រដូវបុណ្យចម្លង សប្តាហ៍ទី៥ ថ្ងៃសុក្រ
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ៤១
ពាក្យអធិដ្ឋានរបស់អ្នកមានជំងឺ
”ក្នុងចំណោមអ្នករាល់គ្នាដែលបរិភោគជាមួយខ្ញុំ មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ” (មក ១៤,១៨)។
បន្ទរទី១ ៖ ព្រះគ្រីស្តមានសម្បត្តិដ៏ច្រើន ព្រះអង្គបានដាក់ខ្លួនមកជាអ្នកក្រ ដើម្បីឱ្យបងប្អូនបានទៅជាអ្នកមាន ដោយភាពក្រីក្ររបស់ព្រះអង្គ។ អាលេលូយ៉ា!
| ២ | អ្នកដែលយកចិត្តទុកដាក់ នឹងមនុស្សកំសត់ទុគ៌ត មានសុភមង្គលហើយ នៅថ្ងៃមានអាសន្ន ព្រះអម្ចាស់នឹងរំដោះអ្នកនោះជាមិនខាន។ |
| ៣ | ព្រះអម្ចាស់នឹងថែរក្សាអាយុជីវិតរបស់គេ ហើយអ្នកនោះ មានសុភមង្គលនៅលើផែនដី ព្រះអង្គមិនបណ្តោយឱ្យគេធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវឡើយ។ |
| ៤ | ព្រះអម្ចាស់បីបាច់ថែរក្សាគេ នៅពេលគេដេកឈឺចុកចាប់ ទោះបីឈឺយ៉ាងណាក្តី ក៏ព្រះអង្គប្រោសគេឱ្យជាសះស្បើយឡើងវិញ។ |
| ៥ | ខ្ញុំនឹកគិតថា ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាប្រោសទូលបង្គំឱ្យបានជាផង ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គហើយ។ |
| ៦ | សត្រូវរបស់ទូលបង្គំ នាំគ្នានិយាយអាក្រក់ពីទូលបង្គំ គេបន់ឱ្យតែទូលបង្គំស្លាប់ គេបន់ឱ្យតែឈ្មោះទូលបង្គំសាបសូន្យទៅ។ |
| ៧ | អ្នកដែលមកសួរសុខទុក្ខទូលបង្គំ ក៏មានគំនិតមិនល្អ គេមកប្រមូលដំណឹងអាក្រក់ លុះចេញទៅវិញ គេនិយាយបរិហារពីទូលបង្គំ។ |
| ៨ | អស់អ្នកដែលស្អប់ទូលបង្គំ និយាយខ្សឹបខ្សៀវដាក់គ្នាអំពីទូលបង្គំថា ទូលបង្គំគេចមិនផុតពីស្លាប់។ |
| ៩ | គេពោលថា “ជំងឺគាត់មើលមិនជាទេ! គាត់ពុំអាចក្រោកឡើងវិញបានឡើយ”។ |
| ១០ | សូម្បីតែមិត្តសម្លាញ់ដ៏ជិតស្និទ្ធរបស់ទូលបង្គំ គឺអ្នកដែលទូលបង្គំទុកចិត្ត ជាអ្នកដែលបរិភោគអាហាររួមជាមួយទូលបង្គំ ក៏ប្រឆាំងនឹងទូលបង្គំដែរ។ |
| ១១ | ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំ សូមប្រោសទូលបង្គំ ឱ្យបានជាឡើងវិញផង នោះទូលបង្គំនឹងតបស្នងទៅខ្មាំងសត្រូវ ឱ្យសមនឹងអំពើរបស់គេ។ |
| ១២ | បើខ្មាំងសត្រូវរបស់ទូលបង្គំ លែងមានជ័យជម្នះលើទូលបង្គំ នោះទូលបង្គំដឹងច្បាស់ថា ព្រះអង្គពិតជាស្រឡាញ់ទូលបង្គំមែន។ |
| ១៣ | ព្រះអង្គបានជួយទូលបង្គំ ហើយប្រោសទូលបង្គំឱ្យជាទាំងស្រុង ព្រះអង្គប្រទានឱ្យទូលបង្គំ នៅជាមួយព្រះអង្គរហូតតរៀងទៅ។ |
| ១៤ | សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល តាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! អាម៉ែន!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះគ្រីស្តមានសម្បត្តិដ៏ច្រើន ព្រះអង្គបានដាក់ខ្លួនមកជាអ្នកក្រ ដើម្បីឱ្យបងប្អូនបានទៅជាអ្នកមាន ដោយភាពក្រីក្ររបស់ព្រះអង្គ។ អាលេលូយ៉ា!
ទំនុកតម្កើងលេខ ៤៦
ព្រះជាម្ចាស់ជាជម្រក និងជាបង្អែកដ៏រឹងមាំរបស់យើង
”នាងនឹងសម្រាលបានបុត្រមួយ ដែលគេនឹងថ្វាយព្រះនាមថា អេម៉ានូអែល” ប្រែថា «ព្រះជាម្ចាស់គង់ជាមួយយើង» (មថ ១,២៣)។
បន្ទរទី២ ៖ មានទន្លេមួយហូរនាំយកអំណរមកស្រោចស្រពបុរីរបស់ព្រះជាម្ចាស់ អាលេលូយ៉ា!
(បទពាក្យ ៧)
| ២- | ព្រះអម្ចាស់ជាទីជម្រក | ឱ្យយើងចូលជ្រករាល់ខែឆ្នាំ | |
| ព្រះអង្គតែងតែប្រុងប្រៀបចាំ | មិនមើលបំណាំពេលអាសន្ន | ។ | |
| ៣- | ទោះបីផែនដីប្រេះរញ្ជួយ | ភ្នំប្រែរលួយដោយទាន់ហន់ | |
| ទោះធ្លាក់សមុទ្រជ្រៅរាប់ពាន់ | ជាច្រើនរយជាន់ខ្ញុំមិនភ័យ | ។ | |
| ៤- | ទោះបីសមុទ្របោកបាចសាច | ជួនជោរជួននាចយ៉ាងណាក្តី | |
| ទោះភ្នំកក្រើកខ្ទ័រផែនដី | ក៏យើងមិនភ័យមិនខ្ចីខ្លាច | ។ | |
| ៥- | មានទន្លេមួយនាំអំណរ | សិរីបវរស្រោចបាចសាច | |
| បុរីព្រះម្ចាស់មានអំណាច | វិសុទ្ធក្រៃពេកព្រះដំណាក់ | ។ | |
| ៦- | ព្រះម្ចាស់គង់ក្នុងបុរីណា | បានក្តីសុខាមិនអន់អាក់ | |
| ព្រោះទ្រង់សង្គ្រោះមិនថ្នាំងថ្នាក់ | តាំងពីថ្ងៃរះព្រឹកព្រលឹម | ។ | |
| ៧- | ជនជាតិនានាតែងគំរាម | នគរកើតសង្គ្រាមភ័យជ្រួលជ្រើម | |
| ព្រះម្ចាស់បន្លឺសូរសៀងឡើង | ផែនដីត្រូវប៉ើងបែកខ្ចាត់ខ្ចាយ | ។ | |
| ៨- | ព្រះជាអម្ចាស់នៃពិភព | ទ្រង់គង់ប្រសព្វមិនឃ្លាតឆ្ងាយ | |
| ព្រះលោកយ៉ាកុបមិនទន់ជ្រាយ | កំពែងមាំក្រៃនៃយើងខ្ញុំ | ។ | |
| ៩- | ចូរនាំគ្នាមើលស្នាព្រះហស្ត | របស់ព្រះម្ចាស់ដ៏ឧត្តម | |
| កិច្ចការអស្ចារ្យទាំងតូចធំ | ដែលទ្រង់ខិតខំលើផែនដី | ។ | |
| ១០- | ទ្រង់បានប្រមូលធ្នូលំពែង | ខែលខ្លីដាវវែងគ្មានសល់អី | |
| រទេះគ្រឿងក្រោះបោះទៅដី | ដុតខ្ទេចគ្មានស្តាយមិនស្រណោះ | ។ | |
| ១១- | ចូរឈប់ច្បាំងទៅត្រូវដឹងថា | គឺយើងនេះណាជាព្រះម្ចាស់ | |
| យើងគ្រប់គ្រងលើជាតិទាំងអស់ | មិនសល់ចន្លោះលើលោកា | ។ | |
| ១២- | ព្រះអម្ចាស់នៃភពផែនដី | ស្ម័គ្រស្មោះមេត្រីគ្រប់ៗគ្នា | |
| គង់នៅជាមួយរាល់វេលា | កំពែងការពារដ៏មាំមួន | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ មានទន្លេមួយហូរនាំយកអំណរមកស្រោចស្រពបុរីរបស់ព្រះជាម្ចាស់ អាលេលូយ៉ា!
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៥,៣-៤)
ទំនុកតម្កើងនៃការគោរពប្រណិប័តន៍
បន្ទរទី៣ ៖ «ចូរច្រៀងថ្វាយព្រះអម្ចាស់ ព្រះអង្គមានជ័យជម្នះដ៏ត្រចះត្រចង់» អាលេលូយ៉ា!
| ៣ | “ឱព្រះជាម្ចាស់ ដែលមានព្រះចេស្តាលើអ្វីៗទាំងអស់អើយ ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់! ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់! |
| ៤ | បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ! តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ! ដ្បិតមានតែព្រះអង្គប៉ុណ្ណោះជាព្រះដ៏វិសុទ្ធ។ មនុស្សគ្រប់ជាតិសាសន៍ នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌”។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ «ចូរច្រៀងថ្វាយព្រះអម្ចាស់ ព្រះអង្គមានជ័យជម្នះដ៏ត្រចះត្រចង់» អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ៥,៨-១០)
ថ្វីដ្បិតតែព្រះអង្គជាព្រះបុត្រាក៏ដោយ ព្រះអង្គក៏បានរៀនស្ដាប់បង្គាប់ ដោយរងទុក្ខលំបាក។ បន្ទាប់ពីព្រះអង្គបានគ្រប់លក្ខណៈហើយ ព្រះអង្គក៏បានទៅជាប្រភពនៃការសង្គ្រោះដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ ហើយព្រះជាម្ចាស់ក៏ប្រកាសតែងតាំងព្រះអង្គជាមហាបូជាចារ្យ តាមរបៀបព្រះបាទមែលគីសេដែកដែរ។
បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ គ្មាននរណាមានសេចក្ដីស្រឡាញ់ខ្លាំងជាងអ្នកដែលស៊ូប្ដូរជីវិត ដើម្បីមិត្តសម្លាញ់របស់ខ្លួននោះឡើយ អាលេលូយ៉ា!
ពាក្យអង្វរសកល
ព្រះគ្រីស្តជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ ចូរយើងកោតសរសើរព្រះអង្គ ហើយទូលថា ៖
បន្ទរ៖ ឱព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ ! សូមប្រទានព្រះពរដល់ប្រជារាស្រ្តព្រះអង្គ !
យើងខ្ញុំសូមទូលអង្វរព្រះយេស៊ូជាអម្ចាស់ សម្រាប់អ្នកបម្រើពិធីបុណ្យទាំងអស់របស់ព្រះសហគមន៍
—ដូចអស់លោកបានធ្វើពិធីកាច់នំប៉័ងនៃជីវិតសម្រាប់យើងខ្ញុំយ៉ាងណា សូមឱ្យអស់លោកផ្ទាល់បានទទួលនូវការចិញ្ចឹម និងកម្លាំងយ៉ាងនោះដែរ។ (បន្ទរ)
យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់គ្រីស្តបរិស័ទគ្រប់និកាយ ដើម្បីឱ្យមនុស្សទាំងអស់សាកសមនឹងការត្រាស់ហៅរបស់ខ្លួន
—ហើយសូមព្រះអង្គការពារពួកគេក្នុងការរួបរួមនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដោយសារចំណងនៃសេចក្តីសុខសាន្ត។ (បន្ទរ)
យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់ថ្នាក់ដឹកនាំយើងខ្ញុំ សូមឱ្យពួកគេដឹកនាំដោយយុត្តិធម៌ និងមេត្តា
—ហើយផ្សព្វផ្សាយភាពសុខដុម និងសេចក្តីសុខសាន្ត ទៅដល់ពិភពលោក។ (បន្ទរ)
យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់ខ្លួនយើងខ្ញុំផ្ទាល់ ដើម្បីឱ្យដួងចិត្តរបស់យើងខ្ញុំបានជ្រះស្អាតបរិសុទ្ធ និងច្រៀងសរសើរតម្កើងព្រះអង្គ ក្នុងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ
—សូមឱ្យយើងខ្ញុំរួមគ្នាសាជាថ្មីជាមួយនឹងបងប្អូនយើងខ្ញុំ ដែលបានលាចាកលោកនេះ យើងខ្ញុំសូមសរសើរចំពោះសេចក្តីសប្បុរសរបស់ព្រះអង្គ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ជាព្រះបិតា ! ព្រះអង្គលើកព្រះយេស៊ូឱ្យទទួលសិរីរុងរឿង ហើយទ្រង់បានប្រោសឱ្យមនុស្សគ្រប់ជាតិសាសន៍ទៅជាបុត្រធីតារបស់ព្រះអង្គ។ សូមព្រះអង្គមេត្តាប្រោសឱ្យយើងខ្ញុំ ទៅជាសញ្ញាសម្គាល់នៃគម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គនៅលើផែនដី។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។