១៤ កញ្ញា ២០២៦

Written on 09/03/2026
Mary Siya Khim

រដូវធម្មតា សប្តាហ៍ទី២៤ ថ្ងៃចន្ទ

បុណ្យលើកតម្កើងព្រះឈើឆ្កាង

(បុណ្យគោរព)

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១០,១-៥.៧

បន្ទរទី១៖ សេចក្តីស្រឡាញ់ពិតជាអស្ចារ្យខ្លាំងណាស់ ! សេចក្តីស្លាប់បានស្លាប់ នៅពេលដែលគេបានសម្លាប់ជីវិតនៅលើដើមឈើ។

ព្រះជាអម្ចាស់​មាន​ព្រះ‌បន្ទូលមក​កាន់​ព្រះរាជាជា​ព្រះ‌អម្ចាស់​របស់ខ្ញុំដូច​ត​ទៅ​នេះ ៖
«សូម​គង់​នៅ​ខាង​ស្តាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ
មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ!»។

សូម​ព្រះ‌ជា‌អម្ចាស់​ប្រោស​ប្រទាន​ឱ្យ​រាជ្យរបស់​ព្រះ‌ករុណា
លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីយ៉ូន​ទៅ!
សូម​ព្រះ‌ករុណា​បង្ក្រាប​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ!

នៅ​ថ្ងៃ​ព្រះ‌ករុណា​កេណ្ឌ​ទ័ព​ទៅ​ច្បាំង ប្រជា‌រាស្ដ្រ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត
ពួក​យុវជន​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌ករុណានៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ
ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​ពេល​ព្រឹក​ព្រលឹម។

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យាដោយ​ឥត​ប្រែ‌ប្រួល​ថា :
«ព្រះ‌អង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ស្តេច​មែលគី‌សេដែក»។

ព្រះ‌អម្ចាស់​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ករុណា
នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​ព្រះ‌ពិរោធ ព្រះ‌អង្គ​កម្ទេច​ស្តេច​នានា។

នៅ​តាម​ផ្លូវ ព្រះ‌រាជា​សោយ​ទឹក​ជ្រោះរួច​ហើយ
ព្រះ‌អង្គ​ងើប​ព្រះ‌ភក្ត្រប្រកប​ដោយ​ជោគ‌ជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ សេចក្តីស្រឡាញ់ពិតជាអស្ចារ្យខ្លាំងណាស់ ! សេចក្តីស្លាប់បានស្លាប់ នៅពេលដែលគេបានសម្លាប់ជីវិតនៅលើដើមឈើ។

ទំនុកតម្កើងលេខ ១២១

បន្ទរទី២៖ ឱព្រះអម្ចាស់អើយ ! យើងខ្ញុំសូមលើកតម្កើងឈើឆ្កាងរបស់ព្រះអង្គ ហើយយើងខ្ញុំនឹករឭកពីទុក្ខលំបាកដ៏រុងរឿងរបស់ព្រះអង្គ។ ព្រះអង្គបានទទួលយកការឈឺចាប់ ព្រោះតែយើងខ្ញុំ សូមអាណិតអាសូរយើងខ្ញុំ។

(បទពាក្យ ៧)

១- ខ្ញុំងើបមុខឡើងភ្នែកសម្លឹង ឯនាយល្វើយល្វឹងទៅដល់ភ្នំ  
  ថាតើនរណានឹងជួយខ្ញុំ ឱ្យផុតទុក្ខធំគ្រប់ៗគ្រា
២- គឺមានតែអង្គព្រះអម្ចាស់ ដែលប្រណីប្រោសរាល់វេលា  
  ទ្រង់បង្កើតដីផ្ទៃមេឃា ព្រះអង្គគឺជាព្រះសង្គ្រោះ
៣- សូមទ្រង់មេត្តាកុំបណ្តោយ ឱ្យជើងអ្នកធ្លោយរងរបួស  
  ករុណាអាសូរជួយសង្គ្រោះ កុំឱ្យមានគ្រោះឬត្រូវដួល
៤- ព្រះអង្គដែលថែទាំការពារ អ៊ីស្រាអែលគ្រប់គ្នាបានសុខស្រួល  
  ព្រះអង្គមិនងុយងោកប្រែប្រួល ទ្រង់ក៏មិនដែលផ្ទំលក់ឡើយ
៥- ព្រះអម្ចាស់តែងរក្សាថែ ការពារឥតល្ហែមិនកន្តើយ  
  ទ្រង់គង់នៅខាងស្តាំអ្នកហើយ កុំខ្វល់ខ្វាយឡើយទ្រង់ជាម្លប់
៦- ក្នុងពេលថ្ងៃមានព្រះអាទិត្យ នឹងមិនរោមរិតធ្វើទោសទុក្ខ  
  ឯព្រះចន្ទចរនៅពេលយប់ ក៏មិនមានទុក្ខដល់អ្នកដែរ
៧- ព្រះអម្ចាស់នឹងថែរក្សា រារាំងបាំងការពារថ្នមថែ  
  ហេតុការណ៍អាក្រក់ទ្រង់បង្វែរ មិនឱ្យកើតក្បែររូបអ្នកឡើយ
៨- ព្រះអម្ចាស់ថែទាំអ្នកគ្រប់ អ្វីៗទាំងសព្វមិនកន្តើយ  
  កិច្ចការអ្នកធ្វើនឹងធូរស្បើយ ពីពេលនេះហើយតរៀងទៅ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! យើងខ្ញុំសូមលើកតម្កើងឈើឆ្កាងរបស់ព្រះអង្គ ហើយយើងខ្ញុំនឹករឭកពីទុក្ខលំបាកដ៏រុងរឿងរបស់ព្រះអង្គ។ ព្រះអង្គបានទទួលយកការឈឺចាប់ ព្រោះតែយើងខ្ញុំ សូមអាណិតអាសូរយើងខ្ញុំ។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១.៥,៩.១០.១២)

បន្ទរទី៣៖ ឱព្រះគ្រីស្តអើយ! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ និងកោតសរសើរព្រះអង្គ ដោយសារឈើឆ្កាងដ៏វិសុទ្ធ ព្រះអង្គបានលោះពិភពលោក។

១១ «បពិត្រ​ព្រះ‌អម្ចាស់​ជា​ព្រះ‌នៃ​យើង​ខ្ញុំ
ព្រះ‌អង្គ​សម​នឹង​ទទួល​សិរី‌រុង​រឿង ព្រះកិត្តិនាម និង​ឫទ្ធា‌នុភាព
ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​របស់​សព្វ​សារពើ​មក អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​កើត​មាន
ហើយ​នៅ​ស្ថិត‌ស្ថេរ​ដោយ‌សារ​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ»។

គេ​នាំ​គ្នា​ច្រៀង​បទ​ចម្រៀង​ថ្មីថាៈ “ព្រះ‌អង្គ​សម​នឹង​ទទួល​ក្រាំង
ហើយ​បក​ត្រា​ផង ព្រោះ​ព្រះ‌អង្គ​ត្រូវ​គេ​សម្លាប់​ធ្វើ​យញ្ញ‌បូជា
ព្រះ‌អង្គ​បាន​លោះ​មនុស្សពី​គ្រប់​ពូជ គ្រប់​ភាសា គ្រប់​ប្រជាជន និង​ពី​គ្រប់​ជាតិ​សាសន៍
យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់ ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ។
១០
ព្រះអង្គ​បាន​ធ្វើឱ្យ​គេ​ទៅ​ជា​រាជាណាចក្រ
និង​ជា​ក្រុម​បូជាចារ្យបម្រើ​ព្រះជាម្ចាស់​របស់​យើង
ហើយ​អ្នក​ទាំង​នោះ​នឹង​គ្រង​រាជ្យ​លើ​ផែន‌ដី” ។
១២
នាំ​គ្នា​បន្លឺសំឡេង​ឡើង​យ៉ាង​ខ្លាំងៗ​ថាៈ «កូន​ចៀម​ដែល​គេ​សម្លាប់​ធ្វើយញ្ញ‌បូជា
ព្រះ‌អង្គ​សម​នឹង​ទទួល​ឫទ្ធា‌នុភាព រាជ​សម្បត្តិ ព្រះ‌ប្រាជ្ញាញាណ ឥទ្ធិ‌ឫទ្ធិ
ព្រះ‌កិត្តិនាម សិរី‌រុង​រឿង និង​ការ​សរសើរ​តម្កើង»។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ឱព្រះគ្រីស្តអើយ! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ និងកោតសរសើរព្រះអង្គ ដោយសារឈើឆ្កាងដ៏វិសុទ្ធ ព្រះអង្គបានលោះពិភពលោក។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ១,២៣-២៤)

រីឯ​យើង​វិញ យើង​ប្រកាស​អំពី​ព្រះ‌គ្រីស្តដែល​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង។ សាសន៍​យូដា​យល់​ឃើញ​ថា ពាក្យ​ប្រកាស​នេះ​រារាំង​គេ​មិន​ឱ្យ​ជឿ ហើយ​សាសន៍​ដទៃ​យល់​ឃើញ​ថា​ជា​រឿង​លេលា។ ប៉ុន្តែ ចំពោះ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក គេ​ចាត់​ទុក​ព្រះ‌គ្រីស្ត​ថា​ជា​ឫទ្ធា‌នុភាព និង​ជា​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌ជាម្ចាស់​វិញ។

បន្ទរ៖ ឱឈើឆ្កាងដ៏រុងរឿងអើយ! *នៅលើអ្នក ព្រះមហាក្សត្រនៃពួកទេវទូតមានជ័យជម្នះ។ បន្ទរឡើងវិញ៖…
-ហើយព្រះអង្គបានលាងសម្អាតអំពើបាបរបស់យើងចេញ ក្នុងព្រះលោហិតផ្ទាល់របស់ព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ ឱឈើឆ្កាងអើយ ! អ្នកគឺជាទីសម្គាល់ដ៏រុងរឿងនៃជ័យជម្នះរបស់យើងខ្ញុំ តាមរយៈឫទ្ធានុភាពរបស់អ្នក សូមឱ្យយើងខ្ញុំអាចចូលរួមក្នុងជ័យជម្នះរបស់ព្រះគ្រីស្តយេស៊ូ !

ពាក្យអង្វរសកល

ចូរយើងទូលអង្វរព្រះគ្រីស្តដោយមានជំនឿចិត្ត ដ្បិតព្រះអង្គបានស៊ូទ្រាំនៅលើឈើឆ្កាង ដើម្បីសង្រ្គោះយើង ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! តាមរយៈឈើឆ្កាងរបស់ព្រះអង្គ សូមនាំយើងខ្ញុំទៅកាន់សិរីរុងរឿងនៃព្រះរាជ្យរបស់ព្រះអង្គផង !

បពិត្រព្រះគ្រីស្ត ! ព្រះអង្គបានដាក់ខ្លួនមកយកឋានៈជាអ្នកបម្រើ ដូចយើងខ្ញុំ
—សូមប្រោសឱ្យប្រជារាស្រ្តព្រះអង្គដើរតាមគំរូនៃការដាក់ខ្លួនរបស់ព្រះអង្គផង។ (បន្ទរ)

ព្រះអង្គបានបន្ទាបខ្លួនស្តាប់បង្គាប់ រហូតដល់សោយទិវង្គតនៅលើឈើឆ្កាង
—សូមប្រោសឱ្យអ្នកបម្រើព្រះអង្គចេះយកតម្រាប់តាមការស្តាប់បង្គាប់របស់ព្រះអង្គ និងមានឆន្ទៈទទួលយករាល់ការសាកល្បងនានា។ (បន្ទរ)

បពិត្រព្រះគ្រីស្តជាអម្ចាស់ ! ព្រះបិតាបានប្រោសព្រះអង្គឱ្យតើនឡើង ព្រមទាំងប្រទានឱ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីទាំងអស់
—សូមឱ្យប្រជារាស្រ្តព្រះអង្គ មានចិត្តសង្ឃឹមយ៉ាងមាំអំពីការរស់ឡើងវិញ និងតស៊ូរហូតដល់ទីបំផុតផង។ (បន្ទរ)

ឱព្រះគ្រីស្តអើយ ! គ្រប់ជង្គង់នៅស្ថានបរមសុខ នៅលើផែនដី និងនៅក្រោមដី នឹងនាំគ្នាក្រាបថ្វាយបង្គំព្រះនាមព្រះអង្គ
—សូមព្រះអង្គចាក់បង្ហូរសេចក្តីស្រឡាញ់មកលើមនុស្សទាំងអស់ ដើម្បីឱ្យពួកគេអាចចូលរួមជាមួយគ្នា ក្នុងការប្រកាសពីសិរីរុងរឿងរបស់ព្រះអង្គផង។ (បន្ទរ)

បពិត្រព្រះគ្រីស្ត ! មនុស្សគ្រប់ភាសានឹងប្រកាសថា ព្រះអង្គជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ជាព្រះបិតា
—សូមព្រះអង្គស្វាគមន៍បងប្អូនយើងខ្ញុំ ដែលបានទទួលមរណភាពទៅហើយ ឱ្យចូលទៅក្នុងអំណរសប្បាយនៃព្រះរាជ្យអស់កល្បជានិច្ចផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គចាត់ព្រះបុត្រាតែមួយឱ្យយាងមកសម្តែងរូបកាយដ៏អស្ចារ្យពោរពេញដោយសិរីរុងរឿង និងបានអះអាងពីគម្រោងការដ៏អស្ចារ្យនៃជំនឿ ហើយបញ្ជាក់ជាមុនថា យើងខ្ញុំជាបុត្រធីតារបស់ព្រះអង្គ តាមរយៈសក្ខីភាពរបស់គ្រូបាធ្យាយនៃព្រះសហគមន៍។ សូមព្រះអង្គប្រោសយើងខ្ញុំដែលជាអ្នកបម្រើរបស់ព្រះអង្គឱ្យយកចិត្តទុកដាក់ស្តាប់ព្រះសូរសៀងនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ និងទទួលជីវិតអស់កល្បជានិច្ចជាមរតក រួមជាមួយព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!