០២​ មេសា ២០២៦

Written on 19/01/2026
Mary Siya Khim

ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ

(ព្រះអម្ចាស់ជប់លៀងក្រុមសាវ័ក)

 (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ៧២

រាជ្យអំណាចរបស់ព្រះមេស្ស៊ី

គេ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំព្រះ‌អង្គ រួច​បើក​ហិប​យក​ទ្រព្យ​របស់​ខ្លួន គឺ​មាស គ្រឿង​ក្រអូប និង​ជ័រ​ល្វីង‌ទេស មក​ថ្វាយ​ព្រះ‌អង្គ (មថ ២,១១)។

បន្ទរទី១ ៖ ក្នុង​ចំណោម​មនុស្ស​ស្លាប់​ទាំង​អស់ ព្រះគ្រិស្តមាន​ព្រះជន្ម​រស់​ឡើង​វិញ​មុន​គេ ហើយ​ព្រះអង្គ​ជា​អធិបតី​លើ​ស្ដេច​ទាំង​អស់​នៅ​ផែន‌ដី។ ព្រះអង្គ​បាន​ធ្វើឲ្យ​យើង​ទៅ​ជា​រាជាណាចក្រ បម្រើ​ព្រះជាម្ចាស់ ជា​ព្រះបិតា​របស់​ព្រះអង្គ។

(ក)

ឱព្រះជាម្ចាស់អើយ! សូមប្រទានឱ្យព្រះរាជាចេះវិនិច្ឆ័យដូចព្រះអង្គ
សូមឱ្យព្រះរាជបុត្រនេះ បានប្រកបដោយសេចក្តីសុចរិតរបស់ព្រះអង្គដែរ!។

សូមឱ្យព្រះរាជាគ្រប់គ្រងប្រជារាស្ត្ររបស់ព្រះអង្គ ដោយយុត្តិធម៌
ហើយគ្រប់គ្រងជនក្រីក្រត្រឹមត្រូវតាមច្បាប់។

សូមឱ្យភ្នំធំភ្នំតូចទាំងឡាយ
ផ្តល់នូវភោគផលដ៏សម្បូណ៌សប្បាយដល់ប្រជារាស្ត្រ
ព្រមទាំងនាំសេចក្តីសុចរិតរបស់គេផង។

សូមព្រះរាជារកយុត្តិធម៌ឱ្យជនក្រីក្រក្នុងចំណោមប្រជារាស្ត្រ
សូមទ្រង់ប្រោសមនុស្សកំសត់ទុគ៌ត
ហើយកម្ទេចអស់អ្នកដែលជិះជាន់សង្កត់សង្កិនគេ។

ដរាបណាព្រះអាទិត្យនៅតែរះ ហើយព្រះចន្ទនៅតែបញ្ចោញរស្មី
សូមឱ្យព្រះរាជាមានព្រះជន្មាយុយឺនយូរអស់កល្បជាអង្វែងតរៀងទៅ។

សូមទ្រង់ផ្តល់ព្រះពរដល់ប្រជារាស្ត្រ
ដូចទឹកភ្លៀងធ្លាក់មកលើស្រែចម្ការ
ដូចភ្លៀងបង្អុរចុះមកស្រោចស្រពផែនដី។

សូមឱ្យសេចក្តីសុចរិតរីកចម្រើនឡើង ក្នុងរជ្ជកាលរបស់ព្រះករុណា
ដរាបណានៅមានព្រះចន្ទ សូមឱ្យមានសេចក្តីសុខសាន្តយ៉ាងបរិបូណ៌។

សូមឱ្យព្រះរាជាគ្រប់គ្រងពីសមុទ្រមួយ ទៅសមុទ្រមួយ
ពីទន្លេអឺប្រាតនេះ រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី។

ប្រជាជនដែលរស់នៅតាមវាលរហោស្ថាន
នឹងនាំគ្នាក្រាបថ្វាយបង្គំព្រះករុណា
ខ្មាំងសត្រូវរបស់ព្រះអង្គត្រូវបរាជ័យងើបមុខមិនរួច។
១០
ស្តេចទាំងឡាយនៅស្រុកតារស៊ីស និងនៅកោះនានា នឹងយកតង្វាយមកថ្វាយព្រះករុណា
ស្តេចទាំងឡាយនៅស្រុកសាបា និងស្រុកសេបា ក៏យកសួយសារអាករមកថ្វាយព្រះអង្គដែរ។
១១
ស្តេចទាំងឡាយនឹងនាំគ្នាក្រាបថ្វាយបង្គំព្រះរាជា
ប្រជាជាតិទាំងអស់នឹងបម្រើព្រះករុណា។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ក្នុង​ចំណោម​មនុស្ស​ស្លាប់​ទាំង​អស់ ព្រះគ្រិស្តមាន​ព្រះជន្ម​រស់​ឡើង​វិញ​មុន​គេ ហើយ​ព្រះអង្គ​ជា​អធិបតី​លើ​ស្ដេច​ទាំង​អស់​នៅ​ផែន‌ដី។ ព្រះអង្គ​បាន​ធ្វើឲ្យ​យើង​ទៅ​ជា​រាជាណាចក្រ បម្រើ​ព្រះជាម្ចាស់ ជា​ព្រះបិតា​របស់​ព្រះអង្គ។

បន្ទរទី២ ៖ ព្រះករុណា​រំដោះ​ជន​ក្រីក្រ នៅ​ពេល​គេ​ស្រែក​អង្វរ​ព្រះ‌ករុណា ហើយ​ព្រះ‌ករុណា​រំដោះ​ជន‌ទុរគត​ដែល​គ្មាន​ទី​ពឹង។

(ខ)

(បទកាកគតិ)

១២- ទ្រង់នឹងរំដោះ អ្នកក្រទាំងអស់ ដោយធម៌មេត្តា
  អ្នកទុគ៌តស្រែក សុំក្តីករុណា ព្រះអង្គរក្សា
    អ្នកគ្មានទីពឹង
១៣- ទ្រង់សែនអាណិត អាសូរពេកពិត អ្នកអត់លំនឹង
  នឹងមនុស្សកំសត់ គ្មានអ្វីរំពឹង ព្រះអម្ចាស់នឹង
    សង្គ្រោះជីវិត
១៤- ទ្រង់នឹងរំដោះ ពួកគេទាំងរស់ ពីពួកឧក្រិដ្ឋ
  ជនកាចសាហាវ ពាលាទុច្ចរិត ព្រោះតែជីវិត
    ថ្លៃថ្លាក្រៃលែង
១៥- សូមឱ្យរាជា មានព្រះជន្មា យឺនយូរអង្វែង
  គេនឹងយកមាស មកថ្វាយទ្រង់ផង អង្វរព្រះអង្គ
    ឥតមានឈប់ឈរ
១៦- សូមឱ្យក្នុងស្រុក ស្រូវពេញជង្រុក ផ្តល់ភោគផលល្អ
  តាមកំពូលភ្នំ ក៏ឱ្យសំបូរ ប្រជាកុះករ
    កើនឡើងដូចស្មៅ
១៧- សូមឱ្យរាជា មានព្រះនាមា ល្បីល្បាញតទៅ
  នាមព្រះករុណា ស្ថិតស្ថេរគង់នៅ ដរាបរៀងទៅ
    លើដីក្រោមមេឃ
១៨- សូមលើកតម្កើង ព្រះអង្គខ្ពស់ឡើង ឥតមានអល់អែក
  ព្រះអ៊ីស្រាអែល ល្អល្អះអនេក ការអស្ចារ្យពេក
    ដែលទ្រង់សម្តែង
១៩- សូមលើកតម្កើង ព្រះនាមថ្កុំថ្កើង ព្រះអង្គគួរស្ញែង
  សូមឱ្យផែនដី ទាំងមូលកោតក្រែង សិរីរុងរឿង
    របស់ព្រះអង្គ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ ព្រះករុណា​រំដោះ​ជន​ក្រីក្រ នៅ​ពេល​គេ​ស្រែក​អង្វរ​ព្រះ‌ករុណា ហើយ​ព្រះ‌ករុណា​រំដោះ​ជន‌ទុរគត​ដែល​គ្មាន​ទី​ពឹង។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១១,១៧-១៨.១២,១០ខ-១២ក)

ការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់

បន្ទរទី៣ ៖ បងប្អូន​យើង​បាន​ឈ្នះ​វា ដោយសារ​ព្រះលោហិត​របស់​កូន​ចៀម និង​ដោយ​សក្ខី‌ភាព​របស់​ពួក​គេ។

១៧ “បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់
ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅ
តាំងពីដើមរៀងមកដែរ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ
ព្រោះទ្រង់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។
១៨
ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសម្តែងព្រះពិរោធក៏មកដល់ដែរ
គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោសមនុស្សស្លាប់។
នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ពួកព្យាការី
ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ និងដល់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ
ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញ អស់អ្នកដែលបានបំផ្លាញផែនដីដែរ” ។
១០
ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំង នៅលើមេឃថា ៖
“ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ
ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើង
ព្រមទាំងអំណាចព្រះគ្រីស្តរបស់ព្រះអង្គក៏បានមកដល់ដែរ
ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ
គឺអ្នកនោះឯង ដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខព្រះភក្ត្រនៃព្រះរបស់យើង។
១១
បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ
ហើយបងប្អូនទាំងនោះ បានស៊ូប្តូរជីវិតឥតស្តាយសោះឡើយ។
១២
ហេតុនេះ ស្ថានបរមសុខ និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ!
ចូរមានអំណរសប្បាយឡើង!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ បងប្អូន​យើង​បាន​ឈ្នះ​វា ដោយសារ​ព្រះលោហិត​របស់​កូន​ចៀម និង​ដោយ​សក្ខី‌ភាព​របស់​ពួក​គេ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ១៣,១២-១៥)

ព្រះ‌យេស៊ូក៏​ដូច្នោះ​ដែរ ព្រះ‌អង្គ​រង‌ទុក្ខ​ទោស​នៅ​ខាង​ក្រៅ​ទីក្រុង ដើម្បី​ប្រោស​ប្រជាជន​ឲ្យ​វិសុទ្ធ ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ផ្ទាល់។ ដូច្នេះ យើង​ត្រូវ​តែ​ចាក​ចេញ​ពី​ជំរំ​ទៅ​រក​ព្រះ‌អង្គ ទាំង​ស៊ូទ្រាំ​ឲ្យ​គេ​ប្រមាថ​មើល‌ងាយ​រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ ដ្បិត​ក្នុង​លោក​នេះ យើង​គ្មាន​ក្រុង​ដែល​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​រហូត​ឡើយ យើង​ខំ​ស្វែង​រក​ក្រុង​ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ​នោះ​វិញ។ ចូរ​យើង​ថ្វាយ​យញ្ញ‌បូជាសម្រាប់​លើក​តម្កើង​ព្រះ‌ជាម្ចាស់ជា‌និច្ច តាម‌រយៈ​ព្រះ‌យេស៊ូ គឺ​ជា​ពាក្យ​ហូរ​ចេញ​ពី​បបូរ​មាត់​យើង​ដែល​ប្រកាស​ព្រះ‌នាម​ព្រះ‌អង្គ។

បន្ទរ៖ ព្រះ‌អង្គ​បាន​ដាក់​ខ្លួន ធ្វើតាម​ព្រះ‌បញ្ជារហូត​ដល់​សោយ​ទិវង្គត។

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ នៅ​ពេល​កំពុង​បរិភោគ ព្រះ‌យេស៊ូ​យក​នំបុ័ង​មក​កាន់ ព្រះ‌អង្គ​សរ‌សើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​ពួក​សាវ័ក។

ពាក្យអង្វរសកល

ព្រះសង្រ្គោះនៃមនុស្សលោកបានសោយទិវង្គត ដើម្បីបំផ្លាញសេចក្តីស្លាប់ ហើយដោយព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានស្តារជីវិតឡើងវិញ។ ចូរយើងទូលសូមព្រះអង្គ ដោយចិត្តរាបសារថា ៖

បន្ទរ ៖ សូមប្រោសឱ្យប្រជារាស្រ្តដែលព្រះអង្គបានលោះ ដោយព្រះលោហិតរបស់ព្រះអង្គបានវិសុទ្ធផង !

ឱព្រះសង្រ្គោះនៃពិភពលោក ! សូមប្រោសឱ្យយើងខ្ញុំអាចចែករំលែកនូវទុក្ខលំបាករបស់ព្រះអង្គ តាមរយៈការប្រែចិត្តគំនិតនៅទីជម្រៅខាងវិញ្ញាណ
—ដើម្បីឱ្យយើងខ្ញុំអាចទទួលសិរីរុងរឿងនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។ (បន្ទរ)

សូមព្រះមាតាលួងលោមអ្នកដែលរងទុក្ខ និងការពារយើងខ្ញុំ
—សូមឱ្យយើងខ្ញុំចេះលួងលោមអ្នកដទៃ ដូចព្រះអង្គបានលួងលោមយើងខ្ញុំដែរ។ (បន្ទរ)

នៅក្នុងទុក្ខលំបាករបស់ពួកគេ សូមព្រះអង្គធ្វើឱ្យគ្រីស្តបរិស័ទអាចចែករំលែកនូវទុក្ខលំបាករបស់ព្រះអង្គ
—ហើយសូមព្រះអង្គសម្តែងឫទ្ធានុភាពក្នុងជីវិតរស់នៅរបស់ពួកគេផង។ (បន្ទរ)

ព្រះអង្គបានបន្ទាបខ្លួនដោយការស្តាប់បង្គាប់ រហូតដល់សោយទិវង្គតនៅលើឈើឆ្កាងថែមទៀតផង
—សូមព្រះអង្គប្រទានព្រះអំណោយទាននៃការស្តាប់បង្គាប់ និងចិត្តស៊ូទ្រាំ ឱ្យអ្នកបម្រើព្រះអង្គ។ (បន្ទរ)

សូមព្រះអង្គបំផ្លាស់បំប្រែរូបកាយរបស់មនុស្សស្លាប់ ឱ្យទៅជារូបកាយដែលប្រកបដោយសិរីរុងរឿងដូចព្រះអង្គ
—ហើយសូមព្រះអង្គនាំយើងខ្ញុំឱ្យចូលរួមជាមួយពួកគេនៅថ្ងៃចុងក្រោយផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាជាអម្ចាស់ ! នៅយប់នេះ ព្រះបុត្រាសព្វព្រះហឫទ័យបូជាព្រះជន្មព្រះអង្គ ដើម្បីឲ្យព្រះសហគមន៍ចេះរួមគ្នាថ្វាយសក្ការបូជានៃសម្ពន្ធមេត្រី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច និងប្រទានជីវិតថ្មីឲ្យយើងខ្ញុំ។ សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំមានចិត្តស្រឡាញ់ព្រះអង្គ និងចេះស្រឡាញ់អ្នកដទៃ ដូចព្រះយេស៊ូបានស្រឡាញ់យើងខ្ញុំដែរ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។