ថ្ងៃសៅរ៍ពិសិដ្ឋ
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១៦,១០-១៩
បន្ទរទី១ ៖ មច្ចុរាជអើយ មហន្តរាយរបស់ឯងនៅឯណា? ស្ថានមច្ចុរាជអើយ អំណាចប្រហារជីវិតរបស់ឯងនៅឯណា? ។
| ១០ | ខ្ញុំនៅតែមានជំនឿដដែល ទោះបីខ្ញុំពោលថា ខ្ញុំជាមនុស្សវេទនា។ |
| ១១ | ពេលខ្ញុំមានភ័យអាសន្ន ខ្ញុំពោលឡើងថា យើងមិនអាចទុកចិត្តលើមនុស្សណាម្នាក់បានឡើយ។ |
| ១២ | តើខ្ញុំអាចយកអ្វីមកតបស្នងនឹងព្រះគុណទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានសម្ដែងមកលើរូបខ្ញុំ? |
| ១៣ | ខ្ញុំនឹងលើកពែងឡើងថ្វាយព្រះអម្ចាស់ដែលបានរំដោះខ្ញុំ ខ្ញុំនឹងអង្វររកព្រះនាមរបស់ព្រះអម្ចាស់។ |
| ១៤ | ខ្ញុំនឹងយកតង្វាយមកថ្វាយព្រះអម្ចាស់តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ព្រះអង្គ។ |
| ១៥ | ព្រះអម្ចាស់ព្រួយព្រះហឫទ័យណាស់ នៅពេលប្រជាជនដ៏វិសុទ្ធណាម្នាក់ស្លាប់។ |
| ១៦ | ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ដូចម្ដាយរបស់ទូលបង្គំដែរ ព្រះអង្គបានរំដោះទូលបង្គំឲ្យរួចពីស្លាប់។ |
| ១៧ | ទូលបង្គំសូមថ្វាយយញ្ញបូជា ដើម្បីអរព្រះគុណព្រះអង្គ ខ្ញុំនឹងអង្វររកព្រះនាមរបស់ព្រះអម្ចាស់។ |
| ១៨ | ខ្ញុំនឹងយកតង្វាយមកថ្វាយព្រះអម្ចាស់តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ព្រះអង្គ |
| ១៩ | គឺនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ដែលស្ថិតនៅកណ្ដាលក្រុងយេរូសាឡឹម។ អាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ មច្ចុរាជអើយ មហន្តរាយរបស់ឯងនៅឯណា? ស្ថានមច្ចុរាជអើយ អំណាចប្រហារជីវិតរបស់ឯងនៅឯណា? ។
ទំនុកតម្កើងលេខ ១៤៣(១៤២),១-១១
បន្ទរទី២៖ លោកយ៉ូណាសស្ថិតនៅក្នុងពោះត្រីធំបីថ្ងៃបីយប់យ៉ាងណា បុត្រមនុស្សក៏នឹងស្ថិតនៅក្នុងដីបីថ្ងៃបីយប់យ៉ាងនោះដែរ។
(បទពាក្យ៧)
| ១- | ឱព្រះម្ចាស់អើយសូមសណ្តាប់ | ពាក្យខ្ញុំរ៉ាយរ៉ាប់ទូលអង្វរ | |
| ផ្ទៀងព្រះកាណ៌ស្តាប់កុំឈប់ឈរ | សូមឆ្លើយតបតដោយប្រណី | ។ | |
| ២- | សូមកុំចាប់ទោសយកកំហុស | អ្នកបម្រើស្មោះទៅកាត់ក្តី | |
| ដ្បិតគ្មានជនសុចរិតប្រពៃ | ចំពោះភក្ត្រព្រះអង្គឡើយ | ។ | |
| ៣- | ពួកខ្មាំងសត្រូវតាមយាយី | ពីគ្រប់ទិសទីមិនកន្តើយ | |
| ឃុំខ្ញុំក្នុងទីងងឹតហើយ | ដូចអ្នកក្សិណក្ស័យយូរណាស់ណា | ។ | |
| ៤- | ខ្ញុំបាក់ធ្លុះធ្លាក់អស់ទឹកចិត្ត | ទាល់ទាំងគំនិតក្នុងកាយា | |
| ថយទាំងកម្លាំងខ្វះប្រាជ្ញា | មិនដឹងគិតថាត្រូវធ្វើម៉េច? | ។ | |
| ៥- | ខ្ញុំនឹកទៅដល់ជំនាន់មុន | សញ្ជឹងគូរគន់គ្រប់ភារកិច្ច | |
| ជាស្នាព្រះហស្តល្អបណ្តាច់ | ឥតមានកលល្បិចគ្មានទើសទាល់ | ។ | |
| ៦- | ដៃខ្ញុំអង្វរខ្លួនបែរក្រាប | ដាក់កាយឲ្យទាបមុខព្រះម្ចាស់ | |
| ដូចដីហួតហែងបែកប្រេះអស់ | ស្ងួតរីងរាំងខ្សោះព្រោះគ្មានទឹក | ។ | |
| ៧- | ឱព្រះជាអម្ចាស់ខ្ញុំអើយ | សូមជួយតបឆ្លើយឲ្យញយញឹក | |
| ខ្ញុំបាត់បង់អស់ធ្លាក់ទឹកចិត្ត | កុំលាក់បាំងបិទភក្ត្រនឹងខ្ញុំ | ។ | |
| ព្រោះតែខ្ញុំដូចជាមនុស្ស | ដែលធ្លាក់ក្នុងជ្រោះជ្រៅសន្លឹម | ||
| គ្មាននរណាជួយអស់សង្ឃឹម | ដូចមេឃរលឹមគ្មានរស្មី | ។ | |
| ៨- | សូមទ្រង់បង្ហាញធម៌មេត្តា | សន្តោសករុណាត្រាប្រណី | |
| ខ្ញុំផ្ញើរូបកាយជីវិតក្តី | លើព្រះម្ចាស់ថ្លៃរួចទៅហើយ | ។ | |
| សូមប្រោសប្រទានឲ្យខ្ញុំស្គាល់ | មាគ៌ានិមលកុំកន្តើយ | ||
| ដ្បិតទូលបង្គំផ្ចង់ចិត្តហើយ | ព្រះជាម្ចាស់អើយមិនបោះបង់ | ។ | |
| ៩- | ឱព្រះអម្ចាស់សូមរំដោះ | ខ្ញុំឲ្យផុតគ្រោះផុតពីខ្មាំង | |
| សត្រូវយាយីតាមប្រឆាំង | ខ្ញុំសូមព្រះអង្គពួនជ្រកផង | ។ | |
| ១០- | សូមជួយបង្ហាត់ពត់បង្រៀន | ខ្ញុំព្រមតាមបានព្រះបំណង | |
| ដ្បិតទ្រង់ជាព្រះល្អម៉ត់ម៉ង | ដឹកនាំខ្ញុំផងដាក់ផ្លូវល្អ | ។ | |
| ១១- | ឱព្រះម្ចាស់អើយសូមគាំពារ | យល់ដល់នាមាព្រះបវរ | |
| ប្រទានជីវិតខ្ញុំកំដរ | ឲ្យបានរស់តទៅទៀតផង | ។ | |
| សូមជួយនាំខ្ញុំឲ្យចេញផុត | ពីភាពងងឹតអាប់មួរហ្មង | ||
| គ្រោះថ្នាក់តូចធំអាសន្នផង | ដោយហឫទ័យទ្រង់សុចរិត | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ លោកយ៉ូណាសស្ថិតនៅក្នុងពោះត្រីធំបីថ្ងៃបីយប់យ៉ាងណា បុត្រមនុស្សក៏នឹងស្ថិតនៅក្នុងដីបីថ្ងៃបីយប់យ៉ាងនោះដែរ។
បទលើកតម្កើងតាមភីលីព (ភីល ២,៦-១១)
បន្ទរទី៣៖ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ចូររុះព្រះវិហារនេះចោលទៅ ខ្ញុំនឹងសង់ឡើងវិញក្នុងរវាងបីថ្ងៃ» ។ តាមពិត ព្រះយេស៊ូមានព្រះបន្ទូលសំដៅទៅលើព្រះវិហារ ដែលជារូបកាយរបស់ព្រះអង្គវិញឯណោះទេ។
| ៦ | ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គពុំបានក្ដោបក្តាប់ឋានៈដែលស្មើនឹងព្រះជាម្ចាស់នេះ ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។ |
| ៧ | ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់មកយកឋានៈជាទាសករ ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។ |
| ៨ | ព្រះអង្គបានដាក់ខ្លួន ធ្វើតាមព្រះបញ្ជារហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ |
| ៩ | ហេតុនេះហើយបានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឲ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់ |
| ១០ | ដើម្បីឲ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ |
| ១១ | និងឲ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ចូររុះព្រះវិហារនេះចោលទៅ ខ្ញុំនឹងសង់ឡើងវិញក្នុងរវាងបីថ្ងៃ» ។ តាមពិត ព្រះយេស៊ូមានព្រះបន្ទូលសំដៅទៅលើព្រះវិហារ ដែលជារូបកាយរបស់ព្រះអង្គវិញឯណោះទេ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ១,១៨-២១)
បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានលោះបងប្អូនឲ្យរួចពីរបៀបរស់នៅដ៏ឥតន័យ ដែលជាដំណែលតពីបុព្វបុរសរបស់បងប្អូន មិនមែនដោយសារអ្វីៗដែលតែងតែរលាយសាបសូន្យទៅ ដូចជាមាស ឬប្រាក់ទេ គឺដោយសារព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះគ្រីស្ត ដែលប្រៀបបាននឹងកូនចៀមដ៏ល្អឥតខ្ចោះ ឥតស្លាកស្នាម។ ព្រះជាម្ចាស់បានជ្រើសតាំងព្រះគ្រីស្ត មុនកំណើតពិភពលោកទៅទៀត ហើយបានបង្ហាញព្រះអង្គឲ្យមនុស្សលោកឃើញនៅគ្រាចុងក្រោយនេះ ព្រោះតែបងប្អូន។ តាមរយៈព្រះគ្រីស្ត បងប្អូនជឿលើព្រះជាម្ចាស់ដែលបានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ហើយប្រទានសិរីរុងរឿងមកព្រះអង្គ ដើម្បីឲ្យបងប្អូនមានជំនឿ និងមានសង្ឃឹមលើព្រះជាម្ចាស់។
បន្ទរ៖ ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជា រហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ ហេតុនេះហើយបានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឲ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់។
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ «ឥឡូវនេះ បុត្រមនុស្សបានសម្ដែងសិរីរុងរឿងហើយ ហើយព្រះជាម្ចាស់ក៏បានសម្ដែងសិរីរុងរឿងក្នុងបុត្រមនុស្សដែរ» ។
ពាក្យអង្វរសកល
ព្រះសង្រ្គោះនៃយើងបានរងទុក្ខលំបាក សោយទិវង្គត និងបានបញ្ចុះក្នុងរូងថ្មមួយ ហើយព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ដោយសេចក្តីស្រឡាញ់ពេញបេះដូង ចូរយើងលើកតម្កើងព្រះអង្គ ហើយទូលថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមអាណិតអាសូរយើងខ្ញុំ !
បពិត្រព្រះអម្ចាស់យេស៊ូ ! នៅពេលគេចាក់ទម្លុះព្រះកាយរបស់ព្រះអង្គ មានទឹក និងលោហិតហូរចេញមក ជាសញ្ញាសម្គាល់ដ៏អស្ចារ្យនៃព្រះសហគមន៍ទាំងមូល
—ដោយព្រះអង្គសោយទិវង្គត ត្រូវគេបញ្ចុះ និងមានព្រះជន្មរស់ឡើងវិញ សូមព្រះអង្គនាំជីវិតមកព្រះសហគមន៍ ដែលជាកូនក្រមុំរបស់ព្រះអង្គផង។ (បន្ទរ)
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គបាននឹកដល់អស់អ្នកដែលមិនបានចងចាំនូវព្រះបន្ទូលសន្យាអំពីការរស់ឡើងវិញ
—សូមព្រះអង្គនឹករឭកដល់អស់អ្នកដែលគ្មានទីសង្ឃឹម អស់អ្នកដែលមិនបានដឹងថា ព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ (បន្ទរ)
ឱកូនចៀមរបស់ព្រះជាម្ចាស់! ព្រះអង្គបានថ្វាយយញ្ញបូជាក្នុងបុណ្យចម្លងសម្រាប់មនុស្សទាំងអស់
—សូមព្រះអង្គមេត្តាទាញយកមនុស្សជាតិទាំងឡាយមកឯព្រះអង្គ។ (បន្ទរ)
ឱព្រះជាម្ចាស់នៃពិភពទាំងមូល! ព្រះអង្គគ្របដណ្តប់សកលលោកទាំងមូល ប៉ុន្តែ ទ្រង់សព្វព្រះហឫទ័យយាងចូលទៅក្នុងផ្នូរ
—សូមព្រះអង្គរំដោះមនុស្សលោក ឱ្យរួចផុតពីអំណាចនៃសេចក្តីងងឹត ហើយសូមព្រះអង្គប្រទានរង្វាន់នៃសិរីរុងរឿងដែលមិនចេះសាបសូន្យផង។ (បន្ទរ)
បពិត្រព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់ នៅ! ព្រះអង្គបានបើកទ្វារនៃស្ថានសួគ៌ ទទួលចោរដែលកែប្រែចិត្តគំនិត
—សូមព្រះអង្គប្រមូលមនុស្សទាំងអស់ដែលបានរួមស្លាប់ និងបញ្ចុះសពជាមួយព្រះអង្គ ឱ្យចូលទៅក្នុងសិរីរុងរឿងរបស់ព្រះអង្គ ដែលមានព្រះជន្មរស់ឡើងវិញផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងដែលមានព្រះជន្ម គង់នៅអស់កល្បជានិច្ច ! ព្រះបុត្រាតែមួយរបស់ព្រះអង្គបានយាងចុះមក ក្នុងចំណោមមនុស្សស្លាប់ និងបានរស់ឡើងវិញ ពោរពេញដោយសិរីរុងរឿង។ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រោសប្រជារាស្រ្តដ៏ស្មោះត្រង់របស់ព្រះអង្គ ដែលបានរួមស្លាប់ជាមួយព្រះបុត្រា ក្នុងអគ្គសញ្ញាជ្រមុជទឹក ឲ្យរស់ឡើងវិញ ទៅជាអង្គតែមួយនឹងព្រះអង្គនៅស្ថានបរមសុខ ដែលទ្រង់គង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។