០៦ ធ្នូ ២០២៦

Written on 12/12/2025
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី២ ថ្ងៃអាទិត្យ

 (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១០,១-៥.៧

ព្រះមេស្ស៊ី ជាព្រះមហាក្សត្រ និងជាបូជាចារ្យ

ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ (១ករ ១៥,២៥)។

បន្ទរទី១៖ ចូរងើយទៅលើមេឃ ហើយរំពៃមើលចុះ! ព្រះ‌អង្គយាងមកលើពពកក្នុងផ្ទៃមេឃ ប្រកបដោយមហិទ្ធិ‌ឫទ្ធិ និងព្រះ‌ចេស្ដាដ៏ខ្លាំងពូកែ អាលេលូយ៉ា!

១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាអម្ចាស់របស់ខ្ញុំថា ៖
“សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្រ្កាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!”។
២
សូមព្រះអង្គប្រោសប្រទានឱ្យព្រះរាជ្យរបស់ព្រះករុណា
លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ!
សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ!
៣
នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត
ពួកយុវជននាំគ្នាចូលគាល់ព្រះករុណា នៅលើភ្នំដ៏វិសុទ្ធ
ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។
៤
ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖
“ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។
៥
ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា
នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។
៧
នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ
រួចហើយ ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរងើយទៅលើមេឃ ហើយរំពៃមើលចុះ! ព្រះ‌អង្គយាងមកលើពពកក្នុងផ្ទៃមេឃ ប្រកបដោយមហិទ្ធិ‌ឫទ្ធិ និងព្រះ‌ចេស្ដាដ៏ខ្លាំងពូកែ អាលេលូយ៉ា!

ទំនុកតម្កើងលេខ ១១៥

សូមលើកតម្កើងព្រះជាម្ចាស់ដ៏ពិតប្រាកដ

មនុស្សម្នារៀបរាប់អំពីរបៀបដែលបងប្អូនទទួលយើង នៅពេលយើងមករកបងប្អូន និងអំពីរបៀបដែលបងប្អូនលះបង់ព្រះក្លែងក្លាយ
បែរមករកព្រះជាម្ចាស់ ដើម្បីគោរពបម្រើព្រះអង្គដែលមានព្រះជន្មរស់ និងជាព្រះដ៏ពិតប្រាកដ (១ថស ១,៩)។

បន្ទរទី២៖ ព្រះ‌អម្ចាស់នឹងយាងមក ឥតខកចិត្តឡើយ។ ប្រសិនបើក្រមកដល់ ចូរទន្ទឹងរង់‌ចាំ ដ្បិតព្រឹត្តិ‌ការណ៍ពិតជាកើតមានជាក់ជាមិនខាន អាលេលូយ៉ា!

(បទកាកគតិ)

១- បពិត្រព្រះម្ចាស់ ខ្ញុំមិនគួរសោះ ឱ្យគេតម្កើង
  មានតែព្រះអង្គ ទើបត្រូវលើកឡើង ឱ្យខ្ពស់ថ្កុំថ្កើង
    ព្រោះទ្រង់សប្បុរស ។
២- ម្តេចក៏ប្រជា គ្រប់ជាតិនានា នាំគ្នាសួរស្រុះ
  មកយើងខ្ញុំថា "ពួកឯងទាំងអស់ តើព្រះឯងនោះ
    ស្ថិតនៅឯណា? " ។
៣- ព្រះរបស់ខ្ញុំ នៅទីបរម សុខឥតឧបមា
  ទ្រង់សព្វព្រះទ័យ ធ្វើកិច្ចអស្ចារ្យ អ្វីសព្វប្រការ
    បានឥតមានទាស់ ។
៤- ឯព្រះពួកអ្នក ប្រាកដជាជាក់ ព្រះក្លែងក្លាយស្មោះ
  ខ្លះធ្វើពីឈើ គគីរកកោះ ពីប្រាក់ពីមាស
    ជាព្រះមនុស្សច្នៃ ។
៥- ព្រះនោះមានមាត់ និយាយមិនកើត មិនដែលចេញស្តី
  តាមតែជាងឆ្លាក់ ដាក់មកធ្វើអ្វី ភ្នែកឥតប្រស្រី
    មើលអ្វីមិនបាន ។
៦- រីឯត្រចៀក មានប្រាកដជាក់ តែមិនចំណាន
  ព្រោះស្តាប់មិនកើត មិនដឹងដើមដាន ច្រមុះដែលមាន
    តែមិនដឹងក្លិន ។
៧- មានសព្វទាំងដៃ តែមិនអាចលៃ ប៉ះពាល់ឬកាន់
  មានជើងនៅស្ងៀម ព្រោះដើរមិនបាន បំពង់កមាន
    តែគ្មានសំឡេង ។
៨- សូមឱ្យអស់អ្នក ដែលបានដាប់ឆ្លាក់ រូបព្រះនោះឯង
  ហើយផ្ញើជីវិត គ្មានគិតកោតក្រែង ឱ្យគេចំបែង
    ដូចព្រះទាំងនោះ ។
៩- អ៊ីស្រាអែលអើយ ចូរកុំកន្តើយ ជីវិតផ្ញើព្រះ
  នោះទ្រង់នឹងជួយ អ្នកបានទាំងអស់ ជាខែលគ្រឿងក្រោះ
    ពាំងអ្នករាល់គ្នា ។
១០- ពូជពង្សរបស់ អរ៉ុនទាំងអស់ ចូរអ្នកម្នីម្នា
  ផ្ញើជន្មជីវ៉ា លើព្រះនាមា ទ្រង់នឹងការពារ
    ឱ្យអ្នកបានសុខ ។
១១- អ្នកដែលកោតខ្លាច ព្រះមានអំណាច នឹងមិនជួបទុក្ខ
  បើផ្ញើជីវិត អ្នកនឹងបានសុខ ពីនេះទៅមុខ
    ផុតទុក្ខល្ហើយល្ហែ ។
១២- ព្រះមិនបំភ្លេច សូម្បីតួចតិច ដល់ពួកយើងទេ
  ព្រះអង្គឱ្យពរ យើងកើនឡើងទ្វេ អ៊ីស្រាអែលដែរ
    និងលោកអរ៉ុន ។
១៣- ព្រះអង្គប្រទាន ពរទាំងអ្នកមាន អ្នកតូចអ្នកធំ
  ដែលចេះកោតខ្លាច ក្រាបថ្វាយបង្គំ យកព្រះជាធំ
    ជាម្លប់ថ្លៃថ្លា ។
១៤- សូមព្រះប្រទាន ពរនោះឱ្យមាន ដល់អ្នករាល់គ្នា
  បានចម្រើនឡើង គ្រប់ពេលវេលា បានសុខរមនា
    កូនចៅប្រុសស្រី ។
១៥- សូមអ្នកទទួល កុំបីអំពល់ ពីម្ចាស់មេឃដី
  ទ្រង់ប្រទានពរ បវរសួស្តី ព្រះអម្ចាស់ថ្លៃ
    ជាព្រះយើងពិត ។
១៦- ផ្ទៃមេឃផែនដី សន្លឹមអន្លាយ គឺជាកម្មសិទ្ធ
  របស់ព្រះម្ចាស់ តែមួយអង្គគត់ ព្រះអង្គអាណិត
    ឱ្យដីមកមនុស្ស ។
១៧- មនុស្សស្លាប់ជាខ្មោច មានក្លិនអសោច៍ ពុំអាចថ្កើងយស
  អស់អ្នកដែលចុះ ទៅស្ថានក្រោមនោះ ក៏ពុំមានឈ្មោះ
    តម្កើងសិរី ។
១៨- គឺយើងនេះហើយ គ្មានអ្នកផ្សេងឡើយ ដែលរស់លើដី
  បានលើកតម្កើង ព្រះអង្គរាល់ថ្ងៃ ឥតមានសំចៃ
    ជារៀងរហូត ។
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច ។

បន្ទរ ៖ ព្រះ‌អម្ចាស់នឹងយាងមក ឥតខកចិត្តឡើយ។ ប្រសិនបើក្រមកដល់ ចូរទន្ទឹងរង់‌ចាំ ដ្បិតព្រឹត្តិ‌ការណ៍ពិតជាកើតមានជាក់ជាមិនខាន អាលេលូយ៉ា!

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៩,១-២.៥-៨)

វិវាហមង្គលការកូនចៀម

បន្ទរទី៣ ៖ ព្រះ‌អម្ចាស់ជាចៅហ្វាយ និងជាព្រះ‌មហាក្សត្ររបស់យើង។ ព្រះ‌អង្គនឹងយាងមក ដើម្បីឱ្យយើងទទួលសេចក្ដីសុខ‌សាន្ត និងជាសះ‌ស្បើយ អាលេលូយ៉ា!

១ អាលេលូយ៉ា!
សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង
ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព
២
ដ្បិតទ្រង់វិនិច្ឆ័យយ៉ាងត្រឹមត្រូវតាមយុត្តិធម៌ អាលេលូយ៉ា!
អាលេលូយ៉ា!
៥
អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់
អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គ ទាំងតូចទាំងធំអើយ!
ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង! ។ អាលេលូយ៉ា!
អាលេលូយ៉ា!
៦
ដ្បិតព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់
ទ្រង់បានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ
៧
យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង
ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ អាលេលូយ៉ា!
អាលេលូយ៉ា!
ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ
ភរិយាថ្មោងថ្មីរបស់កូនចៀម ក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ” ។
អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះ‌អម្ចាស់ជាចៅហ្វាយ និងជាព្រះ‌មហាក្សត្ររបស់យើង។ ព្រះ‌អង្គនឹងយាងមក ដើម្បីឱ្យយើងទទួលសេចក្ដីសុខ‌សាន្ត និងជាសះ‌ស្បើយ អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ភីល ៤,៤-៧)

ចូរបងប្អូនអរសប្បាយ ដោយរួមជាមួយព្រះ‌អម្ចាស់ជា‌និច្ច ខ្ញុំសូមជម្រាបបង‌ប្អូនម្ដងទៀតថា ចូរអរសប្បាយឡើង! ចូរសម្ដែងឱ្យមនុស្ស‌ម្នាទាំងអស់ស្គាល់សន្ដានចិត្តសប្បុរសរបស់បង‌ប្អូន ព្រះ‌អម្ចាស់ជិតយាងមកដល់ហើយ។ សូមកុំខ្វល់‌ខ្វាយនឹងអ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈ‌ទេសៈទាំងអស់ ត្រូវទូលព្រះ‌ជាម្ចាស់ឱ្យជ្រាបពីសំណូមពររបស់បង‌ប្អូន ដោយអធិស្ឋាន និងទូល‌អង្វរ ទាំងអរព្រះ‌គុណព្រះ‌អង្គផង។ ធ្វើដូច្នេះ សេចក្ដីសុខ‌សាន្តរបស់ព្រះ‌ជាម្ចាស់ដែលហួសពីការស្មានរបស់មនុស្ស នឹងស្ថិតជាប់ក្នុងចិត្តគំនិតបង‌ប្អូន ដែលរួមក្នុងអង្គព្រះ‌គ្រីស្តយេស៊ូមិនខាន។

បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ *សូមសម្ដែងព្រះហឫទ័យមេត្តា‌ករុណាចំពោះយើងខ្ញុំ។ បន្ទរឡើងវិញ៖…
-ហើយសូមសង្គ្រោះយើងខ្ញុំផង!។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ «ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ពរ​ដល់​នាង​លើស​ស្ត្រី​នានា នាង​ពិត​ជា​មាន​សុភមង្គល​មែន ព្រោះ​នាង​បាន​ជឿ​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​ប្រាប់​នាង​មុខ​ជា​បាន​សម្រេច​មិន​ខាន» អាលេលូយ៉ា!។

ពាក្យអង្វរសកល

បពិត្រព្រះគ្រីស្តជាព្រះអម្ចាស់! ព្រះអង្គបានប្រសូតពីព្រះនាងព្រហ្មចារិនី ម៉ារី។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយអំណរសប្បាយថា ៖

បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ សូមយាងមក !

បពិត្រព្រះអម្ចាស់យេស៊ូ ! ដោយព្រះអង្គបានប្រសូតមកជាមនុស្ស ព្រះអង្គបង្ហាញសិរីរុងរឿងឱ្យពិភពលោកស្គាល់
—សូមប្រទានជីវិតថ្មីឱ្យយើងខ្ញុំ ដោយការយាងមករបស់ព្រះអង្គផង។ (បន្ទរ)
 
ព្រះអង្គបានទទួលយកភាពទន់ខ្សោយរបស់យើងខ្ញុំ មកដាក់លើព្រះអង្គ
—សូមអាណិតអាសូរយើងខ្ញុំ។ (បន្ទរ)
 
ដោយការយាងមកលើកដំបូង ព្រះអង្គបានបន្ទាបព្រះកាយ ដើម្បីសង្រ្គោះពិភពលោកឱ្យរួចពីបាប
—សូមរំដោះយើងខ្ញុំឱ្យរួចផុតពីទោសកំហុសទាំងឡាយ នៅពេលព្រះអង្គយាងមកវិញ ក្នុងសិរីរុងរឿងនោះផង។ (បន្ទរ)
 
ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យលើអ្វីៗទាំងអស់ 
—សូមនាំយើងខ្ញុំឱ្យទទួលមត៌កអស់កល្បជានិច្ច ក្នុងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គផង។ (បន្ទរ)
 
ព្រះអង្គគង់នៅខាងស្តាំព្រះបិតា
—សូមឱ្យវិញ្ញាណក្ខន្ធទាំងឡាយបានរីករាយជាមួយនឹងពន្លឺរបស់ព្រះអង្គ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការអើយ ! ព្រះអង្គសព្វព្រះហឫទ័យចាត់ព្យាការីយ៉ូហានបាទីស្ត ឱ្យមករៀបចំផ្លូវថ្វាយព្រះបុត្រាព្រះអង្គ។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យយកចិត្តទុកដាក់ រៀបចំផ្លូវថ្វាយព្រះគ្រីស្តដែលកំពុងយាងមក និងប្រោសឱ្យយើងខ្ញុំចេះកសាងពិភពលោកប្រកបដោយយុត្តិធម៌។

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។