២១ ឧសភា ២០២៦

Written on 11/02/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៧ ថ្ងៃព្រហស្បតិ៍

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១៣២

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​ជា​មួយព្រះ‌បាទ​ដាវីឌ

ព្រះជាម្ចាស់នឹងតាំងបុត្រនោះ ឱ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោរបស់ព្រះអង្គ (លក ១,៣២)។

បន្ទរទី១ ៖ ព្រះជាម្ចាស់​នឹង​តាំង​បុត្រ​នោះឱ្យ​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ព្រះបាទ​ដាវីឌ ជា​ព្រះអយ្យកោ​របស់​ព្រះអង្គ អាលេលូយ៉ា!

(ក)

ឱព្រះអម្ចាស់អើយ! សូមនឹកដល់ព្រះបាទដាវីឌ
និងការនឿយហត់ទាំងប៉ុន្មានរបស់ព្រះរាជាផង។

ព្រះរាជាបានស្បថជាមួយព្រះអម្ចាស់
គឺទ្រង់បានសន្យាជាមួយព្រះដ៏មានព្រះចេស្តារបស់លោកយ៉ាកុបថា ៖

“ទូលបង្គំនឹងមិនចូលទៅជ្រកនៅក្នុងពន្លាទូលបង្គំ
ទូលបង្គំនឹងមិនឡើងទៅដេកនៅលើគ្រែទូលបង្គំទេ

ទូលបង្គំមិនព្រមបិទភ្នែក ទូលបង្គំមិនព្រមទទួលទានដំណេកលង់លក់ឡើយ

ដរាបណាទូលបង្គំពុំទាន់រកកន្លែងថ្វាយព្រះអង្គបាន
ដរាបណាទូលបង្គំពុំទាន់រកព្រះដំណាក់ថ្វាយព្រះដ៏មានចេស្តារបស់លោកយ៉ាកុបបានទេនោះ!” ។

យើងបានឮគេនិយាយថា ហិបនៃសម្ពន្ធមេត្រីស្ថិតនៅឯភូមិអេប្រាតា
យើងបានរកឃើញហិបនេះនៅតំបន់យ៉ាអារ។

ចូរយើងនាំគ្នាចូលទៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់
ចូរយើងក្រាបនៅទាបព្រះបាទារបស់ព្រះអង្គ!

ឱព្រះអម្ចាស់អើយ! សូមតើនឡើង
សូមយាងមកជាមួយហិបនៃឫទ្ធានុភាពរបស់ព្រះអង្គ
ហើយគង់នៅក្នុងទីសម្រាករបស់ព្រះអង្គរហូតតរៀងទៅ។

សូមឱ្យអស់លោកបូជាចារ្យរបស់ព្រះអង្គប្រព្រឹត្តអំពើសុចរិតជានិច្ច
សូមឱ្យប្រជារាស្ត្ររបស់ព្រះអង្គ ស្រែកហ៊ោរឡើងយ៉ាងសប្បាយ!
១០
ដោយយល់ដល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ
សូមកុំបោះបង់ចោលស្តេច ដែលព្រះអង្គបានចាក់ប្រេងអភិសេកនេះឡើយ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះជាម្ចាស់​នឹង​តាំង​បុត្រ​នោះឱ្យ​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ព្រះបាទ​ដាវីឌ ជា​ព្រះអយ្យកោ​របស់​ព្រះអង្គ អាលេលូយ៉ា!

បន្ទរទី២ ៖ មាន​តែ​ព្រះគ្រីស្តមួយ​គត់ ដែល​ជា​ព្រះអធិបតី ព្រះអង្គ​ជា​ព្រះមហា​ក្សត្រ ធំ​លើស​មហាក្សត្រ​នានា ជា​ព្រះអម្ចាស់​ធំ​លើស​អម្ចាស់​នានា អាលេលូយ៉ា!

(ខ)

(បទព្រហ្មគីតិ)

១១- ព្រះអង្គបានសន្យា នឹងស្តេចដាវីឌល្អឯក  
  យើងនឹងតែងតាំងពូជ ឱ្យគ្រងរាជ្យជាបន្ត
១២- ប្រសិនបើបុត្រអ្នក កាន់បានជាក់សម្ពន្ធល្អ  
  មេត្រីយើងតៗ ហើយធ្វើតាមយើងប្រដៅ
  នោះពូជគេនឹងបាន ល្អថ្កើងថ្កានមិនអាស្រូវ  
  ឡើងគ្រងរាជ្យតទៅ តកូនចៅឥតស្រាកស្រាន្ត
១៣- ព្រះអម្ចាស់បានជ្រើស ពិនិត្យរើសក្រុងថ្កើងថ្កាន  
  ជាទីល្អចំណាន ស៊ីយ៉ូនបានជាលំនៅ
១៤- យើងនឹងស្នាក់សម្រាក រហូតជាក់មិនចេញទៅ  
  ចង់រស់ស្ថិតនិត្យនៅ កន្លែងនេះមិនទៅណា
១៥- យើងនឹងប្រទានពរ ក្រុងបវរតាមត្រូវការ  
  ឱ្យអ្នកខ្សត់វេទនា មានអាហារមិនខ្វះទេ
១៦- យើងនឹងសង្គ្រោះក្រុង ឱ្យរឿងរុងល្អឡើងទ្វេ  
  ដោយបូជាចារ្យគេ ឱ្យរាស្ត្រហ៊ោរអរអនេក
១៧- ទីនេះយើងឱ្យស្តេច មានអំណាចខ្ពស់ពន់ពេក  
  កើតចេញមកពីពូជ នៃដាវីឌដ៏ខ្លាំងក្លា
  យើងនឹងរៀបចំឱ្យ ស្តេចអង្គក្រោយមានចេស្តា  
  គ្រងរាជ្យយូរវស្សា ជំនួសស្តេចយើងអភិសេក
១៨- យើងនឹងធ្វើឱ្យខ្មាំង បាក់មុខខ្លាំងខ្មាសពន់ពេក  
  តែយើងនឹងឱ្យរាជ្យ របស់គេបានថ្កុំថ្កើង
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ មាន​តែ​ព្រះគ្រីស្តមួយ​គត់ ដែល​ជា​ព្រះអធិបតី ព្រះអង្គ​ជា​ព្រះមហា​ក្សត្រ ធំ​លើស​មហាក្សត្រ​នានា ជា​ព្រះអម្ចាស់​ធំ​លើស​អម្ចាស់​នានា អាលេលូយ៉ា!

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១១,១៧-១៨ និង ១២,១០-១២)

ការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់

បន្ទរទី៣ ៖ ព្រះអម្ចាស់​អើយ តើ​មាន​ព្រះ​ណា​អាច​ផ្ទឹម​នឹងព្រះអង្គ​បាន? តើ​នរណា​មាន​ភាព​ថ្កុំ‌ថ្កើង​ដ៏‌វិសុទ្ធ​ដូច​ព្រះអង្គ អាលេលូយ៉ា!

១៧ “បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់
ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅ
តាំងពីដើមរៀងមកដែរ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ
ព្រោះទ្រង់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។
១៨
ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសម្តែងព្រះពិរោធក៏មកដល់ដែរ
គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោសមនុស្សស្លាប់។
នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ
និងដល់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ
ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញអស់អ្នកដែលបានបំផ្លាញផែនដីដែរ” ។
១០
ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំងនៅលើមេឃថា ៖
“ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ
ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើង
ព្រមទាំងអំណាចព្រះគ្រីស្តរបស់ព្រះអង្គក៏បានមកដល់ដែរ
ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ
គឺអ្នកនោះឯង ដែលចោទប្រកាន់បងប្អូនយើង
ទាំងថ្ងៃ ទាំងយប់ នៅមុខព្រះភក្ត្រនៃព្រះរបស់យើង។
១១
បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ
ហើយបងប្អូនទាំងនោះ បានស៊ូប្តូរជីវិតឥតស្តាយសោះឡើយ។
១២
ហេតុនេះ ស្ថានបរមសុខ និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ!
ចូរមានអំណរសប្បាយឡើង!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់​អើយ តើ​មាន​ព្រះ​ណា​អាច​ផ្ទឹម​នឹងព្រះអង្គ​បាន? តើ​នរណា​មាន​ភាព​ថ្កុំ‌ថ្កើង​ដ៏‌វិសុទ្ធ​ដូច​ព្រះអង្គ អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ៦,១៩-២០)

បង‌ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា រូប​កាយ​របស់​បង‌ប្អូន ជា​ព្រះ‌វិហារ​របស់ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ដែល​គង់​នៅ​ក្នុង​បង‌ប្អូន ជា​ព្រះ‌វិញ្ញាណ​ដែល​បង‌ប្អូន​បាន​ទទួល​ពី​ព្រះ‌ជាម្ចាស់។ បង‌ប្អូន​មិន​មែន​ជា​ម្ចាស់​លើ​ខ្លួន​ឯង​ទៀត​ទេ ដ្បិត​ព្រះ‌អង្គ​បាន​បង់​ថ្លៃ​យ៉ាង​ច្រើន​លើស‌លប់ ដើម្បី​លោះ​បង‌ប្អូន។ ហេតុ​នេះ ចូរ​ប្រើ​រូប​កាយ​របស់​បង‌ប្អូន ដើម្បី​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះជាម្ចាស់។

បន្ទរ៖ ព្រះវិញ្ញាណដ៏វិសុទ្ធ គឺជាព្រះដ៏ជួយការពារ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ...
-ព្រះ‌អង្គនឹង​ណែ‌នាំ​អ្នក​រាល់​គ្នា​ឱ្យ​ស្គាល់​សេចក្ដីពិត​គ្រប់​ចំពូក។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ កាល​ណា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដីពិត​យាង​មក​ដល់ ព្រះ‌អង្គ​នឹង​ណែ‌នាំ​អ្នក​រាល់​គ្នា​ឱ្យ​ស្គាល់​សេចក្ដីពិត​គ្រប់​ចំពូក ព្រម​ទាំង​មាន​ព្រះ‌បន្ទូល​ប្រាប់​ឱ្យ​អ្នក​រាល់​គ្នា​ដឹង​អំពី​ហេតុ‌ការណ៍ ដែល​ត្រូវ​កើត​មាន​នៅ​ថ្ងៃ​មុខ​ផង អាលេលូយ៉ា!

ពាក្យអង្វរសកល

ព្រះគ្រីស្តជាព្រះជាម្ចាស់ សូមលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! ចូរយើងទូលសូមព្រះអង្គ ឱ្យចាត់ព្រះវិញ្ញាណដ៏វិសុទ្ធយាងមកសណ្ឋិតលើអស់អ្នកដែលព្រះអង្គបានលោះ ដោយព្រះលោហិតរបស់ព្រះអង្គថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គទតមើលមកអស់អ្នកដែលព្រះអង្គបានលោះ ដោយក្តីអនុគ្រោះ !

បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គចាត់ព្រះវិញ្ញាណនៃការរួបរួមគ្នាមកក្នុងព្រះសហគមន៍
—ដើម្បីដកយកការបែកបាក់គ្នា ការស្អប់ខ្ពើម និងការបែងចែកវណ្ណៈ ប្រកាន់ពូជសាសន៍ ពណ៌សប្បុរនោះចេញ។ (បន្ទរ)

ព្រះអង្គបានដោះលែងអស់អ្នកដែលត្រូវមារសង្កត់សង្កិន
—សូមព្រះអង្គរំដោះពិភពលោកឱ្យរួចពីសេចក្តីអាក្រក់ទាំងឡាយផង។ (បន្ទរ)

ព្រះអង្គបានអធិដ្ឋាន និងដឹកនាំដោយព្រះវិញ្ញាណ ដើម្បីចាប់ផ្តើមព័ន្ធកិច្ចរបស់ព្រះអង្គ
—សូមឱ្យលោកបូជាចារ្យស្វែងរកការអធិដ្ឋាន ដែលដឹកនាំដោយព្រះវិញ្ញាណ ដើម្បីបំពេញភារកិច្ចរបស់ពួកគេ។ (បន្ទរ)

សូមព្រះវិញ្ញាណព្រះអង្គណែនាំមនុស្សទាំងអស់ តាមរយៈអាជ្ញាធរ
—ដើម្បីស្វែងរកផលប្រយោជន៍រួម។ (បន្ទរ)

ព្រះអង្គគង់នៅក្នុងសិរីរុងរឿងនៃព្រះបិតា
—សូមទ្រង់ព្រះមេត្តាកោះហៅអស់អ្នកដែលបានលាចាកលោកនេះទៅហើយ ឱ្យចូលទៅក្នុងសិរីរុងរឿងរបស់ព្រះអង្គផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតា ! សូមឱ្យព្រះវិញ្ញាណព្រះអង្គយាងមកសណ្ឋិតលើ យើងខ្ញុំដោយឫទ្ធានុភាព ដើម្បីឱ្យយើងខ្ញុំពោរពេញដោយព្រះអំណោយទានព្រះអង្គ។ សូមព្រះវិញ្ញាណធ្វើឱ្យដួងចិត្តយើងខ្ញុំបានគាប់ព្រះហឫទ័យព្រះអង្គ និងត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើតាមព្រះហឫទ័យព្រះអង្គផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។