១៩ កុម្ភៈ ២០២៦

Written on 30/12/2025
Mary Siya Khim

ថ្ងៃព្រហស្បតិ៍ ក្រោយបុណ្យរោយផេះ

 (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១៤៤

ពាក្យអធិដ្ឋានសម្រាប់ជ័យជម្នះ និងសន្តិភាព

ព្រះគ្រីស្តបានរៀនអំពីសិល្បៈនៃសង្រ្គាម នៅពេលព្រះអង្គមានជ័យជម្នះលើលោកិយ
ដូចព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំបានឈ្នះលោកិយនេះហើយ (សន្តហ៊ីលឡារី)។

បន្ទរទី១ ៖ ព្រះអម្ចាស់​សម្ដែង​ព្រះហឫទ័យ​មេត្តាករុណាចំពោះ​ខ្ញុំ ព្រះអង្គជាបន្ទាយការពារ​ខ្ញុំ។ ខ្ញុំផ្ញើជីវិត​លើ​ព្រះអង្គ។

(ក)

សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ដែល​ជា​ថ្ម‌ដា​របស់​ខ្ញុំ
ព្រះ‌អង្គ​បង្រៀន​ខ្ញុំ​អំពី​យុទ្ធ‌សាស្ត្រ ហើយ​ហ្វឹក‌ហ្វឺន​ខ្ញុំ​ដើម្បី​ធ្វើ​សឹក។

ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាចំពោះ​ខ្ញុំ ព្រះ‌អង្គ​ជួយ​ការ‌ពារ​ខ្ញុំ
ព្រះ‌អង្គ​ជា​ទី​ជម្រក​ដ៏​រឹង‌មាំ​របស់​ខ្ញុំ ព្រះ‌អង្គ​រំដោះ​ខ្ញុំ
ព្រះ‌អង្គ​ជា​ខែល​ការ‌ពារ​ខ្ញុំ ខ្ញុំ​តែង​មក​ជ្រក​កោន​នឹង​ព្រះ‌អង្គ​ជា‌និច្ច
ព្រះ‌អង្គ​ប្រគល់​ប្រជា‌ជាតិ​នានា​មក​ក្រោមអំណាច​របស់​ខ្ញុំ

ឱ​ព្រះ‌អម្ចាស់​អើយ តើ​មនុស្ស​ជា​អ្វី
បាន​ជា​ព្រះ‌អង្គយក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​គេ​ដូច្នេះ?
តើ​មនុស្ស​លោក​ជា​អ្វីបាន​ជា​ព្រះ‌អង្គ​នឹក​គិត​ដល់​គេ​ដូច្នេះ?

មនុស្ស​លោក​ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ
អាយុ​ជីវិត​របស់​គេ​ប្រៀប​បាន​នឹង​ស្រមោល ដែល​តែង‌តែ​រសាត់​បាត់​ទៅ។

ឱ​ព្រះ‌អម្ចាស់​អើយ សូម​ផ្អៀង​ផ្ទៃ​មេឃរបស់​ព្រះ‌អង្គ ហើយ​យាង​ចុះ​មក!
សូម​ពាល់​ភ្នំ ដើម្បី​ឱ្យ​មាន​ផ្សែង​ហុយ​ឡើង។

សូម​ព្រះ‌អង្គ​ធ្វើ​ឱ្យ​មាន​ផ្លេក​បន្ទោរ កម្ចាត់‌កម្ចាយ​ខ្មាំង​សត្រូវ
សូម​បាញ់​ព្រួញ​របស់​ព្រះ‌អង្គ​បំបាក់​ទ័ព​ពួក​គេ។

សូម​លាត​ព្រះ‌ហស្ដ​ពី​ស្ថាន​លើ​មក​រំដោះ​ទូល‌បង្គំ
សូម​ស្រង់​ទូល‌បង្គំ​ឱ្យ​ចេញ​ផុត​ពី​ទឹក​សមុទ្រ
សូម​រំដោះ​ទូល‌បង្គំ​ឱ្យ​រួច​ពី​អំណាចរបស់​ជន​បរទេស​ទាំង​នេះ​ផង។

ពួក​គេ​មិន​ដែល​និយាយ​ពាក្យ​ពិត​ទេ
ហើយ​ក៏​មិន​ដែល​គោរព​ពាក្យសម្បថ​របស់​ខ្លួន​ដែរ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់​សម្ដែង​ព្រះហឫទ័យ​មេត្តាករុណាចំពោះ​ខ្ញុំ ព្រះអង្គជាបន្ទាយការពារ​ខ្ញុំ។ ខ្ញុំផ្ញើជីវិត​លើ​ព្រះអង្គ។

បន្ទរទី២ ៖ ប្រជាជាតិ​ណា​គោរព​ព្រះ‌អម្ចាស់ទុក​ជា​ព្រះ​របស់​ខ្លួន ប្រជាជាតិ​នោះ​មាន​សុភមង្គល​ហើយ។

(ខ)

(បទព្រហ្មគីតិ)

៩- បពិត្រព្រះម្ចាស់អើយ ខ្ញុំច្រៀងថ្វាយនូវបទថ្មី  
  និងប្រគុំតន្ត្រី ពីរោះក្រៃថ្វាយព្រះម្ចាស់
១០- ព្រះអង្គបានប្រទាន ឱ្យស្តេចមានជ័យជម្នះ  
  ព្រះអង្គបានសង្គ្រោះ ដាវីឌរស់មានសិរី
១១- សូមសង្គ្រោះរំដោះ ខ្ញុំឱ្យរស់ផុតពីដៃ  
  ជនបរទេសអប្រីយ៍ ដែលនិយាយពាក្យមិនពិត
១២- សូមឱ្យកូនប្រុសៗ យើងទាំងអស់ស្រស់ប្រណីត  
  លូតលាស់ល្អម៉ងម៉ត់ ដូចរុក្ខជាតិស្រស់ខៀវខ្ចី
  ឯកូនស្រីសំណព្វ ល្អគួរគាប់ស្រស់ប្រិមប្រីយ៍  
  ដូចទេពអប្សរស្រី ល្អប្រពៃស្រស់ផូរផង់
១៣- សូមឱ្យក្នុងជង្រុក យើងមានផ្ទុកភោគផលផង  
  ចៀមក្នុងហ្វូងត្រសង កើនច្រើនដងរាប់ម៉ឺនពាន់
១៤- ហ្វូងគោក៏ចម្រើន មានកូនច្រើនមិនថយអន់  
  គ្មានបាត់គ្មានគេប្លន់ គ្មានអាសន្នតាមទីផ្សារ
១៥- ប្រជាណាទទួល ពរនិមលដូច្នេះណា  
  កើតមានក្តីសុខា មង្គលថ្លាល្អត្រចះ
  ប្រជាណាគោរព ព្រះម្ចាស់ទុកធ្វើជាព្រះ  
  នោះគេនឹងឃើញច្បាស់ ជួបប្រទះតែមង្គល
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ ប្រជាជាតិ​ណា​គោរព​ព្រះ‌អម្ចាស់ទុក​ជា​ព្រះ​របស់​ខ្លួន ប្រជាជាតិ​នោះ​មាន​សុភមង្គល​ហើយ ! ។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១១,១៧-១៨.១២,១០ខ-១២ក)

ការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់

បន្ទរទី៣ ៖ ដ្បិត​ព្រះជាអម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រះអង្គ​បាន​តាំង​ព្រះរាជ្យ​របស់​ព្រះអង្គ​ហើយ។

១៧ “បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់
ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ
ហើយក៏មានព្រះជន្មគង់នៅតាំងពីដើមរៀងមកដែរ !
យើងខ្ញុំសូមអរព្រះគុណព្រះអង្គ
ព្រោះទ្រង់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ
មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។
១៨
ជាតិសាសន៍នានាបាននាំគ្នាខឹង
ហើយពេលដែលព្រះអង្គសម្តែងព្រះពិរោធក៏មកដល់ដែរ
គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោសមនុស្សស្លាប់។
នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ពួកព្យាការី
ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ
និងដល់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ
ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញ អស់អ្នកដែលបានបំផ្លាញផែនដីដែរ” ។
១០
ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំង នៅលើមេឃថា ៖
“ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ
ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើង
ព្រមទាំងអំណាចព្រះគ្រីស្តរបស់ព្រះអង្គក៏បានមកដល់ដែរ
ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ
គឺអ្នកនោះឯង ដែលចោទប្រកាន់បងប្អូនយើង
ទាំងថ្ងៃ ទាំងយប់ នៅមុខព្រះភក្ត្រនៃព្រះរបស់យើង។
១១
បងប្អូនយើងបានឈ្នះវា
ដោយសារព្រះលោហិតរបស់កូនចៀម និងសក្ខីភាពរបស់ពួកគេ
ហើយបងប្អូនទាំងនោះ បានស៊ូប្តូរជីវិតឥតស្តាយសោះឡើយ។
១២
ហេតុនេះ ស្ថានបរមសុខ និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ!
ចូរមានអំណរសប្បាយឡើង!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ដ្បិត​ព្រះជាអម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រះអង្គ​បាន​តាំង​ព្រះរាជ្យ​របស់​ព្រះអង្គ​ហើយ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យក ៤,៧-៨.១០)

ដូច្នេះ សូម​បង‌ប្អូន​គោរព​ចុះ​ចូល​ព្រះ‌ជាម្ចាស់ ហើយ​ប្រឆាំង​នឹង​មារ នោះ​វា​មុខ​ជា​រត់​ចេញ​ឆ្ងាយ​ពី​បង‌ប្អូន​មិន​ខាន។ សូម​ចូល​ទៅ​ជិត​ព្រះ‌ជាម្ចាស់ នោះ​ព្រះ‌អង្គ​នឹង​យាង​មក​ជិត​បង‌ប្អូន​វិញ​ដែរ។ មនុស្ស​បាប​អើយ ចូរ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធទៅ! មនុស្ស​មាន​ចិត្ត​ពីរ​អើយ ចូរ​ជម្រះ​ចិត្ត​គំនិត​ឲ្យ​បាន​ស្អាត​ឡើង!។ ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះ‌ជាម្ចាស់ នោះ​ព្រះ‌អង្គ​នឹង​លើក​តម្កើង​អ្នក​រាល់​គ្នា​ជា​មិន​ខាន។

បន្ទរ៖ ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា *ព្រះ‌អង្គ​អើយ សូម​ប្រណី​មេត្តា​ទូល‌បង្គំ។ បន្ទរឡើងវិញ៖…
-សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ឡើង​វិញ​ផង ដ្បិត​ទូល‌បង្គំបាន​ប្រព្រឹត្តអំពើ​បាបទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ហើយ។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ អ្នក​ណា​បាត់‌បង់​ជីវិត ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ។

ពាក្យអង្វរសកល

នៅក្នុងធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ព្រះអង្គបានចាត់ព្រះវិញ្ញាណដ៏វិសុទ្ធឱ្យមកបំភ្លឺយើងខ្ញុំ ដើម្បីឱ្យការរស់នៅរបស់យើងខ្ញុំអាចបញ្ចេញភាពដ៏វិសុទ្ធ និងជំនឿ។ ចូរយើងបន្លឺសម្លេងទូលព្រះអង្គថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមប្រទានជីវិតដល់ប្រជារាស្រ្តរបស់ព្រះអង្គ ដែលព្រះគ្រីស្តបានលោះនោះផង !

បពិត្រព្រះអម្ចាស់! ព្រះអង្គជាប្រភពនៃភាពដ៏វិសុទ្ធគ្រប់យ៉ាង សូមព្រះអង្គណែនាំលោកអភិបាល លោកបូជាចារ្យ និងលោកឧបដ្ឋាកទាំងអស់ឱ្យទៅជិតព្រះគ្រីស្ត តាមរយៈការអាថ៌កំបាំងនៃអគ្គសញ្ញាអរព្រះគុណ
—សូមឱ្យអស់លោកលូតលាស់ជាប្រចាំ ក្នុងព្រះអំណោយទាននៃអគ្គសញ្ញាតែងតាំងរបស់អស់លោកផង។ (បន្ទរ)

សូមព្រះអង្គប្រៀនប្រដៅប្រជាជនរបស់ព្រះគ្រីស្ត ឱ្យចេះស្រឡាញ់ និងចូលរួមក្នុងតុព្រះបន្ទូល និងរូបកាយរបស់ព្រះអង្គ
—ដើម្បីពួកគេអាចនាំព្រះហឫទ័យប្រណីសន្តោសមកក្នុងជីវិតប្រចាំថ្ងៃ ដែលគេបានទទួលដោយសារជំនឿ និងតាមរយៈអគ្គសញ្ញានានា។ (បន្ទរ)

បពិត្រព្រះអម្ចាស់! សូមព្រះអង្គប្រោសឱ្យយើងខ្ញុំអាចមើលឃើញតម្លៃថ្លៃថ្នូររបស់មនុស្សម្នាក់ៗ ដែលព្រះអង្គបានលោះដោយព្រះលោហិតរបស់ព្រះបុត្រា
—ដើម្បីឱ្យយើងខ្ញុំចេះគោរពសេរីភាព និងមនសិការរបស់មនុស្សទាំងអស់។ (បន្ទរ)

សូមបង្រៀនយើងខ្ញុំឱ្យចេះទប់ចិត្តលោភលន់របស់យើងខ្ញុំ ពីសម្បត្តិលោកីយ៍
—ហើយឱ្យយើងខ្ញុំចេះខ្វល់ខ្វាយពីសេចក្តីត្រូវការរបស់អ្នកដទៃផង។ (បន្ទរ)

សូមព្រះអង្គអាណិតអាសូរដល់ប្រជារាស្រ្ត ដែលព្រះអង្គបានត្រាស់ហៅនៅថ្ងៃនេះ
—សូមព្រះអង្គប្រទានរង្វាន់នៃសុភមង្គលអស់កល្បជានិច្ចឱ្យពួកគេផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំ ហើយប្រណីសន្តោសដល់យើងខ្ញុំក្នុងពេលបំពេញកិច្ចការនានា ព្រមទាំងជួយយើងខ្ញុំឲ្យសម្រេចកិច្ចការទាំងនោះ តាមព្រះហឫទ័យព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។