២ តុលា ២០២៦

Written on 11/03/2026
Mary Siya Khim

រដូវធម្មតា សប្តាហ៍ទី២៦ ថ្ងៃសុក្រ

ទេវទូតអ្នកការពារដ៏វិសុទ្ធ

(បុណ្យរំឭកចាំបាច់)

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៣៤

បន្ទរទី១៖ ទេវទូត​របស់​ព្រះ‌អម្ចាស់​ថែ‌រក្សា​ការ‌ពារអស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​រំដោះ​ពួក​គេ​ឱ្យ​រួច​ពី​គ្រោះ​ថ្នាក់។

(ក)

ខ្ញុំ​នឹង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់​គ្រប់​ពេល​វេលា
ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​ឥត​ឈប់​សោះ​ឡើយ។

ខ្ញុំ​នឹង​បាន​ខ្ពស់​មុខ​ដោយសារ​ព្រះអង្គ!
ចូរ​ឱ្យ​មនុស្ស​ទន់ទាប​ត្រងត្រាប់​ស្ដាប់ ហើយ​មាន​អំណរ​សប្បាយ​ឡើង!

សូម​ប្រកាស​ជា​មួយ​ខ្ញុំ​ថា ព្រះ‌អម្ចាស់​ថ្កុំ‌ថ្កើង​រុង‌រឿង​ក្រៃ‌លែង!
យើង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ​ជា​មួយ​គ្នា!។

ខ្ញុំ​បាន​អង្វរ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ព្រះ‌អង្គ​បាន​រំដោះ​ខ្ញុំ​
ឱ្យ​រួច​ពី​ការ​ភ័យ​ខ្លាចទាំង​អម្បាល‌ម៉ាន។

អ្នក​ណា​សម្លឹង​ឆ្ពោះ​ទៅ​ព្រះអង្គ
អ្នក​នោះ​នឹង​បាន​ពោរពេញ​ទៅ​ដោយ​អំណរ
ហើយ​នឹង​មិន​ខក​ចិត្ត​សោះ​ឡើយ។

មនុស្ស​ទុរគត​ស្រែក​អង្វរ​ព្រះអម្ចាស់ ព្រះ‌អង្គ​ទ្រង់ព្រះ‌សណ្ដាប់​ពាក្យ​គេ
ហើយ​សង្គ្រោះ​គេ​ឱ្យ​រួច​ផុតពី​គ្រោះ​កាច​ទាំង​ប៉ុន្មាន​ផង។

ទេវទូត​របស់​ព្រះ‌អម្ចាស់​ថែរក្សា​ការពារអស់​អ្នក​
ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ ហើយ​រំដោះ​ពួក​គេ​ឱ្យ​រួច​ពី​គ្រោះ​ថ្នាក់។

ចូរ​ពិសោធ​មើល​ដោយ​ខ្លួន​ឯង​ចុះ ដើម្បី​ឱ្យ​ដឹង​ថា
ព្រះអម្ចាស់មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​លើសលប់!
អ្នក​ណា​ពឹង​ផ្អែក​លើ​ព្រះ‌អង្គ អ្នក​នោះ​មាន​សុភមង្គល​ហើយ!។
១០
អ្នក​រាល់​គ្នា​ដែល​ជា​ប្រជារាស្ដ្រ​ព្រះអង្គ​អើយ ចូរ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់
ដ្បិត​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គនឹង​មិន​ខ្វះ​អ្វីឡើយ។
១១
អ្នក​មានអាច​ជួប​ប្រទះ​នឹង​ការ​អត់​ឃ្លាន ខ្វះ​ខាត​ចំណី​បរិភោគ
តែ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អម្ចាស់នឹង​មិន​ខ្វះ​អ្វីសោះ​ឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ទេវទូត​របស់​ព្រះ‌អម្ចាស់​ថែ‌រក្សា​ការ‌ពារអស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​រំដោះ​ពួក​គេ​ឱ្យ​រួច​ពី​គ្រោះ​ថ្នាក់។

(ខ)

បន្ទរទី២៖ ព្រះជាម្ចាស់របស់យើង គឺជាព្រះដែលមានព្រះជន្មគង់នៅ ដ្បិតទេវទូតរបស់ព្រះអង្គបានការពារយើងខ្ញុំ។

(បទកាកគតិ)

១២- ឱកូនចៅអើយ កុំនៅព្រងើយ ស្តាប់ខ្ញុំប្រដៅ
  ឱ្យចេះគោរព ដរាបតទៅ កុំធ្វើល្ងង់ខ្លៅ
    ត្រូវកោតខ្លាចព្រះ
១៣- តើមាននរណា ចង់បានសង្ខារ យឺនយូរត្រចះ
  មានអ្វីគ្រប់យ៉ាង មិនខ្វះទាល់សោះ ហើយចង់នៅរស់
    សុខសាន្តឬទេ?
១៤- ចូរទប់អណ្តាត កាន់ចិត្តឱ្យស្អាត កុំពោលវៀចវេរ
  និយាយកុហក បោកបញ្ឆោតគេ ឬក៏ដៀលជេរ
    នាំឱ្យអាស្រូវ
១៥- ចូរងាកចេញឆ្ងាយ អំពើអន្តរាយ អាក្រក់ជាផ្លូវ
  សាងអំពើល្អ ខំស្វែងរកទៅ សុខសាន្តទុកនៅ
    យ៉ាងអស់ពីចិត្ត
១៦- ព្រះម្ចាស់តែងតែ រំពៃមើលថែ អស់មនុស្សសុចរិត
  ទ្រង់យកព្រះទ័យ ទុកដាក់ពិតៗ ថែទាំនៅជិត
    រាល់ទិនទិវា
១៧- ព្រះជាអម្ចាស់ តែងតែប្រកាស ប្រឆាំងគ្រប់គ្រា
  នឹងមនុស្សអាក្រក់ ទុច្ចរិតពាលា កុំមាននរណា
    នឹកនាដល់ឡើយ
១៨- ពេលអ្នកទៀងត្រង់ ស្រែករកព្រះអង្គ ទ្រង់មិនកន្តើយ
  ព្រះអង្គសណ្តាប់ ពាក្យគេរួចហើយ រំដោះគេឱ្យ
    ផុតគ្រោះទាំងឡាយ
១៩- ព្រះម្ចាស់គង់ស្ថិត ក្បែរអ្នកគ្រាំចិត្ត មានទុក្ខខ្វល់ខ្វាយ
  ព្រះអង្គសង្គ្រោះ អស់អ្នកទាំងឡាយ បានសុខសប្បាយ
    ផុតទុក្ខរីងរៃ
២០- មនុស្សសុចរិត រមែងជួបពិត ទុក្ខលំបាកក្រៃ
  ប៉ុន្តែព្រះម្ចាស់ តែងជួយលកលៃ រំដោះផុតភ័យ
    បានសុខគ្រប់គ្រា
២១- ព្រះជាអម្ចាស់ ទ្រង់សប្បុរសណាស់ តាមថែរក្សា
  ដល់មនុស្សសុចរិត គ្រប់ៗអាត្មា គ្មានឆ្អឹងមួយណា
    ត្រូវបាក់បែកឡើយ
២២- អំពើអាក្រក់ ខ្មួលខ្មៅកខ្វក់ នាំឱ្យគេព្រួយ
  រហូតដល់ស្លាប់ មិនមានអ្នកជួយ គ្មានអ្នកលើកស្ទួយ
    ដល់ក្ស័យជីវិត
  អ្នកដែលប្រឆាំង ប្រយុទ្ធតតាំង នឹងមនុស្សសុចរិត
  តែងតែទទួល ទុក្ខទោសពិតៗ ក្នុងមួយជីវិត
    មិនមានខកខាន
២៣- ព្រះម្ចាស់សង្គ្រោះ ជីវិតទាំងអស់ ដល់អ្នកដែលបាន
  បម្រើព្រះអង្គ ពឹងផ្អែកផ្ញើប្រាណ តែងទទួលបាន
    សុខផុតទុក្ខទោស
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ៖ ព្រះជាម្ចាស់របស់យើង គឺជាព្រះដែលមានព្រះជន្មគង់នៅ ដ្បិតទេវទូតរបស់ព្រះអង្គបានការពារយើងខ្ញុំ។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១១,១៧-១៨.១២,១០ខ-១២ក)

បន្ទរទី៣៖ ចូរលើកតម្កើងព្រះជាម្ចាស់នៃស្ថានបរមសុខ ចូរច្រៀងសរសើរតម្កើងព្រះអង្គនៅមុខសត្វលោកទាំងឡាយ ដ្បិតព្រះអង្គបានសម្តែងព្រះហឫទ័យមេត្តាករុណាដ៏លើសលប់មកលើអ្នក។

១៧ «បពិត្រ​ព្រះជាអម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់
ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​ក៏​មាន​ព្រះ‌ជន្ម​គង់​នៅ
តាំង​ពី​ដើម​រៀង​មក​ដែរ! យើង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ
ព្រោះ​ព្រះអង្គ​បាន​យក​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លារបស់​ព្រះអង្គ
មក​តាំង​ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ​ឡើង។
១៨
ជាតិ​សាសន៍​នានា​បាន​នាំ​គ្នា​ខឹង ហើយ​ពេល​ដែល​ព្រះ‌អង្គ​សម្ដែង​ព្រះពិរោធក៏​មក​ដល់​ដែរ
គឺ​ជា​ពេល​កំណត់​ដែល​ព្រះអង្គ​វិនិច្ឆ័យ​ទោសមនុស្ស​ស្លាប់។
នៅ​ពេល​នោះ ព្រះ‌អង្គ​នឹង​ប្រទាន​រង្វាន់​ដល់ពួក​ព្យាការី
ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដល់​ប្រជាជន​ដ៏‌វិសុទ្ធ
និង​ដល់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាចព្រះ‌នាម​ព្រះ‌អង្គ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ
ហើយ​ក៏​ជា​ពេល​ដែល​ព្រះ‌អង្គ​ត្រូវ​បំផ្លាញ អស់​អ្នក​ដែល​បាន​បំផ្លាញ​ផែន‌ដី​ដែរ»។
១០
ពេល​នោះ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​បន្លឺយ៉ាង​ខ្លាំង​នៅ​លើ​មេឃ​ថា៖
«ឥឡូវ​នេះ ដល់​ពេល​ព្រះ‌ជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក​ហើយ
ហើយ​ឫទ្ធា‌នុភាព និង​ព្រះ‌រាជ្យព្រះ‌ជាម្ចាស់​របស់​យើង
ព្រម​ទាំង​អំណាច​ព្រះ‌គ្រីស្ដ​របស់​ព្រះ‌អង្គ​ក៏​បាន​មក​ដល់​ដែរ
ដ្បិត​អ្នក​ចោទ​ប្រកាន់​ទោស​បង‌ប្អូន​យើង ត្រូវ​គេ​ទម្លាក់​ចោល​ហើយ
គឺ​អ្នក​នោះ​ឯង​ដែល​ចោទ​ប្រកាន់​បង‌ប្អូន​យើង ទាំង​ថ្ងៃ​ទាំង​យប់
នៅ​មុខ​ព្រះភក្ត្រ​នៃ​ព្រះ​របស់​យើង។
១១
បង‌ប្អូន​យើង​បាន​ឈ្នះ​វា ដោយ‌សារ​ព្រះ‌លោហិត​របស់​កូន​ចៀម និង​ដោយ​សក្ខី‌ភាព​របស់​ពួក​គេ
ហើយ​បង‌ប្អូន​ទាំង​នោះ​បាន​ស៊ូប្ដូរ​ជីវិត ឥត​ស្ដាយ​សោះ​ឡើយ។
១២
ហេតុ​នេះ ស្ថាន​បរម‌សុខ និង​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថាន​បរម‌សុខ​អើយ
ចូរ​មាន​អំណរ​សប្បាយ​ឡើង!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ចូរលើកតម្កើងព្រះជាម្ចាស់នៃស្ថានបរមសុខ ចូរច្រៀងសរសើរតម្កើងព្រះអង្គនៅមុខសត្វលោកទាំងឡាយ ដ្បិតព្រះអង្គបានសម្តែងព្រះហឫទ័យមេត្តាករុណាដ៏លើសលប់មកលើអ្នក។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (វវ ៨,៣-៤)

មាន​ទេវទូតមួយ​រូប​ទៀត​មក​ឈរ​នៅ​ជិត​អាសនៈ ទាំង​កាន់​ពាន​មាស​មួយ​ផង។ ទេវទូត​នោះ​បាន​ទទួល​គ្រឿង​ក្រអូប​ជា​ច្រើន យក​ទៅ​ថ្វាយ ជា​មួយ​ពាក្យ​អធិស្ឋាន​របស់​ប្រជាជន​ដ៏‌វិសុទ្ធ​ទាំង​អស់ នៅ​លើ​អាសនៈ​មាស​ដែល​ស្ថិត​នៅ​ខាង​មុខ​បល្ល័ង្ក។ ផ្សែង​គ្រឿង​ក្រអូប​នោះ​ក៏​ហុយ​ចេញ​ពី​ដៃ​ទេវទូត ឡើង​ទៅ​លើ​ជា​មួយ​ពាក្យ​អធិស្ឋាន​របស់​ប្រជាជន​ដ៏‌វិសុទ្ធ​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះ‌ជាម្ចាស់។

បន្ទរ៖ ព្រះអម្ចាស់នឹង​ចាត់​ទេវទូតមួយ​រូប​ឱ្យ​ដើរ​នៅ​មុខ​អ្នក។ បន្ទរឡើងវិញ៖…
-ដើម្បី​ការពារ​អ្នក​នៅ​តាម​ផ្លូវ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ ពួកទេវទូតតែងតែឃើញ​ព្រះ‌ភក្ត្រ​របស់​ព្រះ‌បិតា ដែល​គង់​នៅ​ស្ថាន​បរម‌សុខ។

ពាក្យអង្វរសកល

ពួកទេវទូតធ្វើតាមព្រះហឫទ័យព្រះជាម្ចាស់។ ចូរយើងអធិដ្ឋានឱ្យខ្លួនរបស់យើងចេះស្តាប់ព្រះសូរសៀងរបស់ព្រះអង្គ ដោយប្រុងប្រយ័ត្ន និងស្តាប់ឮការត្រាស់ហៅរបស់ទ្រង់ ដោយពោលថា ៖

បន្ទរ៖ រួមជាមួយពួកទេវទូត យើងខ្ញុំសូមច្រៀងលើកតម្កើងសិរីរុងរឿងព្រះអង្គ !

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គបានបង្កើតពួកទេវទូតឱ្យធ្វើជាអ្នកនាំសារអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ
—សូមជួយយើងខ្ញុំឱ្យចេះប្រកាសអំពីកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានប្រព្រឹត្ត ចំពោះមនុស្សទាំងអស់ផង។ (បន្ទរ)

ពួកទេវទូតប្រកាសឥតឈប់ឈរថា ព្រះអង្គជាព្រះដ៏វិសុទ្ធ និងត្រូវលើកតម្កើង
—សូមឱ្យប្រជារាស្រ្តរបស់ព្រះអង្គនៅលើផែនដី ចូលរួមច្រៀងចម្រៀងនៃពួកទេវទូត កោតសរសើរព្រះអង្គ។ (បន្ទរ)

ព្រះអង្គបានបញ្ជាពួកទេវទូត ឱ្យមើលថែអ្នកបម្រើរបស់ព្រះអង្គនៅតាមផ្លូវ
—សូមព្រះអង្គណែនាំអ្នកដំណើរ និងនាំពួកគេឱ្យទៅដល់ផ្ទះ ដោយសុវត្ថិភាព ក្នុងអំណរសប្បាយ និងសេចក្តីសុខសាន្តផង។ (បន្ទរ)

ព្រះអង្គបានប្រទានបេសកកម្មឱ្យពួកទេវទូត ប្រកាសដំណឹងអំពីសេចក្តីសុខសាន្តដល់មនុស្សលោក
—សូមព្រះអង្គបំផុសគំនិតនៃសន្តិភាពដល់ថ្នាក់ដឹកនាំ និងប្រជាជនគ្រប់ជាតិសាសន៍ទាំងអស់ផង។ (បន្ទរ)

នៅពេលព្រះអង្គចាត់ពួកទេវទូត ឱ្យមកប្រមូលប្រជារាស្រ្តដែលព្រះអង្គបានជ្រើសរើស ពីជើងមេឃម្ខាង ទៅជើងមេឃម្ខាង
—សូមកុំឱ្យពួកលោកមើលរំលងបុត្រធីតារបស់ព្រះអង្គណាម្នាក់ឡើយ ប៉ុន្តែ សូមនាំពួកគេទាំងអស់គ្នា ចូលទៅក្នុងអំណរសប្បាយដែលគ្មានទីបញ្ចប់ នៅក្នុងព្រះរាជ្យរបស់ព្រះអង្គផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គដែលមានឧបការគុណហួសពីការស្មានសព្វព្រះហឫទ័យចាត់ទេវទូតដ៏វិសុទ្ធមកការពារយើងខ្ញុំ។ ពេលព្រះអង្គសណ្តាប់ឮសម្រែកទូលអង្វររបស់យើងខ្ញុំ សូមទ្រង់មេត្តាការពារយើងខ្ញុំគ្រប់ពេលវេលា តាមរយៈទេវទូតរបស់ព្រះអង្គ និងប្រោសឱ្យយើងខ្ញុំមានអំណរសប្បាយអស់កល្បជានិច្ច រួមជាមួយទេវទូតដ៏វិសុទ្ធទាំងឡាយ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។