២៤ ធ្នូ ២០២៥

Written on 04/11/2026
Mary Siya Khim

បុណ្យព្រះអម្ចាស់យេស៊ូប្រសូត

(បុណ្យឱឡារិក)

(ពេលល្ងាចទី១)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បទចម្រៀងចូល

ទំនុកតម្កើងលេខ ១១៣

បន្ទរទី១៖ ព្រះមហាក្សត្រនៃសេចក្តីសុខសាន្ត បានបង្ហាញព្រះអង្គក្នុងសិរីរុងរឿង! ពិភពលោកទាំងមូលប្រាថ្នាចង់ឃើញព្រះភក្រ្តព្រះអង្គ។

ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!
អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​អើយ
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ!
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់!

ចូរ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់ តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ!

តាំង​ពី​ពេល​ថ្ងៃ​រះ រហូត​ទល់​ថ្ងៃ​លិច
ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់!

ព្រះ‌អម្ចាស់​គង់​នៅ​ពី​លើ​ប្រជា‌ជាតិ​ទាំង‌ឡាយ
សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​ខ្ពស់​ជាងផ្ទៃ​មេឃ​ទៅ​ទៀត។

តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​យើង​បាន?
ព្រះ‌អង្គ​គង់​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត

ព្រះ‌អង្គ​ទត​មើល​មក​ផ្ទៃ​មេឃ និង​ផែន‌ដី ដែល​នៅ​ខាង​ក្រោម​ព្រះ‌អង្គ។

ព្រះ‌អង្គ​លើក​មនុស្ស​ទន់​ខ្សោយ​ឡើង​ពី​ធូលី​ដី
ព្រះ‌អង្គ​លើក​មនុស្ស​ទុរគត​ឡើង​ពី​ភក់​ជ្រាំ

ដើម្បី​ឲ្យ​គេ​កាន់​កាប់​អំណាចរួម​ជា​មួយ​ពួក​អ្នក​ធំ
គឺ​រួម​ជា​មួយ​ពួក​អ្នក​ធំ​នៅ​ក្នុង​ចំណោមប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។

ព្រះ‌អង្គ​ប្រទាន​ឲ្យ​ស្ត្រីអារ​មាន​កូន
ឲ្យ​នាង​រស់​នៅ​ក្នុង​ផ្ទះ​យ៉ាង​សប្បាយជា​មួយ​កូនៗ​របស់​នាង។
អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះមហាក្សត្រនៃសេចក្តីសុខសាន្ត បានបង្ហាញព្រះអង្គក្នុងសិរីរុងរឿង! ពិភពលោកទាំងមូលប្រាថ្នាចង់ឃើញព្រះភក្រ្តព្រះអង្គ។

ទំនុកតម្កើងលេខ ១៤៧,១២-២០

បន្ទរទី២៖ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​បញ្ជា​ទៅ​ផែន‌ដី ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផ្សព្វ‌ផ្សាយទៅ​យ៉ាង​រហ័ស។

(បទព្រហ្មគីតិ)

១២- ក្រុងយេរូសាឡឹម កុំស្ងាត់ស្ងៀមនៅរេរង់  
  ព្រមទាំងក្រុងស៊ីយ៉ូន ចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់
១៣- ដ្បិតព្រះអង្គការពារ អ្នករាល់គ្នាបានសុខណាស់  
  ទ្រង់ឲ្យពរដល់រាស្រ្ត ដែលរស់ពាសពេញទីក្រុង
១៤- ទ្រង់ប្រទានទឹកដី មានសេរីសុខត្រចង់  
  សន្តិភាពគ្រប់ជ្រុង ស្រូវបម្រុងច្រើនមហិមា
១៥- នៅលើផ្ទៃផែនដី ស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា  
  ផ្សព្វផ្សាយគ្រប់ទិសា ពីបញ្ជាព្រះអម្ចាស់
១៦- ព្រះអង្គឲ្យទឹកកក ធ្លាក់ចុះមកច្រើនដេរដាស  
  សន្សើមត្រជាក់ណាស់ ក៏ធ្លាក់ចុះតាមបញ្ជា
១៧- ព្រះអង្គធ្វើឲ្យព្រឹល ធ្លាក់មិនខ្ជិលច្រើនមហិមា  
  ឲ្យមានធាតុរងា តើនរណាអាចទ្រាំបាន?
១៨- ពេលទ្រង់មានបន្ទូល ធ្វើឲ្យព្រឹលទាំងប៉ុន្មាន  
  ទឹកកកគ្រប់ទីស្ថាន រលាយបានជាទឹកអស់
  ធ្វើឲ្យមានទាំងខ្យល់ បោកវិលវល់មិនឈប់សោះ  
  បក់យកទឹកទាំងនោះ ហូរតាមជ្រោះទៅមិនសល់
១៩- ទ្រង់សម្តែងឲ្យពូជ លោកយ៉ាកុបស្តាប់បន្ទូល  
  ក្រឹត្យវិន័យនិមល ឲ្យអ៊ីស្រាអែលបានដឹង
២០- ព្រះអង្គពុំបញ្ជា សព្វកិច្ចការអស់ទាំងហ្នឹង  
  ឲ្យជាតិសាសន៍ផ្សេងដឹង វិន័យទ្រង់នោះសោះឡើយ
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​បញ្ជា​ទៅ​ផែន‌ដី ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផ្សព្វ‌ផ្សាយទៅ​យ៉ាង​រហ័ស។

បទលើកតម្កើងតាមលោកភីលីព (ភីល ២,៦-១១)

បន្ទរទី៣៖ នៅថ្ងៃនេះ ព្រះ‌បន្ទូលរបស់ព្រះ‌ជាម្ចាស់ដែលមានព្រះ‌ជន្មគង់នៅជាមួយព្រះ‌បិតា តាំងពីមុនកាលសម័យទាំងអស់ ទ្រង់សព្វព្រះ‌ហឫ‌ទ័យដាក់ខ្លួន កើតមកជាមនុស្សសម្រាប់យើងរាល់គ្នា។

ទោះ‌បី​ព្រះ‌អង្គ​មាន​ឋានៈ​ជា​ព្រះ‌ជាម្ចាស់ក៏​ដោយ
ក៏​ព្រះ‌អង្គ​ពុំ​បាន​ក្ដោប‌ក្តាប់ឋានៈ​ដែល​ស្មើនឹង​ព្រះ‌ជាម្ចាស់​នេះ
ទុក​ជា​កម្ម‌សិទ្ធិដាច់​មុខ​របស់​ព្រះ‌អង្គ​ឡើយ។

ផ្ទុយ​ទៅ​វិញ ព្រះ‌អង្គ​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់មក​យក​ឋានៈ​ជា​ទាសករ
ព្រះ‌អង្គ​បាន​ទៅ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ
ហើយ​ក៏​រស់​នៅ​ក្នុង​ភាព​ជាមនុស្ស​សាមញ្ញ​ដែរ។

ព្រះ‌អង្គ​បាន​ដាក់​ខ្លួន ធ្វើតាម​ព្រះ‌បញ្ជារហូត​ដល់​សោយ​ទិវង្គត
គឺ​រហូត​ដល់​សោយ​ទិវង្គត​លើ​ឈើ​ឆ្កាងថែម​ទៀត​ផង។

ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់លើក​តម្កើង​ព្រះ‌អង្គ​ឡើង​យ៉ាង​ខ្ពង់‌ខ្ពស់​បំផុត
ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​ព្រះ‌អង្គមាន​ព្រះ‌នាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់
១០
ដើម្បី​ឲ្យ​អ្វីៗ​ទាំង​អស់ ទាំង​នៅ​ស្ថាន​បរម‌សុខ ទាំង​នៅ​លើ​ផែន‌ដី ទាំង​នៅ​ក្រោម​ដី
នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ នៅ​ពេល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេស៊ូ
១១
និងឲ្យ​មនុស្ស​គ្រប់​ភាសា​ប្រកាស​ឡើងថា ព្រះ‌យេស៊ូ‌គ្រីស្ត​ជា​ព្រះ‌អម្ចាស់
ដើម្បី​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌ជាម្ចាស់ជា​ព្រះ‌បិតា។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ នៅថ្ងៃនេះ ព្រះ‌បន្ទូលរបស់ព្រះ‌ជាម្ចាស់ដែលមានព្រះ‌ជន្មគង់នៅជាមួយព្រះ‌បិតា តាំងពីមុនកាលសម័យទាំងអស់ ទ្រង់សព្វព្រះ‌ហឫ‌ទ័យដាក់ខ្លួន កើតមកជាមនុស្សសម្រាប់យើងរាល់គ្នា។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កាឡ ៤,៤-៥)

លុះ​ដល់​ពេល​កំណត់​ហើយ ព្រះ‌ជាម្ចាស់​ក៏​ចាត់​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ឲ្យ​មក​ប្រសូត​ចេញ​ពី​ស្ត្រី ហើយ​ប្រសូត​ក្រោម​អំណាច​របស់​វិន័យ​ផង ដើម្បី​លោះ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​វិន័យ និង​ឲ្យ​យើង​ទទួល​ឋានៈ​ជា​បុត្រ‌ធីតា​របស់​ព្រះ‌អង្គ។

បន្ទរ៖ នៅថ្ងៃនេះ អ្នកនឹងដឹងថា *គឺព្រះអម្ចាស់ដែលសង្រ្គោះអ្នករាល់គ្នា។ បន្ទរឡើងវិញ៖…
—ហើយនៅពេលព្រឹក អ្នករាល់គ្នានឹងឃើញសិរីរុងរឿងរបស់ព្រះអង្គ។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ នៅព្រឹកព្រលឹម ពេលព្រះអាទិត្យរះឡើងលើផ្ទៃមេឃ អ្នកនឹងឃើញព្រះមហាក្សត្រលើមហាក្សត្រនានា ដែលយាងមកពីព្រះបិតា ដូចកូនកំលោះបញ្ចេញរស្មីភ្លឺថ្លា ចេញពីបន្ទប់កូនក្រមុំ។

ពាក្យអង្វរសកល

ព្រះគ្រីស្តយេស៊ូបានលះបង់អ្វីៗទាំងអស់មកយកឋានៈជាទាសករ។ ព្រះអង្គត្រូវល្បួងគ្រប់យ៉ាងដូចយើងខ្ញុំ ប៉ុន្តែ ព្រះអង្គមិនបានប្រព្រឹត្តអំពើបាបឡើយ។ នៅពេលនេះ ចូរយើងនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ និងទូលអង្វរទៅព្រះអង្គ ដោយមានជំនឿយ៉ាងមុតមាំថា ៖

បន្ទរ៖ ដោយអានុភាពនៃការចាប់កំណើតជាមនុស្សរបស់ព្រះអង្គ សូមព្រះអង្គលួងលោមអស់អ្នកដែលព្រះអង្គបានសង្រ្គោះនោះផង !

ព្រះអង្គបានយាងមកក្នុងពិភពលោក នាយុគសម័យថ្មីនេះ ដែលពួកព្យាការីបានថ្លែងទុកមក
—សូមព្រះអង្គប្រោសប្រទានឱ្យប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គ បានទទួលនូវព្រះអំណោយទានថ្មីឡើងជានិច្ច នៅគ្រប់ជំនាន់តរៀងទៅ។ (បន្ទរ)

ព្រះអង្គបានទទួលយកលក្ខណៈជាមនុស្សទន់ខ្សោយរបស់យើងខ្ញុំ
—សូមព្រះអង្គប្រោសអ្នកពិការភ្នែកឱ្យបានភ្លឺ ប្រទានកម្លាំងដល់អ្នកដែលទន់ខ្សោយ និងលួងលោមអស់អ្នកដែលមានវិបត្តិផ្លូវចិត្តផង។ (បន្ទរ)

ព្រះអង្គបានប្រសូតមកក្នុងភាពក្រីក្រ និងទន់ទាប
—សូមព្រះអង្គទតមកអ្នកក្រីក្រដោយក្តីមេត្តា និងលួងលោមចិត្តពួកគេផង។ (បន្ទរ)

ដោយព្រះអង្គបានប្រសូតមកជាមនុស្ស ព្រះអង្គបាននាំអំណរសប្បាយ ដល់មនុស្សទាំងអស់ តាមរយៈព្រះបន្ទូលសន្យាស្តីអំពីជីវិតដែលគ្មានទីបញ្ចប់
—សូមព្រះអង្គប្រោសប្រទានអំណរសប្បាយដល់អ្នកដែលឈឺធ្ងន់ជិតស្លាប់ នូវសេចក្តីសង្ឃឹមដែលព្រះអង្គបានបម្រុងទុកសម្រាប់ជីវិតថ្មី នៅស្ថានបរមសុខផង។ (បន្ទរ)

ព្រះអង្គបានយាងមកលើផែនដីនេះ ដើម្បីនាំមនុស្សទាំងអស់ចូលក្នុងព្រះរាជ្យនៃស្ថានបរមសុខ
—សូមព្រះអង្គចែករំលែកព្រះជន្មដ៏រុងរឿងរបស់ព្រះអង្គ ជាមួយអស់បងប្អូនដែលបានលាចាកលោកនេះទៅហើយផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! នៅរាត្រីនេះ ព្រះអង្គសព្វព្រះហឫទ័យចាត់ព្រះបុត្រាឲ្យយាងមកបំភ្លឺមនុស្សគ្រប់ជាតិគ្រប់សាសន៍។ សូមព្រះអង្គមេត្តាប្រោសឲ្យមនុស្សទាំងអស់មានជំនឿមាំមួន និងស្គាល់ពីព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ ដើម្បីឲ្យពន្លឺរបស់ព្រះអម្ចាស់បំភ្លឺពិភពលោកសព្វថៃ្ងនេះ។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!