ព្រះហឫទ័យមេត្តាករុណារបស់ព្រះយេស៊ូ
(បុណ្យឱឡារិក)
(ពេលល្ងាចទី១)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៣
បន្ទរទី១៖ ព្រះជាម្ចាស់បានស្រឡាញ់យើង ដោយចិត្តស្រឡាញ់ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច។ កាលណាគេលើកព្រះអង្គឡើងពីដី ព្រះអង្គនឹងទាញមនុស្សទាំងអស់មកឯព្រះអង្គ។
| ១ | ចូរសរសើរតម្កើងព្រះអម្ចាស់ ! អ្នកបម្រើរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ ! ចូរនាំគ្នាសរសើរតម្កើងព្រះនាមព្រះអម្ចាស់ ! |
| ២ | ចូរលើកតម្កើងព្រះនាមព្រះអម្ចាស់តាំងពីពេលនេះរហូតតទៅ ! |
| ៣ | តាំងពីពេលថ្ងៃរះ រហូតទល់ថ្ងៃលិច ចូរសរសើរតម្កើងព្រះនាមរបស់ព្រះអម្ចាស់ ! |
| ៤ | ព្រះអម្ចាស់គង់នៅពីលើប្រជាជាតិទាំងឡាយ សិរីរុងរឿងរបស់ព្រះអង្គខ្ពស់ជាងផ្ទៃមេឃទៅទៀត។ |
| ៥ | តើមាននរណាអាចផ្ទឹមស្មើនឹងព្រះអម្ចាស់ជាព្រះរបស់យើងបាន? ព្រះអង្គគង់នៅលើស្ថានដ៏ខ្ពស់បំផុត |
| ៦ | ព្រះអង្គទតមើលមកផ្ទៃមេឃនិងផែនដី ដែលនៅខាងក្រោមព្រះអង្គ។ |
| ៧ | ព្រះអង្គលើកមនុស្សទន់ខ្សោយឡើងពីធូលីដី ព្រះអង្គលើកមនុស្សទុរគតឡើងពីភក់ជ្រាំ |
| ៨ | ដើម្បីឱ្យគេកាន់កាប់អំណាចរួមជាមួយពួកអ្នកធំ គឺរួមជាមួយពួកអ្នកធំនៅក្នុងចំណោមប្រជារាស្ដ្ររបស់ព្រះអង្គ។ |
| ៩ | ព្រះអង្គប្រទានឱ្យស្ត្រីអារមានកូន ឱ្យនាងរស់នៅក្នុងផ្ទះយ៉ាងសប្បាយ ជាមួយកូនៗរបស់នាង។ ហាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះជាម្ចាស់បានស្រឡាញ់យើង ដោយចិត្តស្រឡាញ់ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច។ កាលណាគេលើកព្រះអង្គឡើងពីដី ព្រះអង្គនឹងទាញមនុស្សទាំងអស់មកឯព្រះអង្គ។
ទំនុកតម្កើងលេខ ១៤៦
បន្ទរទី២៖ ចូររៀនពីខ្ញុំទៅ ដ្បិតខ្ញុំស្លូត និងមានចិត្តសុភាព។
(បទពាក្យ ៧)
| ១- | ឱព្រះអម្ចាស់អើយខ្ញុំសូម | តម្កើងទាំងព្រមដោយចិត្តស្មោះ | |
| ឥតមានលាក់លៀមទុកកៀនកោះ | បញ្ចេញដោយស្មោះអស់ពីចិត្ត | ។ | |
| ២- | ខ្ញុំសូមសរសើរលើកតម្កើង | ព្រះម្ចាស់ខ្ពស់ឡើងមួយជីវិត | |
| ខ្ញុំស្មូតចម្រៀងមានបែបបទ | ឱ្យបានចាំស្ទាត់ពេលនៅរស់ | ។ | |
| ៣- | កុំទុកចិត្តពួកមនុស្សលោក | មានច្រើនគរគោកចិត្តមិនស្មោះ | |
| កុំទុកចិត្តមេដឹកនាំនោះ | ពុំអាចសង្គ្រោះបានឡើយណា | ។ | |
| ៤- | ពេលដែលដង្ហើមគេត្រូវផុត | ជីវិតរលត់អស់សង្ខារ | |
| ក្លាយជាធូលីដីអសារ | ទាំងគម្រោងការរលាយព្រម | ។ | |
| ៥- | អ្នកដែលព្រះលោកយ៉ាកុបជួយ | សង្គ្រោះផុតព្រួយហើយសង្ឃឹម | |
| ទុកចិត្តលើព្រះគ្មានអ្វីផ្ទឹម | រស់ដោយញញឹមគ្មានភិតភ័យ | ។ | |
| ៦- | ព្រះអង្គបង្កើតទាំងផ្ទៃមេឃ | ផែនដីល្អឯកធំពេកក្រៃ | |
| សមុទ្រព្រមទាំងអស់អ្វីៗ | សន្យាថ្លាថ្លៃទ្រង់មិនភ្លេច | ។ | |
| ៧- | ព្រះអង្គរកយុត្តិធម៌ឱ្យ | ដល់អ្នកទន់ខ្សោយមិនកែគេច | |
| ចែកអាហារដល់អ្នកឃ្លានស្រេច | ហើយទ្រង់សម្រេចលែងអ្នកទោស | ។ | |
| ៨- | ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ | ហើយលើកអស់អ្នកដែលនៅរស់ | |
| អស់ក្តីសង្ឃឹមគ្មានអ្វីសោះ | ស្រឡាញ់អ្នកស្មោះត្រង់ល្អជា | ។ | |
| ៩- | ព្រះម្ចាស់គាំទ្រជនបរទេស | មេម៉ាយនិងអស់ក្មេងកំព្រា | |
| តែទ្រង់ធ្វើឱ្យគម្រោងការ | ជនខូចពាលាវិនាសបង់ | ។ | |
| ១០- | ព្រះអម្ចាស់ទ្រង់នឹងគ្រងរាជ្យ | អស់កល្បជានិច្ចតយូរលង់ | |
| ឱក្រុងស៊ីយ៉ូនដ៏រឿងរុង | ព្រះអ្នកនឹងគ្រងរាជ្យតទៅ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ ចូររៀនពីខ្ញុំទៅ ដ្បិតខ្ញុំស្លូត និងមានចិត្តសុភាព។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១.៥,៩.១០.១២)
បន្ទរទី៣៖ ខ្ញុំហ្នឹងហើយជាគង្វាលដ៏ល្អ គង្វាលដ៏ល្អតែងតែស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្លួន។
| ១១ | «បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ»។ |
| ៩ | គេនាំគ្នាច្រៀងបទចម្រៀងថ្មីថាៈ “ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះព្រះអង្គត្រូវគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។ |
| ១០ | ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យបម្រើ ព្រះជាម្ចាស់របស់យើង ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី” ។ |
| ១២ | នាំគ្នាបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថាៈ «កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គសមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង»។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ខ្ញុំហ្នឹងហើយជាគង្វាលដ៏ល្អ គង្វាលដ៏ល្អតែងតែស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្លួន។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ៥,២៥ខ-២៧)
ព្រះគ្រីស្តបានស្រឡាញ់ព្រះសហគមន៍ ព្រះអង្គបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់សម្រាប់ព្រះសហគមន៍ ដើម្បីប្រោសឱ្យព្រះសហគមន៍បានទៅជាវិសុទ្ធ ទាំងជម្រះឱ្យបានស្អាតបរិសុទ្ធ ដោយលាងក្នុងទឹក និងដោយសារព្រះបន្ទូល។ ព្រះអង្គសព្វព្រះហឫទ័យនាំព្រះសហគមន៍នេះមកថ្វាយព្រះអង្គផ្ទាល់ ជាព្រះសហគមន៍ដ៏រុងរឿង ឥតស្លាកស្នាម ឥតជ្រីវជ្រួញ និងឥតខ្ចោះត្រង់ណាឡើយ គឺឱ្យទៅជាវិសុទ្ធ ឥតសៅហ្មង។
បន្ទរ៖ ព្រះគ្រីស្តបានស្រឡាញ់យើងខ្ញុំ *ព្រះអង្គបានលាងជម្រះអំពើបាបរបស់យើងខ្ញុំ ក្នុងព្រះលោហិតរបស់ព្រះអង្គ។ បន្ទរឡើងវិញ៖…
- ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់ជាព្រះបិតារបស់យើង ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ ខ្ញុំមក ដើម្បីនាំភ្លើងមកផែនដី។ ប្រសិនបើភ្លើងនោះឆេះ ខ្ញុំស្ងប់ចិត្តហើយ។
ពាក្យអង្វរសកល
បងប្អូនជាទីស្រឡាញ់ ! ចូរយើងទូលអង្វរព្រះអម្ចាស់យេស៊ូ ដែលជាទីជម្រកសម្រាប់ព្រលឹងរបស់យើង។ ចូរយើងទូលព្រះអង្គថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ដែលមានព្រះហឫទ័យមេត្តាករុណាដ៏លើសលុប ! សូមអាណិតអាសូរយើងខ្ញុំ !
បពិត្រព្រះយេស៊ូ ! នៅពេលគេចាក់ព្រះអង្គដោយលំពែង មានទឹក និងលោហិតហូរចេញមក ដែលបានផ្តល់កំណើតដល់ព្រះសហគមន៍ ជាភរិយារបស់ព្រះអង្គ
—សូមព្រះអង្គលាងសម្អាត និងជម្រះយើងខ្ញុំឱ្យបានវិសុទ្ធផង។ (បន្ទរ)
បពិត្រព្រះយេស៊ូ ! ព្រះអង្គជាព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ មនុស្សលោកបានសម្លាប់ព្រះអង្គ ប៉ុន្តែ ព្រះបិតាបានប្រោសព្រះអង្គឱ្យមានព្រះជន្មរស់ឡើងវិញ —សូមព្រះអង្គប្រោសឱ្យព្រះសហគមន៍ធ្វើជាព្រះដំណាក់របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ (បន្ទរ)
បពិត្រព្រះយេស៊ូ ! ព្រះអង្គជាព្រះមហាក្សត្រ និងជាចំនុចកណ្តាលនៃបេះដូងមនុស្សលោក។ ព្រះអង្គបានស្រឡាញ់យើងខ្ញុំ ហើយនាំយើងខ្ញុំមកឯព្រះអង្គ ដោយព្រះហឫទ័យស្រឡាញ់ និងមេត្តាករុណា ដែលមិនចេះអស់ —សូមព្រះអង្គបន្តសម្ពន្ធមេត្រីជាមួយនឹងមនុស្សទាំងអស់ផង។ (បន្ទរ)
បពិត្រព្រះយេស៊ូ ! ព្រះអង្គជាសេចក្តីសុខសាន្ត និងជាការសម្រុះសម្រួលរបស់យើងខ្ញុំ។ ព្រះអង្គបង្រួបបង្រួមមនុស្សលោកក្នុងសេចក្តីសុខសាន្ត និងបានបំផ្លាញខ្មាំងសត្រូវនៃសេចក្តីស្លាប់ ដោយសារឈើឆ្កាង —សូមព្រះអង្គបង្ហាញផ្លូវយើងខ្ញុំឆ្ពោះទៅកាន់ព្រះបិតាផង។ (បន្ទរ)
បពិត្រព្រះយេស៊ូ ! ព្រះអង្គជាជីវិត និងជាការរស់ឡើងវិញរបស់យើងខ្ញុំ។ ព្រះអង្គជួយសម្រាលបន្ទុកដល់អ្នកដែលនឿយហត់ ឱ្យបានសម្រាក
—សូមព្រះអង្គទាញមនុស្សបាបទាំងអស់មកឯព្រះអង្គ។ (បន្ទរ)
បពិត្រព្រះយេស៊ូ ! ព្រោះតែព្រះអង្គស្រឡាញ់យើងខ្ញុំ ដោយសេចក្តីស្រឡាញ់ដ៏ធំមហិមា។ ព្រះអង្គបានស្តាប់បង្គាប់រហូតដល់សោយទិវង្គតលើឈើឆ្កាង
—សូមព្រះអង្គប្រោសឱ្យអស់អ្នកដែលបានលង់លក់ក្នុងសេចក្តីសុខសាន្តរបស់ព្រះអង្គ មានជីវិតរស់ឡើងវិញផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យរបស់ព្រះបុត្រា និងនឹករឭកដល់សេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះអង្គសម្រាប់យើងខ្ញុំ។ សូមព្រះអង្គប្រណីសន្តោសយើងខ្ញុំដោយបង្ហូរព្រះអំណោយទាន តាមមុខរបួសព្រះបេះដូងរបស់ព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។