២០ មិថុនា ២០២៦

Written on 24/02/2026
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី១២ ថ្ងៃអាទិត្យ

ថ្ងៃសៅរ៍ (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១២២

ក្រុងយេរូសាឡឹមដ៏វិសុទ្ធ

បងប្អូនចូលមកជិតភ្នំស៊ីយ៉ូន មក​ជិត​ក្រុង​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់
គឺ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថាន​បរម‌សុខ (ហប ១២,២២)។

បន្ទរទី១ ៖ ចូរនាំគ្នាទូលសូមព្រះអម្ចាស់ប្រទានសន្តិភាពមកក្រុងយេរូសាឡឹម។

នៅពេលគេប្រាប់ខ្ញុំថា ៖ យើងនាំគ្នាទៅព្រះដំណាក់របស់ព្រះអម្ចាស់!
ខ្ញុំមានអំណរខ្លាំងណាស់។

ឱក្រុងយេរូសាឡឹមអើយ!
យើងនាំគ្នាឈានជើងចូលមកដល់មាត់ទ្វាររបស់អ្នកហើយ!

យេរូសាឡឹមអើយ! អ្នកជាក្រុងមួយដែលសង់ឡើងយ៉ាងរឹងមាំ
មានកំពែងដ៏ល្អប្រណីតព័ទ្ធជុំវិញ។

កុលសម្ពន្ធនានារបស់ព្រះអម្ចាស់នាំគ្នាឡើងមកទីនេះ
ដើម្បីលើកតម្កើងព្រះនាមព្រះអម្ចាស់
តាមច្បាប់របស់ជនជាតិអ៊ីស្រាអែល។

នៅទីនេះ ក៏មានបល្ល័ង្កនៃព្រះរាជវង្សរបស់ស្តេចដាវីឌ
ដើម្បីគ្រប់គ្រងប្រជារាស្ត្រដោយយុត្តិធម៌ដែរ។

ចូរនាំគ្នាទូលសូមព្រះអម្ចាស់ប្រទានសន្តិភាពមកក្រុងយេរូសាឡឹម
សូមឱ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះ អាចរស់នៅយ៉ាងសុខសាន្ត!

សូមឱ្យអស់អ្នកដែលរស់នៅខាងក្នុងកំពែងក្រុង
បានប្រកបដោយសេចក្តីសុខ
សូមឱ្យវិមាននានានៅក្នុងក្រុងបានសុខក្សេមក្សាន្ត។

ដោយយល់ដល់បងប្អូន និងញាតិមិត្តរបស់ខ្ញុំ
ខ្ញុំពោលថា ៖ សូមឱ្យក្រុងយេរូសាឡឹមបានប្រកបដោយសេចក្តីសុខសាន្ត!

ដោយយល់ដល់ព្រះដំណាក់របស់ព្រះអម្ចាស់ជាព្រះនៃយើង
ខ្ញុំសូមឱ្យអ្នកបានប្រកបដោយសុភមង្គល!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរនាំគ្នាទូលសូមព្រះអម្ចាស់ប្រទានសន្តិភាពមកក្រុងយេរូសាឡឹម។

ទំនុកតម្កើងលេខ ១៣០

ពី​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ ទូល‌បង្គំ​ស្រែក​អង្វរ​ព្រះ‌អង្គ

“បុត្រនោះនឹងសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គឱ្យរួចពីបាបរបស់គេ” (មថ ១,២១)។

បន្ទរទី២ ៖ ខ្ញុំទន្ទឹងរង់ចាំព្រះអម្ចាស់តាំងពីពេលព្រឹក រហូតដល់ពេលយប់។

(បទពាក្យ ៧)

១- បពិត្រព្រះជាអម្ចាស់អើយ ទូលបង្គំស្រែកហើយរកព្រះអង្គ  
  ពីក្នុងរណ្តៅជ្រៅកន្លង មេត្តាជួយផងផុតពីស្លាប់
២- សំឡេងខ្ញុំឮដូចចម្រៀង សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់  
  ពាក្យខ្ញុំអង្វរទទូចប្រាប់ រៀបរាប់រ៉ាយរ៉ាប់សូមសន្តោស
៣- បពិត្រព្រះម្ចាស់ដ៏ឧត្តម បើព្រះអង្គចាំពីកំហុស  
  អំពើបាបកម្មមនុស្សស្រីប្រុស គ្មានម្នាក់ណាសោះរួចខ្លួនឡើយ
៤- ប៉ុន្តែព្រះអង្គតែងអត់ទោស ប្រណីសន្តោសខ្ញុំធូរស្បើយ  
  រួចផុតទុក្ខទោសបានល្ហែល្ហើយ គឺព្រះអង្គហើយខ្ញុំគោរព
៥- ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ជីវិតខ្ញុំនេះផ្ញើសព្វគ្រប់  
  សង្ឃឹមលើព្រះបន្ទូលគាប់ មិនឈរមិនឈប់ទេព្រះអង្គ
៦- ខ្ញុំទន្ទឹងចាំព្រះអម្ចាស់ ជាងអ្នកយាមផ្ទះទៅទៀតផង  
  ពេលឃើញថ្ងៃរះស្រស់បំព្រង រួចផុតទុក្ខផងមួយរាត្រី
៧- ឱអ៊ីស្រាអែលសូមទុកចិត្ត ព្រះល្អវិសុទ្ធដោយព្រះទ័យ  
  មេត្តាករុណាត្រាប្រណី ទ្រង់សព្វព្រះទ័យជួយជានិច្ច
៨- ព្រះអង្គរំដោះអ៊ីស្រាអែល ពីកំហុសដែលមានច្រើនតិច  
  គេបានប្រព្រឹត្តជាប់ជានិច្ច ព្រះអង្គសម្រេចបានសុខសាន្ត
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ខ្ញុំទន្ទឹងរង់ចាំព្រះអម្ចាស់តាំងពីពេលព្រឹក រហូតដល់ពេលយប់។

បទលើកតម្កើងតាមលិខិតភីលីព (ភីល ២,៦-១១)

ព្រះគ្រីស្តជាអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះជាម្ចាស់

បន្ទរទី៣ ៖ ចូរឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ។

ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ
ក៏ព្រះអង្គពុំបានក្តោបក្តាប់ឋានៈដែលស្មើនឹងព្រះជាម្ចាស់នេះ
ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។

ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់
មកយកឋានៈជាទាសករ
ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ
ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។

ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជារហូតដល់សោយទិវង្គត
គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។

ហេតុនេះហើយបានជាព្រះជាម្ចាស់
លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត
ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គ
មានព្រះនាមប្រសើរលើសអ្វីៗទាំងអស់
១០
ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី
ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ
នៅពេលណាឮព្រះនាមព្រះយេស៊ូ
១១
និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា
ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់
ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ជាព្រះបិតា។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២សិលា ១,១៩-២១)

យើងក៏មានពាក្យព្យាការីបានថ្លែងទុកមកផងដែរ ដែលជាគោលមួយដ៏មាំមួន។ បងប្អូនផ្ចង់ចិត្តទៅកាន់ពាក្យនេះ ពិតជាត្រឹមត្រូវហើយ ព្រោះពាក្យនេះប្រៀបបាននឹងចង្កៀងដែលបំភ្លឺក្នុងទីងងឹត រហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹករះឡើងក្នុងចិត្តបងប្អូន។ ជាបឋម សូមបងប្អូនជ្រាបថា គ្មាននរណាម្នាក់អាចបកស្រាយពាក្យរបស់ព្យាការី ដែលមានចែងទុកមកក្នុងគម្ពីរ តាមគំនិតរបស់ខ្លួនបានឡើយ។ ដ្បិតព្រះបន្ទូលដែលព្យាការីបានថ្លែងទុកមកនោះ មិនមែនចេញពីបំណងចិត្តរបស់មនុស្សទេ គឺព្រះវិញ្ញាណដ៏វិសុទ្ធវិញឯណោះ ដែលជំរុញចិត្តលោកទាំងនោះ ឱ្យថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះជាម្ចាស់។

បន្ទរ៖ តាំងពីពេលថ្ងៃរះ រហូតទល់ថ្ងៃលិច *ចូរសរសើរតម្កើងព្រះ‌នាមរបស់ព្រះ‌អម្ចាស់!។ បន្ទរឡើងវិញ៖…
-សិរី‌រុងរឿងរបស់ព្រះ‌អង្គខ្ពស់ជាងផ្ទៃមេឃទៅទៀត។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ «អ្នក​ណា​ទទួល​ស្គាល់​ខ្ញុំនៅ​ចំពោះ​មុខ​មនុស្ស​លោក ខ្ញុំ​នឹង​ទទួល​ស្គាល់​អ្នក​នោះ​វិញ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ។

ពាក្យអង្វរសកល

មនុស្សគ្រប់ៗរូបទន្ទឹងរង់ចាំព្រះជាអម្ចាស់យាងត្រឡប់មកវិញ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គដោយក្តីសង្ឃឹមថា ៖

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមទតមកយើងខ្ញុំដោយព្រះហឫទ័យករុណា សូមព្រះអង្គទទួលយកពាក្យអង្វររបស់យើងខ្ញុំផង។

ព្រះអង្គជាផលដំបូងនៃសេចក្តីស្លាប់ និងជាសាក្សីដ៏ស្មោះត្រង់ ព្រះអង្គបានលាងជម្រះអំពើបាបរបស់យើងខ្ញុំ ដោយព្រះលោហិតរបស់ព្រះអង្គ
—សូមប្រោសឱ្យយើងខ្ញុំចងចាំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គជានិច្ចផង។ (បន្ទរ)

ព្រះអង្គបានត្រាស់ហៅមនុស្សលោក ឱ្យធ្វើជាសាក្សីនៃដំណឹងល្អរបស់ព្រះអង្គ
—សូមប្រោសឱ្យពួកគេមានជំនឿរឹងមាំ និងធ្វើជាអ្នកនាំសារដ៏ស្មោះត្រង់សម្រាប់ព្រះរាជ្យព្រះអង្គផង។ (បន្ទរ)

ឱព្រះមហាក្សត្រនៃសន្តិភាពអើយ ! សូមព្រះអង្គចាត់ព្រះវិញ្ញាណមកគង់សណ្ឋិតលើមេដឹកនាំពិភពលោក
—សូមព្រះអង្គបង្វែរកែវភ្នែករបស់ពួកគេ ឱ្យចេះមើលឃើញអ្នកក្រីក្រ និងអ្នករងទុក្ខវេទនាផង។ (បន្ទរ)

សូមព្រះអង្គថែរក្សា និងការពារអស់អ្នកដែលត្រូវគេជិះជាន់រើសអើង ដោយសារតែជាតិសាសន៍ ពណ៌សប្បុរ វណ្ណៈ ភាសា ឬសាសនា
—សូមប្រទានឱ្យយើងចេះគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ពួកគេផង។ (បន្ទរ)

សូមឱ្យអស់អ្នកដែលបានទទួលមរណភាពក្នុងព្រះហឫទ័យមេត្តា​ករុណារបស់ព្រះអង្គ បានរួមចំណែកក្នុងសុភមង្គល
—ជាមួយព្រះនាងម៉ារី ជាព្រះមាតារបស់យើងខ្ញុំ និងជាមួយសន្តបុគ្គលទាំងឡាយ នៅឯស្ថានបរមសុខផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គមិនដែលបោះបង់ចោលអស់​អ្នកដែលពឹងផ្អែកលើសេចក្តីស្រឡាញ់របស់ព្រះអង្គឡើយ។ សូមព្រះអង្គណែនាំយើងខ្ញុំឱ្យចេះគោរព និងកោតសរសើរព្រះនាមព្រះអង្គក្នុងជីវិតប្រចាំថ្ងៃរបស់យើងខ្ញុំ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។