២០ ធ្នូ ២០២៦

Written on 07/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី៤ ថ្ងៃអាទិត្យ

(ពេលល្ងាចទី២)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១០,១-៥.៧

ព្រះមេស្ស៊ីជាព្រះមហាក្សត្រ និងជាបូជាចារ្យ

ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំង​ប៉ុន្មាន មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ (១ករ ១៥,២៥)។

បន្ទរទី១ ៖ មើលហ្ន៎! តើព្រះអង្គមានសិរីរុងរឿងយ៉ាងណា ដែលយាងមកជាព្រះសង្រ្គោះនៃមនុស្សគ្រប់ជាតិសាសន៍។

១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជាជាអម្ចាស់របស់ខ្ញុំថា ៖
“សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!” ។
២
សូមព្រះអង្គប្រោសប្រទានឱ្យព្រះរាជ្យរបស់ព្រះករុណា
លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ!
សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ!
៣
នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត
ពួកយុវជននាំគ្នាចូលគាល់ព្រះករុណា នៅលើភ្នំដ៏វិសុទ្ធ
ប្រៀបដូចជាទឹកសន្សើម នៅពេលព្រឹកព្រលឹម។
៤
ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖
“ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក” ។
៥
ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា
នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។
៧
នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ
រួចហើយ ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ មើលហ្ន៎! តើព្រះអង្គមានសិរីរុងរឿងយ៉ាងណា ដែលយាងមកជាព្រះសង្រ្គោះនៃមនុស្សគ្រប់ជាតិសាសន៍។

ទំនុកតម្កើងលេខ ១១២

សុភមង្គលរបស់មនុស្សសុចរិត

ចូររស់នៅឱ្យសមជាមនុស្សដែលមានពន្លឺក្នុងខ្លួនទៅ។ ផលនៃពន្លឺនោះ គឺសេចក្តីសប្បុរស សេចក្តីសុចរិត និងសេចក្តីពិតគ្រប់បែបយ៉ាង (អភ ៥,៨-៩)។

បន្ទរទី២ ៖ «មាន​សំឡេង​បុរស​ម្នាក់​ស្រែក​ឡើង នៅ​វាល​រហោ‌ស្ថាន​ថាៈ ត្រូវ​តម្រង់​ផ្លូវ​កោង​ឱ្យត្រង់ ព្រម​ទាំង​លុប​ផ្លូវ​រដិប‌រដុប​ឱ្យរាប​ស្មើដែរ»។ ឱព្រះអម្ចាស់អើយ! សូមយាងមក កុំបង្អង់ឡើយ អាលេលូយ៉ា!

(បទពាក្យ ៧)

១- អ្នកអោនកោតខ្លាចព្រះអម្ចាស់ ប្រតិបត្តិច្បាស់តាមព្រះទ័យ  
  ស្មោះស្ម័គ្រគោរពតាមវិន័យ បានសុខពេកក្រៃមានមង្គល ។
២- ពូជរបស់គេមានអំណាច ចិត្តក្លាអង់អាចគ្មានកង្វល់  
  ដ្បិតព្រះជាម្ចាស់ប្រទានផល ព្រះពរពិតដល់អ្នកសុចរិត ។
៣- ក្នុងផ្ទះមនុស្សដែលចិត្តធម៌ មានទ្រព្យបវរល្អប្រណីត  
  សេចក្តីសុចរិតនៅស្ថេរស្ថិត ព្រះអង្គអាណិតឱ្យពរជាប់ ។
៤- ក្នុងទីងងឹតមានពន្លឺ លេចឡើងបំភ្លឺមិនស្រអាប់  
  ចិត្តគាត់ប្រណីល្អគួរគាប់ សន្តោសលើសព្វជនប្រុសស្រី ។
៥- មនុស្សដែលមានចិត្តទូលាយ យកអ្វីទៅឱ្យអ្នកផងខ្ចី  
  ព្រមទាំងរកស៊ីមិនកេងគៃ អ្នកនោះប្រពៃល្អបំផុត ។
៦- កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយ ទីជិតទីឆ្ងាយមិនរលត់  
  មនុស្សគ្រប់សម័យតែងចាំស្ទាត់ នឹកទៅដល់គាត់ជាប់ជានិច្ច ។
៧- អ្នកនោះមិនស្លុតមិនព្រឺខ្លាច មានចិត្តអង់អាចមិនមានល្បិច  
  មិនខ្លាចគេដៀលត្មះពន្លិច ហើយផ្ញើជីវិតលើព្រះម្ចាស់ ។
៨- គាត់មានចិត្តនឹងហើយអង់អាច មិនចេះភ័យខ្លាចអ្វីទាំងអស់  
  ទាល់តែគាត់ឃើញខ្មាំងទាំងនោះ បាក់ទ័ពប្រាសអស់ទើបស្កប់ចិត្ត ។
៩- គាត់តែងចែកទានដល់អ្នកក្រ ដោយចិត្តស្មោះសរស្ម័គ្រពិតៗ  
  ចិត្តគាត់ទូលាយត្រង់សុចរិត កម្លាំងគាត់ស្ថិតមិនបាត់បង់ ។
១០- ពេលជនអាក្រក់ឃើញដូច្នោះ ចិត្តគេទោមនស្សខាំធ្មេញផង  
  បាក់ធ្លាក់ទឹកចិត្តខូចបំណង ពុំសម្រេចម្តងណាសោះឡើយ ។
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ ។

បន្ទរ ៖ «មាន​សំឡេង​បុរស​ម្នាក់​ស្រែក​ឡើង នៅ​វាល​រហោ‌ស្ថាន​ថាៈ ត្រូវ​តម្រង់​ផ្លូវ​កោង​ឱ្យត្រង់ ព្រម​ទាំង​លុប​ផ្លូវ​រដិប‌រដុប​ឱ្យរាប​ស្មើដែរ»។ ឱព្រះអម្ចាស់អើយ! សូមយាងមក កុំបង្អង់ឡើយ អាលេលូយ៉ា!

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៩,១-២.៥-៧)

វិវាហមង្គលការកូនចៀម

បន្ទរទី៣ ៖ ព្រះ‌រាជ‌បុត្រ​នោះ​នឹង​លាត​សន្ធឹង​អំណាច ហើយធ្វើឱ្យមានសេចក្តីសុខសាន្តរហូតតទៅ អាលេលូយ៉ា!

១ អាលេលូយ៉ា!
សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង
ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព
២
ដ្បិតទ្រង់វិនិច្ឆ័យយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌
អាលេលូយ៉ា!
៥
អាលេលូយ៉ា!
អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់
អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គ ទាំងតូចទាំងធំអើយ!
ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង!។
អាលេលូយ៉ា!
៦
អាលេលូយ៉ា!
ដ្បិតព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់
ទ្រង់បានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ
៧
យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង
ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ
អាលេលូយ៉ា!
អាលេលូយ៉ា!
ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ
ភរិយាថ្មោងថ្មីរបស់កូនចៀម ក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ” ។
អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះ‌រាជ‌បុត្រ​នោះ​នឹង​លាត​សន្ធឹង​អំណាច ហើយធ្វើឱ្យមានសេចក្តីសុខសាន្តរហូតតទៅ អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ១,៧-៩)

ហេតុ​នេះ នៅ​ពេល​ដែល​បង‌ប្អូន​កំពុង​រង់‌ចាំ​ព្រះ‌យេស៊ូ‌គ្រីស្ដ ជា​ព្រះ‌អម្ចាស់​របស់​យើង​យាង​មក​យ៉ាង​រុង‌រឿង​នោះ បង‌ប្អូន​មិន​ខ្វះ​ព្រះ‌អំណោយទានអ្វីឡើយ។ ព្រះ‌អង្គ​នឹង​ធ្វើ​ឱ្យ​បង‌ប្អូន​បាន​ខ្ជាប់‌ខ្ជួន​រហូត​ដល់​ទី​បំផុត ឥត​មាន​ទោស‌ពៃរ៍​អ្វី នៅ​ថ្ងៃ​ដែល​ព្រះ‌យេស៊ូ‌គ្រីស្ដ ជា​ព្រះ‌អម្ចាស់​នៃ​យើង​យាង​មក​ដល់។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​បង‌ប្អូន​ឱ្យ​រួម​រស់​ជា​មួយ​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ គឺ​ព្រះ‌យេស៊ូ‌គ្រីស្ដ​ជា​ព្រះ‌អម្ចាស់​នៃ​យើង។

បន្ទរ៖ ឱព្រះជាអម្ចាស់ប្រកបដោយឫទ្ធានុភាព និងព្រះចេស្តា ! *សូមយាងមករំដោះយើងខ្ញុំឱ្យមានសេរីភាពឡើងវិញផង។ បន្ទរឡើងវិញ៖…
-សូមទតមកយើងខ្ញុំដោយព្រះ‌ហឫទ័យសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ យើង​នឹង​ប្រគល់​កូន​សោ​វាំងរបស់​ស្តេច​ដាវីឌ​ឱ្យ​គាត់ បើ​គាត់​បើក គ្មាន​នរណា​បិទ​បាន​ទេ ហើយ​បើ​គាត់​បិទ ក៏​គ្មាន​នរណា​បើក​បាន​ដែរ។ សូមព្រះអង្គយាងមករំលំជញ្ជាំងនៃសេចក្តីស្លាប់ សម្រាប់អស់អ្នកដែលស្ថិតក្នុងទីងងឹតក្រោមអំណាចនៃសេចក្តីស្លាប់ ហើយសូមព្រះអង្គរំដោះជនជាប់ជាឈ្លើយ ឱ្យពួកគេមានសេរីភាព។

ពាក្យអង្វរសកល

ព្រះគ្រីស្តជាព្រះអម្ចាស់ និងជាព្រះសង្រ្គោះ ដែលនឹងយាងមកយ៉ាងរុងរឿង នៅថ្ងៃចុងក្រោយបំផុត។ ចូរយើងទូលអង្វរព្រះអង្គ ដោយអំណរសប្បាយថា ៖

បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ ! សូមយាងមក !

បពិត្រព្រះអម្ចាស់ជាព្រះសង្គ្រោះយើងខ្ញុំ ដោយព្រះអង្គបានប្រសូតជាមនុស្ស ព្រះអង្គបានដោះលែងយើងខ្ញុំឱ្យរួចពីនឹមរបស់ធម្មវិន័យ
—សូមព្រះអង្គបំពេញកិច្ចមេត្តាធម៌របស់ព្រះអង្គក្នុងខ្លួនយើងខ្ញុំផង។ (បន្ទរ)


ព្រះអង្គបានយកអ្វីៗពីយើងខ្ញុំចេញ ដើម្បីមកបម្រើឫទ្ធានុភាពរបស់ព្រះអង្គ
—សូមព្រះអង្គប្រោសប្រទាននូវអ្វីៗដែលយើងខ្ញុំត្រូវការ ដើម្បីបម្រើព្រះអង្គផង។ (បន្ទរ)


សូមព្រះអង្គមេត្តាបំពេញបំណងប្រាថ្នា ដែលយើងខ្ញុំទូលសូមនៅថ្ងៃនេះ
—ហើយសូមព្រះអង្គបង្កាត់ភ្លើងនៃសេចក្តីស្រឡាញ់ ក្នុងដួងចិត្តយើងខ្ញុំផង។ (បន្ទរ)


នៅលើផែនដីនេះ យើងខ្ញុំរួមរស់ជាមួយព្រះអង្គ ដោយសារជំនឿ
—សូមឱ្យយើងខ្ញុំមានអំណរសប្បាយ ដោយបានរួមរស់ជាមួយព្រះអង្គ ក្នុងសិរីរុងរឿងនោះផង។ (បន្ទរ)


សូមព្រះអង្គទទួលយកវិញ្ញាណក្ខន្ធនៃអស់អ្នកជឿសង្ឃឹមលើព្រះអង្គ ដែលបានលាចាកពីលោកនេះ
—សូមឱ្យពួកគេបានសម្រាកនៅក្នុងធម៌មេត្តាករុណារបស់ព្រះអង្គផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាជាអម្ចាស់ ! ព្រះអង្គចាត់ព្រះបន្ទូលព្រះអង្គឱ្យយាងមកប្រសូតជាមនុស្ស។ នៅពេលនោះ នាងព្រហ្មចារិនីម៉ារីបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងត្រឡប់ទៅជាព្រះវិហាររបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យស្គាល់ពីព្រះហឫទ័យរបស់ព្រះអង្គ និងប្រោសឱ្យយើងខ្ញុំប្រព្រឹត្តតាមគំរូរបស់ព្រះនាងម៉ារី។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!