០២ ឧសភា ២០២៦

Written on 28/01/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៥ ថ្ងៃអាទិត្យ

ថ្ងៃសៅរ៍ (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១៤១,១-៩

ពាក្យអធិដ្ឋានក្នុងគ្រាមានអាសន្ន

“ផ្សែងគ្រឿងក្រអូបនោះក៏ហុយចេញពីដៃទេវទូតឡើងទៅលើ
ជាមួយពាក្យអធិដ្ឋានរបស់ប្រជាជនដ៏វិសុទ្ធ នៅចំពោះព្រះភក្ត្ររបស់ព្រះជាម្ចាស់” (វវ ៨,៤)។

បន្ទរទី១ ៖ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​ទូលបង្គំដូច​តង្វាយ​នៅ​ពេល​ល្ងាច! អាលេលូយ៉ា!

ឱព្រះអម្ចាស់អើយ! ទូលបង្គំសូមអង្វរព្រះអង្គ
សូមមេត្តាយាងមកជួយ ទូលបង្គំជាប្រញាប់!
ពេលទូលបង្គំអង្វរព្រះអង្គ សូមផ្ទៀងព្រះការណ៍ស្តាប់ទូលបង្គំផង!

សូមឱ្យពាក្យអធិដ្ឋានរបស់ទូលបង្គំឡើងទៅដល់ព្រះអង្គ ដូចផ្សែងគ្រឿងក្រអូប
សូម​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​ទូលបង្គំ ដូច​តង្វាយ​នៅ​ពេល​ល្ងាច !​

ឱព្រះអម្ចាស់អើយ! សូមរក្សាមាត់ទូលបង្គំ
សូមកុំឱ្យទូលបង្គំពោលពាក្យអាក្រក់ឡើយ។

សូមកុំបណ្តោយឱ្យចិត្តទូលបង្គំ លំអៀងទៅរកអំពើអាក្រក់
ហើយប្រព្រឹត្តអំពើទុច្ចរិតរួមជាមួយមនុស្សទុច្ចរិត
សូមកុំឱ្យទូលបង្គំចូលរួមជប់លៀងជាមួយពួកគេឡើយ។

បើមនុស្សសុចរិតវាយប្រដៅ និងស្តីបន្ទោសទូលបង្គំ ដោយចិត្តស្មោះត្រង់
ទូលបង្គំមិនប្រកែកទេ ព្រោះជាការល្អចំពោះទូលបង្គំ
ប្រៀប​ដូច​ជា​ទឹក​អប់​ហូរ​លើ​ក្បាល​ទូលបង្គំ។
ក៏ប៉ុន្តែ ទូលបង្គំនៅតែបន្តអធិដ្ឋានតបនឹងអំពើឃោរឃៅរបស់មនុស្សទុច្ចរិត។

សូមឱ្យចៅក្រមរបស់ពួកនោះ ត្រូវគេច្រានទម្លាក់ទៅក្នុងក្រហែងថ្ម
ហើយសូមឱ្យបច្ចាមិត្តស្ដាប់សេចក្ដីដែលទូលបង្គំនិយាយ ដោយសុទ្ធចិត្ត។

“ដីប្រេះចេញពីគ្នាយ៉ាងណា សូមឱ្យស្ថានមនុស្សស្លាប់បើកចំហ
លេបឆ្អឹងរបស់គេដែលនៅរាយប៉ាយ គ្រប់ទីកន្លែងយ៉ាងនោះដែរ” ។

បពិត្រព្រះជាអម្ចាស់! ទូលបង្គំសម្លឹងទៅរកព្រះអង្គជានិច្ច
ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ សូមកុំបណ្តោយឱ្យទូលបង្គំបាត់បង់ជីវិត។

សូមការពារទូលបង្គំឱ្យរួចផុតពីអន្ទាក់ ដែលគេដាក់ចាំចាប់ទូលបង្គំ
សូមកុំឱ្យទូលបង្គំធ្លាក់ទៅក្នុងរណ្តៅរបស់មនុស្សទុច្ចរិតឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​ទូលបង្គំដូច​តង្វាយ​នៅ​ពេល​ល្ងាច! អាលេលូយ៉ា!

ទំនុកតម្កើងលេខ ១៤២

ព្រះអង្គជាជម្រករបស់ទូលបង្គំ

អ្វីដែលបានសរសេរនៅក្នុងទំនុកតម្កើងនេះ
ត្រូវបានបំពេញនៅក្នុងទុក្ខលំបាករបស់ព្រះអម្ចាស់យើង (សន្តហ៊ីលឡារី)។

បន្ទរទី២ ៖ សូម​ដោះ​លែង​ទូលបង្គំឱ្យ​មាន​សេរីភាព ដើម្បី​ឱ្យ​ទូល‌បង្គំលើក​តម្កើងព្រះ‌នាម​ព្រះ‌អង្គ អាលេលូយ៉ា!

(បទកាកគតិ)

២- ខ្ញុំខំបន្លឺ សម្លេងរន្ទឺ អង្វរព្រះម្ចាស់
  ស្រែកដោយទទូច ឱ្យទ្រង់ឮច្បាស់ ព្រោះរូបខ្ញុំនេះ
    វេទនាពេកក្រៃ
៣- ខ្ញុំទូលព្រះអង្គ ឱ្យបានជ្រាបផង នូវអស់អត្ថន័យ
  ពីពាក្យត្អូញត្អែរ ទុក្ខសោករីងរៃ វេទនារាល់ថ្ងៃ
    ស្ទើរក្ស័យជីវិត
៤- ពេលទូលបង្គំ មានទុក្ខក្រៀមក្រំ បាក់ធ្លាក់ទឹកចិត្ត
  ព្រះអង្គជ្រាបច្បាស់ ពីដំណើរពិត ពួកគេជុំជិត
    ដាក់អន្ទាក់ខ្ញុំ
៥- សូមទ្រង់ទតចុះ គ្មាននរណាសោះ អើពើទូលបង្គំ
  គ្មានទីជ្រកកោន ឱ្យបានសមរម្យ នរណាក៏ពុំ
    រវល់ឡើយណា
៦- បពិត្រព្រះម្ចាស់ ខ្ញុំស្រែកពោលនេះ អង្វរទ្រង់ថា
  ទ្រង់ជាជម្រក នៅក្នុងលោកា គ្មានអ្វីអស្ចារ្យ
    ជាងព្រះអង្គឡើយ
៧- សូមទ្រង់ប្រណី សម្តែងហឫទ័យ កុំបីកន្តើយ
  ដ្បិតទូលបង្គំ ទាល់ច្រកអស់ហើយ រំដោះឱ្យស្បើយ
    ពីជនអប្រីយ៍
៨- សូមដោះលែងខ្ញុំ ផុតពីទុក្ខធំ មានសិទ្ធិសេរី
  ដើម្បីខ្ញុំអាច ថ្កើងព្រះនាមល្បី ចំណោមប្រុសស្រី
    នៃជនសុចរិត
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ សូម​ដោះ​លែង​ទូលបង្គំឱ្យ​មាន​សេរីភាព ដើម្បី​ឱ្យ​ទូល‌បង្គំលើក​តម្កើងព្រះ‌នាម​ព្រះ‌អង្គ អាលេលូយ៉ា!

បទលើកតម្កើងតាមលិខិតទៅភីលីព (ភីល ២,៦-១១)

ព្រះគ្រីស្ដជាអ្នកបម្រើរបស់ព្រះជាម្ចាស់

បន្ទរទី៣ ៖ បន្ទាប់​ពី​ព្រះ‌អង្គ​បាន​គ្រប់​លក្ខណៈ​ហើយ ព្រះ‌អង្គ​ក៏​បាន​ទៅ​ជា​ប្រភព​នៃ​ការ​សង្គ្រោះ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច សម្រាប់​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​ព្រះ‌អង្គ អាលេលូយ៉ា!

ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ
ក៏ព្រះអង្គពុំបានក្តោបក្តាប់ឋានៈ ដែលស្មើនឹងព្រះជាម្ចាស់នេះ
ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។

ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់ មកយកឋានៈជាទាសករ
ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ
ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។

ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជា រហូតដល់សោយទិវង្គត
គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។

ហេតុនេះហើយ បានជាព្រះជាម្ចាស់
លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត
ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់
១០
ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី
ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ
១១
និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់
ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ បន្ទាប់​ពី​ព្រះ‌អង្គ​បាន​គ្រប់​លក្ខណៈ​ហើយ ព្រះ‌អង្គ​ក៏​បាន​ទៅ​ជា​ប្រភព​នៃ​ការ​សង្គ្រោះ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច សម្រាប់​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​ព្រះ‌អង្គ អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ២,៩-១០)

រីឯ​បង‌ប្អូន​វិញ បង‌ប្អូន​ជា​ពូជ​សាសន៍​ដែល​ព្រះ‌អង្គ​បាន​ជ្រើសរើស ជា​ក្រុម​បូជា‌ចារ្យ​របស់​ព្រះ‌មហា​ក្សត្រ ជា​ជាតិ​សាសន៍​ដ៏‌វិសុទ្ធ ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌ជាម្ចាស់​បាន​យក​មក​ធ្វើជា​កម្ម‌សិទ្ធិផ្ទាល់​របស់​ព្រះ‌អង្គ ដើម្បី​ឱ្យ​បង‌ប្អូន​ប្រកាស​ដំណឹង​អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដែល​បាន​ហៅ​បង‌ប្អូន​ឱ្យ​ចេញ​ពី​ទី​ងងឹត មក​កាន់​ពន្លឺដ៏​រុងរឿង​របស់​ព្រះ‌អង្គ។ ពី​ដើម បង‌ប្អូន​មិន​មែន​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជាម្ចាស់​ទេ តែ​ឥឡូវ​នេះ បង‌ប្អូន​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ហើយ ពី​ដើម បង‌ប្អូន​ពុំ​បាន​ទទួល​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ទេ តែ​ឥឡូវ​នេះ បង‌ប្អូន​បាន​ទទួល​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ហើយ។

បន្ទរ៖ ពួកសាវ័កសប្បាយ​ចិត្ត​ជាខ្លាំង *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ដោយ​បាន​ឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​នរណា​ម្នាក់​អាច​ទៅ​កាន់​ព្រះ‌បិតា​បាន​ឡើយ លើក‌លែង​តែ​ទៅ​តាម‌រយៈ​ខ្ញុំ។ អាលេលូយ៉ា!

ពាក្យអង្វរសកល

ព្រះគ្រីស្តជាជីវិត និងជាការរស់ឡើងវិញរបស់យើងខ្ញុំ។ ចូរយើងស្រែករកព្រះអង្គដោយជំនឿថា ៖

បន្ទរ៖ បពិត្រព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ ! សូមព្រះអង្គថែរក្សាការពារប្រជារាស្រ្តរបស់ព្រះអង្គផង !

បពិត្រព្រះអម្ចាស់យេស៊ូ ! យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់ព្រះសហគមន៍កាតូលិក
—សូមប្រោសឱ្យព្រះសហគមន៍បានវិសុទ្ធ ដើម្បីឱ្យព្រះរាជ្យរបស់ព្រះអង្គអាចបង្កើតឡើង នៅក្នុងចំណោមប្រជាជាតិទាំងឡាយ។ (បន្ទរ)

យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់អ្នកជំងឺ និងអ្នកមានទុក្ខព្រួយ សម្រាប់អស់អ្នកដែលជាប់ឃុំឃាំង និងនិរទេសខ្លួន
—សូមឱ្យពួកគេបានទទួលការលួងលោម និងការជួយផង។ (បន្ទរ)

យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់អស់អ្នកដែលចាកឆ្ងាយពីមាគ៌ារបស់ព្រះអង្គ
—សូមឱ្យគេមានបទពិសោធន៍ពីព្រះហឫទ័យនៃការលើកលែងទោស និងអំណរសប្បាយនៃការមានជីវិតថ្មីផង។ (បន្ទរ)

ឱព្រះសង្រ្គោះដែលត្រូវគេឆ្កាង និងមានព្រះជន្មរស់ឡើងវិញអើយ! ព្រះអង្គនឹងយាងមកវិញ ដើម្បីវិនិច្ឆ័យទោសមនុស្សលោក
—សូមអាណិតអាសូរយើងខ្ញុំជាអ្នកបាប។ (បន្ទរ)

យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់ការរស់នៅគ្រប់បែបយ៉ាង
—និងសម្រាប់អស់អ្នកដែលបានឃ្លាតឆ្ងាយពីយើងខ្ញុំ ដោយមានចិត្តសង្ឃឹមនឹងរស់ឡើងវិញ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់ជាព្រះបិតាយើងខ្ញុំ ! ព្រះអង្គសព្វព្រះហឫទ័យចាត់ព្រះបុត្រាឱ្យយាងមកណែនាំ និងប្រមូលមនុស្សគ្រប់ជាតិសាសន៍ ធ្វើជាមហាគ្រួសារតែមួយ។ សូមព្រះអង្គមេត្តាប្រែចិត្តគំនិតរបស់យើងខ្ញុំឱ្យស្រឡាញ់ព្រះអង្គ និងស្រឡាញ់បងប្អូនយ៉ាងស្មោះតាមគំរូព្រះយេស៊ូ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។