១៤ ធ្នូ ២០២៦

Written on 13/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី៣ ថ្ងៃចន្ទ

សន្តយ៉ូហាននៃព្រះឈើឆ្កាង ជាបូជាចារ្យ និងជាគ្រូបាធ្យាយព្រះសហគមន៍

(បុណ្យរំឭកចាំបាច់)

(ពេលល្ងាច)

ថ្ងៃចន្ទ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១២៣

ព្រះជាម្ចាស់ជាសេចក្តីសង្ឃឹមរបស់ប្រជារាស្រ្តព្រះអង្គ

ពេល​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​អង្គុយ​នៅ​ក្បែរ​ផ្លូវ។ អ្នក​ទាំង​ពីរ​ឮ​ថា ព្រះ‌យេស៊ូ​យាង​មក ក៏​ស្រែក​ឡើង​ថា៖
«ឱ​ព្រះ‌អម្ចាស់ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង!» (មថ ២០,៣០)។

បន្ទរទី១ ៖ យើងខ្ញុំសម្លឹងមើលព្រះជាអម្ចាស់នៃយើង ហើយទន្ទឹងរង់ចាំព្រះអង្គប្រណីសន្តោស។

១ ឱព្រះអម្ចាស់ដែលគង់នៅស្ថានបរមសុខអើយ!
ទូលបង្គំងើបមុខឡើងសម្លឹងទៅរកព្រះអង្គ។
២
យើង​ខ្ញុំ​ក៏​សម្លឹង​មើល​ព្រះ‌ជា‌អម្ចាស់​នៃ​យើង
ហើយ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ​ប្រណី‌សន្ដោស
ដូច​អ្នក​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​របស់​ខ្លួន
និង​ដូច​ស្ត្រី​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​ស្រីរបស់​ខ្លួន​យ៉ាង​នោះ​ដែរ។
៣
ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាយើងខ្ញុំ
សូមអាណិតមេត្តាយើងខ្ញុំផង ដ្បិតយើងខ្ញុំត្រូវគេមើលងាយខ្លាំងណាស់។
៤
យើងខ្ញុំពុំអាចទ្រាំទ្រនឹងការមើលងាយពីសំណាក់មនុស្សព្រហើន
ព្រមទាំងការជេរប្រមាថពីសំណាក់មនុស្សវាយឫកខ្ពស់បានទៀតឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ យើងខ្ញុំសម្លឹងមើលព្រះជាអម្ចាស់នៃយើង ហើយទន្ទឹងរង់ចាំព្រះអង្គប្រណីសន្តោស។

ទំនុកតម្កើងលេខ ១២៤

ព្រះអម្ចាស់ផ្ទាល់បានជួយយើង ដោយព្រះនាមព្រះអង្គ

លោកប៉ូលនិមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលមកលោកថាៈ “កុំខ្លាចអី! ត្រូវនិយាយតទៅទៀត កុំនៅស្ងៀមឡើយ
ដ្បិតយើងស្ថិតនៅជាមួយអ្នកហើយ” (កក ១៨,៩-១០)។

បន្ទរទី២ ៖ ព្រះអម្ចាស់ផ្ទាល់បានជួយយើង ដោយព្រះនាមព្រះអង្គ គឺព្រះអង្គដែលបានបង្កើតផ្ទៃមេឃ និងផែនដី។

(បទពាក្យ ៧)

១- ប្រសិនបើគ្មានព្រះអម្ចាស់ មិនជួយសន្តោសគាំទ្រទេ  
  សូមអ៊ីស្រាអែលពោលហូរហែរ ពោលកុំទំនេរតាមយើងថា ។
២- ប្រសិនបើគ្មានព្រះអម្ចាស់ នៅខាងយើងនោះគ្រប់វេលា  
  ពេលណាសត្រូវលើកគ្នីគ្នា សម្រុកពុះពារវាយលើយើង ។
៣- ពេលណាគេមានកំហឹងខ្លាំង គេមកប្រឆាំងយើងនឹងប៉ើង  
  គេនឹងត្របាក់លេបពួកយើង មិនឱ្យរស់បានសុខសាន្តឡើយ ។
៤- យើងនឹងលិចលង់ក្នុងសមុទ្រ ភិតភ័យតក់ស្លុតឥតមានស្បើយ  
  ទឹកហូរនាំយើងគ្មានកោះត្រើយ ទៅកាន់ទីឆ្ងាយគ្មានគោលដៅ ។
៥- ពេលយើងកំពុងអស់កម្លាំង មានទឹកកួចខ្លាំងពន្លិចទៅ  
  ដល់បាតជលសាដ៏សែនជ្រៅ ជីវិតយើងត្រូវលង់ក្សិណក្ស័យ ។
៦- សូមលើកតម្កើងព្រះអម្ចាស់ ដ្បិតទ្រង់ជាព្រះមានបារមី  
  ទ្រង់ពុំប្រគល់យើងក្នុងដៃ ធ្វើរំពានៃពួកនោះឡើយ ។
៧- យើងរួចជីវិតដូចបក្សី គេចផុតពីដៃព្រានព្រៃហើយ  
  គឺលប់ធ្លុះធ្លាយគ្មានសល់ឡើយ យើងបានធូរស្បើយរស់ជីវ៉ា ។
៨- ព្រះអម្ចាស់បានសង្គ្រោះយើង ដោយព្រះនាមថ្កើងមានចេស្តា  
  គឺព្រះអង្គដែលមានមេត្តា បង្កើតមេឃានិងផែនដី ។
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ ។

បន្ទរ ៖ ព្រះអម្ចាស់ផ្ទាល់បានជួយយើង ដោយព្រះនាមព្រះអង្គ គឺព្រះអង្គដែលបានបង្កើតផ្ទៃមេឃ និងផែនដី។

បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)

ព្រះជាម្ចាស់ជាព្រះសង្រ្គោះរបស់យើង

បន្ទរទី៣ ៖ ព្រះជាម្ចាស់បានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ។

៣ សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត
ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង
ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។
៤
ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត
តាំងពីមុនកំណើតពិភពលោកមកម៉្លេះ
ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មង នៅចំពោះព្រះភក្ត្រព្រះអង្គ
ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។
៥
ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ
ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ
៦
ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោស
ដែលទ្រង់បានប្រោសប្រទានមកយើង
ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
៧
ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង
ដោយព្រះលោហិតរបស់ព្រះអង្គ
និងលើកលែងទោសឱ្យយើងបានរួចពីបាប
តាមព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់របស់ព្រះអង្គ។
៨
ព្រះជាម្ចាស់ប្រណីសន្តោសយើងយ៉ាងខ្លាំងបំផុត
គឺទ្រង់ប្រទានឱ្យយើងមានតំរិះ និងមានប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។
៩
ព្រះអង្គបានប្រោសឱ្យយើងស្គាល់ពីគម្រោងការដ៏លាក់កំបាំង
នៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស
ដែលទ្រង់បានសម្រេចទុកជាមុន ដោយព្រះអង្គផ្ទាល់។
១០
ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត
គឺប្រមូលអ្វីៗទាំងអស់ ដែលនៅស្ថានបរមសុខ និងនៅលើផែនដី
ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្ត ជាម្ចាស់តែមួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះជាម្ចាស់បានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ភីល ៣,២០ខ-២១)

យើង​នៅ​ទន្ទឹង​រង់‌ចាំ​ព្រះ‌សង្គ្រោះ គឺ​ព្រះ‌អម្ចាស់​យេស៊ូ‌គ្រីស្ត​យាង​មក​ពីស្ថាន​នោះ។ ព្រះ‌អង្គ​នឹង​បំផ្លាស់​បំប្រែ​រូប​កាយ​ដ៏​ថោក​ទាប​របស់​យើង​នេះ ឲ្យ​បាន​ដូច​ព្រះ‌កាយ​ប្រកប​ដោយ​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ ដោយ​មហិទ្ធិ‌ឫទ្ធិ ដែល​ធ្វើ​ឲ្យ​ព្រះ‌អង្គ​បង្ក្រាប​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អង្គ។

បន្ទរ៖ ឱព្រះ‌ជាអម្ចាស់ប្រកបដោយឫទ្ធានុភាព និងព្រះចេស្តា ! *សូមយាងមករំដោះយើងខ្ញុំឱ្យមានសេរីភាពឡើងវិញផង។ បន្ទរឡើងវិញ៖…
—សូម​ទត​មក​យើង​ខ្ញុំ​ដោយព្រះ‌ហឫទ័យ​សប្បុរស​ផង នោះ​យើង​ខ្ញុំនឹង​បាន​រួច​ជីវិត!។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ ព្រះ‌អង្គ​ទត​មើល​មក​ខ្ញុំដែល​ជា​អ្នក​បម្រើ​ដ៏​ទន់ទាប​របស់​ព្រះ‌អង្គ អំណើះ​ត​ទៅ មនុស្ស​គ្រប់​ជំនាន់​នឹង​ពោល​ថា ខ្ញុំ​ជា​អ្នក​មាន​សុភមង្គល​ពិត​មែន។

ពាក្យអង្វរសកល

យើងខ្ញុំស្រែកទូលអង្វរព្រះអម្ចាស់ ដែលយាងមកនាំការសង្រ្គោះដល់យើងខ្ញុំថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ សូមយាងមកសង្រ្គោះយើងខ្ញុំផង !

បពិត្រព្រះអម្ចាស់យេស៊ូគ្រីស្ត ជាព្រះសង្រ្គោះនៃយើងខ្ញុំរាល់គ្នា !
—សូមព្រះអង្គយាងមកសង្រ្គោះយើងខ្ញុំជាប្រញាប់។ (បន្ទរ)

បពិត្រព្រះអម្ចាស់! ដោយព្រះអង្គយាងមកក្នុងពិភពលោកនេះ
—សូមព្រះអង្គមេត្តារំដោះយើងខ្ញុំឱ្យរួចពីបាបនៃលោកីយ៍នេះផង។ (បន្ទរ)

ព្រះអង្គបានយាងមកពីព្រះបិតា
—សូមព្រះអង្គបង្ហាញផ្លូវឆ្ពោះទៅកាន់ព្រះបិតាឱ្យយើងខ្ញុំឃើញផង។ (បន្ទរ)

ព្រះអង្គចាប់កំណើតជាមនុស្ស ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ
—សូមព្រះអង្គបង្កើតវិញ្ញាណថ្មីក្នុងដួងចិត្តយើងខ្ញុំ ដោយសារព្រះបន្ទូលរបស់ព្រះអង្គផង។ (បន្ទរ)

ព្រះអង្គបានប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី
—សូមព្រះអង្គរំដោះ រូបកាយរបស់យើងខ្ញុំ ឱ្យរួចផុតពីភាពពុករលួយនេះផង។ (បន្ទរ)

បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គយកចិត្តទុកដាក់ចំពោះមនុស្សទាំងអស់
—គឺអស់អ្នកដែលបានផ្ញើជីវិតលើព្រះអង្គតាំងពីដើមរៀងមក។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់ជាព្រះបិតាអើយ ! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ ដែលមានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ចំពោះមនុស្សលោក។ ព្រះអង្គចាត់ព្រះបុត្រាឱ្យយាងមកបំភ្លឺមនុស្សលោក
សូមព្រះអង្គមេត្តាពង្រឹងជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់របស់យើងខ្ញុំផង។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!