២០ ឧសភា ២០២៦

Written on 11/02/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៧ ថ្ងៃពុធ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១២៦

អំណរសប្បាយក្នុងសេចក្តីសង្ឃឹមលើព្រះជាម្ចាស់

បងប្អូនរងទុក្ខលំបាកជាមួយពួកយើងយ៉ាងណា បងប្អូនក៏នឹងត្រូវធូរស្រាលរួមជាមួយយើងយ៉ាងនោះដែរ (២ករ ១,៧)។

បន្ទរទី១ ៖ ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​នឹង​ប្រែ​ទៅ​ជា​អំណរ​សប្បាយ​វិញ អាលេលូយ៉ា!

ពេលព្រះអម្ចាស់នាំអ្នកដែលជាប់ជាឈ្លើយត្រឡប់មកក្រុងស៊ីយ៉ូនវិញ
យើងទាំងអស់គ្នាដូចជាយល់សប្តិ។

យើងសើចសប្បាយឥតឈប់ យើងស្រែកជ័យឃោស
ពេលនោះ ក្នុងចំណោមប្រជាជាតិនានា គេពោលថា ៖
“ព្រះអម្ចាស់បានធ្វើការដ៏អស្ចារ្យចំពោះពួកគេ!”។

ព្រះអម្ចាស់ពិតជាបានធ្វើការដ៏អស្ចារ្យចំពោះយើងមែន
ហេតុនេះហើយបានជាយើងមានអំណរសប្បាយ។

ឱព្រះអម្ចាស់អើយ! សូមប្រោសប្រទានឱ្យយើងខ្ញុំបានចម្រុងចម្រើនឡើងវិញ
ដូចវាលរហោស្ថានដ៏ហួតហែង មានទឹកហូរឡើងវិញយ៉ាងនោះដែរ។

អ្នកណាសាបព្រោះទាំងទឹកភ្នែក
អ្នកនោះនឹងច្រូតយកផលយ៉ាងសប្បាយ។

គេយកគ្រាប់ពូជចេញទៅព្រោះទាំងយំសោក
គេនឹងកាន់កណ្តាប់ស្រូវត្រឡប់មកវិញ ទាំងស្រែកហ៊ោដោយអំណរ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​នឹង​ប្រែ​ទៅ​ជា​អំណរ​សប្បាយ​វិញ អាលេលូយ៉ា!

ទំនុកតម្កើងលេខ ១២៧

ប្រសិន​បើ​ព្រះ‌អម្ចាស់មិន​សង់​ផ្ទះ​ទេ​នោះ
អស់​អ្នក​ដែល​សង់​ផ្ទះ​នឹង​ខំ​ប្រឹង​សង់ ដោយ​ឥត​បាន​ផល​អ្វី​ឡើយ!

បងប្អូនជាដំណាក់ដែលព្រះអង្គបានសង់ (១ករ ៣,៩)។

បន្ទរទី២ ៖ ទោះ​បី​យើង​រស់​ក្តី ស្លាប់​ក្តី យើង​ថ្វាយ​ខ្លួន​ទៅ​ព្រះអម្ចាស់​ជានិច្ច អាលេលូយ៉ា!

(បទពាក្យ ៧)

១- ប្រសិនបើព្រះជាអម្ចាស់ មិនជួយសង់ផ្ទះនោះទេណា  
  អ្នកសង់ខំប្រឹងឥតបានការ គឺគ្មានវាសនាខ្វះលំនឹង
  បើព្រះអម្ចាស់មិនរក្សា ទីក្រុងទេណាឱ្យរឹងប៉ឹង  
  អ្នកយាមទីក្រុងដែលខំប្រឹង យាមរាល់ថ្ងៃហ្នឹងក៏អសារ
២- អ្នករាល់គ្នាក្រោកពីព្រលឹម រកស៊ីចិញ្ចឹមជន្មជីវ៉ា  
  ខំទាំងលំបាកគ្រប់អាត្មា តែឥតបានការផលចំណេញ
  ព្រះជាអម្ចាស់បានប្រទាន អាហារធនធានច្រើនពាសពេញ  
  ដល់អ្នកដែលព្រះអង្គស្រឡាញ់ ក្នុងពេលយប់យន់គេនិទ្រា
៣- ព្រះអម្ចាស់ប្រទានកូនចៅ ស្ថិតស្ថេរគង់នៅចាត់ទុកជា  
  ចំណែកមរតកដ៏មហិមា ជាពរជ័យាពីព្រះអង្គ
៤- កូនប្រុសៗដែលកើតចេញមក ពេលដែលឪពុកពេញកម្លាំង  
  ដូចព្រួញដែលស្រួចមុតយ៉ាងខ្លាំង នៃអ្នកចម្បាំងពេលប្រយុទ្ធ
៥- អ្នកដែលមានកូនប្រុសយ៉ាងច្រើន នោះនឹងចម្រើនសុខបំផុត  
  ពេលមានបច្ចាមកប្រយុទ្ធ គេមិនតក់ស្លុតមិនអាម៉ាស់
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ទោះ​បី​យើង​រស់​ក្តី ស្លាប់​ក្តី យើង​ថ្វាយ​ខ្លួន​ទៅ​ព្រះអម្ចាស់​ជានិច្ច អាលេលូយ៉ា!

បទលើកតម្កើងតាមលិខិតកូឡូស (កូឡ ១,១២-២០)

ព្រះគ្រីស្ដជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក
ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ។

បន្ទរទី៣ ៖ ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ក្នុងអង្គព្រះគ្រីស្ត ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។ សូមលើកតម្កើងសិរីរុងរឿងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ អាលេលូយ៉ា!

១២ ចូរអរព្រះគុណព្រះបិតាដោយចិត្តរីករាយ
ព្រោះព្រះអង្គបានប្រោសប្រទានឱ្យ
បងប្អូនមានសមត្ថភាពអាចទទួលចំណែកមត៌ក
រួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។
១៣
ព្រះអង្គបានរំដោះយើងឱ្យរួចផុតពីអំណាចនៃសេចក្តីងងឹត
ហើយចម្លងយើងទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
១៤
ដោយយើងបានរួមនៅក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង
និងលើកលែងទោសយើងឱ្យរួចពីបាប។
១៥
ព្រះគ្រីស្តជាតំណាងរបស់ព្រះជាម្ចាស់ដែលយើងមើលពុំឃើញ
ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក
១៦
ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត
ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី
ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ
ទាំងទេវរាជ្យ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង
ទាំងវត្ថុសក្តិសិទ្ធិ និងទាំងអំណាចនានា
ព្រះជាម្ចាស់បានបង្កើតទាំងអស់មក
ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។
១៧
ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់
ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។
១៨
ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺព្រះសហគមន៍
ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។
ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ
ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់
១៩
ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យ
ឱ្យគ្រប់លក្ខណៈសម្បត្តិរបស់ព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រីស្ត។
២០
ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់នៅលើផែនដី
និងនៅស្ថានបរមសុខឱ្យជានានឹងព្រះអង្គវិញ
ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត
គឺព្រះជាម្ចាស់បានធ្វើឱ្យមានសន្តិភាព
ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ក្នុងអង្គព្រះគ្រីស្ត ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។ សូមលើកតម្កើងសិរីរុងរឿងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ២,៩ខ-១០)

«អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញ អ្វីៗ​ដែល​ត្រចៀក​ស្ដាប់​មិន​ឮ និង​អ្វីៗ ដែល​ចិត្ត​មនុស្ស​នឹក​មិន​ដល់​នោះ ព្រះ‌ជាម្ចាស់​បាន​រៀបចំ​ទុកសម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ»។ ព្រះ‌ជាម្ចាស់​បាន​សម្ដែង​ឱ្យ​យើង​ដឹង​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នោះ តាម‌រយៈ​ព្រះ‌វិញ្ញាណ ដ្បិត​ព្រះ‌វិញ្ញាណ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់ សូម្បី​តែ​ជម្រៅ​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់​ក៏ព្រះ‌អង្គ​ឈ្វេង​យល់​ដែរ។

បន្ទរ ៖ ព្រះវិញ្ញាណដ៏វិសុទ្ធ គឺជាព្រះដ៏ជួយការពារ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះ‌អង្គនឹង​ណែ‌នាំ​អ្នក​រាល់​គ្នា​ឱ្យ​ស្គាល់​សេចក្ដីពិត​គ្រប់​ចំពូក។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ ព្រះគ្រីស្តនឹង​ធ្វើពិធី​ជ្រមុជ​ឱ្យ​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ និង​ដោយ​ភ្លើង​វិញ អាលេលូយ៉ា!

ពាក្យអង្វរសកល

រួមជាមួយសហភាពនៃក្រុមគ្រីស្តទូត និងអស់អ្នកដែលបានទទួលផលផ្លែដំបូងពីព្រះវិញ្ញាណដ៏វិសុទ្ធ ចូរនាំគ្នាកោតសរសើរព្រះជាម្ចាស់ ហើយទូលថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ !

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាព ! ព្រះអង្គបានលើកព្រះគ្រីស្តឡើងឱ្យមានសិរីរុងរឿងនៅស្ថានបរមសុខ
—សូមឱ្យមនុស្សជាតិទាំងឡាយទទួលស្គាល់វត្តមានព្រះអង្គនៅក្នុងព្រះសហគមន៍។ (បន្ទរ)

ឱព្រះបិតាដ៏វិសុទ្ធគ្រប់យ៉ាង ! ព្រះអង្គមានព្រះបន្ទូលអំពីព្រះគ្រីស្តថា "នេះគឺជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ចូរស្តាប់ព្រះអង្គចុះ"
—សូមប្រោសឱ្យមនុស្សទាំងអស់អាចស្តាប់ឮព្រះសូរសៀងរបស់ព្រះអង្គ និងទទួលការសង្រ្គោះផង។ (បន្ទរ)

សូមព្រះអង្គចាត់ព្រះវិញ្ញាណយាងមក គង់សណ្ឋិតក្នុងដួងចិត្តប្រជារាស្រ្តព្រះអង្គ
—ដូចយកទឹកមកលាងសម្អាត និងដូចទឹកភ្លៀងដែលធ្វើឱ្យរុក្ខជាតិស្រស់បំព្រងឡើងវិញ។ (បន្ទរ)

សូមចាត់ព្រះវិញ្ញាណព្រះអង្គមកណែនាំវដ្តនៃធម្មជាតិ
—ហើយបន្តជីវិតពាសពេញលើផ្ទៃផែនដី។ (បន្ទរ)

សូមព្រះអង្គអាណិតអាសូរអស់អ្នកដែលបានទទួលមរណភាពទៅហើយ
—ហើយសូមព្រះអង្គពង្រឹងសេចក្តីសង្ឃឹមរបស់យើងខ្ញុំ នៅជីវិតលោកខាងមុខផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ ប្រកបដោយព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង ! សូមព្រះអង្គបង្រួបបង្រួមព្រះសហគមន៍ឱ្យរួមគ្នាក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឱ្យយើងខ្ញុំអាចបម្រើព្រះអង្គដោយអស់ពីដួងចិត្ត ហើយធ្វើការរួមជាមួយគ្នាដោយសេចក្តីស្រឡាញ់ ដែលមិនអាត្មានិយម។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។