០៤ មករា ២០២៦

Written on 24/10/2026
Mary Siya Khim

បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ (ល្ងាចទី២)

(បុណ្យឱឡារិក)

(ពេលល្ងាចទី២)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បទចម្រៀងចូល

ទំនុកតម្កើងលេខ ១១០,១-៥.៧

បន្ទរទី១៖ ព្រះមហាក្សត្រដែលជាសេចក្តីសុខសាន្តនៃយើងខ្ញុំ ព្រះអង្គយាងមកយ៉ាងរុងរឿង។ ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រ ធំ​លើស​មហា‌ក្សត្រ​នានានៅលើផែនដី។

ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូលមក​កាន់​ព្រះ‌រាជា ជា​ព្រះ‌អម្ចាស់​របស់​ខ្ញុំ ដូច​ត​ទៅ​នេះ៖
«សូម​គង់​នៅ​ខាង​ស្តាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ!»។

សូម​ព្រះជាអម្ចាស់​ប្រោស​ប្រទាន​ឲ្យ​រាជ្យរបស់​ព្រះ‌ករុណា លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីយ៉ូន​ទៅ!
សូម​ព្រះ‌ករុណា​បង្ក្រាប​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ!

នៅ​ថ្ងៃ​ព្រះ‌ករុណា​កេណ្ឌ​ទ័ព​ទៅ​ច្បាំង ប្រជា‌រាស្ដ្រ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត
ពួក​យុវជន​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌ករុណានៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ
ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​ពេល​ព្រឹក​ព្រលឹម។

ព្រះអម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា ដោយ​ឥត​ប្រែ‌ប្រួល​ថា:
«ព្រះអង្គ​ជា​បូជា‌ចារ្យ​អស់កល្ប​ត​រៀង​ទៅ តាម​របៀប​ស្តេច​មែលគី‌សេដែក»។

ព្រះអម្ចាស់​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ករុណា
នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​ព្រះ‌ពិរោធ ព្រះ‌អង្គ​កម្ទេច​ស្តេច​នានា។

នៅ​តាម​ផ្លូវ ព្រះ‌រាជា​សោយ​ទឹក​ជ្រោះ
រួច​ហើយព្រះ‌អង្គ​ងើប​ព្រះ‌ភក្ត្រប្រកប​ដោយ​ជោគ‌ជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះមហាក្សត្រដែលជាសេចក្តីសុខសាន្តនៃយើងខ្ញុំ ព្រះអង្គយាងមកយ៉ាងរុងរឿង។ ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រ ធំ​លើស​មហា‌ក្សត្រ​នានានៅលើផែនដី។

ទំនុកតម្កើងលេខ ១១២

បន្ទរទី២៖ ក្នុង​ទី​ងងឹត មាន​ពន្លឺ​លេច​ឡើងបំភ្លឺ​មនុស្ស​ទៀង​ត្រង់។ ព្រះអម្ចាស់មាន​ព្រះហឫទ័យប្រណី​សន្ដោស​ អាណិត​មេត្តា និង​សុចរិត។

(បទពាក្យ ៧)

១- អ្នកឱនកោតខ្លាចព្រះអម្ចាស់ ប្រតិបត្តិច្បាស់តាមព្រះទ័យ  
  ស្មោះស្ម័គ្រគោរពតាមវិន័យ បានសុខពេកក្រៃមានមង្គល
២- ពូជរបស់គេមានអំណាច ចិត្តក្លាអង់អាចគ្មានកង្វល់  
  ដ្បិតព្រះជាម្ចាស់ប្រទានផល ព្រះពរពិតដល់អ្នកសុចរិត
៣- ក្នុងផ្ទះជនដែលមានចិត្តធម៌ មានទ្រព្យបវរល្អប្រណីត  
  សេចក្តីសុចរិតនៅស្ថេរស្ថិត ព្រះអង្គអាណិតឲ្យពរជាប់
៤- ក្នុងទីងងឹតមានពន្លឺ លេចឡើងបំភ្លឺមិនស្រអាប់  
  ចិត្តគាត់ប្រណីល្អគួរគាប់ សន្តោសលើសព្វជនប្រុសស្រី
៥- ជនណាដែលមានចិត្តទូលាយ យកអ្វីទៅឲ្យអ្នកផងខ្ចី  
  ព្រមទាំងរកស៊ីមិនកេងគៃ អ្នកនោះប្រពៃល្អបំផុត
៦- កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយ ទីជិតទីឆ្ងាយមិនរលត់  
  ជនគ្រប់សម័យតែងចាំស្ទាត់ នឹកទៅដល់គាត់ជាប់ជានិច្ច
៧- អ្នកនោះមិនស្លុតមិនព្រឺខ្លាច មានចិត្តអង់អាចមិនខ្លាចល្បិច  
  មិនខ្លាចគេដៀលត្មះពន្លិច ហើយផ្ញើជីវិតលើព្រះម្ចាស់
៨- គាត់មានចិត្តនឹងហើយអង់អាច មិនចេះភ័យខ្លាចអ្វីទាំងអស់  
  ទាល់តែគាត់ឃើញខ្មាំងទាំងនោះ បាក់ទ័ពរត់អស់ទើបស្កប់ចិត្ត
៩- គាត់តែងចែកទានដល់អ្នកក្រ ដោយចិត្តស្មោះសរស្ម័គ្រពិតៗ  
  ចិត្តគាត់ទូលាយត្រង់សុចរិត កម្លាំងគាត់ស្ថិតមិនបាត់បង់
១០- ពេលជនអាក្រក់ឃើញដូច្នោះ ចិត្តគេទោមនស្សខាំធ្មេញផង  
  បាក់ធ្លាក់ទឹកចិត្តខូចបំណង ពុំសម្រេចម្តងណាសោះឡើយ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ក្នុង​ទី​ងងឹត មាន​ពន្លឺ​លេច​ឡើងបំភ្លឺ​មនុស្ស​ទៀង​ត្រង់។ ព្រះអម្ចាស់មាន​ព្រះហឫទ័យប្រណី​សន្ដោស​ អាណិត​មេត្តា និង​សុចរិត។

បទលើកតម្កើងតាមគម្ពីរវិវរណៈ ១៥,៣-៤

បន្ទរទី៣៖ បពិត្រព្រះអម្ចាស់ ! មនុស្សទាំងអស់ដែលព្រះអង្គបានបង្កើតមក នឹងនាំគ្នាមកក្រាបថ្វាយបង្គំនៅចំពោះព្រះភក្រ្តព្រះអង្គ។

«ឱ​ព្រះ‌ជា‌អម្ចាស់​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់​អើយ
ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ប្រសើរ​ឧត្ដម គួរ​ឲ្យ​កោត​ស្ញប់ស្ញែង​ពន់​ពេក​ណាស់!
ឱ​ព្រះ‌មហា​ក្សត្រ​នៃ​ប្រជាជាតិ​ទាំងឡាយ​អើយ
មាគ៌ា​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​សុចរិត និង​ត្រឹម​ត្រូវ​ទាំង​អស់!

បពិត្រ​ព្រះ‌អម្ចាស់! តើ​មាន​នរណា​មិន​គោរព​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ!
តើ​នរណា​មិន​លើក​តម្កើង​សិរី‌រុង​រឿង​នៃ​ព្រះ‌នាម​ព្រះ‌អង្គ!
ដ្បិត​មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ជា​ព្រះ​ដ៏‌វិសុទ្ធ។
មនុស្ស​គ្រប់​ជាតិ​សាសន៍នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំព្រះ‌អង្គ
ដ្បិត​គេ​បាន​ឃើញ​ច្បាស់​ថា ព្រះ‌អង្គ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌»។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! មនុស្សទាំងអស់ដែលព្រះអង្គបានបង្កើតមក នឹងនាំគ្នាមកក្រាបថ្វាយបង្គំនៅចំពោះព្រះភក្រ្តព្រះអង្គ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទត ៣,៤-៧)

ប៉ុន្តែ នៅ​ពេល​ដែល​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង​សម្ដែង​ព្រះ‌ហឫទ័យ​សប្បុរស និង​ព្រះ‌ហឫទ័យ​ស្រឡាញ់​ចំពោះ​មនុស្ស​លោក ព្រះ‌អង្គ ក៏​បាន​សង្គ្រោះ​យើង តាម​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ គឺ​មិន​មែន​មក​ពី​យើង​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​នោះ​ទេ។ ព្រះ‌អង្គ​សង្គ្រោះ​យើង ដោយ​លាង​ជម្រះ​យើង​ឲ្យ​បាន​កើត​ជា​ថ្មី និង​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​ថ្មី ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ។ ព្រះ‌អង្គ​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​នេះ​មក​លើ​យើង​យ៉ាង​បរិបូណ៌ តាម‌រយៈ​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌សង្គ្រោះ​របស់​យើង ដើម្បី​ឲ្យ​យើង​បាន​សុចរិត ដោយ‌សារ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌អង្គ និង​ឲ្យ​យើង​បាន​ទទួល​ជីវិត​អស់​កល្ប‌ជានិច្ច​ជា​មត៌ក តាម​សេចក្ដី​សង្ឃឹម​របស់យើង។

បន្ទរ៖ ប្រជាជនទាំងឡាយ ទាំងបុរស ទាំងស្រ្តី និងគ្រប់សញ្ជាតិ *នឹង​បានទទួលពរ​ដោយសារ​ព្រះអង្គ។ បន្ទរឡើងវិញ៖…
-ប្រជា‌ជាតិនានា នឹងនាំគ្នាថ្លែងពីសិរី‌រុង​រឿងរបស់ព្រះ‌អម្ចាស់។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ អាថ៌កំបាំងទាំងបីដែលបញ្ជាក់អំពីថ្ងៃដ៏វិសុទ្ធនេះគឺ ៖ នៅថ្ងៃនេះ ផ្កាយបាននាំផ្លូវពួកហោរាចារ្យទៅដល់ព្រះគ្រីស្តកុមារ។ នៅថ្ងៃនេះ ទឹកបានក្លាយទៅជាស្រាសម្រាប់ពិធីមង្គលការ។ នៅថ្ងៃនេះ ព្រះគ្រីស្តសព្វព្រះហឫទ័យទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន នៅក្នុងទន្លេយ័រដាន់ ដើម្បីសង្រ្គោះយើងខ្ញុំ។

ពាក្យអង្វរសកល

នៅថ្ងៃនេះ ពួកហោរាចារ្យបានមកថ្វាយបង្គំព្រះសង្រ្គោះរបស់យើង។ ចូរយើងនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គយ៉ាងសប្បាយរីករាយ ដោយទូលថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមសង្រ្គោះជនក្រីក្រកំសត់ទុគ៌តផង !

ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ ! ព្រះអង្គបានត្រាស់ហៅពួកហោរាចារ្យឱ្យមកក្រាបថ្វាយបង្គំព្រះអង្គ ប្រៀបដូចជាតំណាងរបស់ប្រជាជាតិនានាមុនគេបង្អស់
—សូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំមានវិញ្ញាណនៃការគោរពប្រណិប័តន៍ និងបម្រើព្រះអង្គផង។ (បន្ទរ)

ឱព្រះមហាក្សត្រនៃសិរីរុងរឿងអើយ! ព្រះអង្គវិនិច្ឆ័យទោសប្រជារាស្រ្ត របស់ព្រះអង្គ ដោយយុត្តិធម៌
—សូមព្រះអង្គប្រទានឱ្យមនុស្សលោកមានសេចក្តីសុខសាន្តយ៉ាងបរិបូណ៍ផង។ (បន្ទរ)

ឱព្រះមហាក្សត្រនៃយុគសម័យ! ព្រះអង្គបានអត់ធ្មត់ពីជំនាន់មួយទៅជំនាន់មួយ
—សូមផ្ញើព្រះបន្ទូលព្រះអង្គមកក្នុងដួងចិត្តរបស់យើងខ្ញុំ ប្រៀបដូចជាភ្លៀងធ្លាក់នៅនិទាឃរដូវផង។ (បន្ទរ)

ឱព្រះមហាក្សត្រនៃយុត្តិធម៌ ! ព្រះអង្គសព្វព្រះហឫទ័យដោះលែងជនក្រខ្សត់ដែលគ្មានមេធាវីការពារ ឱ្យមានសេរីភាព
—សូមព្រះអង្គអាណិតអាសូរដល់អ្នកដែលមានទុក្ខព្រួយ និងសោកសៅផង។ (បន្ទរ)

បពិត្រព្រះអម្ចាស់! មនុស្សគ្រប់ជំនាន់កោតសរសើរព្រះនាមព្រះអង្គ
—សូមសម្តែងឫទ្ធិចេស្តាដ៏អស្ចារ្យរបស់ព្រះអង្គ ឱ្យបងប្អូនយើងខ្ញុំដែលបានទទួលមរណភាពទៅហើយផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គចាត់ព្រះបុត្រាឲ្យយាងមកបំភ្លឺមនុស្សគ្រប់ជាតិគ្រប់សាសន៍ ដើម្បីស្គាល់ព្រះអង្គ និងឲ្យស្គាល់ពីតម្លៃដ៏ខ្ពង់ខ្ពស់នៃជីវិតរបស់ខ្លួន។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំ ឲ្យខិតខំស្វែងរកសេចក្តីពិត និងពង្រឹងជំនឿរបស់យើងខ្ញុំជានិច្ច។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!