០៩ កុម្ភៈ ២០២៦

Written on 24/12/2025
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី៥ ថ្ងៃចន្ទ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន!  (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១

ព្រះ‌អម្ចាស់​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ស្រប​តាម​សេចក្ដីសុចរិត​របស់​ខ្ញុំ

អ្នកណាស្រេកឃ្លានសេចក្ដីសុចរិត អ្នកនោះមានសុភមង្គលហើយ! (មថ ៥,៦)។

បន្ទរទី១ ៖ ព្រះអម្ចាស់យកចិត្តទុកដាក់ចំពោះអ្នកទន់ខ្សោយ និងអ្នកដែលត្រូវគេជិះជាន់។

ខ្ញុំមកជ្រកកោនជាមួយព្រះអម្ចាស់ហើយ
ហេតុអ្វីបានជាអ្នករាល់គ្នាប្រាប់ខ្ញុំ
ឱ្យរត់ទៅជ្រកនៅតាមភ្នំ ដូចសត្វស្លាបទៅវិញដូច្នេះ?

ពួកជនពាលបានយឹតធ្នូភ្ជាប់ព្រួញទៅនឹងខ្សែ
បម្រុងនឹងបាញ់ចេញពីទីងងឹត
សំដៅទៅលើអស់អ្នកដែលមានចិត្តទៀងត្រង់។

ប្រសិនបើអ្វីៗដែលជាមូលដ្ឋាននៃសង្គមត្រូវរលំអស់
តើមនុស្សសុចរិតនឹងធ្វើអ្វីកើត?

ព្រះអម្ចាស់គង់នៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ
បល្ល័ង្ករបស់ព្រះអង្គស្ថិតនៅក្នុងស្ថានបរមសុខ
ព្រះអង្គទតមើល ហើយឈ្វេងយល់អ្វីៗទាំងអស់ដែលមនុស្សលោកធ្វើ។

ព្រះអម្ចាស់ឈ្វេងយល់ចិត្តមនុស្សសុចរិត
តែព្រះអង្គមិនសព្វព្រះហឫទ័យនឹងមនុស្សពាល
ព្រមទាំងអ្នកដែលប្រព្រឹត្តអំពើឃោរឃៅទេ។

សូមព្រះអង្គដាក់ទោសមនុស្សពាល
ដោយធ្វើឱ្យមានរងើកភ្លើង និងស្ពាន់ធ័រ
បង្អុរចុះមកលើពួកគេដូចជាភ្លៀង
ហើយសូមឱ្យខ្យល់ក្ដៅបក់បោកមកលើពួកគេដែរ។

ដ្បិតព្រះអម្ចាស់ទ្រង់សុចរិត
ព្រះអង្គសព្វព្រះហឫទ័យនឹងកិច្ចការណាដែលសុចរិត។
មនុស្សមានចិត្តទៀងត្រង់ មុខជាបានឃើញព្រះភក្ត្ររបស់ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់យកចិត្តទុកដាក់ចំពោះអ្នកទន់ខ្សោយ និងអ្នកដែលត្រូវគេជិះជាន់។

ទំនុកតម្កើងលេខ ១៥

តើ​នរណា​អាច​ឈរ​នៅ​ចំពោះព្រះភក្រ្តព្រះអម្ចាស់បាន?

បងប្អូនបានចូលមកជិតភ្នំស៊ីយ៉ូន​ មកជិតក្រុងរបស់ព្រះដ៏មានព្រះជន្មគង់នៅ (ហប ១២,២២)។

បន្ទរទី២ ៖ អ្នកណាមានចិត្តបរិសុទ្ធ អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់ !

(បទព្រហ្មគីតិ)

១- បពិត្រព្រះអម្ចាស់ នរណាខ្លះអាចរស់នៅក្នុង  
  ព្រះពន្លាព្រះអង្គ ស្ថិតលើខ្នងភ្នំវិសុទ្ធ
២- គឺមានតែមនុស្ស ដែលគ្មានទោសនិងប្រព្រឹត្ត  
  អំពើសុចរិត និយាយពិតជាដរាប
៣- គេមិននិយាយមួល បង្កាច់ផ្តួលមិនធ្វើបាប  
  បងប្អូនដែលទន់ទាប មិនបង្អាប់កិត្តិយស
៤- គេមិនរាប់រកអ្នក ដែលព្រះម្ចាស់មិនស្ម័គ្រស្មោះ  
  តែគេលើកកិត្តិយស អ្នកគោរពកោតព្រះអង្គ
៥- បើមាននរណាម្នាក់ មករកប្រាក់គេឱ្យខ្ចី  
  មិនចង់បានកម្រៃ ច្រើនតិចក្តីគេមិនយក
  អ្នកប្រព្រឹត្តដូច្នេះ ជាមនុស្សចេះអាចចូលជ្រក  
  ក្រោមបារមីរៀងមក នឹងបានសុខជានិរន្តរ៍
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ អ្នកណាមានចិត្តបរិសុទ្ធ អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់ !

បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)

ព្រះជាម្ចាស់ជាព្រះសង្រ្គោះ

បន្ទរទី៣ ៖ ព្រះជាម្ចាស់បានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ។

សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត
ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង
ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើងក្នុងអង្គព្រះគ្រីស្ត។

ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត
តាំងពីមុនកំណើតពិភពលោកមកម៉្លេះ
ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភក្ត្រព្រះអង្គ
ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។

ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ
ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ

ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោស
ដែលទ្រង់បានប្រោសប្រទានមកយើង
ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។

ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង
ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឱ្យយើងបានរួចពីបាប
តាមព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់របស់ព្រះអង្គ។

ព្រះជាម្ចាស់ប្រណីសន្តោសយើងយ៉ាងខ្លាំងបំផុត
គឺទ្រង់ប្រទានឱ្យយើងមានតម្រិះ និងមានប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។

ព្រះអង្គបានប្រោសឱ្យយើងស្គាល់ពីគម្រោងការដ៏លាក់កំបាំងនៃព្រះហឫទ័យរបស់ព្រះអង្គ
តាមព្រះបំណងដ៏សប្បុរស ដែលទ្រង់បានសម្រេចទុកជាមុនដោយព្រះអង្គផ្ទាល់។
១០
ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេចនៅគ្រាចុងក្រោយបំផុត
គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី
ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្តជាម្ចាស់តែមួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះជាម្ចាស់បានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កូឡ ១,៩-១១)

យើងចេះតែអធិដ្ឋាន​ និងទូលអង្វរព្រះជាម្ចាស់ឱ្យបងប្អូនឥតឈប់​ឈរឡើយ​ ដើម្បី​ឱ្យបងប្អូនស្គាល់ព្រះហឫទ័យរបស់ព្រះអង្គយ៉ាងច្បាស់ ដោយមានគ្រប់ប្រាជ្ញា​ និង​តម្រិះដែលមកពីព្រះវិញ្ញាណ។​ សូមឱ្យបងប្អូនរស់នៅបានសមរម្យនឹងព្រះអម្ចាស់​ ដើម្បី​ឱ្យបានគាប់ព្រះហឫទ័យព្រះអង្គក្នុងគ្រប់វិស័យទាំងអស់។ ដូច្នេះ​ បងប្អូននឹង​បង្កើត​ផលក្នុងគ្រប់អំពើល្អដែលបងប្អូនធ្វើ ហើយបងប្អូននឹងស្គាល់ព្រះជាម្ចាស់កាន់​តែ​ច្បាស់​ឡើងៗ។ សូមឱ្យបងប្អូនមានកម្លាំងមាំមួនគ្រប់ជំពូក ដោយព្រះចេស្តាដ៏រុង​រឿង​របស់​ព្រះអង្គ ដើម្បីឱ្យបងប្អូនអាចស៊ូទ្រាំនឹងអ្វីៗទាំងអស់ និងចេះអត់ធ្មត់ទៀត​ផង។

បន្ទរ៖ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​ទូល‌បង្គំ​ឱ្យជាឡើងវិញផង *ដ្បិតទូលបង្គំបាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យព្រះ‌អង្គហើយ។ បន្ទរឡើងវិញ៖…
-ខ្ញុំទូលថា “ឱព្រះអម្ចាស់អើយ សូមអាណិតមេត្តាទូលបង្គំផង” ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់ ព្រះអង្គទតមើលមកខ្ញុំ ដែល​ជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ។

ពាក្យអង្វរសកល

ព្រះជាម្ចាស់ជាព្រះបិតារបស់យើង បានចងសម្ពន្ធមេត្រីអស់កល្បជានិច្ច​ជា​មួយ​ប្រជារាស្ត្រព្រះអង្គ ហើយព្រះអង្គមិនដែលឈប់ប្រទានព្រះពរដល់ពួកគេឡើយ។​ យើងខ្ញុំសូមទូលអង្វរ​ទៅ​ព្រះអង្គ​ ដោយចិត្តជឿជាក់ និងកត្តញ្ញូ ចំពោះអំណោយទានទាំងនេះថា៖

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមប្រោសប្រទានព្រះពរដល់ប្រជារាស្រ្តព្រះអង្គ។

ឱព្រះអម្ចាស់អើយ ! សូមសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គ
—សូម​ប្រទានពរដល់ជាចំណែកមរតករបស់ព្រះអង្គ។ (បន្ទរ)

សូមព្រះអង្គបង្រួបបង្រួមគ្រីស្ដបរិស័ទទាំងអស់ជាធ្លុងតែមួយ
—ដើម្បីឱ្យ​ពិភព​លោក​ជឿលើព្រះគ្រីស្ដដែលព្រះអង្គបានចាត់ឱ្យយាងមក។ (បន្ទរ)

សូមព្រះអង្គចាក់បង្ហូរនូវជីវិតរបស់ព្រះអង្គ លើអស់បងប្អូនយើងខ្ញុំ​ និងមនុស្សជាទីស្រឡាញ់របស់យើងខ្ញុំ
—សូមឱ្យពួកគាត់ធ្វើជារូបតំណាងរបស់ព្រះគ្រីស្ដនៅចំពោះមុខមនុស្សលោកផង។ (បន្ទរ)

សូមព្រះអង្គបង្ហាញសេចក្តីស្រឡាញ់របស់ព្រះអង្គ ដល់អស់អ្នកដែលកំពុងរងទុក្ខលំបាក
—សូមព្រះអង្គបើកភ្នែករបស់ពួកគាត់ឱ្យមើលឃើញការសង្រ្គោះរបស់ព្រះអង្គផង។ (បន្ទរ)

បពិត្រព្រះបិតា ! សូមព្រះអង្គបង្ហាញធម៌មេត្តាករុណាដល់អស់អ្នកដែលបានទទួលមរណភាព
—សូម​ឱ្យពួកគាត់រកឃើញការសម្រាករបស់ខ្លួននៅក្នុងអង្គព្រះគ្រីស្ដផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់អើយ! ដើម្បីសង្រ្គោះយើងខ្ញុំ ព្រះអង្គបានទត​មក​មើល​ភាពទន់ទាបរបស់ព្រះនាងម៉ារីជាអ្នកបម្រើរបស់ព្រះអង្គ សូមឱ្យការគោរពប្រណិប័តន៍របស់យើងខ្ញុំលើកតម្កើងសិរីរុងរឿងរបស់​ព្រះអង្គ។ សូមព្រះអង្គណែនាំយើងខ្ញុំមកកាន់ការសង្គ្រោះដ៏ពេញលក្ខណៈ ដែលព្រះអង្គបានរៀបចំទុកសម្រាប់យើងខ្ញុំផង។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។