួយពាក្យអធិដ្ឋានរបស់ប្រជាជនដ៏វិសុទ្ធ នៅចំពោះព្រះភក្ត្ររបស់ព្រះជាម្ចាស់” (វវ ៨,៤)។

បន្ទរទី១ ៖ បពិត្រព្រះជាអម្ចាស់ ! យើងខ្ញុំសូមអង្វរព្រះអង្គ សូមព្រះអង្គសព្វព្រះហឫទ័យទទួលយើងខ្ញុំ និងសក្ការបូជាដែលយើងខ្ញុំថ្វាយទៅព្រះអង្គនៅថ្ងៃនេះ រួមជាមួយចិត្តសោកស្តាយ និងការដាក់ខ្លួនផង។

ឱព្រះអម្ចាស់អើយ! ទូលបង្គំសូមអង្វរព្រះអង្គ
សូមមេត្តាយាងមកជួយ ទូលបង្គំជាប្រញាប់!
ពេលទូលបង្គំអង្វរព្រះអង្គ សូមផ្ទៀងព្រះការណ៍ស្តាប់ទូលបង្គំផង!

សូមឱ្យពាក្យអធិដ្ឋានរបស់ទូលបង្គំឡើងទៅដល់ព្រះអង្គ ដូចផ្សែងគ្រឿងក្រអូប
សូម​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​ទូលបង្គំ ដូច​តង្វាយ​នៅ​ពេល​ល្ងាច !​

ឱព្រះអម្ចាស់អើយ! សូមរក្សាមាត់ទូលបង្គំ
សូមកុំឱ្យទូលបង្គំពោលពាក្យអាក្រក់ឡើយ។

សូមកុំបណ្តោយឱ្យចិត្តទូលបង្គំ លំអៀងទៅរកអំពើអាក្រក់
ហើយប្រព្រឹត្តអំពើទុច្ចរិតរួមជាមួយមនុស្សទុច្ចរិត
សូមកុំឱ្យទូលបង្គំចូលរួមជប់លៀងជាមួយពួកគេឡើយ។

បើមនុស្សសុចរិតវាយប្រដៅ និងស្តីបន្ទោសទូលបង្គំ ដោយចិត្តស្មោះត្រង់
ទូលបង្គំមិនប្រកែកទេ ព្រោះជាការល្អចំពោះទូលបង្គំ
ប្រៀប​ដូច​ជា​ទឹក​អប់​ហូរ​លើ​ក្បាល​ទូលបង្គំ។
ក៏ប៉ុន្តែ ទូលបង្គំនៅតែបន្តអធិដ្ឋានតបនឹងអំពើឃោរឃៅរបស់មនុស្សទុច្ចរិត។

សូមឱ្យចៅក្រមរបស់ពួកនោះ ត្រូវគេច្រានទម្លាក់ទៅក្នុងក្រហែងថ្ម
ហើយសូមឱ្យបច្ចាមិត្តស្ដាប់សេចក្ដីដែលទូលបង្គំនិយាយ ដោយសុទ្ធចិត្ត។

“ដីប្រេះចេញពីគ្នាយ៉ាងណា សូមឱ្យស្ថានមនុស្សស្លាប់បើកចំហ
លេបឆ្អឹងរបស់គេដែលនៅរាយប៉ាយ គ្រប់ទីកន្លែងយ៉ាងនោះដែរ” ។

បពិត្រព្រះជាអម្ចាស់! ទូលបង្គំសម្លឹងទៅរកព្រះអង្គជានិច្ច
ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ សូមកុំបណ្តោយឱ្យទូលបង្គំបាត់បង់ជីវិត។

សូមការពារទូលបង្គំឱ្យរួចផុតពីអន្ទាក់ ដែលគេដាក់ចាំចាប់ទូលបង្គំ
សូមកុំឱ្យទូលបង្គំធ្លាក់ទៅក្នុងរណ្តៅរបស់មនុស្សទុច្ចរិតឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ បពិត្រព្រះជាអម្ចាស់ ! យើងខ្ញុំសូមអង្វរព្រះអង្គ សូមព្រះអង្គសព្វព្រះហឫទ័យទទួលយើងខ្ញុំ និងសក្ការបូជាដែលយើងខ្ញុំថ្វាយទៅព្រះអង្គនៅថ្ងៃនេះ រួមជាមួយចិត្តសោកស្តាយ និងការដាក់ខ្លួនផង។

ទំនុកតម្កើងលេខ ១៤២

ព្រះអង្គជាជម្រករបស់ទូលបង្គំ

អ្វីដែលបានសរសេរនៅក្នុងទំនុកតម្កើងនេះ
ត្រូវបានបំពេញនៅក្នុងទុក្ខលំបាករបស់ព្រះអម្ចាស់យើង (សន្តហ៊ីលឡារី)។

បន្ទរទី២ ៖ ចូរស្រែករកព្រះអម្ចាស់ ព្រះអង្គនឹងសណ្តាប់ពាក្យអ្នក ចូរអង្វរ​រក​ព្រះអង្គ នោះទ្រង់នឹង​ឆ្លើយ​តប​មក​អ្នក​វិញថា៖ យើងនៅទីនេះហើយ។

(បទកាកគតិ)

២- ខ្ញុំខំបន្លឺ សម្លេងរន្ទឺ អង្វរព្រះម្ចាស់
  ស្រែកដោយទទូច ឱ្យទ្រង់ឮច្បាស់ ព្រោះរូបខ្ញុំនេះ
    វេទនាពេកក្រៃ
៣- ខ្ញុំទូលព្រះអង្គ ឱ្យបានជ្រាបផង នូវអស់អត្ថន័យ
  ពីពាក្យត្អូញត្អែរ ទុក្ខសោករីងរៃ វេទនារាល់ថ្ងៃ
    ស្ទើរក្ស័យជីវិត
៤- ពេលទូលបង្គំ មានទុក្ខក្រៀមក្រំ បាក់ធ្លាក់ទឹកចិត្ត
  ព្រះអង្គជ្រាបច្បាស់ ពីដំណើរពិត ពួកគេជុំជិត
    ដាក់អន្ទាក់ខ្ញុំ
៥- សូមទ្រង់ទតចុះ គ្មាននរណាសោះ អើពើទូលបង្គំ
  គ្មានទីជ្រកកោន ឱ្យបានសមរម្យ នរណាក៏ពុំ
    រវល់ឡើយណា
៦- បពិត្រព្រះម្ចាស់ ខ្ញុំស្រែកពោលនេះ អង្វរទ្រង់ថា
  ទ្រង់ជាជម្រក នៅក្នុងលោកា គ្មានអ្វីអស្ចារ្យ
    ជាងព្រះអង្គឡើយ
៧- សូមទ្រង់ប្រណី សម្តែងហឫទ័យ កុំបីកន្តើយ
  ដ្បិតទូលបង្គំ ទាល់ច្រកអស់ហើយ រំដោះឱ្យស្បើយ
    ពីជនអប្រីយ៍
៨- សូមដោះលែងខ្ញុំ ផុតពីទុក្ខធំ មានសិទ្ធិសេរី
  ដើម្បីខ្ញុំអាច ថ្កើងព្រះនាមល្បី ចំណោមប្រុសស្រី
    នៃជនសុចរិត
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ ចូរស្រែករកព្រះអម្ចាស់ ព្រះអង្គនឹងសណ្តាប់ពាក្យអ្នក ចូរអង្វរ​រក​ព្រះអង្គ នោះទ្រង់នឹង​ឆ្លើយ​តប​មក​អ្នក​វិញថា៖ យើងនៅទីនេះហើយ។

បទលើកតម្កើងតាមលិខិតទៅភីលីព (ភីល ២,៦-១១)

ព្រះគ្រីស្ដជាអ្នកបម្រើរបស់ព្រះជាម្ចាស់

បន្ទរទី៣ ៖ សូម្បី​តែ​ព្រះគ្រីស្តក៏​ព្រះអង្គ​បាន​សោយ​ទិវង្គត​ម្ដង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ព្រះ​ដ៏​សុចរិតបាន​សោយ​ទិវង្គត ជា​ប្រយោជន៍​ដល់​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​បង‌ប្អូន​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់។ កាល​ព្រះ‌អង្គ​មាន​ឋានៈ​ជា​មនុស្ស ព្រះ‌អង្គ​ត្រូវ​គេ​ធ្វើគុត តែ​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់ ដោយ‌សារ​ព្រះ‌វិញ្ញាណ​វិញ។

ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ
ក៏ព្រះអង្គពុំបានក្តោបក្តាប់ឋានៈ ដែលស្មើនឹងព្រះជាម្ចាស់នេះ
ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។

ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់ មកយកឋានៈជាទាសករ
ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ
ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។

ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជា រហូតដល់សោយទិវង្គត
គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។

ហេតុនេះហើយ បានជាព្រះជាម្ចាស់
លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត
ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់
១០
ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី
ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ
១១
និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់
ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ សូម្បី​តែ​ព្រះគ្រីស្តក៏​ព្រះអង្គ​បាន​សោយ​ទិវង្គត​ម្ដង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ព្រះ​ដ៏​សុចរិតបាន​សោយ​ទិវង្គត ជា​ប្រយោជន៍​ដល់​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​បង‌ប្អូន​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់។ កាល​ព្រះ‌អង្គ​មាន​ឋានៈ​ជា​មនុស្ស ព្រះ‌អង្គ​ត្រូវ​គេ​ធ្វើគុត តែ​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់ ដោយ‌សារ​ព្រះ‌វិញ្ញាណ​វិញ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ករ ៦,១-៤ក)

ដោយ​យើង​ធ្វើ​ការ​រួម​ជា​មួយ​ព្រះ‌ជាម្ចាស់ យើង​សូម​ទូន្មាន​បង‌ប្អូន​ថា កុំ​ទទួល​ការ​ប្រណី‌សន្ដោស​របស់​ព្រះ‌អង្គ យក​មក​ទុក​ចោល​ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: «យើង​បាន​ឆ្លើយ​តប​មក​អ្នកនៅ​គ្រា​ណា​ដែល​យើង​គាប់​ចិត្ត យើង​បាន​ជួយ​អ្នក​នៅ​ថ្ងៃ​ណា​ដែល​យើងសង្គ្រោះ​មនុស្ស​លោក»។ គ្រា​ដែល​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ គឺ​ឥឡូវ​នេះ​ហើយ! គឺ​ឥឡូវ​នេះ​ហើយ ជា​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក!។ យើង​មិន​ចង់​ឲ្យ​កើត​មាន​រឿង​អ្វីមួយ ដែល​បណ្ដាល​ឲ្យ​នរណា​ម្នាក់​ជំពប់​ចិត្ត បាត់​ជំនឿ​ឡើយ ដើម្បី​កុំ​ឲ្យ​គេ​បន្ទោស​មុខ‌ងារ​របស់​យើង។ ផ្ទុយ​ទៅ​វិញ យើង​តាំង​ខ្លួន​ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ ក្នុង​គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់។

បន្ទរ៖ ឱព្រះ‌អម្ចាស់​អើយ ! សូម​ព្រះ​សណ្តាប់ និង​អាណិត‌អាសូរ​យើង​ខ្ញុំ​ផង! *ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហប្ញ​ទ័យ​របស់ព្រះ‌អង្គ។ បន្ទរឡើងវិញ៖…
-សូមព្រះគ្រីស្តយេស៊ូសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ "មនុស្ស​មិន‌មែន​រស់​ដោយ‌សារ​តែ​អាហារ​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ‌សារ​គ្រប់​ព្រះ‌បន្ទូល ដែល​ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌ជាម្ចាស់​ដែរ” ។

ពាក្យអង្វរសកល

ចូរយើងលើកតម្កើងសិរីរុងរឿងរបស់ព្រះគ្រីស្តជាព្រះអម្ចាស់ ដែលបានក្លាយជាព្រះបរមគ្រូ ជាគំរូ និងជាបងរបស់យើង។ ចូរយើងទូលទៅព្រះអង្គថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គចាក់បង្ហូរព្រះជន្មផ្ទាល់មកលើប្រជារាស្រ្តព្រះអង្គផង !

បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គក្លាយជាមនុស្សដូចយើងខ្ញុំសព្វគ្រប់ប្រការ ប៉ុន្តែ គ្មានបាបសោះ។ សូមព្រះអង្គបង្រៀនយើងខ្ញុំឱ្យចេះចែករំលែកជាមួយអ្នកដទៃទាំងអំណរសប្បាយ និងទុក្ខព្រួយ
—ដើម្បីឱ្យយើងខ្ញុំលូតលាស់កាន់តែជ្រៅក្នុងសេចក្តីស្រឡាញ់ជារៀងរាល់ថ្ងៃ។ (បន្ទរ)

សូមជួយយើងខ្ញុំឱ្យចេះយកអាហារទៅឱ្យអ្នកដែលឃ្លាន
—និងយកទឹកមកឱ្យអ្នកដែលស្រេក។ (បន្ទរ)

ព្រះអង្គបានលើកឡាសារឡើងចេញពីសេចក្តីស្លាប់
—សូមព្រះអង្គប្រោសឱ្យមរណបុគ្គលដែលបានស្លាប់ ព្រោះតែអំពើបាប អាចរស់ឡើងវិញដោយសារជំនឿ និងកែប្រែចិត្តគំនិតផង។ (បន្ទរ)

សូមព្រះអង្គជម្រុញឱ្យមនុស្សជាច្រើនដើរតាមព្រះអង្គ ដោយមានចិត្តខ្នះខ្នែង និងល្អឥតខ្ចោះ
—តាមរយៈគំរូនៃព្រះនាងព្រហ្មចារិនីម៉ារី និងសន្តបុគ្គលទាំងឡាយ។ (បន្ទរ)

សូមឱ្យមរណបុគ្គលរស់ឡើងវិញក្នុងសិរីរុងរឿងរបស់ព្រះអង្គ
—ដើម្បីឱ្យពួកគេបានរីករាយនឹងសេចក្តីស្រឡាញ់របស់ព្រះអង្គ អស់កល្បជានិច្ច។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសព្វព្រះហឫទ័យប្រទានជីវិតឲ្យមនុស្សលោក និងប្រោសឲ្យគេមានសុភមង្គលយ៉ាងពេញលេញ។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំឲ្យចេះស្រឡាញ់ និងបម្រើព្រះអង្គ ដើម្បីយើងខ្ញុំអាចស្គាល់មាគ៌ាឆ្ពោះទៅកាន់ព្រះអង្គឯស្ថានបរមសុខ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។