រដូវធម្មតា សប្តាហ៍ទី១៦ ថ្ងៃពុធ
សន្តីម៉ារីម៉ាដាឡា ជាទូតរបស់គ្រីស្តទូត
(បុណ្យគោរព)
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១២២
បន្ទរទី១ ៖ ព្រះយេស៊ូសួរនាងថា៖ «នាងអើយ ! ម្ដេចក៏នាងយំ? នាងរកអ្នកណា?»។
| ១ | ខ្ញុំមានអំណរខ្លាំងណាស់នៅពេលគេប្រាប់ខ្ញុំថា: ចូរយើងនាំគ្នាទៅព្រះដំណាក់របស់ព្រះអម្ចាស់!។ |
| ២ | ក្រុងយេរូសាឡឹមអើយ យើងនាំគ្នាឈានជើងចូលមកដល់មាត់ទ្វាររបស់អ្នកហើយ! |
| ៣ | យេរូសាឡឹមអើយ អ្នកជាក្រុងមួយដែលសង់ឡើងយ៉ាងរឹងមាំ និងមានកំពែងដ៏ល្អប្រណីតព័ទ្ធជុំវិញ។ |
| ៤ | កុលសម្ព័ន្ធនានារបស់ព្រះអម្ចាស់នាំគ្នាឡើងមកទីនេះ ដើម្បីលើកតម្កើងព្រះនាមព្រះអម្ចាស់តាមច្បាប់របស់ជនជាតិអ៊ីស្រាអែល។ |
| ៥ | នៅទីនេះក៏មានបល្ល័ង្កនៃព្រះរាជវង្សរបស់ស្តេចដាវីឌ ដើម្បីគ្រប់គ្រងប្រជារាស្ដ្រ ដោយយុត្តិធម៌ដែរ។ |
| ៦ | ចូរនាំគ្នាទូលសូមព្រះអម្ចាស់ប្រទានសន្តិភាពមកក្រុងយេរូសាឡឹម សូមឱ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះអាចរស់នៅយ៉ាងសុខសាន្ត! |
| ៧ | សូមឱ្យអ្នកដែលរស់នៅខាងក្នុងកំពែងក្រុងបានប្រកបដោយសេចក្ដីសុខ សូមឱ្យវិមាននានានៅក្នុងក្រុងបានសុខក្សេមក្សាន្ត។ |
| ៨ | ដោយយល់ដល់បងប្អូន និងញាតិមិត្តរបស់ខ្ញុំ ខ្ញុំពោលថា: សូមឱ្យក្រុងយេរូសាឡឹមបានប្រកបដោយសេចក្ដីសុខសាន្ត! |
| ៩ | ដោយយល់ដល់ព្រះដំណាក់របស់ព្រះជាអម្ចាស់នៃយើង ខ្ញុំទូលសូមឱ្យអ្នកបានប្រកបដោយសុភមង្គល! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះយេស៊ូសួរនាងថា៖ «នាងអើយ ! ម្ដេចក៏នាងយំ? នាងរកអ្នកណា?»។
ទំនុកតម្កើងលេខ ១២៧
បន្ទរទី២៖ «មានគេយកសពព្រះអម្ចាស់របស់នាងខ្ញុំទៅបាត់ មិនដឹងជាគេយកទៅដាក់នៅឯណាឡើយ»។
(បទពាក្យ ៧)
| ១- | ប្រសិនបើព្រះជាអម្ចាស់ | មិនជួយសង់ផ្ទះនោះទេណា | |
| អ្នកសង់ខំប្រឹតឥតបានការ | គឺគ្មានវាសនាខ្វះលំនឹង | ។ | |
| បើព្រះអម្ចាស់មិនរក្សា | ទីក្រុងទេណាឱ្យរឹងប៉ឹង | ||
| អ្នកយាមទីក្រុងដែលខំប្រឹង | យាមរាល់ថ្ងៃហ្នឹងអត់អសារ | ។ | |
| ២- | អ្នករាល់គ្នាក្រោកពីព្រលឹម | រកស៊ីចិញ្ចឹមជន្មជីវ៉ា | |
| ខំទាំងលំបាកគ្រប់កាយា | តែឥតបានការផលចំណេញ | ។ | |
| ព្រះជាអម្ចាស់បានប្រទាន | អាហារធនធានច្រើនពាសពេញ | ||
| ដល់អ្នកដែលព្រះអង្គស្រឡាញ់ | ក្នុងពេលយប់យន់គេនិន្ទ្រា | ។ | |
| ៣- | ព្រះអម្ចាស់ប្រទានកូនចៅ | ស្ថិតស្ថេរគង់នៅចាត់ទុកជា | |
| ចំណែកមរតកដ៏មហិមា | ជាពរជ័យាពីព្រះអង្គ | ។ | |
| ៤- | កូនប្រុសៗដែលកើតចេញមក | ពេលដែលឪពុកពេញកម្លាំង | |
| ដូចព្រួញដែលស្រួចមុតយ៉ាងខ្លាំង | នៃអ្នកចម្បាំងពេលប្រយុទ្ធ | ។ | |
| ៥- | អ្នកដែលមានកូនប្រុសយ៉ាងច្រើន | នោះនឹងចម្រើនសុខបំផុត | |
| ពេលមានបច្ចាមកប្រយុទ្ធ | គេមិនតក់ស្លុតមិនអាម៉ាស | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ «មានគេយកសពព្រះអម្ចាស់របស់នាងខ្ញុំទៅបាត់ មិនដឹងជាគេយកទៅដាក់នៅឯណាឡើយ»។
បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)
បន្ទរទី៣៖ ព្រះយេស៊ូមានព្រះបន្ទូលហៅនាងថា៖ «ម៉ារី!»។ នាងម៉ារីក៏បែរទៅរកព្រះអង្គ ហើយទូលព្រះអង្គជាភាសាហេប្រឺថា៖ «រ៉ាប៊ូនី!» ប្រែថា “ព្រះគ្រូ!” ។
| ៣ | សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។ |
| ៤ | ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឱ្យយើងវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។ |
| ៥ | ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ |
| ៦ | ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្ដោស ដែលព្រះអង្គបានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ |
| ៧ | ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឱ្យយើងបានរួចពីបាប តាមព្រះហឫទ័យប្រណីសន្ដោសដ៏លើសលប់របស់ព្រះអង្គ។ |
| ៨ | ព្រះជាម្ចាស់ប្រណីសន្ដោសយើងយ៉ាងខ្លាំងបំផុត គឺព្រះអង្គប្រទានឱ្យយើងមានតម្រិះ និងប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។ |
| ៩ | ព្រះអង្គបានប្រោសឱ្យយើងស្គាល់គម្រោងការដ៏លាក់កំបាំង នៃព្រះហឫទ័យរបស់ព្រះអង្គ តាមបំណងដ៏សប្បុរស ដែលព្រះអង្គបានសម្រេចទុកជាមុនដោយព្រះអង្គផ្ទាល់។ |
| ១០ | ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្ត ជាម្ចាស់តែមួយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះយេស៊ូមានព្រះបន្ទូលហៅនាងថា៖ «ម៉ារី!»។ នាងម៉ារីក៏បែរទៅរកព្រះអង្គ ហើយទូលព្រះអង្គជាភាសាហេប្រឺថា៖ «រ៉ាប៊ូនី!» ប្រែថា “ព្រះគ្រូ!” ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៨,២៨-៣០)
យើងដឹងទៀតថា អ្វីៗទាំងអស់ផ្សំគ្នាឡើង ដើម្បីឱ្យអស់អ្នកស្រឡាញ់ព្រះជាម្ចាស់បានទទួលផលល្អ គឺអ្នកដែលព្រះអង្គបានត្រាស់ហៅមក ស្របតាមគម្រោងការរបស់ព្រះអង្គ ដ្បិតអស់អ្នកដែលព្រះអង្គបានជ្រើសរើសព្រះអង្គក៏បានតម្រូវគេទុកជាមុន ឱ្យមានលក្ខណៈដូចព្រះបុត្រារបស់ព្រះអង្គដែរ ដើម្បីឱ្យព្រះបុត្រាបានទៅជារៀមច្បង ក្នុងបណ្ដាបងប្អូនជាច្រើន។ អស់អ្នកដែលព្រះអង្គបានតម្រូវទុកជាមុននោះ ព្រះអង្គក៏បានត្រាស់ហៅ ហើយអ្នកដែលព្រះអង្គបានត្រាស់ហៅនោះ ព្រះអង្គក៏ប្រោសឱ្យគេសុចរិត រីឯអស់អ្នកដែលព្រះអង្គប្រោសឱ្យសុចរិត ព្រះអង្គក៏ប្រទានឱ្យគេមានសិរីរុងរឿងដែរ។
បន្ទរ៖ ម៉ារីអើយកុំយំអី! *ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញហើយ។ បន្ទរឡើងវិញ៖…
-សុំទៅប្រាប់ពួកបងប្អូនខ្ញុំផងថា។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ នាងម៉ារី រត់ទៅជម្រាបពួកសាវ័កថា នាងបានឃើញព្រះអម្ចាស់ អាលេលូយ៉ា!
ពាក្យអង្វរសកល
យើងខ្ញុំសូមលើកតម្កើងព្រះបិតា ដែលមានព្រះហឫទ័យមេត្តាករុណាចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ដោយចិត្តអំណរសប្បាយថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមឱ្យអស់អ្នកដែលសង្ឃឹមលើព្រះអង្គ មានអំណរសប្បាយឡើង។
បពិត្រព្រះអម្ចាស់! សូមព្រះអង្គនឹកចាំថា ព្រះអង្គបានចាត់ព្រះបុត្រាឱ្យយាងមកក្នុងពិភពលោកនេះ ដើម្បីសង្រ្គោះ មិនមែនមកវិនិច្ឆ័យទោសមនុស្សលោកទេ
—សូមឱ្យការសោយទិវង្គតរបស់ព្រះអង្គនាំយើងខ្ញុំមកកាន់ការសង្រ្គោះផង។ (បន្ទរ)
ព្រះអង្គបានតែងតាំងអស់លោកបូជាចារ្យឱ្យបម្រើព្រះគ្រីស្ត និងព្រះអំណោយទានដ៏អស្ចារ្យរបស់ព្រះអង្គ
—សូមប្រទានឱ្យពួកគាត់មានចិត្តស្មោះត្រង់ ប្រាជ្ញាឈ្លាសវៃ និងមានសេចក្តីស្រឡាញ់ផង។ (បន្ទរ)
ព្រះអង្គបានត្រាស់ហៅបុរស និងស្ត្រីឱ្យមានព្រហ្មចរិយធម៌សម្រាប់ព្រះរាជ្យរបស់ព្រះអង្គ
—សូមឱ្យពួកគេមានចិត្តស្មោះត្រង់ដើរតាមព្រះបុត្រារបស់ព្រះអង្គ។ (បន្ទរ)
ពីដើមដំបូង ព្រះអង្គមានព្រះហឫទ័យចង់ឱ្យស្វាមីភរិយា ក្លាយទៅជារូបកាយតែមួយ
—សូមព្រះអង្គប្រទានឱ្យក្រុមគ្រួសារទាំងអស់ រួមរស់ជាមួយគ្នាដោយសេចក្តីស្រឡាញ់យ៉ាងស្មោះស្ម័គ្រនឹងគ្នាផង។ (បន្ទរ)
ព្រះអង្គបានចាត់ព្រះគ្រីស្តយេស៊ូឱ្យមកក្នុងលោកនេះ ដើម្បីលើកលែងទោសមនុស្សឱ្យរួចពីបាប
—សូមព្រះអង្គរំដោះបាបរបស់អស់មរណបុគ្គលផង។ (បន្ទរ)
ធម៌ "ឱព្រះបិតា
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! ព្រះបុត្រារបស់ព្រះអង្គបានប្រគល់បេសកកម្មឱ្យនាងម៉ារីម៉ាដាឡា ប្រកាសមុនគេបង្អស់នូវអំណរសប្បាយនៃបុណ្យចម្លងថា ព្រះយេស៊ូពិតជាមានព្រះជន្មរស់ឡើងវិញមែន។ តាមរយៈគំរូ និងពាក្យទូលអង្វររបស់នាង សូមព្រះអង្គប្រោសឱ្យយើងខ្ញុំយកចិត្តទុកដាក់ប្រកាសអំពីព្រះគ្រីស្តដែលមានព្រះជន្មគង់នៅ និងសូមឱ្យយើងខ្ញុំបានឃើញព្រះគ្រីស្តសោយរាជ្យក្នុងសិរីរុងរឿងរបស់ព្រះបិតាអស់កល្បជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។