១៨ ធ្នូ ២០២៥

Written on 10/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី៣ ថ្ងៃព្រហស្បតិ៍

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១៣២

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​ជា​មួយព្រះ‌បាទ​ដាវីឌ

ព្រះជាម្ចាស់នឹងតាំងបុត្រនោះ ឱ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោរបស់ព្រះអង្គ (លក ១,៣២)។

ថ្ងៃទី១៧-២៣ ខែធ្នូ

បន្ទរទី១ ៖ ឱ​ព្រះ‌អម្ចាស់​អើយ! ទូល‌បង្គំផ្ចង់​ចិត្តគំនិត​ទៅ​រក​ព្រះ‌អង្គ។ ដ្បិតព្រះអង្គជាជម្រក និងជាកម្លាំងរបស់ទូលបង្គំ សូមព្រះអង្គយាងមក និងសង្រ្គោះទូលបង្គំផង។

(ក)

ឱព្រះអម្ចាស់អើយ! សូមនឹកដល់ព្រះបាទដាវីឌ
និងការនឿយហត់ទាំងប៉ុន្មានរបស់ព្រះរាជាផង។

ព្រះរាជាបានស្បថជាមួយព្រះអម្ចាស់
គឺទ្រង់បានសន្យាជាមួយព្រះដ៏មានព្រះចេស្តារបស់លោកយ៉ាកុបថា ៖

“ទូលបង្គំនឹងមិនចូលទៅជ្រកនៅក្នុងពន្លាទូលបង្គំ
ទូលបង្គំនឹងមិនឡើងទៅដេកនៅលើគ្រែទូលបង្គំទេ

ទូលបង្គំមិនព្រមបិទភ្នែក ទូលបង្គំមិនព្រមទទួលទានដំណេកលង់លក់ឡើយ

ដរាបណាទូលបង្គំពុំទាន់រកកន្លែងថ្វាយព្រះអង្គបាន
ដរាបណាទូលបង្គំពុំទាន់រកព្រះដំណាក់ថ្វាយព្រះដ៏មានចេស្តារបស់លោកយ៉ាកុបបានទេនោះ!” ។

យើងបានឮគេនិយាយថា ហិបនៃសម្ពន្ធមេត្រីស្ថិតនៅឯភូមិអេប្រាតា
យើងបានរកឃើញហិបនេះនៅតំបន់យ៉ាអារ។

ចូរយើងនាំគ្នាចូលទៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់
ចូរយើងក្រាបនៅទាបព្រះបាទារបស់ព្រះអង្គ!

ឱព្រះអម្ចាស់អើយ! សូមតើនឡើង
សូមយាងមកជាមួយហិបនៃឫទ្ធានុភាពរបស់ព្រះអង្គ
ហើយគង់នៅក្នុងទីសម្រាករបស់ព្រះអង្គរហូតតរៀងទៅ។

សូមឱ្យអស់លោកបូជាចារ្យរបស់ព្រះអង្គប្រព្រឹត្តអំពើសុចរិតជានិច្ច
សូមឱ្យប្រជារាស្ត្ររបស់ព្រះអង្គ ស្រែកហ៊ោរឡើងយ៉ាងសប្បាយ!
១០
ដោយយល់ដល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ
សូមកុំបោះបង់ចោលស្តេច ដែលព្រះអង្គបានចាក់ប្រេងអភិសេកនេះឡើយ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱ​ព្រះ‌អម្ចាស់​អើយ! ទូល‌បង្គំផ្ចង់​ចិត្តគំនិត​ទៅ​រក​ព្រះ‌អង្គ។ ដ្បិតព្រះអង្គជាជម្រក និងជាកម្លាំងរបស់ទូលបង្គំ សូមព្រះអង្គយាងមក និងសង្រ្គោះទូលបង្គំផង។

ថ្ងៃទី១៧-២៣ ខែធ្នូ

បន្ទរទី២ ៖ ឱព្រះអម្ចាស់អើយ! សូមព្រះអង្គប្រទានព្រះពរដល់អស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គយាងត្រឡប់មកវិញ។ សូមឱ្យការអះអាងរបស់ពួកព្យាការីព្រះអង្គ ក្លាយជាការពិត។

(ខ)

(បទព្រហ្មគីតិ)

១១- ព្រះអង្គបានសន្យា នឹងស្តេចដាវីឌល្អឯក  
  យើងនឹងតែងតាំងពូជ ឱ្យគ្រងរាជ្យជាបន្ត
១២- ប្រសិនបើបុត្រអ្នក កាន់បានជាក់សម្ពន្ធល្អ  
  មេត្រីយើងតៗ ហើយធ្វើតាមយើងប្រដៅ
  នោះពូជគេនឹងបាន ល្អថ្កើងថ្កានមិនអាស្រូវ  
  ឡើងគ្រងរាជ្យតទៅ តកូនចៅឥតស្រាកស្រាន្ត
១៣- ព្រះអម្ចាស់បានជ្រើស ពិនិត្យរើសក្រុងថ្កើងថ្កាន  
  ជាទីល្អចំណាន ស៊ីយ៉ូនបានជាលំនៅ
១៤- យើងនឹងស្នាក់សម្រាក រហូតជាក់មិនចេញទៅ  
  ចង់រស់ស្ថិតនិត្យនៅ កន្លែងនេះមិនទៅណា
១៥- យើងនឹងប្រទានពរ ក្រុងបវរតាមត្រូវការ  
  ឱ្យអ្នកខ្សត់វេទនា មានអាហារមិនខ្វះទេ
១៦- យើងនឹងសង្គ្រោះក្រុង ឱ្យរឿងរុងល្អឡើងទ្វេ  
  ដោយបូជាចារ្យគេ ឱ្យរាស្ត្រហ៊ោរអរអនេក
១៧- ទីនេះយើងឱ្យស្តេច មានអំណាចខ្ពស់ពន់ពេក  
  កើតចេញមកពីពូជ នៃដាវីឌដ៏ខ្លាំងក្លា
  យើងនឹងរៀបចំឱ្យ ស្តេចអង្គក្រោយមានចេស្តា  
  គ្រងរាជ្យយូរវស្សា ជំនួសស្តេចយើងអភិសេក
១៨- យើងនឹងធ្វើឱ្យខ្មាំង បាក់មុខខ្លាំងខ្មាសពន់ពេក  
  តែយើងនឹងឱ្យរាជ្យ របស់គេបានថ្កុំថ្កើង
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ ឱព្រះអម្ចាស់អើយ! សូមព្រះអង្គប្រទានព្រះពរដល់អស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គយាងត្រឡប់មកវិញ។ សូមឱ្យការអះអាងរបស់ពួកព្យាការីព្រះអង្គ ក្លាយជាការពិត។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១១,១៧-១៨ និង ១២,១០-១២)

ការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់

ថ្ងៃទី១៧-២៣ ខែធ្នូ

បន្ទរទី៣ ៖ ព្រះ‌អម្ចាស់អើយ សូមព្រះអង្គវិលមកវិញ ! សូម​យាង​មក​សង្គ្រោះ​ប្រជារាស្រ្តរបស់ព្រះអង្គជា​ប្រញាប់ !

១៧ “បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់
ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅ
តាំងពីដើមរៀងមកដែរ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ
ព្រោះទ្រង់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។
១៨
ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសម្តែងព្រះពិរោធក៏មកដល់ដែរ
គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោសមនុស្សស្លាប់។
នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ពួកព្យាការី
ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ
និងដល់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ
ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញអស់អ្នកដែលបានបំផ្លាញផែនដីដែរ” ។
១០
ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំងនៅលើមេឃថា ៖
“ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ
ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើង
ព្រមទាំងអំណាចព្រះគ្រីស្តរបស់ព្រះអង្គក៏បានមកដល់ដែរ
ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ
គឺអ្នកនោះឯង ដែលចោទប្រកាន់បងប្អូនយើង
ទាំងថ្ងៃ ទាំងយប់ នៅមុខព្រះភក្ត្រនៃព្រះរបស់យើង។
១១
បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ
ហើយបងប្អូនទាំងនោះ បានស៊ូប្តូរជីវិតឥតស្តាយសោះឡើយ។
១២
ហេតុនេះ ស្ថានបរមសុខ និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ!
ចូរមានអំណរសប្បាយឡើង!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះ‌អម្ចាស់អើយ សូមព្រះអង្គវិលមកវិញ ! សូម​យាង​មក​សង្គ្រោះ​ប្រជារាស្រ្តរបស់ព្រះអង្គជា​ប្រញាប់ !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ភីល ៤,៤-៥)

ចូរ​បង‌ប្អូន​អរ​សប្បាយ ដោយ​រួម​ជា​មួយ​ព្រះ‌អម្ចាស់​ជា‌និច្ច ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន​ម្ដង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង! ចូរ​សម្ដែង​ឲ្យ​មនុស្ស‌ម្នា​ទាំង​អស់​ស្គាល់​សន្ដាន​ចិត្ត​សប្បុរស​របស់​បង‌ប្អូន ព្រះ‌អម្ចាស់​ជិត​យាង​មក​ដល់​ហើយ។

បន្ទរ៖ ឱ​ព្រះ‌អម្ចាស់​អើយ *សូម​សម្ដែង​ព្រះ‌ហឫទ័យមេត្តា‌ករុណា​ចំពោះ​យើង​ខ្ញុំ!។ បន្ទរឡើងវិញ៖…
—ហើយ​សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ ឱព្រះដ៏វិសុទ្ធរបស់បុព្វបុរសអ៊ីស្រាអែលអើយ! ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកម៉ូសេឃើញ នៅកណ្តាលគុម្ពោត និងបានប្រទានធម្មវិន័យដ៏វិសុទ្ធដល់លោក នៅលើភ្នំស៊ីណៃ។ សូមព្រះអង្គលាតត្រដាងព្រះហស្តដ៏មានឫទ្ធានុភាពរបស់ព្រះអង្គ មករំដោះយើងខ្ញុំឱ្យមានសេរីភាពផង។

ពាក្យអង្វរសកល

បពិត្រព្រះគ្រីស្តជាព្រះអម្ចាស់! ព្រះអង្គបានប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយអំណរសប្បាយថា ៖

បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ ! សូមយាងមក !

បពិត្រព្រះអម្ចាស់យេស៊ូ ! ដោយព្រះអង្គបានប្រសូតមកជាមនុស្ស ព្រះអង្គបង្ហាញសិរីរុងរឿងឱ្យពិភពលោកស្គាល់
—សូមប្រទានជីវិតថ្មីឱ្យយើងខ្ញុំ ដោយការយាងមករបស់ព្រះអង្គផង។ (បន្ទរ)

ព្រះអង្គបានទទួលយកភាពទន់ខ្សោយរបស់យើងខ្ញុំ មកដាក់លើព្រះអង្គ
—សូមអាណិតអាសូរយើងខ្ញុំ។ (បន្ទរ)

ពេលព្រះអង្គយាងមកលើកដំបូង ព្រះអង្គបានបន្ទាបព្រះកាយ ដើម្បីសង្រ្គោះពិភពលោកឱ្យរួចពីបាប
—សូមរំដោះយើងខ្ញុំឱ្យរួចផុតពីទោសកំហុសទាំងឡាយ នៅពេលព្រះអង្គយាងមកវិញ ក្នុងសិរីរុងរឿងនោះផង។ (បន្ទរ)

ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យលើអ្វីៗទាំងអស់
—សូមនាំយើងខ្ញុំឱ្យទទួលមត៌កអស់កល្បជានិច្ច ក្នុងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ (បន្ទរ)

ព្រះអង្គគង់នៅខាងស្តាំព្រះបិតា
—សូមឱ្យវិញ្ញាណក្ខន្ធទាំងឡាយបានរីករាយជាមួយនឹងពន្លឺរបស់ព្រះអង្គផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសព្វព្រះហឫទ័យសង្រ្គោះមនុស្សលោកឲ្យរួចពីបាប។ សូមព្រះអង្គមេត្តារំដោះយើងខ្ញុំឲ្យមានសេរីភាពដ៏ពិតប្រាកដខាងផ្លូវចិត្ត និងតម្រង់ចិត្តគំនិតរបស់យើងខ្ញុំ ដើម្បីរៀបចំខ្លួនធ្វើពិធីលើកតម្កើងព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គដែលប្រសូតមកជាមនុស្ស។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!