រដូវបុណ្យចម្លង សប្តាហ៍ទី២ ថ្ងៃចន្ទ
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ៤៥
ចម្រៀងនៅពេលព្រះរាជារៀបអភិសេក
“ស្វាមីមកដល់ហើយ! ចូរនាំគ្នារត់ទៅទទួលលោក!” (មថ ២៥,៦)។
បន្ទរទី១ ៖ សូមលើកតម្កើងព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់។
(ក)
| ២ | ចិត្តរបស់ខ្ញុំពោរពេញទៅដោយពាក្យពេចន៍ដ៏សែនពីរោះ ខ្ញុំតែងបទចម្រៀងនេះថ្វាយព្រះមហាក្សត្រ។ សូមឱ្យសម្ដីខ្ញុំចាប់ចុងជួន ដូចបទកំណាព្យរបស់កវីនិពន្ធមួយរូបដ៏ចំណាន។ |
| ៣ | ក្នុងចំណោមបុរសទាំងអស់ មានតែព្រះអង្គទេ ដែលរូបសម្បត្តិល្អជាងគេ ព្រះអង្គមានសំនួនវោហារដ៏ពូកែ ហេតុនេះហើយបានជាព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គរហូតតទៅ។ |
| ៤ | ឱវីរបុរសដ៏មានឫទ្ធិអើយ សូមពាក់ព្រះខ័នរាជ្យដ៏រុងរឿង និងភ្លឺចិញ្ចែងចិញ្ចាចរបស់ព្រះអង្គទៅ។ |
| ៥ | សូមព្រះអង្គយាងគង់លើព្រះរាជរថប្រកបដោយសិរីរុងរឿង ដើម្បីច្បាំងការពារសេចក្ដីពិត និងសេចក្ដីសុចរិតទៀងត្រង់ សូមព្រះអង្គទទួលមហាជោគជ័យ ដោយព្រះបារមីរបស់ព្រះអង្គ។ |
| ៦ | សូមឱ្យព្រួញដ៏មុតរបស់ព្រះអង្គបានបាញ់ទម្លុះដើមទ្រូងរបស់ពួកសត្រូវ សូមឱ្យប្រជាជាតិទាំងឡាយនៅក្រោមព្រះបាទារបស់ព្រះរាជា។ |
| ៧ | បពិត្រព្រះជាម្ចាស់ បល្ល័ង្ករបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ ហើយព្រះអង្គគ្រងរាជ្យដោយយុត្តិធម៌ |
| ៨ | ព្រះអង្គតែងតែសព្វព្រះហឫទ័យនឹងសេចក្ដីសុចរិត ព្រះអង្គមិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ ហេតុនេះហើយបានជាព្រះជាម្ចាស់ជាព្រះរបស់ព្រះអង្គ ជ្រើសរើសព្រះអង្គពីក្នុងចំណោមមិត្តភក្ដិរបស់ព្រះអង្គ ហើយប្រទានឱ្យព្រះអង្គមានអំណរសប្បាយដ៏លើសលប់ ដោយចាក់ប្រេងអភិសេកព្រះអង្គ។ |
| ៩ | ព្រះភូសារបស់ព្រះអង្គក្រអូបទៅដោយក្លិនប្រេងទេព្វិរូ និងខ្លឹមចន្ទន៍ក្រឹស្នា មានក្រុមតន្ដ្រីប្រគំភ្លេងថ្វាយព្រះអង្គ នៅក្នុងប្រាសាទដែលរចនាអំពីភ្លុកដំរី។ |
| ១០ | ស្រីស្នំរបស់ព្រះអង្គសុទ្ធតែជាបុត្រីរបស់ស្តេចនគរនានា ហើយព្រះមហាក្សត្រិយានី ទ្រង់គ្រឿងអលង្ការ ធ្វើពីមាសដ៏ល្អប្រណីត គង់នៅខាងស្តាំព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ សូមលើកតម្កើងព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់។
បន្ទរទី២ ៖ អ្នកណាដែលព្រះជាម្ចាស់បានត្រាស់ហៅ ឱ្យមកចូលរួមក្នុងពិធីជប់លៀងមង្គលការកូនចៀម អ្នកនោះពិតជាមានសុភមង្គលហើយ!» ។ អាលេលូយ៉ា!
(ខ)
(បទព្រហ្មគីតិ)
| ១១- | ព្រះម្ចាស់ក្សត្រីយ៍អើយ | កុំកន្តើយសណ្តាប់ខ្ញុំ | |
| កុំនឹកនាពួនយំ | ដល់រាជវង្សព្រះនាងអី | ។ | |
| ១២- | សូមឱ្យមហាក្សត្រ | បានគាប់ចិត្តអង្គក្សត្រីយ៍ | |
| បង្គំគាល់ក្រាបថ្វាយ | កុំនឿយណាយទ្រង់ជាម្ចាស់ | ។ | |
| ១៣- | អ្នកមានក្រុងទីរ៉ុស | ទាំងស្រីប្រុសមានច្រើនណាស់ | |
| នាំតង្វាយទាំងអស់ | តម្រង់ឆ្ពោះផ្គាប់ក្សត្រី | ។ | |
| ១៤- | ព្រះនាងគង់នៅក្នុង | ព្រះរាជវាំងសុខពេកក្រៃ | |
| រូបឆោមស្រស់ឥតបី | ព្រះភូសារំលេចមាស | ។ | |
| ១៥- | គេដង្ហែព្រះនាង | ចូលក្នុងវាំងមនុស្សដេរដាស | |
| ភីលៀងមានច្រើនណាស់ | ហែទៅគាល់ព្រះរាជា | ។ | |
| ១៦- | ព្រះនាងចូលទៅកាន់ | វិមានស្ថានអង្គក្សត្រា | |
| អស់ទាំងរាស្ត្រប្រជា | គ្រប់ៗគ្នារីករាយក្រៃ | ។ | |
| ១៧- | បពិត្រព្រះមហាក្សត្រ | មេត្តាចាត់បុត្រថ្លាថ្លៃ | |
| គ្រងរាជ្យដ៏ប្រពៃ | តពីព្រះអយ្យកោស្តេច | ។ | |
| ១៨- | ទូលបង្គំនឹងថ្លាថ្លែង | រំលឹកចែងឥតមានភ្លេច | |
| ព្រះនាមល្អបណ្តាច់ | នាំគ្នាលើកថ្កើងព្រះអង្គ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ អ្នកណាដែលព្រះជាម្ចាស់បានត្រាស់ហៅ ឱ្យមកចូលរួមក្នុងពិធីជប់លៀងមង្គលការកូនចៀម អ្នកនោះពិតជាមានសុភមង្គលហើយ!» ។ អាលេលូយ៉ា!
បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)
ព្រះជាម្ចាស់ជាព្រះសង្រ្គោះយើងខ្ញុំ
បន្ទរទី៣ ៖ យើងទាំងអស់គ្នាបានទទួលព្រះហឫទ័យប្រណីសន្ដោស មិនចេះអស់មិនចេះហើយ ពីគ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ អាលេលូយ៉ា !
| ៣ | សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។ |
| ៤ | ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មង នៅចំពោះព្រះភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។ |
| ៥ | ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ |
| ៦ | ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោស ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ |
| ៧ | ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឱ្យយើងបានរួចពីបាប តាមព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់របស់ព្រះអង្គ។ |
| ៨ | ព្រះជាម្ចាស់ប្រណីសន្តោសយើងយ៉ាងខ្លាំងបំផុត គឺទ្រង់ប្រទានឱ្យយើងមានតំរិះ និងមានប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។ |
| ៩ | ព្រះអង្គបានប្រោសឱ្យយើងស្គាល់ពីគម្រោងការដ៏លាក់កំបាំង នៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស ដែលទ្រង់បានសម្រេចទុកជាមុន ដោយព្រះអង្គផ្ទាល់។ |
| ១០ | ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្តជាម្ចាស់តែមួយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ យើងទាំងអស់គ្នាបានទទួលព្រះហឫទ័យប្រណីសន្ដោស មិនចេះអស់មិនចេះហើយ ពីគ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ អាលេលូយ៉ា !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ៨,១ខ-៣ក)
យើងមានមហាបូជាចារ្យមួយ គង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់ ដ៏ឧត្តុង្គឧត្ដមនៅស្ថានបរមសុខ។ ព្រះអង្គនៅបម្រើក្នុងទីសក្ការៈ និងក្នុងព្រះពន្លាដ៏ពិតប្រាកដ ដែលព្រះអម្ចាស់បានដំឡើង គឺមិនមែនមនុស្សដំឡើងទេ។ ចំពោះមហាបូជាចារ្យគ្រប់ៗរូប គេតែងតាំងឱ្យថ្វាយតង្វាយ និងថ្វាយយញ្ញបូជា។
បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងព្រះនាងម៉ារី
បន្ទរ៖ អ្នកណាកើតមកជាមនុស្ស អ្នកនោះនៅតែជាមនុស្សដដែល រីឯអ្នកដែលកើតពីព្រះវិញ្ញាណវិញ មានព្រះវិញ្ញាណក្នុងខ្លួន។ អាលេលូយ៉ា!
ពាក្យអង្វរសកល
ចូរយើងទូលអង្វរព្រះគ្រីស្តជាព្រះអម្ចាស់ ដែលបានធ្វើឱ្យពិភពលោកមានសិរីរុងរឿង ដោយការរស់ឡើងវិញរបស់ព្រះអង្គ។ ចូរយើងទូលទៅព្រះអង្គ ដោយអំណរសប្បាយអស់ពីដួងចិត្តថា ៖
បន្ទរ៖ បពិត្រព្រះគ្រីស្តជាម្ចាស់នៃជីវិតយើងខ្ញុំអើយ ! សូមព្រះសណ្តាប់ពាក្យអង្វរយើងខ្ញុំផង !
បពិត្រព្រះអម្ចាស់យេស៊ូគ្រីស្ត ! ព្រះអង្គបានធ្វើដំណើរតាមផ្លូវជាមួយពួកសាវ័ក
—សូមព្រះអង្គគង់នៅជាមួយព្រះសហគមន៍ ក្នុងដំណើរជីវិតនេះផង។ (បន្ទរ)
សូមព្រះអង្គកុំបណ្តោយឱ្យយើងខ្ញុំយឺតក្នុងការជឿឡើយ
—ប៉ុន្តែ សូមឱ្យយើងខ្ញុំត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រកាសពីព្រះអង្គដែលមានជ័យជម្នះលើសេចក្តីស្លាប់។ (បន្ទរ)
សូមព្រះអង្គទតមកអស់អ្នកដែលមិនបានទទួលស្គាល់វត្តមានរបស់ព្រះអង្គ ដោយព្រះហឫទ័យសប្បុរស
—សូមបង្ហាញព្រះអង្គឱ្យពួកគេបានស្គាល់ ដើម្បីពួកគេអាចទទួលស្វាគមន៍ព្រះអង្គទុកជាព្រះសង្រ្គោះ។ (បន្ទរ)
តាមរយៈឈើឆ្កាង ព្រះអង្គបាននាំការសម្រុះសម្រួលមកមនុស្សលោក ក្នុងព្រះកាយរបស់ព្រះអង្គ
—សូមព្រះអង្គប្រោសប្រទានការរួបរួមគ្នា និងសេចក្តីសុខសាន្ត ឱ្យដល់ប្រជាជាតិទាំងឡាយផង។ (បន្ទរ)
ព្រះអង្គវិនិច្ឆ័យទោសទាំងមនុស្សរស់ និងមនុស្សស្លាប់
—សូមព្រះអង្គលើកលែងទោសបាបរបស់គ្រីស្តបរិស័ទ ដែលចែកឋានទៅហើយផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ហើយមានព្រះជន្មគង់នៅជានិច្ច ! ព្រះអង្គប្រោសឱ្យយើងខ្ញុំហៅព្រះអង្គថា «ព្រះបិតា»។ សូមព្រះអង្គមេត្តាប្រទានឱ្យយើងខ្ញុំមានចិត្តគំនិតស្របតាមឋានៈខ្លួនជាបុត្រធីតាព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។