២៤ មិថុនា ២០២៦

Written on 25/02/2026
Mary Siya Khim

កំណើតសន្តយ៉ូហានបាទីស្ត

(បុណ្យឱឡារិក)

(ពេលល្ងាចទី២)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១៥

បន្ទរទី១៖ ព្រះជាម្ចាស់​បាន​ចាត់​បុរស​ម្នាក់ឈ្មោះ​យ៉ូហាន​ឱ្យ​មក។

ឱ​ព្រះអម្ចាស់​អើយ តើ​នរណា​អាច​ស្នាក់​នៅ​ក្នុង​ព្រះពន្លារបស់​ព្រះ‌អង្គ​បាន ?
តើ​នរណា​អាច​ស្ថិត​នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​បាន ?

គឺ​មាន​តែ​មនុស្ស​ឥត​សៅ‌ហ្មងដែល​ប្រព្រឹត្ត​អំពើ​សុចរិត ហើយ​និយាយ​តែ​សេចក្ដីពិត
ដែល​មាន​នៅក្នុង​ដួងចិត្ត​របស់​ខ្លួន​ប៉ុណ្ណោះ ទើប​អាច​នៅ​បាន។

គេ​មិន​និយាយ​មួល​បង្កាច់ មិន​ធ្វើបាប​អ្នក​ដទៃ
ហើយ​ក៏​មិន​បង្អាប់‌បង្អោន​កិត្តិយសបង‌ប្អូន​រួម​ជាតិ​របស់​ខ្លួន​ដែរ។

គេ​មិន​រាប់​រក​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់មិន​គាប់​ព្រះ‌ហឫទ័យ​នោះ​ឡើយ
តែ​គេ​លើក​កិត្តិយស​អស់​អ្នក​ដែល​គោរពកោត​ខ្លាច​ព្រះ‌អម្ចាស់។
បើ​គេ​សន្យា​អ្វីមួយ ទោះ​បី​ត្រូវ​ខាត​បង់​យ៉ាង​ណា​ក៏​ដោយ
ក៏​គេ​នៅ​តែ​គោរព​តាម​ពាក្យ​សម្ដី​របស់​ខ្លួន​ជា‌និច្ច។

គេ​ឱ្យ​ប្រាក់​អ្នក​ដទៃ​ខ្ចី ដោយ​មិន​យក​ការ
ហើយ​គេ​ក៏​មិន​ព្រម​ទទួល​សំណូក ដើម្បី​ដាក់​ទោស​ជន​ស្លូត​ត្រង់​ដែរ។
អ្នក​ណា​ប្រព្រឹត្ត​ដូច្នេះអ្នក​នោះ​នឹង​បាន​សុខ​ជានិច្ច។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះជាម្ចាស់​បាន​ចាត់​បុរស​ម្នាក់ឈ្មោះ​យ៉ូហាន​ឱ្យ​មក។

ទំនុកតម្កើងលេខ ១១២

បន្ទរទី២៖ លោក​បាន​មក​ធ្វើជា​បន្ទាល់​ផ្ដល់​សក្ខី‌ភាព​អំពីសេចក្តីពិត។

(បទពាក្យ ៧)

១- អ្នកអោនកោតខ្លាចព្រះអម្ចាស់ ប្រតិបត្តិច្បាស់តាមព្រះទ័យ  
  ស្មោះស្ម័គ្រគោរពតាមវិន័យ បានសុខពេកក្រៃមានមង្គល
២- ពូជរបស់គេមានអំណាច ចិត្តក្លាអង់អាចគ្មានកង្វល់  
  ដ្បិតព្រះជាម្ចាស់ប្រទានផល ព្រះពរពិតដល់អ្នកសុចរិត
៣- ក្នុងផ្ទះមនុស្សដែលចិត្តធម៌ មានទ្រព្យបវរល្អប្រណីត  
  សេចក្តីសុចរិតនៅស្ថេរស្ថិត ព្រះអង្គអាណិតឱ្យពរជាប់
៤- ក្នុងទីងងឹតមានពន្លឺ លេចឡើងបំភ្លឺមិនស្រអាប់  
  ចិត្តគាត់ប្រណីល្អគួរគាប់ សន្តោសលើសព្វជនប្រុសស្រី
៥- មនុស្សដែលមានចិត្តទូលាយ យកអ្វីទៅឱ្យអ្នកផងខ្ចី  
  ព្រមទាំងរកស៊ីមិនកេងគៃ អ្នកនោះប្រពៃល្អបំផុត
៦- កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយ ទីជិតទីឆ្ងាយមិនរលត់  
  មនុស្សគ្រប់សម័យតែងចាំស្ទាត់ នឹកទៅដល់គាត់ជាប់ជានិច្ច
៧- អ្នកនោះមិនស្លុតមិនព្រឺខ្លាច មានចិត្តអង់អាចមិនមានល្បិច  
  មិនខ្លាចគេដៀលត្មះពន្លិច ហើយផ្ញើជីវិតលើព្រះម្ចាស់
៨- គាត់មានចិត្តនឹងហើយអង់អាច មិនចេះភ័យខ្លាចអ្វីទាំងអស់  
  ទាល់តែគាត់ឃើញខ្មាំងទាំងនោះ បាក់ទ័ពប្រាសអស់ទើបស្កប់ចិត្ត
៩- គាត់តែងចែកទានដល់អ្នកក្រ ដោយចិត្តស្មោះសរស្ម័គ្រពិតៗ  
  ចិត្តគាត់ទូលាយត្រង់សុចរិត កម្លាំងគាត់ស្ថិតមិនបាត់បង់
១០- ពេលជនអាក្រក់ឃើញដូច្នោះ ចិត្តគេទោមនស្សខាំធ្មេញផង  
  បាក់ធ្លាក់ទឹកចិត្តខូចបំណង ពុំសម្រេចម្តងណាសោះឡើយ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ៖ លោក​បាន​មក​ធ្វើជា​បន្ទាល់​ផ្ដល់​សក្ខី‌ភាព​អំពីសេចក្តីពិត។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៥,៣ខ-៤)

បន្ទរទី៣៖ លោកយ៉ូហានប្រៀបដូចជាពន្លឺដែលបំភ្លឺយ៉ាងអស្ចារ្យ។

«ឱ​ព្រះជាអម្ចាស់​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​អើយ
ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ប្រសើរ​ឧត្ដម គួរ​ឱ្យ​កោត​ស្ញប់ស្ញែង​ពន់​ពេក​ណាស់ !
ឱ​ព្រះ‌មហា​ក្សត្រ​នៃ​ប្រជាជាតិ​ទាំង‌ឡាយ​អើយ
មាគ៌ា​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​សុចរិត និង​ត្រឹម​ត្រូវ​ទាំង​អស់ !

បពិត្រ​ព្រះអម្ចាស់ ! តើ​មាន​នរណា​មិន​គោរព​កោត​ខ្លាច​ព្រះនាម​ព្រះអង្គ!
តើ​នរណា​មិន​លើក​តម្កើង​សិរី‌រុង​រឿង​នៃ​ព្រះ‌នាម​ព្រះ‌អង្គ!
ដ្បិត​មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ជា​ព្រះ​ដ៏‌វិសុទ្ធ។
មនុស្ស​គ្រប់​ជាតិ​សាសន៍នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយបង្គំព្រះអង្គ
ដ្បិត​គេ​បាន​ឃើញ​ច្បាស់​ថា ព្រះ‌អង្គ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌»។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ លោកយ៉ូហានប្រៀបដូចជាពន្លឺដែលបំភ្លឺយ៉ាងអស្ចារ្យ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ១៣,២៣-២៥)

ក្នុង​ព្រះរាជវង្ស​របស់​ព្រះ‌បាទ​ដាវីឌ​នេះ​ហើយ ដែល​ព្រះជាម្ចាស់ប្រទាន ឱ្យ​ព្រះយេស៊ូកើត​មក និង​ធ្វើជា​ព្រះសង្គ្រោះ​របស់​ជន​ជាតិអ៊ីស្រាអែល ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។ មុន​នឹង​ព្រះយេស៊ូយាង​មក​ដល់ លោក​យ៉ូហាន​បាន​ប្រកាស​ឱ្យ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​កែ​ប្រែ​ចិត្ត​គំនិត ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក។ ពេល​លោក​យ៉ូហាន​បំពេញ​មុខងារ​របស់​លោកចប់​សព្វ​គ្រប់​ហើយ លោក​មាន​ប្រសាសន៍​ថាៈ “ខ្ញុំ​នេះ​មិន​មែន​ជា​អ្នក ដែល​បងប្អូន​ទន្ទឹង​រង់‌ចាំ​នោះ​ទេ។ ឥឡូវ​នេះ មាន​លោក​ម្នាក់​មក​តាម​ក្រោយ​ខ្ញុំ លោក​មាន​ឋានៈ​ខ្ពង់‌ខ្ពស់ណាស់ បើខ្ញុំស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​របស់​លោក​ផង” ។

បន្ទរ៖ ចូររៀបចំផ្លូវថ្វាយព្រះអម្ចាស់ *ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ។ បន្ទរឡើងវិញ៖…
- “អ្នក​ដែល​មក​ក្រោយ​ខ្ញុំ ប្រសើរ​ជាង​ខ្ញុំ ដ្បិត​លោក​មាន​ជីវិត​មុនខ្ញុំ” ។ បន្ទរ៖ *…
- សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ កូននេះកើតមកមានឋានៈធំជាងព្យាការីណាៗទាំងអស់។ ព្រះសង្រ្គោះមានព្រះបន្ទូលអំពីគាត់ថា ៖ ក្នុងបណ្ដា​មនុស្ស​ដែល​កើត​មក​ក្នុង​លោក​នេះ គ្មាន​នរណា​មាន​ឋានៈ​ធំ​ជាង​លោក​យ៉ូហានបាទីស្ដ​ឡើយ។

ពាក្យអង្វរសកល

ចូរយើងទូលអង្វរព្រះជាម្ចាស់ជាព្រះបិតា ដោយអំណរសប្បាយ ដ្បិតព្រះអង្គបានត្រាស់ហៅលោកយ៉ូហាន បាទីស្ត ដើម្បីប្រកាសពីការយាងមកនៃព្រះរាជ្យរបស់ព្រះគ្រីស្ត ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គតម្រង់​ផ្លូវ​យើងខ្ញុំឆ្ពោះ​ទៅ​រក​សេចក្ដីសុខសាន្ត !

បពិត្រព្រះបិតា ! ព្រះអង្គបានត្រាស់ហៅលោកយ៉ូហាន បាទីស្ត ឱ្យចេញពីផ្ទៃម្តាយ ដើម្បីរៀបចំផ្លូវថ្វាយព្រះបុត្រាព្រះអង្គ
—សូមជួយយើងខ្ញុំឱ្យដើរតាមផ្លូវដែលលោកយ៉ូហាន បាទីស្ត បានបើកនៅមុខព្រះអម្ចាស់យេស៊ូផង។ (បន្ទរ)

សូមឱ្យព្រះសហគមន៍យកតម្រាប់តាមលោកយ៉ូហាន បាទីស្ត ដែលមិនភ័យខ្លាចនឹងចង្អុលបង្ហាញថា ព្រះអង្គជាកូនចៀមរបស់ព្រះជាម្ចាស់
—ដូច្នេះ មនុស្សគ្រប់ជំនាន់នឹងទទួលស្គាល់ថា ព្រះអម្ចាស់យាងមករកពួកគេ។ (បន្ទរ)

លោកយ៉ូហាន បាទីស្ត មិនបានលើកតម្កើងខ្លួនលោក ប៉ុន្តែ លោកទទួលស្គាល់តួនាទីរបស់លោក ជាអ្នកនាំមុខព្រះគ្រីស្ត
—សូមព្រះអង្គបង្រៀនយើងខ្ញុំឱ្យចេះទទួលស្គាល់ថា ព្រះអង្គគឺជាអ្នកផ្តល់ឱ្យអ្វីៗទាំងអស់ នូវព្រះអំណោយទានដ៏ល្អៗ ដែលយើងខ្ញុំត្រូវតែប្រើប្រាស់ក្នុងការបម្រើព្រះអង្គ។ (បន្ទរ)

ព្រះអង្គបានត្រាស់ហៅលោកយ៉ូហាន បាទីស្ត ឱ្យធ្វើជាបន្ទាល់អំពីព្រះអង្គ ដោយជីវិតរបស់លោក និងទោះបីជាសេចក្តីស្លាប់របស់លោកក៏ដោយ
—សូមជួយយើងខ្ញុំឱ្យយកតម្រាប់តាមសក្ខីភាពឥតឈប់ឈររបស់លោក ដែលថ្លែងប្រាប់អំពីសេចក្តីពិត។ (បន្ទរ)

សូមព្រះអង្គនឹកចាំដល់អស់អ្នកដែលបានទទួលមរណភាពផុតទៅហើយ
—សូមប្រទានឱ្យពួកគេមានទីកន្លែងនៃពន្លឺ សេចក្តីសុខសាន្ត និងសុភមង្គលផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! សូមឱ្យមហាគ្រួសាររបស់ព្រះអង្គដើរតាមមាគ៌ានៃការសង្រ្គោះ ឆ្ពោះទៅរកព្រះគ្រីស្ត ដោយយកចិត្តទុកដាក់ស្តាប់តាមការប្រៀនប្រដៅរបស់សន្តយ៉ូហាន ដែលជាអ្នករៀបចំផ្លូវថ្វាយព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។