៩ វិច្ឆិកា ២០២៦

Written on 17/03/2026
Mary Siya Khim

រដូវធម្មតា សប្តាហ៍ទី៣២ ថ្ងៃចន្ទ

បុណ្យរំឭកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកា ឡាតេរ៉ង់

(បុណ្យគោរព)

 (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ៤៦

បន្ទរទី១៖ ទី​នេះ​ជា​ព្រះ‌ពន្លារបស់​ព្រះ‌ជាម្ចាស់ ហើយព្រះអង្គប្រោសឱ្យបានវិសុទ្ធ។ ព្រះពន្លានេះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច (អាលេលូយ៉ា!)។

ព្រះជាម្ចាស់​ជា​ជម្រក និង​ជា​បង្អែក​ដ៏​រឹង‌មាំ​របស់​យើង
នៅ​ពេល​មាន​អាសន្ន ព្រះ‌អង្គ​តែង‌តែ​ប្រុង​ប្រៀប​ចាំ​ជួយ​យើង​ជា‌និច្ច។

ហេតុ​នេះ​ហើយ​បាន​ជា​យើងមិន​ភ័យ​ខ្លាច​អ្វីឡើយ
គឺ​ទោះ​បី​មាន​រញ្ជួយ​ផែនដី ទោះ​បី​ភ្នំ​នានា​រលំ​ធ្លាក់​ទៅ​ក្នុង​មហា‌សាគរ

ឬ​ទោះ​បី​ឮ​សូរ​សន្ធឹក​សមុទ្រ​បក់​បោក​បែក​ពពុះទឹក 
ធ្វើឱ្យ​កក្រើក​ភ្នំ​នានា​យ៉ាង​ណា​ក្តី ក៏​យើង​មិន​ភ័យ​ខ្លាច​អ្វីដែរ។

មាន​ទន្លេ​មួយ​ហូរ​នាំ​យក​អំណរ​មក​ស្រោច​ស្រពបុរី​របស់​ព្រះ‌ជាម្ចាស់ 
ដែល​ជា​ព្រះ‌ដំណាក់ដ៏​សក្ការៈ​នៃ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

ព្រះជាម្ចាស់​គង់​នៅ​ក្នុង​បុរី ហើយ​បុរី​នោះ​នឹង​មិន​រង្គើសោះ​ឡើយ។
ព្រះ‌អង្គ​នឹង​សង្គ្រោះ​បុរី​នោះ តាំង​ពី​ពេល​ថ្ងៃ​រះ។

ប្រជា‌ជាតិ​នានា​ត្រូវ​ញ័រ​រន្ធត់ នគរ​នានា​ត្រូវ​រង្គើ
ព្រះជាម្ចាស់​បន្លឺ​ព្រះ‌សូរសៀង​ដូច​ផ្គរលាន់ ផែន‌ដី​ក៏​រលាយ​អស់​ទៅ

ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​យើង
ព្រះ​របស់​លោក​យ៉ាកុប​ជា​ជម្រកដ៏​រឹង‌មាំ​សម្រាប់​យើង។

ចូរ​នាំ​គ្នា​មក​មើល​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់
ព្រះ‌អង្គ​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​ក្រៃលែងនៅ​លើ​ផែន‌ដី​នេះ!
១០

គឺ​ព្រះអង្គ​បញ្ឈប់​សង្គ្រាម​នៅ​លើសកល​លោក​ទាំង​មូល
ព្រះ‌អង្គ​កាច់​បំបាក់​ធ្នូ និង​លំពែង ហើយ​ដុត​រទេះ​ចម្បាំង​ចោល​អស់។
១១

ព្រះអម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «ចូរ​ឈប់​ច្បាំង ចូរ​ដឹង​ថា
យើង​នេះ​ហើយ​ជា​ព្រះជាម្ចាស់ យើង​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នានា
ហើយ​គ្រប់‌គ្រង​លើ​ផែន‌ដី​ទាំង​មូល»។
១២

ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​យើង
ព្រះ​របស់​លោក​យ៉ាកុប​ជា​ជម្រកដ៏​រឹង‌មាំ​សម្រាប់​យើង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ទី​នេះ​ជា​ព្រះ‌ពន្លារបស់​ព្រះ‌ជាម្ចាស់ ហើយព្រះអង្គប្រោសឱ្យបានវិសុទ្ធ។ ព្រះពន្លានេះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច (អាលេលូយ៉ា!)។

ទំនុកតម្កើងលេខ ១២២(១២១)

បន្ទរទី២៖ ខ្ញុំ​មាន​អំណរ​ខ្លាំង​ណាស់នៅ​ពេល​គេ​ប្រាប់ខ្ញុំ​ថា: ចូរ​យើង​នាំ​គ្នា​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់! (អាលេលូយ៉ា!)។

(បទកាកគតិ)

១- គេប្រាប់ខ្ញុំថា យើងគ្រប់កាយា ទៅព្រះដំណាក់
  ទីដែលព្រះជា អម្ចាស់គង់ស្នាក់ ល្អស្អាតត្រជាក់
    ខ្ញុំសប្បាយក្រៃ
២- យេរូសាឡឹម ភក្ត្រអ្នកប៉ប្រិម ឥតមានទាស់អ្វី
  យើងនាំគ្នាឈាន ជើងចូលដល់ដី ដល់ទ្វារបុរី
    នៃអ្នកហើយណា
៣- យេរូសាឡឹម ជាក្រុងមួយធំ សែនស្រស់សង្ហា
  ដែលសង់ឡើងបាន រឹងមាំក្រៃណា កំពែងអស្ចារ្យ
    ល្អព័ទ្ធជុំជិត
៤- គ្រប់កុលសម្ព័ន្ធ នានារួសរាន់ នាំគ្នាមកស្ថិត
  ច្រៀងលើកតម្កើង ព្រះម្ចាស់មានឫទ្ធិ តាមច្បាប់នៃជាតិ
    ជនអ៊ីស្រាអែល