បុណ្យព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ
(បុណ្យឱឡារិក)
(ពេលល្ងាចទី១)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
បទចម្រៀងចូល
ទំនុកតម្កើងលេខ ១១៣
បន្ទរទី១៖ ព្រះគ្រីស្តយាងឡើងស្ថានបរមសុខ ហើយព្រះអង្គបានរៀបចំកន្លែងអស់កល្បជានិច្ច ទុកសម្រាប់ឱ្យព្រះមាតាព្រះអង្គ ដែលមិនជំពាក់បាប អាលេលូយ៉ា!
| ១ | ចូរសរសើរតម្កើងព្រះអម្ចាស់! អ្នកបម្រើរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! ចូរនាំគ្នាសរសើរតម្កើងព្រះនាមព្រះអម្ចាស់! |
| ២ | ចូរលើកតម្កើងព្រះនាមព្រះអម្ចាស់តាំងពីពេលនេះរហូតតទៅ! |
| ៣ | តាំងពីពេលថ្ងៃរះ រហូតទល់ថ្ងៃលិច ចូរសរសើរតម្កើងព្រះនាមរបស់ព្រះអម្ចាស់! |
| ៤ | ព្រះអម្ចាស់គង់នៅពីលើប្រជាជាតិទាំងឡាយ សិរីរុងរឿងរបស់ព្រះអង្គខ្ពស់ជាងផ្ទៃមេឃទៅទៀត។ |
| ៥ | តើមាននរណាអាចផ្ទឹមស្មើនឹងព្រះអម្ចាស់ជាព្រះរបស់យើងបាន? ព្រះអង្គគង់នៅលើស្ថានដ៏ខ្ពស់បំផុត |
| ៦ | ព្រះអង្គទតមើលមកផ្ទៃមេឃ និងផែនដី ដែលនៅខាងក្រោមព្រះអង្គ។ |
| ៧ | ព្រះអង្គលើកមនុស្សទន់ខ្សោយឡើងពីធូលីដី ព្រះអង្គលើកមនុស្សទុរគតឡើងពីភក់ជ្រាំ |
| ៨ | ដើម្បីឲ្យគេកាន់កាប់អំណាចរួមជាមួយពួកអ្នកធំ គឺរួមជាមួយពួកអ្នកធំនៅក្នុងចំណោមប្រជារាស្ដ្ររបស់ព្រះអង្គ។ |
| ៩ | ព្រះអង្គប្រទានឲ្យស្ត្រីអារមានកូន ឲ្យនាងរស់នៅក្នុងផ្ទះយ៉ាងសប្បាយ ជាមួយកូនៗរបស់នាង។ អាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះគ្រីស្តយាងឡើងស្ថានបរមសុខ ហើយព្រះអង្គបានរៀបចំកន្លែងអស់កល្បជានិច្ច ទុកសម្រាប់ឱ្យព្រះមាតាព្រះអង្គ ដែលមិនជំពាក់បាប អាលេលូយ៉ា!
ទំនុកតម្កើងលេខ ១៤៧,១២-២០
បន្ទរទី២៖ ដោយសារនាងអេវ៉ា ទ្វារនៃស្ថានបរមសុខត្រូវបិទ មិនឱ្យមនុស្សលោកចូលបាន ប៉ុន្តែ តាមរយៈព្រះនាងព្រហ្មចារិនីម៉ារី ទ្វារទាំងនោះបានបើកយ៉ាងធំទូលាយម្តងទៀត អាលេលូយ៉ា!
(បទព្រហ្មគីតិ)
| ១២- | ក្រុងយេរូសាឡឹម | កុំស្ងាត់ស្ងៀមនៅរេរង់ | |
| ព្រមទាំងក្រុងស៊ីយ៉ូន | ចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់ | ។ | |
| ១៣- | ដ្បិតព្រះអង្គការពារ | អ្នករាល់គ្នាបានសុខណាស់ | |
| ទ្រង់ឲ្យពរដល់រាស្រ្ត | ដែលរស់ពាសពេញទីក្រុង | ។ | |
| ១៤- | ទ្រង់ប្រទានទឹកដី | មានសេរីសុខត្រចង់ | |
| សន្តិភាពគ្រប់ជ្រុង | ស្រូវបម្រុងច្រើនមហិមា | ។ | |
| ១៥- | នៅលើផ្ទៃផែនដី | ស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា | |
| ផ្សព្វផ្សាយគ្រប់ទិសា | ពីបញ្ជាព្រះអម្ចាស់ | ។ | |
| ១៦- | ព្រះអង្គឲ្យទឹកកក | ធ្លាក់ចុះមកច្រើនដេរដាស | |
| សន្សើមត្រជាក់ណាស់ | ក៏ធ្លាក់ចុះតាមបញ្ជា | ។ | |
| ១៧- | ព្រះអង្គធ្វើឲ្យព្រឹល | ធ្លាក់មិនខ្ជិលច្រើនមហិមា | |
| ឲ្យមានធាតុរងា | តើនរណាអាចទ្រាំបាន? | ។ | |
| ១៨- | ពេលទ្រង់មានបន្ទូល | ធ្វើឲ្យព្រឹលទាំងប៉ុន្មាន | |
| ទឹកកកគ្រប់ទីស្ថាន | រលាយបានជាទឹកអស់ | ។ | |
| ធ្វើឲ្យមានទាំងខ្យល់ | បោកវិលវល់មិនឈប់សោះ | ||
| បក់យកទឹកទាំងនោះ | ហូរតាមជ្រោះទៅមិនសល់ | ។ | |
| ១៩- | ទ្រង់សម្តែងឲ្យពូជ | លោកយ៉ាកុបស្តាប់បន្ទូល | |
| ក្រឹត្យវិន័យនិមល | ឲ្យអ៊ីស្រាអែលបានដឹង | ។ | |
| ២០- | ព្រះអង្គពុំបញ្ជា | សព្វកិច្ចការអស់ទាំងហ្នឹង | |
| ឲ្យជាតិសាសន៍ផ្សេងដឹង | វិន័យទ្រង់នោះសោះឡើយ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ ដោយសារនាងអេវ៉ា ទ្វារនៃស្ថានបរមសុខត្រូវបិទ មិនឱ្យមនុស្សលោកចូលបាន ប៉ុន្តែ តាមរយៈព្រះនាងព្រហ្មចារិនីម៉ារី ទ្វារទាំងនោះបានបើកយ៉ាងធំទូលាយម្តងទៀត អាលេលូយ៉ា!
បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)
បន្ទរទី៣៖ ព្រះជាម្ចាស់លើកតម្កើងព្រះនាងព្រហ្មចារិនីម៉ារីឡើងទៅលើស្ថានបរមសុខទាំងឡាយ។ ចូរឱ្យមនុស្សទាំងអស់នាំគ្នាមកលើកតម្កើងព្រះគ្រីស្តជាព្រះមហាក្សត្រ ហើយព្រះរាជ្យព្រះអង្គនឹងនៅស្ថិតស្ថេរឥតទីបញ្ចប់ឡើយ អាលេលូយ៉ា!
| ៣ | សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។ |
| ៤ | ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។ |
| ៥ | ព្រះអង្គបានតម្រូវយើងទុកជាមុន ឲ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ |
| ៦ | ដើម្បីឲ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្ដោស ដែលព្រះអង្គបានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ |
| ៧ | ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឲ្យយើងបានរួចពីបាប តាមព្រះហឫទ័យប្រណីសន្ដោសដ៏លើសលប់របស់ព្រះអង្គ។ |
| ៨ | ព្រះជាម្ចាស់ប្រណីសន្ដោសយើងយ៉ាងខ្លាំងបំផុត គឺព្រះអង្គប្រទានឲ្យយើងមានតម្រិះ និងប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។ |
| ៩ | ព្រះអង្គបានប្រោសឲ្យយើងស្គាល់គម្រោងការដ៏លាក់កំបាំងនៃព្រះហឫទ័យរបស់ព្រះអង្គ តាមបំណងដ៏សប្បុរស ដែលព្រះអង្គបានសម្រេចទុកជាមុនដោយព្រះអង្គផ្ទាល់។ |
| ១០ | ព្រះអង្គចាត់ចែងគម្រោងការនេះឲ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី ឲ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្ត ជាម្ចាស់តែមួយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះជាម្ចាស់លើកតម្កើងព្រះនាងព្រហ្មចារិនីម៉ារីឡើងទៅលើស្ថានបរមសុខទាំងឡាយ។ ចូរឱ្យមនុស្សទាំងអស់នាំគ្នាមកលើកតម្កើងព្រះគ្រីស្តជាព្រះមហាក្សត្រ ហើយព្រះរាជ្យព្រះអង្គនឹងនៅស្ថិតស្ថេរឥតទីបញ្ចប់ឡើយ អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៨,៣០)
អស់អ្នកដែលព្រះអង្គបានតម្រូវទុកជាមុននោះ ព្រះអង្គក៏បានត្រាស់ហៅ ហើយអ្នកដែលព្រះអង្គបានត្រាស់ហៅនោះ ព្រះអង្គក៏ប្រោសឱ្យគេសុចរិត រីឯអស់អ្នកដែលព្រះអង្គប្រោសឱ្យសុចរិត ព្រះអង្គក៏ប្រទានឱ្យគេមានសិរីរុងរឿងដែរ។
បន្ទរ៖ នៅពេលព្រះនាងម៉ារីឡើងស្ថានបរមសុខ *ទេវទូតរបស់ព្រះជាម្ចាស់ មានអំណរសប្បាយយ៉ាងក្រៃលែង។ បន្ទរឡើងវិញ៖…
-ពួកគេក្រាបថ្វាយបង្គំព្រះអម្ចាស់ ហើយច្រៀងសរសើរតម្កើងព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន ព្រះដ៏មានឫទ្ធានុភាពបានសម្ដែង ការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ អាលេលូយ៉ា!
ពាក្យអង្វរសកល
ចូរយើងកោតសរសើរព្រះជាម្ចាស់ជាព្រះបិតា ដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសព្វព្រះហឫទ័យឱ្យមនុស្សគ្រប់ជំនាន់ប្រារព្ធពិធីបុណ្យព្រះនាងម៉ារី ដែលជាព្រះមាតារបស់ព្រះបុត្រាព្រះអង្គ។ នៅពេលនេះ យើងខ្ញុំសូមទូលព្រះអង្គថា ៖
បន្ទរ៖ បពិត្រព្រះនាងម៉ារី ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ! សូមជួយអង្វរព្រះអង្គឱ្យយើងខ្ញុំផង !
ឱព្រះជាម្ចាស់ដែលប្រព្រឹត្តការអស្ចារ្យ ! ព្រះអង្គបានធ្វើឱ្យព្រះនាងព្រហ្មចារិនីមិនជំពាក់បាប ចូលរួមចំណែកទាំងរូបកាយ និងព្រលឹងក្នុងសិរីរុងរឿងរបស់ព្រះបុត្រាព្រះអង្គនៅស្ថានបរមសុខ —សូមដឹកនាំចិត្តបុត្រធីតារបស់ព្រះអង្គ ឱ្យទៅដល់សិរីរុងរឿងដូចគ្នានោះដែរ។ (បន្ទរ)
បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គប្រោសឱ្យព្រះសហគមន៍មានចិត្តគំនិតតែមួយ ចេះរួបរួមគ្នាក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ
—ហើយសូមព្រះអង្គថែរក្សាគ្រីស្តបរិស័ទ ឱ្យចេះរួបរួមគ្នាក្នុងការអធិដ្ឋានជាមួយព្រះនាងម៉ារី ជាមាតារបស់ព្រះយេស៊ូ។ (បន្ទរ)
ព្រះអង្គបានប្រោសឱ្យព្រះនាងម៉ារី ជាមាតានៃធម៌មេត្តាករុណា
—សូមឱ្យមនុស្សទាំងអស់ដែលប្រឈមនឹងទុក្ខលំបាក ទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ក្នុងភាពជាម្តាយរបស់ព្រះនាង។ (បន្ទរ)
បពិត្រព្រះបិតា ! ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះនាងម៉ារីធ្វើជាមាតា ក្នុងក្រុមគ្រួសាររបស់ព្រះយេស៊ូ និងលោកយ៉ូសែប
—សូមឱ្យអ្នកម្តាយទាំងអស់ចិញ្ចឹមសេចក្តីស្រឡាញ់ និងភាពដ៏វិសុទ្ធ តាមរយៈពាក្យអង្វររបស់ព្រះនាង។ (បន្ទរ)
ព្រះអង្គបានបំពាក់មកុដម្ចាស់ក្សត្រីយ៍នៃស្ថានបរមសុខឱ្យព្រះនាងម៉ារី
—សូមឱ្យមរណបុគ្គលទាំងឡាយរីករាយសប្បាយ រួមជាមួយសន្តបុគ្គលទាំងអស់ ក្នុងព្រះរាជ្យរបស់ព្រះអង្គអស់កល្បជានិច្ច។ (បន្ទរ)
ធម៌ "ឱព្រះបិតា"
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! ព្រះអង្គសព្វព្រះហឫទ័យទតមើលភាពទន់ទាបរបស់ព្រះនាងព្រហ្មចារិនីម៉ារី និងប្រណីសន្តោសលើកព្រះនាងឡើង។ ព្រះអង្គប្រោសព្រះនាងឱ្យប្រសូតព្រះបុត្រាតែមួយរបស់ព្រះអង្គទៅជាមនុស្ស បានជានៅថ្ងៃនេះ ព្រះនាងទទួលភួងជ័យពោរពេញដោយសិរីរុងរឿងដ៏លើសលប់។ តាមរយៈពាក្យទូលអង្វររបស់ព្រះនាង សូមព្រះអង្គមេត្តាសង្រ្គោះយើងខ្ញុំ និងលើកយើងខ្ញុំឡើងទៅឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។