១៨ ឧសភា ២០២៦

Written on 11/02/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៧ ថ្ងៃចន្ទ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១២៣

ព្រះជាម្ចាស់ជាសេចក្តីសង្ឃឹមរបស់ប្រជារាស្រ្តព្រះអង្គ

ពេល​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​អង្គុយ​នៅ​ក្បែរ​ផ្លូវ។ អ្នក​ទាំង​ពីរ​ឮ​ថា ព្រះ‌យេស៊ូ​យាង​មក ក៏​ស្រែក​ឡើង​ថា៖
«ឱ​ព្រះ‌អម្ចាស់ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង!» (មថ ២០,៣០)។

បន្ទរទី១ ៖ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ធ្វើជា​ពន្លឺបំភ្លឺអ្នករហូត​ត​រៀង​ទៅ ព្រះ​របស់​អ្នក​ជា​ពន្លឺដ៏​ត្រចះត្រចង់​ដល់​អ្នក។

ឱព្រះអម្ចាស់ដែលគង់នៅស្ថានបរមសុខអើយ!
ទូលបង្គំងើបមុខឡើងសម្លឹងទៅរកព្រះអង្គ។

យើង​ខ្ញុំ​ក៏​សម្លឹង​មើល​ព្រះ‌ជា‌អម្ចាស់​នៃ​យើង
ហើយ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ​ប្រណី‌សន្ដោស
ដូច​អ្នក​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​របស់​ខ្លួន
និង​ដូច​ស្ត្រី​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​ស្រីរបស់​ខ្លួន​យ៉ាង​នោះ​ដែរ។

ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាយើងខ្ញុំ
សូមអាណិតមេត្តាយើងខ្ញុំផង ដ្បិតយើងខ្ញុំត្រូវគេមើលងាយខ្លាំងណាស់។

យើងខ្ញុំពុំអាចទ្រាំទ្រនឹងការមើលងាយពីសំណាក់មនុស្សព្រហើន
ព្រមទាំងការជេរប្រមាថពីសំណាក់មនុស្សវាយឫកខ្ពស់បានទៀតឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ធ្វើជា​ពន្លឺបំភ្លឺអ្នករហូត​ត​រៀង​ទៅ ព្រះ​របស់​អ្នក​ជា​ពន្លឺដ៏​ត្រចះត្រចង់​ដល់​អ្នក។

ទំនុកតម្កើងលេខ ១២៤

ព្រះអម្ចាស់ផ្ទាល់បានជួយយើង ដោយព្រះនាមព្រះអង្គ

លោកប៉ូលនិមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលមកលោកថាៈ “កុំខ្លាចអី! ត្រូវនិយាយតទៅទៀត កុំនៅស្ងៀមឡើយ
ដ្បិតយើងស្ថិតនៅជាមួយអ្នកហើយ” (កក ១៨,៩-១០)។

បន្ទរទី២ ៖ លប់​បាន​ធ្លុះធ្លាយ ហើយ​យើង​ក៏​រត់​រួច អាលេលូយ៉ា!

(បទពាក្យ ៧)

១- ប្រសិនបើគ្មានព្រះអម្ចាស់ មិនជួយសន្តោសគាំទ្រទេ  
  សូមអ៊ីស្រាអែលពោលហូរហែរ ពោលកុំទំនេរតាមយើងថា
២- ប្រសិនបើគ្មានព្រះអម្ចាស់ នៅខាងយើងនោះគ្រប់វេលា  
  ពេលណាសត្រូវលើកគ្នីគ្នា សម្រុកពុះពារវាយលើយើង
៣- ពេលណាគេមានកំហឹងខ្លាំង គេមកប្រឆាំងយើងនឹងប៉ើង  
  គេនឹងត្របាក់លេបពួកយើង មិនឱ្យរស់បានសុខសាន្តឡើយ
៤- យើងនឹងលិចលង់ក្នុងសមុទ្រ ភិតភ័យតក់ស្លុតឥតមានស្បើយ  
  ទឹកហូរនាំយើងគ្មានកោះត្រើយ ទៅកាន់ទីឆ្ងាយគ្មានគោលដៅ
៥- ពេលយើងកំពុងអស់កម្លាំង មានទឹកកួចខ្លាំងពន្លិចទៅ  
  ដល់បាតជលសាដ៏សែនជ្រៅ ជីវិតយើងត្រូវលង់ក្សិណក្ស័យ
៦- សូមលើកតម្កើងព្រះអម្ចាស់ ដ្បិតទ្រង់ជាព្រះមានបារមី  
  ទ្រង់ពុំប្រគល់យើងក្នុងដៃ ធ្វើរំពានៃពួកនោះឡើយ
៧- យើងរួចជីវិតដូចបក្សី គេចផុតពីដៃព្រានព្រៃហើយ  
  គឺលប់ធ្លុះធ្លាយគ្មានសល់ឡើយ យើងបានធូរស្បើយរស់ជីវ៉ា
៨- ព្រះអម្ចាស់បានសង្គ្រោះយើង ដោយព្រះនាមថ្កើងមានចេស្តា  
  គឺព្រះអង្គដែលមានមេត្តា បង្កើតមេឃានិងផែនដី
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ លប់​បាន​ធ្លុះធ្លាយ ហើយ​យើង​ក៏​រត់​រួច អាលេលូយ៉ា!

បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)

ព្រះជាម្ចាស់ជាព្រះសង្រ្គោះរបស់យើង

បន្ទរទី៣ ៖ កាល​ណា​គេ​លើក​ខ្ញុំ​ឡើង​ពី​ដី ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ខ្ញុំ» អាលេលូយ៉ា!

សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត
ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង
ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។

ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត
តាំងពីមុនកំណើតពិភពលោកមកម៉្លេះ
ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មង នៅចំពោះព្រះភក្ត្រព្រះអង្គ
ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។

ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ
ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ

ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោស
ដែលទ្រង់បានប្រោសប្រទានមកយើង
ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។

ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង
ដោយព្រះលោហិតរបស់ព្រះអង្គ
និងលើកលែងទោសឱ្យយើងបានរួចពីបាប
តាមព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់របស់ព្រះអង្គ។

ព្រះជាម្ចាស់ប្រណីសន្តោសយើងយ៉ាងខ្លាំងបំផុត
គឺទ្រង់ប្រទានឱ្យយើងមានតំរិះ និងមានប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។

ព្រះអង្គបានប្រោសឱ្យយើងស្គាល់ពីគម្រោងការដ៏លាក់កំបាំង
នៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស
ដែលទ្រង់បានសម្រេចទុកជាមុន ដោយព្រះអង្គផ្ទាល់។
១០
ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត
គឺប្រមូលអ្វីៗទាំងអស់ ដែលនៅស្ថានបរមសុខ និងនៅលើផែនដី
ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្ត ជាម្ចាស់តែមួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ កាល​ណា​គេ​លើក​ខ្ញុំ​ឡើង​ពី​ដី ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ខ្ញុំ» អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៨,១៤-១៧)

ដ្បិត​អស់​អ្នក​ដែល​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​ណែ‌នាំ សុទ្ធ​តែ​ជា​បុត្រ‌ធីតា​របស់​ព្រះ‌ជាម្ចាស់។ បង‌ប្អូន​ពុំ​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើ​ឱ្យ​បង‌ប្អូន​ទៅ​ជា​ខ្ញុំ​បម្រើ ហើយ​ឱ្យ​នៅ​តែ​ភ័យ​ខ្លាច​ទៀត​ទេ គឺ​បង‌ប្អូន​បាន​ទទួល​ព្រះវិញ្ញាណ​ដែល​ធ្វើ​ឱ្យ​បងប្អូន​ទៅ​ជា​បុត្រធីតា​របស់​ព្រះជាម្ចាស់។ ដោយសារ​ព្រះ‌វិញ្ញាណ​នេះ យើង​បន្លឺសំឡេង​ឡើង​ថា «អប្បា!» ឱ​ព្រះ‌បិតា! គឺព្រះ‌វិញ្ញាណ​ផ្ទាល់​ដែល​ផ្ដល់​សក្ខី‌ភាព​ឱ្យ​វិញ្ញាណ​របស់​យើង​ដឹង​ថា យើង​ពិត​ជា​បុត្រ‌ធីតា​របស់​ព្រះ‌ជាម្ចាស់​មែន។ ប្រសិន​បើ​យើង​ពិត​ជា​បុត្រ‌ធីតា​មែន នោះ​យើង​មុខ​ជា​ទទួល​មត៌ក​ពុំ‌ខាន។ យើង​នឹង​ទទួល​មត៌ក​ពី​ព្រះ‌ជាម្ចាស់ គឺ​ទទួល​មត៌ក​រួម​ជា​មួយ​ព្រះ‌គ្រីស្ដ។ ដោយ​យើង​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​ព្រះ‌អង្គ​ដូច្នេះ យើង​ក៏​នឹង​ទទួល​សិរី‌រុង​រឿង​រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។

បន្ទរ៖ ព្រះវិញ្ញាណដ៏វិសុទ្ធ គឺជាព្រះដ៏ជួយការពារ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះ‌អង្គនឹង​ណែ‌នាំ​អ្នក​រាល់​គ្នា​ឱ្យ​ស្គាល់​សេចក្ដីពិត​គ្រប់​ចំពូក។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ ព្រះវិញ្ញាណជាព្រះ​ដ៏​ជួយ​ការ‌ពារ ព្រះអង្គនឹងគង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​ដរាប​ត​រៀង​ទៅ អាលេលូយ៉ា!

ពាក្យអង្វរសកល

ចូរយើងអរព្រះគុណព្រះគ្រីស្ត ដែលបានប្រទានព្រះវិញ្ញាណមកលួងលោមក្រុមគ្រីស្តទូត និងព្រះសហគមន៍ទាំងមូល។ ដោយរួមជាមួយគ្រីស្តបរិស័ទទាំងអស់ ចូរយើងស្រែកទូលព្រះអង្គថា ៖

បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! សូមចាត់ព្រះវិញ្ញាណដែលជួយលួងលោមមកក្នុងព្រះសហគមន៍របស់ព្រះអង្គ !

បពិត្រព្រះអម្ចាស់យេស៊ូ ! ព្រះអង្គជាអ្នកសម្របសម្រួលរវាងព្រះជាម្ចាស់ និងមនុស្សលោក។ ព្រះអង្គបានជ្រើសរើសលោកបូជាចារ្យ ដើម្បីចែករំលែកការងាររបស់ព្រះអង្គ
—តាមរយៈពួកលោក សូមឱ្យមនុស្សទាំងអស់ក្រោកឡើងរួមជាមួយព្រះអង្គ ឆ្ពោះទៅកាន់ព្រះបិតាវិញផង។ (បន្ទរ)

សូមព្រះអង្គប្រោសប្រទានឱ្យអ្នកមាន និងអ្នកក្រ អាចជួបគ្នាក្នុងភាពជាមិត្ត ដ្បិតព្រះអង្គជាព្រះជាម្ចាស់នៃអ្នកទាំងពីរ
—សូមព្រះអង្គកុំបណ្តោយឱ្យអ្នកមានយកទ្រព្យសម្បត្តិធ្វើជាព្រះរបស់ខ្លួនឡើយ។ (បន្ទរ)

សូមឱ្យមនុស្សគ្រប់ជាតិសាសន៍បានស្គាល់ព្រះបន្ទូលដំណឹងល្អរបស់ព្រះអង្គ
—ដូច្នេះ ពួកគេអាចចូលមកស្តាប់បង្គាប់ព្រះអង្គ ដោយសារជំនឿ។ (បន្ទរ)

សូមព្រះអង្គចាត់ព្រះវិញ្ញាណដែលជួយលួងលោមចិត្ត
—ដើម្បីជូតទឹកភ្នែកដល់អស់អ្នកដែលមានទុក្ខព្រួយ។ (បន្ទរ)

សូមព្រះអង្គបន្សុទ្ធព្រលឹងនៃអ្នកដែលបានលាចាកលោកនេះឱ្យបានបរិសុទ្ធ
—ហើយសូមទទួលពួកគេឱ្យចូលទៅក្នុងសហភាពនៃជនដ៏វិសុទ្ធ និងអ្នកដែលព្រះអង្គបានជ្រើសរើសនៅស្ថានបរមសុខ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់! សូមព្រះអង្គប្រទានអំណាចនៃព្រះវិញ្ញាណដ៏វិសុទ្ធមកលើយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំមានចិត្តស្មោះត្រង់ ធ្វើតាមព្រះហឫទ័យព្រះអង្គក្នុងជីវិតប្រចាំថ្ងៃផង។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។