រដូវធម្មតា សប្តាហ៍ទី១៤ ថ្ងៃសុក្រ
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១៦,១-៩
ពាក្យអរព្រះគុណ
“យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឱ្យបានចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់” (កក ១៤,២២ខ)។
បន្ទរទី១ ៖ ព្រះអង្គបានរំដោះខ្ញុំឱ្យរួចពីស្លាប់ ហើយការពារខ្ញុំមិនឱ្យជំពប់ដួលឡើយ។
| ១ | ខ្ញុំស្រឡាញ់ព្រះអម្ចាស់ ដ្បិតព្រះអង្គទ្រង់ព្រះសណ្តាប់សំឡេងខ្ញុំដែលទទូចអង្វរ |
| ២ | ព្រះអង្គផ្ទៀងព្រះការណ៌ស្តាប់ខ្ញុំ ខ្ញុំនឹងអង្វរព្រះអង្គអស់មួយជីវិត។ |
| ៣ | មច្ចុរាជបានរួបរឹតខ្ញុំ ធ្វើឱ្យខ្ញុំអន្ទះអន្ទែងភ័យខ្លាចស្លាប់ ខ្ញុំរងទុក្ខលំបាក ហើយឈឺចុកចាប់ពន់ប្រមាណ។ |
| ៤ | ពេលនោះ ខ្ញុំអង្វររកព្រះនាមព្រះអម្ចាស់ថា ៖ “ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំផង!” |
| ៥ | ព្រះអម្ចាស់តែងតែប្រណីសន្តោស ព្រះអង្គសុចរិត ព្រះរបស់យើងប្រកបដោយព្រះហឫទ័យមេត្តាករុណា។ |
| ៦ | ព្រះអម្ចាស់ជួយការពារមនុស្សទន់ទាប ពេលខ្ញុំធ្លាក់ខ្លួនខ្សោយ ព្រះអង្គបានសង្គ្រោះខ្ញុំ។ |
| ៧ | ខ្ញុំនឹងលែងខ្វល់ខ្វាយអ្វីទៀតហើយ ដ្បិតព្រះអម្ចាស់ប្រោសប្រទានឱ្យខ្ញុំបានសុខសាន្ត។ |
| ៨ | ព្រះអង្គបានរំដោះខ្ញុំឱ្យរួចពីស្លាប់ ព្រះអង្គជូតទឹកភ្នែកខ្ញុំ ហើយការពារខ្ញុំមិនឱ្យជំពប់ដួលឡើយ។ |
| ៩ | ខ្ញុំនឹងដើរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ក្នុងពិភពមនុស្សលោកនេះ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអង្គបានរំដោះខ្ញុំឱ្យរួចពីស្លាប់ ហើយការពារខ្ញុំមិនឱ្យជំពប់ដួលឡើយ។
ទំនុកតម្កើងលេខ ១២១
ព្រះជាម្ចាស់ថែរក្សាការពារប្រជារាស្ត្រព្រះអង្គ
ពួកគេនឹងលែងឃ្លាន លែងស្រេកទៀតហើយ ព្រះអាទិត្យ និងកម្តៅគ្រប់យ៉ាង ក៏នឹងលែងធ្វើទុក្ខគេទៀតដែរ (វវ ៧,១៦)។
បន្ទរទី២ ៖ មានតែព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដីប៉ុណ្ណោះ ដែលនឹងយាងមកជួយខ្ញុំ។
(បទពាក្យ ៧)
| ១- | ខ្ញុំងើបមុខឡើងភ្នែកសម្លឹង | ឯនាយល្វើយល្វឹងទៅដល់ភ្នំ | |
| ថាតើនរណានឹងជួយខ្ញុំ | ឱ្យផុតទុក្ខធំគ្រប់ៗគ្រា | ។ | |
| ២- | គឺមានតែអង្គព្រះអម្ចាស់ | ដែលប្រណីប្រោសរាល់វេលា | |
| ទ្រង់បង្កើតដីផ្ទៃមេឃា | ព្រះអង្គគឺជាព្រះសង្គ្រោះ | ។ | |
| ៣- | សូមទ្រង់មេត្តាកុំបណ្តោយ | ឱ្យជើងអ្នកធ្លោយរងរបួស | |
| ករុណាអាសូរជួយសង្គ្រោះ | កុំឱ្យមានគ្រោះឬត្រូវដួល | ។ | |
| ៤- | ព្រះអង្គដែលថែទាំការពារ | អ៊ីស្រាអែលគ្រប់គ្នាបានសុខស្រួល | |
| ព្រះអង្គមិនងុយងោកប្រែប្រួល | ទ្រង់ក៏មិនដែលផ្ទំលក់ឡើយ | ។ | |
| ៥- | ព្រះអម្ចាស់តែងរក្សាថែ | ការពារឥតល្ហែមិនកន្តើយ | |
| ទ្រង់គង់នៅខាងស្តាំអ្នកហើយ | កុំខ្វល់ខ្វាយឡើយទ្រង់ជាម្លប់ | ។ | |
| ៦- | ក្នុងពេលថ្ងៃមានព្រះអាទិត្យ | នឹងមិនរោមរិតធ្វើទោសទុក្ខ | |
| ឯព្រះចន្ទចរនៅពេលយប់ | ក៏មិនមានទុក្ខដល់អ្នកដែរ | ។ | |
| ៧- | ព្រះអម្ចាស់នឹងថែរក្សា | រារាំងបាំងការពារថ្នមថែ | |
| ហេតុការណ៍អាក្រក់ទ្រង់បង្វែរ | មិនឱ្យកើតក្បែររូបអ្នកឡើយ | ។ | |
| ៨- | ព្រះអម្ចាស់ថែទាំអ្នកគ្រប់ | អ្វីៗទាំងសព្វមិនកន្តើយ | |
| កិច្ចការអ្នកធ្វើនឹងធូរស្បើយ | ពីពេលនេះហើយតរៀងទៅ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ មានតែព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដីប៉ុណ្ណោះ ដែលនឹងយាងមកជួយខ្ញុំ។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៥,៣-៤)
ទំនុកនៃការគោរពប្រណិប័តន៍
បន្ទរទី៣ ៖ ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ ! មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់។
| ៣ | “ឱព្រះជាម្ចាស់ដែលមានព្រះចេស្តាលើអ្វីៗទាំងអស់អើយ! ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់! ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ ! មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់! |
| ៤ | បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ! តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ! ដ្បិតមានតែព្រះអង្គប៉ុណ្ណោះ ជាព្រះដ៏វិសុទ្ធ។ មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌”។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ ! មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ២,៧-១០ក)
យើងប្រៀនប្រដៅអំពីប្រាជ្ញារបស់ព្រះជាម្ចាស់ ដែលព្រះអង្គបង្កប់ន័យទុកតាមគម្រោងការដ៏លាក់កំបាំងរបស់ព្រះអង្គ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ គឺព្រះអង្គបានគ្រោងទុកថានឹងប្រទានសិរីរុងរឿងមកយើង។ គ្មាននរណាម្នាក់ក្នុងចំណោមអ្នកគ្រប់គ្រងមនុស្សលោកនេះ បានស្គាល់ប្រាជ្ញារបស់ព្រះអង្គទេ។ ប្រសិនបើគេពិតជាបានស្គាល់មែន គេមិនឆ្កាងព្រះអម្ចាស់ប្រកបដោយសិរីរុងរឿងនោះឡើយ។ ប៉ុន្តែ ដូចមានចែងទុកមកថា៖ «អ្វីៗដែលភ្នែកមើលមិនឃើញអ្វីៗដែលត្រចៀកស្ដាប់មិនឮ និងអ្វីៗដែលចិត្តមនុស្សនឹកមិនដល់នោះព្រះជាម្ចាស់បានរៀបចំទុកសម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ» ។ ព្រះជាម្ចាស់បានសម្ដែងឱ្យយើងដឹងអំពីគម្រោងការដ៏លាក់កំបាំងនោះ តាមរយៈព្រះវិញ្ញាណ។
បន្ទរ ៖ ព្រះគ្រីស្តបានសោយទិវង្គត ព្រោះតែបាបរបស់យើង *ដើម្បីនាំបងប្អូនទៅថ្វាយព្រះជាម្ចាស់។ បន្ទរឡើងវិញ៖…
-កាលព្រះអង្គមានឋានៈជាមនុស្ស ព្រះអង្គត្រូវគេធ្វើគុត តែព្រះជាម្ចាស់បានប្រោសព្រះអង្គឱ្យមានព្រះជន្មរស់ ដោយសារព្រះវិញ្ញាណវិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ សូមព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណា ដូចទ្រង់បានសន្យាជាមួយបុព្វបុរសរបស់យើង។
ពាក្យអង្វរសកល
ចូរយើងកោតសរសើរព្រះគ្រីស្ត ព្រះអង្គជាព្រះដែលមានព្រះហឫទ័យមេត្តាករុណា និងអាណិតអាសូរ។ ព្រះអង្គជូតទឹកភ្នែកចេញពីភ្នែកអស់អ្នកដែលយំសោក។ ចូរយើងស្រែកហៅព្រះអង្គក្នុងសេចក្តីស្រឡាញ់ និងសូមទូលអង្វរព្រះអង្គដោយពោលថា ៖
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គមេត្តាអាណិតដល់ប្រជារាស្រ្តរបស់ព្រះអង្គផង !
ឱព្រះយេស៊ូជាអម្ចាស់អើយ! ព្រះអង្គលួងលោមអស់អ្នកដែលទន់ទាប
—សូមព្រះអង្គយកចិត្តទុកដាក់ចំពោះទឹកភ្នែករបស់ជនក្រីក្រផង។ (បន្ទរ)
ឱព្រះជាម្ចាស់ដ៏មានព្រះហឫទ័យមេត្តាករុណាអើយ ! សូមព្រះអង្គសណ្តាប់ឮសូរសម្រែករបស់អ្នកកំពុងជិតស្លាប់
—សូមព្រះអង្គជួយសម្រាលទុក្ខពួកគេ ដោយព្រះអង្គគង់នៅជាមួយផង។ (បន្ទរ)
សូមឱ្យជនភៀសខ្លួនទាំងឡាយដឹងថា ព្រះអង្គថែទាំពួកគេ
—ហើយសូមឱ្យថ្ងៃណាមួយ ពួកគេអាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ នៅលើផែនដីនេះ និងជាចុងក្រោយ សូមឱ្យពួកគេចូលទៅក្នុងលំនៅដ្ឋាននៅស្ថានបរមសុខផង។ (បន្ទរ)
សូមព្រះអង្គសម្តែងធម៌មេត្តាករុណាចំពោះអស់អ្នកបាប ដែលបានឃ្លាតឆ្ងាយពីសេចក្តីស្រឡាញ់របស់ព្រះអង្គ
—សូមព្រះអង្គសម្រុះសម្រួលពួកគេជាមួយព្រះអង្គ និងព្រះសហគមន៍របស់ព្រះអង្គផង។ (បន្ទរ)
សូមព្រះអង្គសង្គ្រោះបងប្អូនយើងខ្ញុំដែលបានទទួលមរណភាពផុតទៅហើយ
—សូមឱ្យពួកគេទទួលការសង្រ្គោះយ៉ាងពេញលេញផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ជាព្រះបិតា ! ភាពផ្ទុយគ្នានៃឈើឆ្កាង ប្រកាសពីព្រះប្រាជ្ញាញាណរបស់ព្រះអង្គដែលគ្មានព្រំដែន។ សូមព្រះអង្គជួយយើងខ្ញុំឱ្យចេះមើលឃើញសិរីរុងរឿងរបស់ព្រះបុត្រាព្រះអង្គ ដែលបានសម្តែងនៅក្នុងទុក្ខលំបាក ហើយព្រះអង្គបានទទួលយកដោយមានសេរីភាព។ សូមប្រោសប្រទានឱ្យយើងខ្ញុំមានជំនឿ ក្នុងការប្រកាសពីសិរីរុងរឿងនៃព្រះឈើឆ្កាងរបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់តែមួយគត់ ដែលមានព្រះជន្មគង់នៅរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។