រដូវធម្មតា សប្ដាហ៍ទី១៣ ថ្ងៃសុក្រ
សន្តថូម៉ាស ជាគ្រីស្តទូត
(បុណ្យគោរព)
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៦,១០-១៩
បន្ទរទី១៖ «បពិត្រព្រះអម្ចាស់ ធ្វើដូចម្ដេចឱ្យយើងខ្ញុំអាចស្គាល់ផ្លូវទៅបាន បើយើងខ្ញុំមិនដឹងថាព្រះអង្គយាងទៅទីណាផងនោះ» ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។
| ១០ | ខ្ញុំនៅតែមានជំនឿដដែល ទោះបីខ្ញុំពោលថា ខ្ញុំជាមនុស្សវេទនា។ |
| ១១ | ពេលខ្ញុំមានភ័យអាសន្ន ខ្ញុំពោលឡើងថា យើងមិនអាចទុកចិត្តលើមនុស្សណាម្នាក់បានឡើយ។ |
| ១២ | តើខ្ញុំអាចយកអ្វីមកតបស្នងនឹងព្រះគុណទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានសម្ដែងមកលើរូបខ្ញុំ? |
| ១៣ | ខ្ញុំនឹងលើកពែងឡើងថ្វាយព្រះអម្ចាស់ដែលបានរំដោះខ្ញុំ ខ្ញុំនឹងអង្វររកព្រះនាមរបស់ព្រះអម្ចាស់។ |
| ១៤ | ខ្ញុំនឹងយកតង្វាយមកថ្វាយព្រះអម្ចាស់តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ព្រះអង្គ។ |
| ១៥ | ព្រះអម្ចាស់ព្រួយព្រះហឫទ័យណាស់ នៅពេលប្រជាជនដ៏វិសុទ្ធណាម្នាក់ស្លាប់។ |
| ១៦ | ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ដូចម្ដាយរបស់ទូលបង្គំដែរ ព្រះអង្គបានរំដោះទូលបង្គំឱ្យរួចពីស្លាប់។ |
| ១៧ | ទូលបង្គំសូមថ្វាយយញ្ញបូជា ដើម្បីអរព្រះគុណព្រះអង្គ ខ្ញុំនឹងអង្វររកព្រះនាមរបស់ព្រះអម្ចាស់។ |
| ១៨ | ខ្ញុំនឹងយកតង្វាយមកថ្វាយព្រះអម្ចាស់តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ព្រះអង្គ |
| ១៩ | គឺនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ដែលស្ថិតនៅកណ្ដាលក្រុងយេរូសាឡឹម។ អាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ «បពិត្រព្រះអម្ចាស់ ធ្វើដូចម្ដេចឱ្យយើងខ្ញុំអាចស្គាល់ផ្លូវទៅបាន បើយើងខ្ញុំមិនដឹងថាព្រះអង្គយាងទៅទីណាផងនោះ» ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។
ទំនុកតម្កើងលេខ ១២៦
បន្ទរទី២៖ កាលព្រះយេស៊ូយាងមកនោះ លោកថូម៉ាស ហៅឌីឌីម ជាសាវ័កម្នាក់ ក្នុងចំណោមសាវ័កទាំងដប់ពីរ មិនបាននៅជាមួយពួកគេទេ។ សាវ័កឯទៀតៗប្រាប់គាត់ថា៖ «យើងបានឃើញព្រះអម្ចាស់» អាលេលូយ៉ា!
(បទព្រហ្មគីតិ)
| ១- | ពេលព្រះដឹកនាំអ្នក | ដែលជំពាក់ខ្លួនជាឈ្លើយ | |
| មកក្រុងស៊ីយ៉ូនហើយ | យើងធូរស្បើយដូចយល់សប្តិ | ។ | |
| ២- | យើងសើចហ៊ោរសប្បាយ | អរក្អាកក្អាយឥតមានឈប់ | |
| ស្រែកជ័យឃោសន៍សាយសព្វ | លាន់សូរស័ព្ទគ្រប់ទិសា | ។ | |
| ពេលនោះក្នុងចំណោម | ជាតិទាំងព្រមគេពោលថា | ||
| ព្រះម្ចាស់មានចេស្តា | ធ្វើអស្ចារ្យចំពោះគេ | ។ | |
| ៣- | ព្រះអង្គបានធ្វើការ | ដ៏អស្ចារ្យអ្វីម៉េ្លះទេ | |
| យើងលែងគិតគ្នាន់គ្នេរ | បានល្ហើយល្ហែអរសប្បាយ | ។ | |
| ៤- | ឱព្រះម្ចាស់ឧត្តម | សូមប្រោសខ្ញុំឱ្យរីកសាយ | |
| ដូចរហោស្ថានឆ្ងាយ | សូមប្រែក្លាយមានទឹកហូរ | ។ | |
| ៥- | អ្នកណាសាបព្រោះស្រូវ | ដោយសោកសៅគួរអាសូរ | |
| ទាំងទឹកភ្នែកជន់ជោរ | នឹងច្រូតយកទាំងសប្បាយ | ។ | |
| ៦- | គេយកពូជទៅព្រោះ | ទាំងស្រណោះយំសោកស្តាយ | |
| ក្រោយមកគេប្រែក្លាយ | ហ៊ោសប្បាយដោយអំណរ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ កាលព្រះយេស៊ូយាងមកនោះ លោកថូម៉ាស ហៅឌីឌីម ជាសាវ័កម្នាក់ ក្នុងចំណោមសាវ័កទាំងដប់ពីរ មិនបាននៅជាមួយពួកគេទេ។ សាវ័កឯទៀតៗប្រាប់គាត់ថា៖ «យើងបានឃើញព្រះអម្ចាស់» អាលេលូយ៉ា!
បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)
បន្ទរទី៣៖ «មើលដៃខ្ញុំនេះ ចូរដាក់ម្រាមដៃអ្នកមក ហើយដាក់ដៃអ្នកត្រង់ឆ្អឹងជំនីរខ្ញុំ។ ចូរជឿទៅ! កុំរឹងរូសមិនព្រមជឿដូច្នេះ!» អាលេលូយ៉ា!
| ៣ | សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។ |
| ៤ | ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឱ្យយើងវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។ |
| ៥ | ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ |
| ៦ | ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្ដោស ដែលព្រះអង្គបានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ |
| ៧ | ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឱ្យយើងបានរួចពីបាប តាមព្រះហឫទ័យប្រណីសន្ដោសដ៏លើសលប់របស់ព្រះអង្គ។ |
| ៨ | ព្រះជាម្ចាស់ប្រណីសន្ដោសយើងយ៉ាងខ្លាំងបំផុត គឺព្រះអង្គប្រទានឱ្យយើងមានតម្រិះ និងប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។ |
| ៩ | ព្រះអង្គបានប្រោសឱ្យយើងស្គាល់គម្រោងការដ៏លាក់កំបាំង នៃព្រះហឫទ័យរបស់ព្រះអង្គ តាមបំណងដ៏សប្បុរស ដែលព្រះអង្គបានសម្រេចទុកជាមុនដោយព្រះអង្គផ្ទាល់។ |
| ១០ | ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្ត ជាម្ចាស់តែមួយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ «មើលដៃខ្ញុំនេះ ចូរដាក់ម្រាមដៃអ្នកមក ហើយដាក់ដៃអ្នកត្រង់ឆ្អឹងជំនីរខ្ញុំ។ ចូរជឿទៅ! កុំរឹងរូសមិនព្រមជឿដូច្នេះ!» អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ៤,១១-១៣)
គឺព្រះអង្គហើយដែលបានប្រទានឱ្យអ្នកខ្លះមានមុខងារជាគ្រីស្តទូត ឱ្យអ្នកខ្លះថ្លែងព្រះបន្ទូល អ្នកខ្លះផ្សាយដំណឹងល្អ អ្នកខ្លះជាគង្វាល និងអ្នកខ្លះទៀតជាអ្នកបង្រៀន ដើម្បីរៀបចំប្រជាជនដ៏វិសុទ្ធឱ្យបំពេញមុខងារបម្រើ និងកសាងព្រះកាយរបស់ព្រះគ្រីស្តឡើង រហូតដល់យើងទាំងអស់រួមគ្នា មានជំនឿតែមួយ មានគំនិតតែមួយ ក្នុងការស្គាល់ព្រះបុត្រារបស់ព្រះជាម្ចាស់ និងទៅជាមនុស្សពេញវ័យ ឡើងដល់កម្ពស់របស់ព្រះគ្រីស្តដែលបំពេញអ្វីៗទាំងអស់។
បន្ទរ៖ ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានា *អំពីសិរីរុងរឿងរបស់ព្រះអង្គ។ បន្ទរឡើងវិញ៖…
-ហើយប្រកាសនៅក្នុងចំណោមប្រជាជនទាំងឡាយ អំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ!។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ខ្ញុំបានដាក់ម្រាមដៃរបស់ខ្ញុំចូលទៅក្នុងស្នាមដែកគោល និងដាក់ដៃខ្ញុំចូលទៅក្នុងឆ្អឹងជំនីរព្រះអង្គ ហើយទូលថា៖ «ព្រះអង្គពិតជាព្រះអម្ចាស់ និងជាព្រះរបស់ទូលបង្គំមែន!» អាលេលូយ៉ា!
ពាក្យអង្វរសកល
បងប្អូនជាទីស្រឡាញ់ ! យើងបានសង់ឡើងនៅលើគ្រឹះនៃក្រុមគ្រីស្តទូត។
ចូរយើងទូលទៅព្រះបិតាដ៏មានឫទ្ធានុភាព សម្រាប់ប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គយកព្រះហឫទ័យទុកដាក់ចំពោះព្រះសហគមន៍របស់ព្រះអង្គ !
បពិត្រព្រះបិតា ! ព្រះអង្គសព្វព្រះហឫទ័យឱ្យក្រុមគ្រីស្តទូតបានឃើញព្រះបុត្រាព្រះអង្គមុនគេ ក្រោយពីព្រះអង្គមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់ —យើងខ្ញុំសូមទូលអង្វរព្រះអង្គ សូមប្រោសឱ្យយើងខ្ញុំធ្វើជាសាក្សីអំពីព្រះអង្គ រហូតដល់ចុងបំផុតនៃពិភពលោក។ (បន្ទរ)
ព្រះអង្គបានចាត់ព្រះបុត្រាឱ្យយាងមកប្រកាសដំណឹងល្អដល់ជនក្រីក្រ
—សូមជួយយើងខ្ញុំឱ្យចេះប្រកាសដំណឹងល្អនេះ ដល់គ្រប់ស្នាព្រះហស្តរបស់ព្រះអង្គផង។ (បន្ទរ)
ព្រះអង្គបានចាត់ព្រះបុត្រាឱ្យយាងមក សាបព្រោះគ្រាប់ពូជនៃជីវិតអមតៈ
—សូមប្រោសឱ្យយើងខ្ញុំដែលធ្វើការសាបព្រោះគ្រាប់ពូជនេះ អាចចូលរួមចំណែកក្នុងអំណរសប្បាយនៃការប្រមូលផលនោះផង។ (បន្ទរ)
ព្រះអង្គបានចាត់ព្រះបុត្រាឱ្យយាងមកសម្រុះសម្រួលយើងខ្ញុំ ឱ្យជានានឹងព្រះអង្គវិញ ដោយសារព្រះលោហិតរបស់ព្រះបុត្រា
—សូមជួយយើងខ្ញុំទាំងអស់គ្នា ឱ្យធ្វើការឆ្ពោះទៅរកការផ្សះផ្សានេះផង។ (បន្ទរ)
ព្រះបុត្រាគង់នៅខាងស្តាំព្រះបិតានៅស្ថានបរមសុខ
—សូមឱ្យមរណបុគ្គលចូលក្នុងព្រះរាជ្យនៃអំណរសប្បាយនោះដែរ។ (បន្ទរ)
ធម៌ "ឱព្រះបិតា"
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ! យើងខ្ញុំមានមោទនភាពនឹងប្រារព្ធបុណ្យគោរពសន្តថូម៉ាស ជាគ្រីស្តទូត។ តាមរយៈពាក្យទូលអង្វររបស់លោក សូមព្រះអង្គប្រោសឱ្យយើងខ្ញុំមានជំនឿរឹងមាំនិងទទួលជីវិតរួមជាមួយព្រះយេស៊ូ ដែលសន្តថូម៉ាសបានទទួលស្គាល់ថាជាព្រះអម្ចាស់។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។