០៨ កុម្ភៈ ២០២៦

Written on 24/12/2025
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី៥ ថ្ងៃអាទិត្យ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន!  (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១០,១-៥.៧

ព្រះមេស្ស៊ី គឺជាព្រះមហាក្សត្រ និងជាបូជាចារ្យ

ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ​ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំង​ប៉ុន្មាន​
មកដាក់​ក្រោម​ព្រះបាទា​របស់ព្រះអង្គ (១ករ ១៥,២៥)។

បន្ទរទី១ ៖ សូម​ព្រះអម្ចាស់ប្រោសប្រទានឱ្យរាជ្យរបស់ព្រះករុណា លាត​សន្ធឹង​ចាប់​តាំង​ពីក្រុង​ស៊ីយ៉ូនទៅ !

ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាព្រះអម្ចាស់របស់ខ្ញុំថា ៖
“សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ! ”។

សូមព្រះជាអម្ចាស់ប្រោសប្រទាន ឱ្យព្រះរាជ្យរបស់ព្រះករុណា
លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ!
សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ!

នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត
ពួកយុវជននាំគ្នាចូលគាល់ព្រះករុណានៅលើភ្នំដ៏វិសុទ្ធ
ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។

ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖
“ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។

ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា
នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។

នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ
រួចហើយ ព្រះអង្គងើបព្រះភក្រ្តប្រកបដោយជោគជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ សូម​ព្រះអម្ចាស់ប្រោសប្រទានឱ្យរាជ្យរបស់ព្រះករុណា លាត​សន្ធឹង​ចាប់​តាំង​ពីក្រុង​ស៊ីយ៉ូនទៅ !

ទំនុកតម្កើងលេខ ១១៤,១-៨

ប្រជាជនអ៊ីស្រាអែលបានសេរីភាពពីប្រទេសអេស៊ីប

អ្នកដែលបានលះបង់ពិភពលោកនេះ ក៏ត្រូវបានដឹកនាំចេញពីប្រទេសអេស៊ីប​ផង​ដែរ​ (សន្តអូគូស្ទីន)។

បន្ទរទី២៖ ផែនដីទាំងមូលបានញាប់ញ័រ នៅចំពោះព្រះភក្រ្តព្រះអម្ចាស់។ អាលេលូយ៉ា!

(បទពាក្យ ៧)

១- ពេលអ៊ីស្រាអែលបានចាកចេញ ពីអេស៊ីបវិញហើយពេលនោះ  
  ពូជពង្សយ៉ាកុបចេញទាំងអស់ ពីដីបរទេសមិនសល់នៅ
២- ឯប្រជាជនជាតិយូដា បានក្លាយទៅជាឥតហ្មងសៅ  
  ជាប្រជាជាតិមិនអាស្រូវ វិសុទ្ធពេកកូវផ្ទាល់ព្រះអង្គ
៣- ពេលទឹកសមុទ្រឃើញពួកគេ តក់ស្លុតម៉្លេះទេមិនបង្អង់  
  គេចខ្លួនថយទៅមិនរេរង់ ទាំងយ័រដាន់ផងក៏ថយដែរ
៤- ភ្នំតូចភ្នំធំភ្នំទាំងអស់ នៅមិនស្ងៀមសោះដូចពពែ  
  លោតទៅលោតមកមិនឈប់ទេ ភ្នំតូចលោតដែរដូចកូនចៀម
៥- ឱសមុទ្រអើយម្តេចក៏អ្នក រត់គេចជាជាក់ទៅនៅស្ងៀម  
  អ្នកធ្លាប់រលកលោតរវាម ម្តេចសំងំស្ងៀមធ្មឹងដូច្នេះ
  ឱទឹកទន្លេយ័រដាន់អើយ ពេលនេះម្តេចឡើយរត់លឿនម៉្លេះ  
  ម្តេចអ្នកដកខ្លួនឆាប់ដូច្នេះ តើរឿងទាំងនេះមកពីអ្វី
៦- ភ្នំអើយម្តេចអ្នកមិនឈប់លោត ផ្លាស់ប្តូររហូតដូចសត្វព្រៃ  
  ភ្នំតូចអើយអ្នកលោតព្រោះអ្វី មិនស្គាល់យប់ថ្ងៃមិនសម្រាក
៧- ឱផែនដីអើយចូររីករាយ អំណរសប្បាយចំពោះភក្រ្ត  
  ព្រះជាអម្ចាស់របស់អ្នក និងចំពោះភក្រ្តព្រះយ៉ាកុប
៨- គឺទ្រង់បានធ្វើឱ្យសិលា ប្រែក្លាយទៅជាបឹងសាយសព្វ  
  ឱ្យថ្មប្រែក្លាយជាប្រភព ទឹកហូរឥតឈប់ឥតស្រាកស្រាន្ត
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ៖ ផែនដីទាំងមូលបានញាប់ញ័រ នៅចំពោះព្រះភក្រ្តព្រះអម្ចាស់។ អាលេលូយ៉ា!

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៩,១-២.៥-៧)

វិវាហមង្គលការកូនចៀម

បន្ទរទី៣ ៖ ព្រះ‌អម្ចាស់​អើយ ព្រះអង្គប្រកបដោយព្រះចេស្តា ព្រះ‌អង្គជា​ព្រះ‌មហា​ក្សត្រ​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់​ អាលេលូយ៉ា! ។

អាលេលូយ៉ា!
សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង
ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព

ដ្បិតទ្រង់វិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌
អាលេលូយ៉ា!

អាលេលូយ៉ា!
អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់
អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គ ទាំងតូចទាំងធំអើយ!
ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង!។
អាលេលូយ៉ា!

អាលេលូយ៉ា!
ដ្បិតព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់
ព្រះអង្គបានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ

យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង
ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ
អាលេលូយ៉ា!
អាលេលូយ៉ា!
ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ
ភរិយាថ្មោងថ្មីរបស់កូនចៀម ក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។
អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះ‌អម្ចាស់​អើយ ព្រះអង្គប្រកបដោយព្រះចេស្តា ព្រះ‌អង្គជា​ព្រះ‌មហា​ក្សត្រ​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់​ អាលេលូយ៉ា! ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ករ ១,៣-៤)

សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូ ជាអម្ចាស់នៃ​យើង។​ ព្រះអង្គ​ជាព្រះបិតាប្រកបដោយព្រះហឫទ័យមេត្តាករុណា និងជា​ព្រះ​ដែលជួយ​សម្រាល​ទុក្ខគ្រប់បែបយ៉ាងទាំងអស់។ ព្រះអង្គសម្រាលទុក្ខយើង នៅ​ពេលយើង​មាន​ទុក្ខវេទនា​សព្វបែបយ៉ាង ដើម្បីឱ្យយើងអាចសម្រាលទុក្ខអស់អ្នកដែល​មាន​ទុក្ខវេទនា​ ព្រោះ​ព្រះជាម្ចាស់ប្រទានឱ្យយើងផ្ទាល់បានធូរស្បើយរួចហើយ​ដែរ។

បន្ទរ៖ លោកទាំងមូល *ថ្លែង​អំពី​សិរី‌រុង​រឿងរបស់​ព្រះ‌ជាម្ចាស់។ បន្ទរឡើងវិញ៖…
-សូមសរសើរតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ «លោក​គ្រូ! យើង​ខ្ញុំ​បាន​អូស​អួន​ពេញ​មួយ​យប់​ហើយ អត់​បាន​ត្រី​សោះ ប៉ុន្តែ បើ​លោក​គ្រូ​មាន​ប្រសាសន៍​ដូច្នេះ ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់​លោក​គ្រូ»។

ពាក្យអង្វរសកល

ព្រះគ្រីស្តជាព្រះសិរសារបស់ព្រះសហគមន៍ យើងខ្ញុំជាសរីរាង្គនៃព្រះកាយព្រះអង្គ។​ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយសេចក្តីអំណរសប្បាយថា៖

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមឱ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់។

សូមព្រះគ្រីស្តជាព្រះសង្គ្រោះរបស់យើងខ្ញុំ ប្រោសប្រទានឱ្យព្រះសហគមន៍ ធ្វើជារូបតំណាងនៃការស្រុះស្រួលគ្នារបស់មនុស្សជាតិទាំងអស់
—ហើយសូមឱ្យព្រះសហគមន៍ប្រារព្ធអគ្គសញ្ញានៃការសង្គ្រោះមនុស្សលោកកាន់តែមានប្រសិទ្ធិភាព។ (បន្ទរ)

តាមរយៈវត្តមានរបស់ព្រះអង្គ សូមព្រះអង្គជួយណែនាំក្រុមលោកអភិបាល ឱ្យចេះរួបរួមគ្នាជាធ្លុងតែមួយនឹងសម្តេចប៉ាប
—ហើយសូមព្រះអង្គ​ប្រទានព្រះអំណោយទាននៃការឯកភាពគ្នា សេចក្តីស្រឡាញ់ និងសេចក្តីសុខសាន្តដល់ពួកគាត់ផង។ (បន្ទរ)

សូមព្រះអង្គបង្រួបបង្រួមគ្រីស្តបរិស័ទទាំងអស់ ឱ្យចូលមកជិតព្រះអង្គដែលជាព្រះសិរសា កាន់តែជិតសិ្នទ្ធជាងមុន
—ហើយសូមជួយណែនាំយើងខ្ញុំទាំងអស់គ្នាឱ្យ​ចេះប្រកាសអំពីព្រះរាជ្យ ដោយធ្វើជាសាក្សីក្នុងជីវិតរស់នៅប្រចាំថ្ងៃផង។ (បន្ទរ)

សូមព្រះអង្គប្រោសប្រទានឱ្យពិភពលោក ដែលប្រកបដោយភាពដ៏វឹកវរ​នេះ បាន​ពោរពេញដោយសន្តិភាព
—សូមព្រះអង្គប្រទាននូវយុត្តិធម៌ និងសេចក្តីសុខសាន្ត​ កើតមាននៅគ្រប់ទីកន្លែងផង។ (បន្ទរ)

សូមព្រះអង្គប្រោសប្រទានឱ្យអស់បងប្អូនដែលបានទទួលមរណភាព បាន​ទទួល​សិរីរុងរឿងនៃការរស់ឡើងវិញរបស់ព្រះអង្គ
—ហើយសូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំ បានចូល​រួម​សេចក្តីសុខសាន្តជាមួយពួកគេ នៅពេលខាងមុខផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

ឱព្រះជាអម្ចាស់អើយ! ព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅយើងខ្ញុំ ឱ្យរួមរស់ក្នុងព្រះសហគមន៍របស់ព្រះអង្គ។ សូមព្រះអង្គមេត្តាថែរក្សាការពារមហាគ្រួសាររបស់ព្រះអង្គ តាមសេចក្តីសង្ឃឹមរបស់យើងខ្ញុំផង។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។