រដូវរង់ចាំ សប្ដាហ៍ទី៤ ថ្ងៃពុធ
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១៣៩,១-១៨.២៣-២៤
ព្រះអង្គទតឃើញអ្វីៗទាំងអស់
តើនរណាស្គាល់គំនិតរបស់ព្រះអម្ចាស់?
តើនរណាបានថ្វាយយោបល់ទៅព្រះអង្គ? (រ៉ូម ១១,៣៤)។
ថ្ងៃទី១៧-២៣ ខែធ្នូ
បន្ទរទី១ ៖ ព្រះជាអម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ នឹងយាងចេញពីក្រុងស៊ីយ៉ូន ដើម្បីដោះលែងប្រជាជនឱ្យមានសេរីភាព។
(ក)
| ១ | បពិត្រព្រះអម្ចាស់! ព្រះអង្គឈ្វេងយល់ដល់ជម្រៅចិត្តទូលបង្គំ ព្រះអង្គស្គាល់ទូលបង្គំយ៉ាងច្បាស់។ |
| ២ | ព្រះអង្គជ្រាបពេលណាទូលបង្គំអង្គុយ ពេលណាទូលបង្គំក្រោកឈរ ព្រះអង្គឈ្វេងយល់គំនិតរបស់ទូលបង្គំ ជាមុនស្រេចទៅហើយ។ |
| ៣ | ព្រះអង្គជ្រាបពេលណាទូលបង្គំធ្វើការ ពេលណាទូលបង្គំសម្រាក ព្រះអង្គជ្រាបច្បាស់នូវអ្វីៗទាំងអស់ ដែលទូលបង្គំប្រព្រឹត្ត។ |
| ៤ | បពិត្រព្រះអម្ចាស់! ពាក្យសម្តីមិនទាន់ចេញពីមាត់ទូលបង្គំផង ព្រះអង្គក៏ជ្រាបសេចក្តីដែលទូលបង្គំបម្រុងនឹងនិយាយនោះរួចស្រេចទៅហើយ។ |
| ៥ | ព្រះអង្គនៅពីមុខពីក្រោយទូលបង្គំ ព្រះអង្គការពារទូលបង្គំដោយព្រះបារមីរបស់ព្រះអង្គ។ |
| ៦ | ទូលបង្គំសែនកោតស្ញប់ស្ញែងណាស់ ដោយព្រះអង្គស្គាល់ទូលបង្គំច្បាស់ដូច្នេះ គឺអស្ចារ្យពេកណាស់ ទូលបង្គំមិនអាចយល់បានឡើយ។ |
| ៧ | តើទូលបង្គំអាចទៅណាឆ្ងាយពីព្រះអង្គបាន? តើទូលបង្គំគេចចេញទៅណាឱ្យឆ្ងាយពីព្រះភក្ត្ររបស់ព្រះអង្គបាន? |
| ៨ | បើទូលបង្គំឡើងទៅលើមេឃ ព្រះអង្គគង់នៅទីនោះ បើទូលបង្គំទៅនៅស្ថានមនុស្សស្លាប់ ក៏ព្រះអង្គនៅទីនោះដែរ។ |
| ៩ | ទោះបីទូលបង្គំពាក់ស្លាបហោះ ទៅកន្លែងព្រះអាទិត្យរះ ឬទោះបីទូលបង្គំទៅរស់នៅខាងនាយសមុទ្រក៏ដោយ |
| ១០ | ក៏ព្រះអង្គគង់នៅទីនោះ ដើម្បីដឹកនាំទូលបង្គំ ហើយជួយទូលបង្គំ ដោយព្រះបារមីរបស់ព្រះអង្គដែរ។ |
| ១១ | ប្រសិនបើទូលបង្គំពោលថា: «សូមឱ្យភាពងងឹតគ្របពីលើខ្ញុំ ហើយសូមឱ្យពន្លឺថ្ងៃដែលនៅជុំវិញខ្ញុំ ប្រែទៅជាយប់ងងឹត!» ។ |
| ១២ | ប៉ុន្តែ ចំពោះព្រះអង្គ ទោះបីងងឹតយ៉ាងណាក្តី ក៏នៅតែភ្លឺដដែល គឺយប់ភ្លឺដូចថ្ងៃ ហើយភាពងងឹតដូចពន្លឺ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះជាអម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ នឹងយាងចេញពីក្រុងស៊ីយ៉ូន ដើម្បីដោះលែងប្រជាជនឱ្យមានសេរីភាព។
ថ្ងៃទី១៧-២៣ ខែធ្នូ
បន្ទរទី២ ៖ ទូលបង្គំនឹងមិនឈប់ទូលអង្វរព្រះជាម្ចាស់សម្រាប់ក្រុងស៊ីយ៉ូនឡើយ ដរាបណាទាល់តែព្រះអង្គចាត់ព្រះដ៏វិសុទ្ធ ចាំងចេញពីក្រុងនេះដូចថ្ងៃរះ។
(ខ)
(បទពាក្យ ៧)
| ១៣- | ព្រះអង្គបង្កើតរូបខ្ញុំមក | ហើយទ្រង់បានទុកខ្ញុំក្នុងផ្ទៃ | |
| អ្នកម្តាយមានគុណយូរខែថ្ងៃ | សន្តោសប្រណីគ្រប់ៗគ្រា | ។ | |
| ១៤- | ទូលបង្គំសូមថ្កើងព្រះអង្គ | ស្នាព្រះហស្តទ្រង់ដ៏អស្ចារ្យ | |
| ខ្ញុំដឹងថាអ្វីគ្រប់ប្រការ | សុទ្ធតែអស្ចារ្យកើតពីទ្រង់ | ។ | |
| ១៥- | ពេលទូលបង្គំចាប់កំណើត | នៅក្នុងទីស្ងាត់លាក់កំបាំង | |
| ក៏មិនអាចពួននឹងព្រះអង្គ | អ្វីៗក៏ទ្រង់ជ្រាបទាំងអស់ | ។ | |
| ១៦- | កាលទូលបង្គំមិនទាន់មាន | រូបកាយមាំមួនសាច់ឈាមស្រស់ | |
| ព្រះអង្គទតខ្ញុំឃើញទាំងអស់ | ឥតមានចន្លោះត្រង់ណាឡើយ | ។ | |
| ព្រះអង្គកំណត់ពេលវេលា | អាយុសង្ខារខ្ញុំរួចហើយ | ||
| កត់ទុកជាស្រេចមិនកន្តើយ | មុននឹងដល់ថ្ងៃនោះមកទៀត | ។ | |
| ១៧- | បពិត្រព្រះម្ចាស់ព្រះតំរិះ | ព្រះអង្គជ្រៅជ្រះជាងសមុទ្រ | |
| ខ្ពស់ហួសអាកាសវេហាស៍ផុត | មិនអាចកំណត់ដឹងចំនួន | ។ | |
| ១៨- | ប្រសិនបើចិត្តខ្ញុំចង់រាប់ | ក៏មិនអាចគ្រប់ទាំងអស់បាន | |
| ពីការអស្ចារ្យទាំងប៉ុន្មាន | មានចំនួនច្រើនជាងគ្រាប់ខ្សាច់ | ។ | |
| ២៣- | ឱព្រះម្ចាស់អើយសូមពិនិត្យ | ឱ្យបានស្គាល់ចិត្តផុតកង្វល់ | |
| ទាំងល្បងមើលខ្ញុំឱ្យអស់ខ្វល់ | ដើម្បីបានយល់អ្វីខ្ញុំគិត | ។ | |
| ២៤- | សូមព្រះជាម្ចាស់ទ្រង់ទតមើល | ខ្ញុំមិនបានដើរខុសពីក្រឹត្យ | |
| ជួយដឹកនាំខ្ញុំឱ្យជួបជិត | មាគ៌ាប្រណីតនៅអស់កល្ប | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ទូលបង្គំនឹងមិនឈប់ទូលអង្វរព្រះជាម្ចាស់សម្រាប់ក្រុងស៊ីយ៉ូនឡើយ ដរាបណាទាល់តែព្រះអង្គចាត់ព្រះដ៏វិសុទ្ធ ចាំងចេញពីក្រុងនេះដូចថ្ងៃរះ។
បទលើកតម្កើងតាមលិខិតកូឡូស (កូឡ ១,១២-២០)
ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ
ថ្ងៃទី១៧-២៣ ខែធ្នូ
បន្ទរទី៣ ៖ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ធិតលើខ្ញុំ។ ព្រះអង្គចាត់ខ្ញុំឱ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។
| ១២ | ចូរអរព្រះគុណព្រះបិតាដោយចិត្តរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានឱ្យបងប្អូនមានសមត្ថភាព អាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។ |
| ១៣ | ព្រះអង្គបានរំដោះយើងឱ្យរួចផុតពីអំណាចនៃសេចក្តីងងឹត ហើយចម្លងយើងទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ |
| ១៤ | ដោយយើងបានរួមនៅក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង និងលើកលែងទោសយើងឱ្យរួចពីបាប។ |
| ១៥ | ព្រះគ្រីស្តជាតំណាងរបស់ព្រះជាម្ចាស់ ដែលយើងមើលពុំឃើញ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក |
| ១៦ | ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ ទាំងទេវរាជ្យ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង ទាំងវត្ថុសក្តិសិទ្ធិ និងទាំងអំណាចនានា ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។ |
| ១៧ | ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។ |
| ១៨ | ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺព្រះសហគមន៍ ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់ |
| ១៩ | ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យ ឱ្យគ្រប់លក្ខណៈសម្បត្តិរបស់ព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រីស្ត។ |
| ២០ | ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់ នៅលើផែនដី និងនៅស្ថានបរមសុខ ឱ្យជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត គឺព្រះជាម្ចាស់បានធ្វើឱ្យមានសន្តិភាព ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ធិតលើខ្ញុំ។ ព្រះអង្គចាត់ខ្ញុំឱ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២សល ៣,៨-១១)
នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ មួយថ្ងៃប្រៀបបាននឹងមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំក៏ប្រៀបបាននឹងមួយថ្ងៃដូច្នោះដែរ។ ព្រះអម្ចាស់នឹងយាងមក តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ឥតបង្អែបង្អង់ ដូចអ្នកខ្លះនឹកស្មាននោះឡើយ។ ព្រះអង្គសម្ដែងព្រះហឫទ័យអត់ធ្មត់ចំពោះបងប្អូន ព្រោះព្រះអង្គមិនសព្វព្រះហឫទ័យឱ្យនរណាម្នាក់ត្រូវវិនាសទេ គឺព្រះអង្គសព្វព្រះហឫទ័យឱ្យមនុស្សលោកគ្រប់ៗរូបកែប្រែចិត្តគំនិតវិញ។ ថ្ងៃដែលព្រះអម្ចាស់យាងមកប្រៀបបានទៅនឹងពេលចោរចូលលួចដូច្នោះដែរ។ នៅគ្រានោះ ផ្ទៃមេឃនឹងរលាយសូន្យទៅ ដោយសន្ធឹកខ្ទរខ្ទារ ធាតុនានានឹងឆេះរលាយសូន្យអស់ទៅ ហើយព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស ទាំងផែនដី ទាំងអ្វីៗដែលនៅលើផែនដីដែរ។ បើអ្វីៗទាំងនោះមុខតែរលាយសូន្យយ៉ាងនេះទៅហើយ បងប្អូនត្រូវមានចរិយាដ៏វិសុទ្ធ និងគោរពកោតខ្លាចព្រះជាម្ចាស់ឱ្យមែនទែន!។
បន្ទរ៖ ឱព្រះជាអម្ចាស់ប្រកបដោយឫទ្ធានុភាព និងព្រះចេស្តា ! *សូមយាងមករំដោះយើងខ្ញុំឱ្យមានសេរីភាពឡើងវិញផង។ បន្ទរឡើងវិញ៖…
-សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ ឱអេម៉ានូអែល! ព្រះអង្គជាព្រះមហាក្សត្រ ព្រះអង្គប្រទានច្បាប់ទម្លាប់មកយើង។ ព្រះអង្គជាក្តីប្រាថ្នារបស់ប្រជាជាតិទាំងឡាយ និងជាព្រះសង្រ្គោះរបស់មនុស្សទាំងអស់។ ឱព្រះជាអម្ចាស់យើងខ្ញុំអើយ! សូមយាងមករំដោះយើងខ្ញុំឱ្យមានសេរីភាព។
ពាក្យអង្វរសកល
ព្រះសង្រ្គោះរបស់យើងបានយាងមក នាំដំណឹងល្អមកកាន់ជនក្រីក្រ។ យើងខ្ញុំសូមទូលថា ៖
បន្ទរ៖ ចូរឱ្យមនុស្សទាំងអស់បានឃើញសិរីរុងរឿងរបស់ព្រះអង្គ !
សូមបង្ហាញព្រះអង្គឱ្យអស់អ្នកដែលមិនទាន់ស្គាល់
—បានឃើញអំពីកិច្ចសង្រ្គោះរបស់ព្រះអង្គផង។ (បន្ទរ)
សូមឱ្យព្រះនាមព្រះអង្គប្រកាសដល់ទីដាច់ស្រយាលនៃផែនដី
—ដើម្បីឱ្យមនុស្សទាំងអស់ស្វែងរកផ្លូវទៅកាន់ព្រះអង្គផង។ (បន្ទរ)
លើកទីមួយ ព្រះអង្គបានយាងមកសង្រ្គោះពិភពលោក
—ឥឡូវនេះ សូមព្រះអង្គយាងមកវិញ ដើម្បីសង្រ្គោះអស់អ្នកដែលជឿលើព្រះនាមព្រះអង្គផង។ (បន្ទរ)
ព្រះអង្គបាននាំសេរីភាពមកឱ្យយើងខ្ញុំ ដោយការសង្រ្គោះយើងខ្ញុំ
—សូមព្រះអង្គបន្តសង្រ្គោះ និងរំដោះយើងខ្ញុំឱ្យមានសេរីភាព។ (បន្ទរ)
ព្រះអង្គបានយាងមកក្នុងឋានៈជាមនុស្ស ព្រះអង្គក៏នឹងបង្វែរការវិនិច្ឆ័យទោសដែរ
—សូមព្រះអង្គប្រទានរង្វាន់អស់កល្បជានិច្ច ដល់អ្នកដែលបានទទួលមរណភាពទៅហើយនោះផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការអើយ ! ព្រះអង្គបានចាត់ព្រះបុត្រាឱ្យយាងមកប្រសូតជាមនុស្សដូចយើងខ្ញុំ ដោយបង្ហាញពីព្រះហឫទ័យមេត្តាករុណាចំពោះអ្នកតូចតាច និងអ្នកក្រីក្រ។ សូមព្រះអង្គមេត្តាប្រោសឱ្យយើងខ្ញុំប្រែចិត្តគំនិត ដើម្បីទទួលកិត្តិយសដ៏ថ្លៃថ្លាជាបុត្រធីតារបស់ព្រះអង្គ។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។